ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

អេសេគាល 22

Read Scripture freely. Divine Threads study for this chapter is coming later.

1ក្រោយមក ​ព្រះ‌បន្ទូលនៃព្រះ‌អម្ចាស់​បាន​មកដល់​ខ្ញុំ​ប្រាប់ថា
2«ពេលនេះកូន​មនុស្ស​អើយ តើអ្នកនឹងដាក់ទោស? តើអ្នកនឹងដាក់ទោសទី​ក្រុង​ដែល​ពេញ​ដោយ​ឈាម? សូមប្រាប់​ក្រុងនេះឲ្យដឹងពីសេចក្តី​គួរ​​ខ្ពើម​របស់​ខ្លួន។
3អ្នកត្រូវនិយាយថា ព្រះ‌ជា‌អម្ចាស់ដ៏ជាព្រះ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ ទី​ក្រុង​នេះបានបង្ហូរឈាមនៅកណ្តាលក្រុង​ ដូច្នោះពេលរបស់ក្រុងនេះជិតមកដល់ហើយ គឺជាក្រុងដែលធ្វើរូបព្រះ ធ្វើឲ្យក្រុងខ្លួនឯងទៅជាមិនស្អាត។
4អ្នក​មាន​ទោស​ដោយ​សារឈាម​ដែល​អ្នក​បាន​កម្ចាយ​ទាំងនោះ ហើយ​ក៏​ស្មោក‌គ្រោក​ដោយ​រូប​ព្រះ​ដែល​អ្នកបានធ្វើ។​ ដ្បិត​ អ្នក​​ធ្វើ​ឲ្យ​ថ្ងៃ​កំណត់​ជិត​មក​ដល់ ហើយត់​ឆ្នាំ​របស់​អ្នក​ក៏ជិតដែរ។ ដូច្នោះហើយ ​​យើង​ធ្វើ​ឲ្យ​អ្នក​ត្រឡប់​ទៅ​ទី​ត្មះ‌ដៀល​ដល់​ជនជាតិ ទាំងនោះ ហើយ​ជា​ទី​ចំអក​ឡក‌ឡឺយ​ដល់​កន្លែងផ្សេងទៀត។
5ពួក​អ្នក​ដែល​នៅ​ជិត ហើយ​ពួក​អ្នក​ដែល​នៅ​ឆ្ងាយ គេ​នឹង​ចំអក​ឡក‌ឡឺយ​ឲ្យ​អ្នក អំពីទីក្រុងដែលស្មោកគ្រោក ជាមួយនឹង​កេរ្តិ៍​ឈ្មោះ​មិនល្អនៅគ្រប់ទីកន្លែ ហើយពេញទៅដោយការចលាចល។
6មើល! ពួក​អ្នកដឹកនាំរបស់អុីស្រា‌អែល អ្នក​គ្រប់​គ្នា​បាន​នៅ​ក្នុង​​អំណាច​រៀងខ្លួន ដែលអ្នកបានយកវាមកកម្ចាយឈាម។
7ពួកគេ​បាន​មើល‌ងាយ​ទាំង​ឪពុក​ម្តាយ​ផងទាំង​អ្នកផង ហើយពួកគេ​បាន​សង្កត់‌សង្កិន លើជនជាតិបរទេសនៅមុខអ្នក។ ពួកគេ​បាន​ជិះ​ជាន់​ពួក​កំព្រា និង​ស្ត្រី​មេម៉ាយទាំងអ្នកដែរ។
8អ្នក​បាន​មើលងាយ​វត្ថុរិសុទ្ធ​របស់​យើង ហើយ​បាន​បង្អាប់​ថ្ងៃ​សប្ប័ទ​របស់​យើង​ដែរ។
9នៅ​ក្នុង​អ្នក​មាន​មនុស្ស​ដែល​និយាយ​បង្កាច់​គេ ដើម្បី​នឹង​កម្ចាយ​ឈាម ហើយពួកគេ​បាន​ស៊ី​នៅ​លើ​ភ្នំ។ ពួកគេ​​បាន​ប្រព្រឹត្ត​ការ​អាក្រក់ជាច្រើននៅចំពោះអ្នក។
10​ភាព​អាម៉ាស់​របស់​ឪពុកត្រូវបានបង្ហាញដោយសារអ្នក។ ពួកគេ​បាន​បំពានដល់​ស្រី​ដែលមិនទាន់ស្អាត កំឡុងពេលនាងកំពុងមក​​រដូវ។
11មនុស្សប្រុស​បាន​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម​ជា‌មួយ​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​ខ្លួន ហើយបុរសផ្សេងទៀត បាន​ធ្វើ​ឲ្យ​កូន​ប្រសា​រស្រី​ខ្លួន​មាន​សៅ‌ហ្មង ដោយ​ការ​អាស្រូវបំផុត​ និងមនុស្សប្រុស​បានបំពានលើកូនស្រីរបស់​របស់​ប្អូន​ស្រីខ្លួន ជា​កូន​របស់​ឪពុក​ខ្លួន ការទាំងនេះនៅក្នុងចំណោមអ្នក។
