ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

អេសេគាល 17

Read Scripture freely. Divine Threads study for this chapter is coming later.

1​ព្រះ‌បន្ទូលនៃព្រះអម្ចាស់បាន​មក​ខ្ញុំ​ប្រាប់ថា
2«កូន​មនុស្ស​អើយ ចូរ​និទាន​រឿង​មួយ​នឹងដាក់​ជា​ប្រស្នា​ដល់ប្រជាជន​អុីស្រា‌ អែល​ទៅ។
3ចូរ​ប្រាប់​ពួក​គេ​ថា ព្រះ‌អម្ចាស់​ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ដូច​ត​នេះ មាន​សត្វ​ឥន្ទ្រី​មួយ​យ៉ាង​ធំ ផ្ទាំង​ស្លាប​វា​វែង ស្លាប​វា​ក្រាស់ ហើយ​ចម្រុះ​ពណ៌ ហើយឥន្ទ្រី​នោះ​ហើរ​ទៅ​ដល់​ភ្នំ​លីបង់ រួចហើយ​កាច់​ចុង​ដើមតាត្រៅ។
4ឥន្ទ្រី​ក៏​កាច់​មែក​ខ្ពស់​ជាង​គេ ហើយពាំ​យក​ទៅ​ទឹកដី​កាណាន ដាក់​មែកឈឺ​ក្នុង​ក្រុង​របស់​អ្នក​ជំនួញ។
5មនុស្ស​ក៏​យក​ពូជ​ចេញ​ពី​ទឹកដីនោះមក ហើយយកទៅដាំ​នៅ​ក្នុង​ដី​ ដែលមានជីជាតិ។
6គាត់បានយកដាក់ដាំនៅក្បែប្រភពទឹកដ៏ធំដូចជាដើមដើមសូល។ រួចហើយដើម​នោះ​ក៏​ដុះ​ឡើងត្រឡប់​ជា​ដើម​ទំពាំង‌បាយ‌ជូរ​លូត‌លាស់​ទាបទៅដី។ ​ខ្នែងរបស់វា​ក៏​បែរ​មក​ទៅរកគាត់ ហើយឫស​ក៏​នៅ​ពី​ក្រោម​វា​ដែរ។ ដូច្នេះ ដើម​នោះ​បាន​ត្រឡប់​ជា​ដើម​ទំពាំង‌បាយ‌ជូរ ហើយក៏​បែក​ខ្នែង ហើយ​ចេញ​ត្រួយ​ផង។
7ប៉ុន្តែមាន​សត្វ​ឥន្ទ្រី​ធំ​មួយ​ទៀត ដែល​មាន​ស្លាប​ធំ ហើយ​ចំអេង​ស្លាប​យ៉ាង​សម្បើម។ ចូរមើល៍! នេះគឺជាដើម​ទំពាំង‌បាយ‌ជូរ នោះ​បាន​ចាក់ឫស​ពី​ដី​ដែល​ដាំ​នោះ​ទៅ​ខាង​​ឥន្ទ្រី​វិញ ហើយ​បោះ​មែក​ចេញ​ទៅ​ខាង​វា​ដែរ ដើម្បី​ឲ្យ​វា​បាន​ស្រោច​ទឹក។
8ដើម​នោះ​បាន​ដាំ​ក្នុង​ដី​ល្អ​នៅ​ក្បែរ​ទឹក​ធំ ដើម្បី​ឲ្យ​បាន​បែក​ខ្នែង ហើយ​កើត​ផល​ផ្លែ ប្រយោជន៍​ឲ្យ​បាន​ជា​ដើម​ទំពាំង‌បាយ‌ជូរ​យ៉ាង​ប្រយោជន៍។
9​ចូរប្រាប់មនុស្សថា ព្រះ‌អម្ចាស់‌ដ៏ជាព្រះ​មាន​ព្រះ‌បន្ទូល​ដូច្នេះ តើ​ដើម​នោះ​នឹង​ចម្រើន​ឡើង​បាន​ឬ? តើ​ដើមមិនចាក់​ឫស ហើយ​កាត់​ផ្លែ​ចេញ ​នោះវា​ទៅជា​ស្វិត​ទៅ ហើយ​ឲ្យ​អស់​ទាំង​ស្លឹក​ខ្ចីៗ​បាន​ក្រៀម​ទៅ​ដែរ​ទេ​ឬ? គឺ​មិន​ចាំ​បាច់​មាន​ដៃ​ខ្លាំង​ ឬ​មនុស្ស​ជា​ច្រើន​មក​ដក​រំលើង​ឫស​របស់​វា​ឡើយ។
