ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

អេសេគាល 28

Read Scripture freely. Divine Threads study for this chapter is coming later.

1បន្ទាប់មក ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ប្រាប់ថា
2«កូន​មនុស្ស​អើយ ចូរ​ប្រាប់​ស្ដេច​ក្រុង​ទីរ៉ុស​ទៅ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​្នេះ ​ចិត្ត​អ្នកព្រហើន​ណាស់! អ្នក​ហាន​និយាយថា «ខ្ញុំ​ជា​ព្រះ! ខ្ញុំ​គង់​លើ​បល្ល័ង្ក​របស់​ព្រះ​ ដែល​ស្ថិត​នៅ​កណ្ដាល​សមុទ្រ!» ទោះបីជា អ្នក​ជា​មនុស្ស​មិន​មែន​ជា​ព្រះ​ទេ អ្នក​ធ្វើចិត្ត​ខ្លួន​ឲ្យ​ស្មើ​នឹងចិត្តរបស់​ព្រះ‌
3អ្នក​គិត​ខ្លួន​ថា មាន​ប្រាជ្ញា​ជាង​ដានី‌យ៉ែល ហើយ​ថា​គ្មាន​ការ​អ្វី​លាក់​កំបាំង​ចំពោះ​អ្នក​ឡើយ!
4អ្នក​បានខំធ្វើឲ្យខ្លួនមានទ្រព្យ‌សម្បត្តិ ដោយ​ប្រាជ្ញា និង​ជំនាញ​របស់​អ្នក ហើយ​ទទួលបាន​មាស​ប្រាក់​ដាក់​ក្នុង​ឃ្លាំងរបស់អ្នក។
5អ្នក​មាន​ប្រាជ្ញាជាមួយការរកសុី ហើយសម្បត្តិក៏ចម្រើនឡើងដូច្នេះ​ចិត្ត​អ្នក​បាន​មានអំណួត ដោយ​សារ​ទ្រព្យ‌សម្បត្តិ​របស់​អ្នក។
6ហេតុ​នោះ ព្រះ‌អម្ចាស់‌ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ថា ដោយ​ព្រោះ​ អ្នក​បាន​ធ្វើ​ចិត្តរបស់អ្នក ​ដូច​ជា​ចិត្តរបស់ព្រះ‌ជាម្ចាស់​
7យើង​នឹង​នាំ​ជនជាតិ​ដទៃ គឺ​ជា​ពួក​អ្នក​គួរ​ស្ញែង‌ខ្លាចពី​គ្រប់​ជនជាតិ​មក​លើ​អ្នក។ ពួកគេ​នឹង​ហូត​ដាវ​ទៅ​ទាស់​នឹងភាពស្រស់ស្អាតនៃ​​ប្រាជ្ញា​របស់​អ្នក ហើយពួកគេនឹងប្រមាថក្តីរុងរឿងរបស់អ្នក។
8ពួក​គេ​នឹង​វាយ​ទម្លាក់​អ្នក​ទៅ​ក្នុង​រណ្ដៅ អ្នក​នឹង​ត្រូវ​ស្លាប់ ដោយ​គេ​ចាក់​ទម្លុះ​នៅ​កណ្ដាល​សមុទ្រ។
9តើអ្នកហ៊ាននិយាយថា «ខ្ញុំ​គឺជា​ព្រះ» នៅចំពោះមុខអ្នកដែលចង់សម្លាប់អ្នកឬទេ? អ្នកគឺជាមនុស្សមិនមែងជាព្រះជាម្ចាស់ទេ ហើយ​អ្នក​ស្ថិត​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពេជ្ឈ‌ឃាត។
10អ្នក​នឹង​ត្រូវ​ស្លាប់​ដោយ​ដៃ​អ្នកមិនបានកាត់ស្បែក ដែលជាជនជាតិផ្សេង ដ្បិត​យើង​បាន​ប្រកាស​ការ​នេះ នេះ​គឺជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់ដ៏ជាព្រះ»។
11ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ម្តងទៀតប្រាប់ថា
12«កូន​មនុស្ស​អើយ ចូរ​លើក​បទ​ទំនួញ​អំពី​ស្ដេច​ក្រុង​ទីរ៉ុស ហើយ​ប្រាប់​ស្ដេច​នោះ​ថា ព្រះ‌ជា‌អម្ចាស់ដ៏ជាព្រះ​មាន​ព្រះ‌បន្ទូល​ដូច​្នេះ អ្នក​ជា​គំរូ​ពេញ​លក្ខណៈ អ្នក​ពោរ‌ពេញ​ទៅ​ដោយ​ប្រាជ្ញា​ ​ហើយល្អ​ដាច់គេបំផុត។
13អ្នក​ស្ថិត​នៅ​អេដែន ជាសួននៃ​ព្រះ‌ជាម្ចាស់។ ​​មាន​ត្បូង​គ្រប់​មុខ​នៅលើខ្លួនអ្នក គឺ​ត្បូង​ទទឹម ត្បូង​ជម្ពូ‌រ័ត្ន ត្បូង​ពេជ្រ ត្បូង​ប៊ុត‌លឿង ត្បូង​ដៃ‌រគៀម ត្បូង​មណី‌រ័ត្ន ត្បូង​កណ្ដៀង ត្បូង​និល‌រ័ត្ន ហើយមរកត។ កន្លែងអង្គុយរបស់អ្នកបានគឺបានធ្វើពីមាស។ វាជាថ្ងៃដែលអ្នកបានបង្កើ ហើយថ្ងៃនោះវាបានរៀបចំជាស្រេច។
14យើងបានតាំងអ្នកឡើងនៅលើភ្នំបរិសុទ្ធនៃព្រះដូចជាចេរូប៊ីន ដែលយើងបានចាក់ប្រេងតាំងសម្រាប់ឲ្យការពារដល់មនុស្សលោក។ អ្នក​ក៏​បាន​ដើរ​ទៅ​មក​នៅ​កណ្ដាលត្បូង​ភ្លឺ​ចាំងល្អ។
15​អ្នក​បាន​គ្រប់​លក្ខណ៍​ក្នុង​គ្រប់​ផ្លូវ​របស់​អ្នក តាំងពីថ្ងៃដែលអ្នកបានកើតមកម្លេះ រហូត​ដល់​ពេល​ដែល​ឃើញ​មាន សេចក្ដី​ទុច្ចរិត​នៅ​ក្នុង​អ្នក។
16តាមការ​រីក​ចម្រើន​នៃ​ជំនួញ​របស់​អ្នក នាំ​ឲ្យ​អ្នក​ពោរ‌ពេញ​ដោយ​អំពើ​ឃោរ‌ឃៅ និង​អំពើ​បាប។ ដូច្នេះយើង​ដេញ​អ្នក​ចុះ​ពី​ភ្នំ​របស់​ព្រះជាម្ចាស់ ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​មនុស្ស​សាមញ្ញ ហើយយើងនឹងបំភ្លាញឯង ចេរូប៊ីន​ដែល​ជា​អ្នក​ការពារ​អើយ យើង​ដេញ​អ្នក​ចេញ​ពី​ចំណោម​ថ្ម​ដ៏​ភ្លឺ​ផ្លេក។
17អ្នក​មាន​ចិត្ត​ព្រហើន ព្រោះ​តែ​រូប​សម្បត្តិ​ដ៏​ល្អ​ស្អាត​របស់​ខ្លួន អ្នក​បាន​ធ្វើ​ឲ្យ​ខ្លួន​អាប់​ប្រាជ្ញា ព្រោះ​តែ​ភាព​រុងរឿង​របស់​អ្នក។ យើង​បញ្ជូន​អ្នកឲ្យមក​លើផែន​ដី។ យើង​ធ្វើ​ទោស​អ្នក​ឲ្យ​ស្ដេច​ទាំងឡាយ ឲ្យ​ឃើញអ្នក។
18អ្នក​បាន​បង្អាប់​អស់​ទាំង​ទី​បរិសុទ្ធ​របស់​អ្នក ដោយ​អំពើ​ទុច្ចរិត​ដ៏​បរិបូរ​របស់​អ្នក ហើយ​ដោយ​សេចក្ដី​ទុច្ចរិត​នៃ​ការ​ជួញ​ប្រែ​របស់​អ្នក ហេតុ​នោះ យើង​បាន​ធ្វើ​ឲ្យ​មាន​ភ្លើង ចេញ​ពី​កណ្ដាល​អ្នក​មក ភ្លើង​នោះ​បាន​ឆេះ​បំផ្លាញ​អ្នក។ យើង​បាន​ឲ្យ​អ្នក​ទៅ​ជា​ផេះ​នៅ​លើ​ផែន‌ដី នៅ​ចំពោះ​ភ្នែក​នៃ​អស់​អ្នក​ដែល​ឃើញ​អ្នក។
