ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

អេសេគាល 34

Read Scripture freely. Divine Threads study for this chapter is coming later.

1ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​បាន​មក​ដល់​ខ្ញុំ​ថា
2«កូន​មនុស្ស​អើយ ចូរ​ថ្លែង​ទំពាក្យ​ទាស់​នឹង​ពួក​គង្វាល​នៃ​ជនជាតិ​អុីស្រា‌អែល​ចុះ ត្រូវ​ថ្លែង​ពាក្យ​ប្រាប់​គេ គឺ​ពួក​គង្វាល​នោះ​ថាព្រះ‌អម្ចាស់‌ដ៏ជាព្រះ​មាន​ព្រះ‌បន្ទូល​ដូចនេះ វេទនា​ដល់​ពួក​គង្វាល​នៃ​ជនជាតិអុីស្រា‌អែល ដែល​ឃ្វាល​តែ​ខ្លួន​អ្នក។ តើ​មិន​ត្រូវ​ឲ្យ​ពួក​គង្វាល​នោះ ឃ្វាល​ហ្វូង​ចៀម​ទេ​ឬ?
3អ្នក​រាល់​គ្នា​ស៊ី​ខ្លាញ់ ហើយ​ស្លៀក‌ពាក់​ដោយ‌សារ​រោម​វា។ អ្នក​សម្លាប់​សត្វ​បំប៉ន​ដែរ។ អ្នក​មិន​បានឃ្វាល​ហ្វូង​ចៀម​ទេ។
4អ្នក​រាល់​គ្នា​មិន​បាន​ចម្រើន​កម្លាំង ដល់​សត្វ​ណា​ដែល​អន់​កម្លាំង ហើយ​សត្វ​ណា​ដែល​ឈឺ មិន​បាន​មើល​ឲ្យ​ជា​ទេ ណា​ដែល​បាក់​ជើង អ្នក​មិន​បាន​រុំ​អប ណា​ដែល​ត្រូវ​កម្ចាត់‌កម្ចាយ អ្នក​មិន​បាន​នាំ​មក​វិញ ហើយ​ណា​ដែល​វង្វេង ក៏​មិន​បាន​ស្វែង​រក​ដែរ។
5ក្រោយមក អ្នក​រាល់​គ្នា​បាន​គ្រប់‌គ្រង​លើ​វា ដោយ​កម្លាំង ហើយ​តឹង‌រ៉ឹង​វិញ។ ដូច្នេះ វា​ត្រូវ​កម្ចាត់‌កម្ចាយ​ទៅ ដោយ​ព្រោះ​ឥត​មាន​គង្វាល វា​ត្រឡប់​ជា​អាហារ​ដល់​អស់​ទាំង​សត្វ​ព្រៃ ហើយ​ត្រូវ​ខ្ចាត់‌ខ្ចាយ​អស់​ទៅ។
6ហ្វូង​ចៀម​របស់​យើង​បាន​ដើរ​ចុះ​ឡើង នៅ​លើ​អស់​ទាំង​ភ្នំ​ធំ និង​ភ្នំ​តូច​ទាំង​ប៉ុន្មាន ហ្វូង​ចៀម​របស់​យើង​ត្រូវ​កម្ចាត់‌កម្ចាយ នៅ​ពេញ‌ពាស​លើ​ផែន‌ដី។ អត់មាន​អ្នក​ណា​ទៅ​​ស្វែង​រក​ពួកវា​ទេ។
7ហេតុ​នោះ ពួក​គង្វាល​រាល់​គ្នា​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​