12មនុស្សប្រុសទាំងនេះ បាន​ស៊ី​សំណូកនៅក្នុងចំណោមអ្នក ដើម្បី​កម្ចាយ​ឈាម។ អ្នក​បាន​យក​ការប្រាក់ ហើយមកចំណេញ​ច្រើនពេក អ្នកបានបំផ្លាញ​អ្នក​ជិត​ខាង​អ្នក តាមរយៈការសង្កិតសង្កឹន ហើយអ្នកបំភ្លេចយើង នេះគឺជាព្រះអម្ចាស់ដ៏ជាព្រះមានព្រះបន្ទូល។
13មើល៍! ដៃរបស់យើងបានវាយការមិនត្រឹមត្រូវ ដែលអ្នកបានធ្វើ ហើយការ​កម្ចាយ​ឈាមដែលនៅក្នុងចំណោមអ្នក។
14តើ​ចិត្តរបស់អ្នកអាចតតាំង តើដៃរបស់អ្នកមានកម្លាំងក្នុងថ្ងៃ ពេលយើង​ខ្លួនឯងដោះស្រាយជាមួយអ្នក? យើងព្រះអម្ចាស់ប្រកាស់ពីការនេះ ហើយយើងនឹងធ្វើវាដែរ។
15ដូច្នោះយើង​នឹង​កម្ចាត់‌ កម្ចាយ​អ្នក ទៅក្នុងចំណោមជនជាតិជាច្រើន ហើយគេមើលងាយអ្នក ពេញផែនដី។ ក្នុងរបៀបនេះ យើងនឹងលុប​បំបាត់ការមិនស្អាតរបស់អ្នកចេញពីអ្នក។
16ដូច្នោះអ្នកនឹងក្លាយមិនស្អាតនៅក្នុងភ្នែកនៃប្រជាជាតិទាំងមូល។ រួចហើយអ្នកនឹងដឹងថា យើងគឺជាព្រះអម្ចាស់»។
17ក្រោយមក ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​បាន​មក​ដល់​ខ្ញុំ​ប្រាប់ថា
18«កូន​មនុស្ស​អើយ កូនចៅ​អុីស្រា‌អែល​បាន​ត្រឡប់​ជាគ្មានតម្លៃដល់​យើងទេ។ ពួកគេ​សុទ្ធ​តែ​ជា​លង្ហិន ហើយស៊ីវិឡាត ដែក និង​សំណ​នៅ​ក្នុងចំណោមអ្នក។ ​ពួកគេ​ដូចជា​អាចម៍​ប្រាក់​នៅក្នុងឡរបសអ្នក»។
19ហេតុ​នោះ ព្រះ‌អម្ចាស់‌ដ៏ជាព្រះ មាន​ព្រះ‌បន្ទូល​ដូច្នេះ​ «ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បាន​ត្រឡប់​ជា​អាចម៍​ប្រាក់​ទាំង​អស់​គ្នា​ទៅ​ហើយ ចូល​មើល៍! យើង​នឹង​ប្រមូល​អ្នក​រាល់​គ្នា​ទៅ​កណ្ដាល​ក្រុង​យេរូ‌សាឡិម។
20ដូច​ជា​គេ​ប្រមូល​ប្រាក់ លង្ហិន ដែក សំណ និង​ស៊ីវិឡាត ដាក់​ក្នុង​ឡ ដើម្បី​សប់​ភ្លើង​រំលាយ​ទៅ​ដែរ គឺ​យ៉ាង​នោះ​ដែល​យើង​នឹង​ប្រមូល​អ្នក​រាល់​គ្នា ដោយ​សេចក្ដី​កំហឹង និង​សេចក្ដី​ឃោរ‌ឃៅ​របស់​យើង គឺ​យើង​នឹង​ដាក់​អ្នក​រាល់​គ្នា​នៅ​ទី​នោះ ហើយចាក់អ្នកឲ្យចេញ។
21ដូច្នេះ យើង​នឹង​ប្រមូល​អ្នក ហើយ​ផ្លុំ​លើ​អ្នក ដោយ​ភ្លើង​នៃ​សេចក្ដី​ក្រោធ​របស់​យើង នោះ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​រលាយ​ទៅ នៅ​កណ្ដាល​ទី​ក្រុង។
22ដូចប្រាក់​ត្រូវ​រលាយ​ទៅ​ក្នុង​ឡ​យ៉ាង​ណា នោះ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​រលាយ​ទៅ នៅ​កណ្ដាល​នោះ​យ៉ាង​នោះ​ដែរ ដូច្នេះ អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង គឺជា​ព្រះ‌អម្ចាស់​ យើង​បាន​ចាក់​សេចក្ដី​ក្រោធ​របស់​យើង​ទៅ​លើ​អ្នក​រាល់​គ្នា!»
23ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់បាន​មក​ដល់​ខ្ញុំប្រាប់ថា
24«កូន​មនុស្ស​អើយ ចូរ​ប្រាប់​ដល់​ទី​ក្រុង​ថា អ្នក​ជា​ទឹកដីដែល​មិន​បាន​ជម្រះ​សម្អាត​ឡើយ។ ក៏​គ្មាន​ភ្លៀង​ធ្លាក់​មក​លើ​អ្នក ក្នុងថ្ងៃ​សេចក្ដី​ក្រោធ។
25គមានការឃុបឃិត របស់ពួកព្យាការី​របស់​វា​នៅ​កណ្ដាល​ក្រុង ​ដូច​ជា​សិង្ហដែល​គ្រហឹម​កំពុង​ហែក​រំពា​ស៊ី។ ពួកគេ​បាន​ត្របាក់​លេប​ជីវិតមនុស្ស គេ​យក​ទ្រព្យ‌សម្បត្តិ និង​របស់​មាន​តម្លៃ​ទៅ ហើយ​គេ​ធ្វើ​ឲ្យ​មាន​ពួក​ស្ត្រី​មេម៉ាយ​ជា​ច្រើន​នៅ​កណ្ដាល​ទី​ក្រុង!
26ពួក​បូជាចារ្យ​ក៏​បាន​ធ្វើ​ទទឹង​នឹង​ក្រឹត្យ‌វិន័យ​របស់​យើង ព្រម​ទាំង​បង្អាប់​របស់​បរិសុទ្ធ​ទាំង​ប៉ុន្មាន​របស់​យើង គេ​មិន​បាន​ចេះ​ញែក​របស់​បរិសុទ្ធ​ចេញ​ពី​របស់​ធម្មតា​ទេ ក៏​មិន​បាន​បង្ហាញ​ឲ្យ​មនុស្ស​ចេះ​សម្គាល់​របស់​មិន​ស្អាត និង​របស់​ស្អាត​ដែរ គេ​គេច​ភ្នែក​ចេញ​ពី​ថ្ងៃ​សប្ប័ទ​របស់​យើង ហើយ​យើង​ក៏​ត្រូវ​អាប់‌ឱន​នៅ​ក្នុង​ពួក​គេ។
27ពួក​អ្នកដឹកនាំនៅ​កណ្ដាល​ទី​ក្រុង​ប្រព្រឹត្ត​ដូច​ជា​សត្វ​ស្វាន ដែល​កំពុង​ហែក​រំពា គេ​ប្រព្រឹត្ត​ដូច្នោះ ដើម្បី​នឹង​កម្ចាយ​ឈាម ហើយ​បំផ្លាញ​ព្រលឹង​មនុស្ស ប្រយោជន៍​ឲ្យ​បាន​កម្រៃ​ទុច្ចរិត។
28ពួក​ព្យាការី​បាន​បូក​ល្បាប់​ឲ្យ​គេ ដោយ​ឃើញ​និមិត្ត​ជា​សេចក្ដី​កំភូត។ ហើយ​ថ្លែងទំនាយ​កុហក​ដល់​គេ​ថា «ព្រះ‌អម្ចាស់‌ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ដូច្នេះ» ក្នុង​កាល​ដែល​ព្រះ‌អម្ចាស់​មិន​បាន​មាន​ព្រះ‌បន្ទូល​សោះ។
29មនុស្សនៅ​លើទឹកដី​ធ្លាប់​សង្កត់‌សង្កិន ហើយ​ប្លន់ គេ​បៀត‌បៀន​មនុស្ស​ក្រីក្រ និង​ពួក​កម្សត់​ទុគ៌ត ហើយ​បាន​សង្កត់‌សង្កិន​មនុស្ស ដែល​ស្នាក់​នៅ ដោយ​គ្មានយុត្តិធម៌។
30ដូច្នេះយើង​បាន​ស្វែង​រក​មនុស្ស​ម្នាក់​ក្នុង​ពួក​គេ ដែល​នឹង​សង់​កំផែង ហើយ​ឈរ​នៅ​ចន្លោះ​បាក់​បែក​នៅ​មុខ​យើង​ជំនួស​គេ ដើម្បី​ឲ្យ​យើង​មិន​បំផ្លាញ​ទឹកដី​គេ​ឡើយ ប៉ុន្តែយើង​រក​មិន​បាន​អ្នក​ណា​មួយ​សោះ។
31ដូច្នោះហើយ បាន​ជា​យើង​ចាក់​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​យើង​ទៅ​លើពួក​គេ។ យើង​បាន​រំលីង​គេ ដោយ​ភ្លើង​នៃ​សេចក្ដី​ក្រោធ​របស់​យើង ក៏​បាន​ទម្លាក់​ផ្លូវ​របស់​គេ​ទៅ​លើ​ក្បាល​គេ​វិញ» នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌ដ៏ជាព្រះ»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។