ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

អេសេគាល 2

Read Scripture freely. Divine Threads study for this chapter is coming later.

1ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា «កូន​មនុស្សអើយ ចូរ​ក្រោក​ឈរ​ឡើង យើងនឹងនិយាយ​ជា‌មួយ​អ្នក»។
2ពេល​ព្រះ‌អង្គ​កំពុង​មាន​ព្រះ‌បន្ទូល​នឹង​ខ្ញុំ ​ព្រះ‌វិញ្ញាណ​ក៏​មក​សណ្ឋិត​នៅ​ក្នុង​ខ្ញុំ ហើយ​បាន​ឲ្យជើងខ្ញុំឈរ​ឡើង ហើយខ្ញុំ​ក៏​ឮ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ។
3ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា «កូន​មនុស្ស​អើយ យើង​ចាត់​អ្នក​ឲ្យ​ទៅ​រកប្រជាជនអុីស្រា‌អែល គឺ​ជា​ជនជាតិដែល​រឹង​ចចេសហើយ​បាន​បះ‌បោរ​នឹងយើង ទោះ​ទាំង​ខ្លួន​គេ និង​បុព្វ‌បុរស​របស់​គេ ក៏​បាន​រំលងទាស់​នឹង​យើង រហូត​ដល់​ថ្ងៃ​នេះ!
4កូនចៅរបស់ពួកគេគឺមានមុខចចេស ហើយមានចិត្តរឹង។ យើងចាត់អ្នកឲ្យទៅរកពួកគេ ហើយអ្នកត្រូវ​ប្រាប់​ពួកគេ​ថា នេះគឺជាអ្វីព្រះ‌អម្ចាស់‌​លើអស់ទាំងព្រះ‌បន្ទូល​។
5ទោះ​បើពួក​គេ​ស្តាប់ ឬ​មិន​ស្តាប់​ក្តី។ ​ពួកគេ​ជា​ពូជ‌ពង្ស​រឹង​ចចេស ប៉ុន្តែពួក​គេ​នឹង​ដឹង​ថា យ៉ាងហោចមានព្យាការី​មួយ​បាន​មក​ក្នុង​ចំណោមពួក​គេ​។
6​អ្នកវិញ កូន​មនុស្ស​អើយ កុំ​ខ្លាច​គេ​ឡើយ ក៏​កុំ​ខ្លាច​ចំពោះកិច្ចការរបស់គេដែរ។ ​ចូរក៏​កុំ​ខ្លាច ទោះ​បើ​មាន​បន្លា និង​អញ្ចាញ​មក​ទាស់​នឹង​អ្នក ដោយអាស្រ័យ​នៅ​កណ្ដាល​ពួក​ខ្យា​ដំរី​ក៏​ដោយ។ កុំ​ខ្លាច​ពាក្យ​សម្ដីរបស់ពួក​គេ​ ឬក៏​កុំ​ស្លុត​ចិត្ត​នឹង​ទឹក​មុខ​គេ​ ចាប់តាំងពួក​គេ​ជា​ពូជ‌ដែលបះបោរ។
7ប៉ុន្តែ អ្នក​ត្រូវ​ថ្លែង​ពាក្យ​របស់​យើង​ប្រាប់​គេ ទោះ​បើ​គេ​ព្រម​ស្តាប់ ឬ​មិន​ព្រម​ក៏ដោយ ពីព្រោះគេ​រឹង​ចចេសខ្លាំង​ណាស់។
8ប៉ុន្តែ អ្នកកូន​មនុស្ស​អើយ ចូរ​ស្តាប់​សេចក្ដី​ដែល​យើង​ប្រាប់​អ្នក​។ ​កុំ​មាន​ចិត្ត​រឹង​ចចេស ដូច​ជា​ពូជ‌បះបោរ​នេះ​ឡើយ។ ចូរ​បើក​មាត់​បរិភោគ​របស់​ដែល​យើង​ឲ្យ​ដល់​អ្នក!»
9កាល​ខ្ញុំ​កំពុង​តែ​មើល នោះ​ឃើញ​មាន​ដៃ​មួយ​លូក​មក​ដល់​ខ្ញុំ នៅក្នុងនោះ​ឃើញ​ក្រាំង​មួយ​។
10ព្រះ‌អង្គ​ក៏​បើក​ក្រាំង​នោះ​នៅ​មុខ​ខ្ញុំ វាបាន​សរសេរ​ទាំង​ខាង​ក្នុងនិង​ខាង​ក្រៅដែរ មាន​កត់​ទុក​សុទ្ធ​តែ​ពាក្យ​ទំនួញ ពាក្យ​កាន់ទុក្ខ និង​ក្ដី​វេទនា។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។