8ដូច​ជា​យើង​រស់​នៅព្រះ‌អម្ចាស់‌ដ៏ជាព្រះជាម្ចាស់ ព្រះ‌អង្គ​ស្បថ​ថាដោយព្រោះ​ហ្វូង​ចៀម​យើង​ក្លាយ​ទៅ​ជា​រំពា ហើយ​ត្រឡប់​ទៅ​ជា​អាហារ​ដល់​អស់​ទាំង​សត្វ​ព្រៃ ដោយ​ឥត​មាន​គង្វាល ហើយ​ដោយ​ព្រោះ​គង្វាល​ទាំង​ប៉ុន្មាន​របស់​យើង មិន​បាន​ស្វះ‌ស្វែង​រក​ចៀម​យើង គឺ​បាន​ឃ្វាល​តែ​ខ្លួនឯង អត់មានអ្នកឃ្វាល​ហ្វូង​ចៀម​យើង​ទេ។
9ដូច្នេះហើយ ពួកអ្នក​គង្វាល​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
10ព្រះ‌អម្ចាស់‌ដ៏ជាព្រះ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ ចូរមើល៍! យើង​ទាស់​នឹង​ពួក​អ្នក​គង្វាល ហើយ​យើង​នឹង​យកចៀម​របស់យើង​ពី​ដៃពួក​គេមកវិញ។ បន្ទាប់មក យើង​នឹង​មិនអនុញាតិឲ្យពួកគេមកឃ្វាលហ្វូងចៀមរបស់យើងទៀតឡើយ ហើយពួកដ៏នឹងមិនអាចបន្តធ្វើជាអ្នកគង្វាល បាប់តាំងពីយើងយកចៀមយើងពីម៉ាត់របស់គេ ដូច្នេះចៀមយើងនឹងមិនក្លាយជាអាហាររបស់គេទៀតឡើយ។
11ដ្បិត​ព្រះ‌អម្ចាស់‌ដ៏ជាព្រះ​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរមើល! យើង គឺ​យើង​នេះ​ហើយ នឹង​ស្វែង​រក​ចៀម​របស់​យើង
12ដូចគង្វាល​តែង​មើល​ហ្វូង​ចៀម​ខ្លួន នៅ​ថ្ងៃ​ដែល​គេ​នៅ​ជា‌មួយ​ហ្វូង​ចៀម​ដែល​ខ្ចាត់‌ខ្ចាយ​ជា​យ៉ាង​ណា។ នោះ​យើង​នឹង​ថែ​មើល​ហ្វូង​ចៀម​របស់​យើង ហើយ​ជួយ​ឲ្យ​វា​រួច​ចេញ​ពី​គ្រប់​កន្លែង​ដែល​វា​ត្រូវ​កម្ចាត់‌កម្ចាយ​នោះ នៅ​ថ្ងៃ​ដែល​មេឃ‌មីរ​ស្រទំ ហើយ​ងងឹត​យ៉ាង​នោះ​ដែរ។
13ក្រោយមក យើង​នឹង​នាំ​វា​រាល់​គ្នា​ចេញ​ពី​ជនជាតិទាំង​នោះ ហើយ​ប្រមូល​វា​ពី​គ្រប់​ទាំង​ទីកន្លែ រួច​នាំ​ចូល​ទៅ​ក្នុង​ទឹកដី​របស់​វា​វិញ។ យើង​នឹង​ឃ្វាល​វា​នៅ​លើ​ភ្នំ​នៃ​ទឹកដី​​អុីស្រា‌អែល ហើយ​តាម​ផ្លូវ​ទឹក និង​នៅ​គ្រប់​ទាំង​កន្លែង​ដែល​មាន​មនុស្ស​នៅ​ក្នុង​ទឹកដី​​នោះ។