19ពួកអ្នក​ដែល​ស្គាល់ក្នុងចំណោម​អ្នក​នឹង​ងឿង‌ឆ្ងល់ពីអ្នក ពួក​គេ​ភ័យ​តក់‌ស្លុត ហើយ​អ្នក​នឹង​មិនចង់ជួបបែបនេះជារៀង រហូតទៅ​»។
20បន្ទាប់មក ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​បាន​មក​ដល់​ខ្ញុំប្រាប់ថា​
21«កូន​មនុស្ស​អើយ ចូរ​ត្រៀមខ្លួនដើម្បីទាស់ជាមួយ​ស៊ីដូន ហើយ​ថ្លែងព្រះបន្ទូលទាស់​នឹង​ទី​ក្រុង​នោះ​។
22ពោលថាព្រះ‌អម្ចាស់‌ដ៏ជាព្រះលើទាំងអស់មាន​ព្រះ‌បន្ទូល​ដូច្នេះ មើល៍! ស៊ីដូន​អើយ យើង​ទាស់​នឹង​អ្នក ហើយ​យើង​នឹង​បាន​តម្កើង​ឡើង​នៅ​កណ្ដាល​អ្នក ហើយ​គេ​នឹង​ដឹង​ថាយើង​នេះ​ជា​ព្រះ‌អម្ចាស់​ ​កាល​ដែល​យើង​បាន​សម្រេច សេចក្ដី​យុត្តិ‌ធម៌​ដល់អ្នក។ យើងនឹងបាន​ញែក​ជា​បរិសុទ្ធនៅ​ក្នុង​អ្នក។
23​យើង​នឹង​ចាត់​អាសន្ន‌រោគ​ទៅ​ក្នុង​វា និង​ឈាម​ទៅគ្រប់​ផ្លូវ​របស់​វា ពួក​អ្នក​ដែល​ត្រូវ​របួស​នឹង​ដួល​នៅ​កណ្ដាល​វា ដោយ​មាន​ដាវ​គ្រប​សង្កត់​នៅ​គ្រប់​ទិស នោះ​គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌អម្ចាស់។
24បន្ទាប់មក លែង​មានមុត​បន្លា​​ហើយឈឺចាប់ដល់​កូនចៅស្រា‌អែល ពីអ្នកដែល​នៅ​ព័ទ្ធ​ជុំ‌វិញក្រុង ដែលគេធ្លាប់មើល‌ងាយ​ដល់មនុស្សក្នុងក្រុងទៀតហើយ ពួកគេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌អម្ចាស់ដ៏ជាព្រះ!
25ព្រះ‌អម្ចាស់‌ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ដូច្នេះ​ ពេល​យើង​បាន​ប្រមូល​ពួក​វង្ស​អុីស្រា‌អែល មក​ពី​គ្រប់​ជនជាតិ ដែល​គេ​ត្រូវ​ខ្ចាត់‌ខ្ចាយ​ទៅ​នោះ ហើយ​យើង​បាន​ញែក​​ពួក​គេចេញ ចំពោះ​ភ្នែក​នៃ​ជនជាតិដទៃ ពួក​គេ​នឹង​អាស្រ័យ​នៅ​ក្នុង​ទឹកដី​របស់​ខ្លួន ដែល​យើង​បាន​ឲ្យ​ដល់​យ៉ាកុបជាអ្នកបម្រើយើង។
26ក្រោយមក ពួកគេនឹងរស់​នៅ​ក្នុង​ក្រុង ​នោះ​ដោយ​សុខ‌សាន្ត គេ​នឹង​សង់​ផ្ទះ ព្រម​ទាំង​ដាំ​ដំណាំ​ទំពាំង‌បាយ‌ជូរ និង​អាស្រ័យ​នៅ​ដោយ​សុខ‌សាន្ត​ផង ក្នុង​កាល​ដែល​យើង​សម្រេច​សេចក្ដី​យុត្តិ‌ធម៌​ដល់​ពួក​អ្នក​នៅ​ជុំ‌វិញ​ដែល​បាន​ប្រព្រឹត្ត​ នឹង​គេ​ដោយ​សេចក្ដី​មើល‌ងាយ គេ​នឹង​ដឹង​ថា យើង​គឺ​ជា​ព្រះ‌អម្ចាស់ របស់ពួកគេ!»
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។