14យើង​នឹង​ឃ្វាល​វា​នៅ​ទី​វាល​ល្អ ហើយ​ក្រោល​វា​នឹង​នៅ​លើ​ភ្នំ​ខ្ពស់ៗ​នៃ​ទឹកដី​អុីស្រា‌អែល នៅ​ទី​នោះ​វា​នឹង​ដេក​ចុះ​ក្នុង​ក្រោល​យ៉ាង​ល្អ ហើយ​នឹង​រក​ស៊ី​នៅ​វាល​ដ៏​ល្អ នៅ​លើ​អស់​ទាំង​ភ្នំ​នៃ​ទឹកដី​អុីស្រា‌អែលផង​ដែរ។
15​យើងខ្លួនឯង​នឹង​ធ្វើ​ជា​គង្វាល​ដល់​ហ្វូង​ចៀម​របស់​យើង ហើយ​យើង​នឹង​ឲ្យ​វា​ដេក នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌ដ៏ជាព្រះ។
16យើង​នឹង​ស្វែង​រក​សត្វ​ណា​ដែល​វង្វេង​បាត់ ហើយ​នាំ​សត្វ​ណា​ដែល​ត្រូវ​ប្រដេញ​ឲ្យ​មក​វិញ សត្វ​ណា​ដែល​បាក់​ជើង យើង​នឹង​រុំ​អប​ឲ្យ ហើយ​យើង​នឹង​ចម្រើន​កម្លាំង​ដល់​សត្វ​ណា​ដែល​ឈឺ តែ​សត្វ​ណា​ដែល​ធាត់ ហើយ​មាន​កម្លាំង យើង​នឹង​បំផ្លាញ​វា​ចោល គឺ​យើង​នឹង​ឃ្វាល​វា​ដោយ​យុត្តិធម៌។
17ដូច្នោះអ្នកគឺជាហ្វូង​របស់​យើង​អើយ នេះគឺជាព្រះ‌អម្ចាស់‌ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ពី​អ្នក​ដូច្នេះ ចូរមើល! យើង​នឹង​ជំនុំ‌ជម្រះរវាង​ចៀម​នឹង​ចៀម ហើយ​រវាង​ចៀម​ឈ្មោល​នឹង​ពពែ​ឈ្មោល​ផង។
18តើ​ស៊ី​ស្មៅ​ល្អដែលនៅ​ទី​វាល​មិនគ្រប់សម្រាប់អ្នក បាន​ជា​អ្នក​ជាន់​ឈ្លី​ស្មៅ​ដែល​នៅ​សល់ ហើយ​ដែល​អ្នក​រាល់​គ្នា​បាន​ផឹក​ទឹក​ថ្លា​នោះ បាន​ជា​អ្នក​ទៅ​កកូរ​ឡើង​ឲ្យ​ល្អក់ ដោយ​ជើង​ដូច្នេះ?
19ចំណែក​ហ្វូង​ចៀម​របស់​យើង តើវា​ត្រូវ​ស៊ី​ស្មៅ ដែល​អ្នក​រាល់​គ្នា​ជាន់​ឈ្លី ហើយ​ផឹក​ទឹក​ដែល​អ្នក​បាន​ធ្វើ​ឲ្យ​ល្អក់​បានទេ?
20ហេតុ​នោះហើយ ព្រះ‌អម្ចាស់‌មាន​ព្រះ‌មានព្រះបន្ទូល​ការនេះដល់ពួកវា មើល! យើងខហលួនឯង នឹង​ជំនុំ‌ជម្រះ​រវាង​ចៀម​ធាត់​នឹង​ចៀម​ស្គម
21ដ្បិត ​អ្នក​រាល់​គ្នា​តែង‌រុញគេចេញដោយយក​ស្មា​ទៅ​បុក ហើយ​ប្រើ​ស្នែង​បុះ​ចៀម​ដែល​ខ្សោយៗ រហូត​បាន​កម្ចាត់‌កម្ចាយ​គេ​ទៅ​បាត់អស់ពីទឹកដី។
22យើង​នឹង​ជួយ​សង្គ្រោះ​ហ្វូង​ចៀម​របស់​យើង នោះ​វា​នឹង​លែងក្លាយ​ជា​រំពា​ទៀត ហើយ​យើង​នឹង​ជំនុំ‌ជម្រះ​រវាង​ចៀម​នឹង​អ្នកផ្សេង!
23យើង​នឹង​តាំង​គង្វាល​តែ​មួយ ឲ្យ​ថែ​មើល​វា អ្នក​នោះ​នឹង​ឃ្វាល​វា គឺ​ដាវីឌ ជា​អ្នក​បម្រើ​របស់​យើង គាត់​នឹង​កៀង​នាំ​វា​ទៅ​ឲ្យ​ស៊ី ហើយ​ធ្វើ​ជា​គង្វាល​ដល់​ហ្វូង។
24ដ្បិតយើង​នេះ គឺ​ព្រះអម្ចាស់​នឹងជា​ព្រះជាម្ចាស់​របស់​វា​រាល់​គ្នា ហើយ​ដាវីឌ ជា​អ្នក​បម្រើ​របស់​យើង និង​ធ្វើ​ជា​ចៅ‌ហ្វាយ​លើ​គេ គឺ​យើង​នេះ ជា​ព្រះ‌អម្ចាស់ យើង​បាន​ប្រកាសបែបនេះ។
25បន្ទាប់មក យើង​នឹង​តាំង​សញ្ញា​ដែល​ផ្ដល់​សេចក្ដី​សុខ​សាន្ត​ជា​មួយ​ពួកគេ ហើយ​នឹង​ធ្វើ​ឲ្យ​សត្វ​កំណាច​ផុត​ចេញ​ពី​ទឹកដី​​វា​ទៅ ដូច្នេះ វា​នឹង​អាស្រ័យ​នៅ​ទី​រហោ‌ស្ថាន​ដោយ​សុខ‌សាន្ត ហើយ​ដេក​នៅ​ក្នុង​ព្រៃ​ផង។
26យើង​នឹង​ព្រះពរដល់គេ ព្រម​ទាំង​ទី​កន្លែង​នៅ​ជុំ‌វិញ​ភ្នំ​តូច​របស់​យើង ដ្បិតយើង​នឹង​បង្អុរ​ឲ្យ​ភ្លៀង​ធ្លាក់​មក​តាម​រដូវ​កាល។ ការនោះ​នឹង​មាន​ព្រះ‌ពរ​ធ្លាក់​មក។
27ក្រោយមក ដើម​ឈើ​នៅ​ផែន‌ដី​នឹង​បង្កើត​ផ្លែ ហើយ​ដី​នឹង​បាន​ផល​ចម្រើន វា​រាល់​គ្នា​នឹង​នៅ​ក្នុង​ស្រុក​របស់​ខ្លួន ដោយ​សុខ‌សាន្ត ហើយ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌អម្ចាស់​ពិតម៉ែន ក្នុង​កាល​ដែល​យើង​បាន​បំបាក់​នឹម​ចេញ​ពី​វា ហើយ​បាន​ជួយ​ឲ្យ​វា​រួច​ពី​កណ្ដាប់​ដៃ​នៃ​ពួក​អ្នក​ដែល​ចាប់​វា​ទៅ​ប្រើ។
28ពួកគេ​នឹង​មិន​បានជាក្តីវិនាសដល់​ជនជាតិដ៏ទៃឡើយ ហើយ​សត្វ​ព្រៃ​នៅ​ផែន‌ដី​ក៏​មិន​ហែក​ពួកគេស៊ី​ដែរ គឺគេនឹង​នៅ​ដោយ​សុខ‌សាន្ត ឥត​មាន​អ្នក​ណា​បំភ័យ​ឡើយ។
29ដ្បិតយើង​នឹង​ធ្វើ​ឲ្យ​មាន​ដំណាំ​មួយ​យ៉ាង​ល្បី​ល្បាញ​កើត​ឡើង នោះ​ពួកគេរាល់​គ្នា​នឹង​មិន​ត្រូវ​សាប‌សូន្យ​ទៅ ដោយ​អំណត់​នៅ​ក្នុង​ទឹកដី​​ឡើយ ក៏​មិន​ត្រូវ​រង​ទ្រាំ​សេចក្ដី​ខ្មាស​នៃ​អស់​ទាំង​ជនជាតិផ្សេង​ដែរ។
30បន្ទាប់មក ពួកគេនឹងដឹងថាយើងជាព្រះអម្ចាស់គឺជាព្រះជាម្ចាស់របស់ពួកគេ និងគង់នៅជាមួយពួកគេ។ ពួកគេជារាស្រ្តរបស់យើងទាំងទឹកដីអុីស្រា‌អែលផង​ នេះ​ជា​ព្រះ‌បន្ទូល​នៃព្រះ‌អម្ចាស់‌។
31ដ្បិតអ្នក​រាល់​គ្នា​ដែល​ជា​ហ្វូង​ចៀម​របស់​យើង គឺ​ជា​ហ្វូង​ចៀម​នៅ​ទី​ឃ្វាល​របស់​យើង អ្នក​រាល់​គ្នា​ជា​មនុស្ស ហើយ​យើង​ជា​ព្រះ​របស់​អ្នក នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌ដ៏ជាព្រះ»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។