10ដូច្នេះមើល៍! ចាប់តាំងពីវា​បាន​ដាំ​​ហើយ តើ​ដើមនេះអាចធំឡើងបានទេ? តើ​មិន​ស្វិត​ក្រៀម​ទៅ​ទាំង​អស់ ដោយ​គ្រាន់​តែ​មាន​ខ្យល់​ពី​ខាង​កើត បក់​មក​ប៉ះ​វា? វា​នឹង​ត្រូវ​ស្វិត​ក្រៀម​នៅ​កន្លែង​ដែល​ដុះ​នោះ»។
11ហើយព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​បាន​មក​ដល់​ខ្ញុំប្រាប់ថា​
12«ចូរ​និយាយទៅ​ប្រជាជនដែលបះបោរថា តើ​អ្នក​រាល់​គ្នាយល់ពីន័យ​ទាំង​នេះដែល​ទេ? ចូរមើល៍! ស្តេច​បាប៊ីឡូន​បាន​មក​ដល់​ក្រុង​យេរូ‌សាឡិម កៀរ​យក​ទាំង​ស្តេច និង​ពួក​អ្នកដឹកនាំ​ទី​ក្រុង យកទៅ​ជា‌មួយ​ដល់​ក្រុង​បាប៊ី‌ឡូន។
13រួចហើយ ស្ដេច​បាប៊ីឡូន​ក៏​យក​ពូជ​ស្តេច​មួយ​អង្គ​ មក​តាំង​សញ្ញា​នឹង​គ្នា ហើយ​ក៏​នាំគាត់​ឲ្យ​ស្បថ។ ស្តេចនាំ​ពួក​អ្នក​ខ្លាំង​ពូកែ​ក្នុង​ទឹកដី​ចេញ​ទៅ។
14ដូច្នេះ ដើម្បី​ឲ្យ​រាជ្យ​នោះ​បាន​ទាប​ថោក ហើយមិន​ដែល​ងើប​ឡើង​ទៀត​បាន​ឡើយ។ ដោយ​ការ​រក្សាសេចក្តី​សញ្ញាទឹកដីនឹងបានរួចជីវិត​។
15ប៉ុន្តែ ស្តេច​បាន​បះ‌បោរ​នឹង​ព្រះ‌អង្គ​វិញ ដោយ​ចាត់​រាជ‌ទូត​ទៅ​ទឹកដី​អេស៊ីប ដើម្បី​ឲ្យ​គេ​បាន​ឲ្យ​សេះ និង​ពល‌ទ័ព​មក​ជា​ច្រើន ដូច្នេះ តើ​នឹង​ចម្រើន​ឡើង​បាន​ឬ? តើ​អ្នក​ដែល​ប្រព្រឹត្ត​ដូច្នេះ​រួច​ខ្លួន​ឬ? តើ​អាច​ផ្តាច់​សេចក្ដី​សញ្ញា ហើយ​រួច​ខ្លួន​បាន​ឬ?
16ដូច​ជា​យើង​រស់​នៅ ព្រះ‌អម្ចាស់‌ដ៏ជាព្រះ​ស្បថ​ថា នោះ​ប្រាកដ​ជា​ស្តេច​នឹង​ត្រូវ​ស្លាប់ នៅ​កន្លែងក្នុង​ទឹកដីដែល​បាន​តាំង​ទ្រង់​ឡើង​ឲ្យ​សោយ‌រាជ្យ ដែល​ទ្រង់​បាន​មើល‌ងាយ​ពាក្យ​សម្បថ ហើយ​ផ្តាច់​សេចក្ដី​សញ្ញា​រនោះ។ ស្តេចនឹង​ស្លាប់ នៅ​កណ្ដាល​ក្រុង​បាប៊ីឡូន។
17ផារ៉ោននិង​ពល‌ទ័ព​ដ៏​ខ្លាំង​ពូកែរបស់ទ្រង់ ​នឹង​កងទ័ពជាច្រើនទៀតចូលទៅ​ក្នុង​សង្គាម តែមិនអាចការពារទ្រង់ពីចម្បាំងបានទេ ពេលពួកទាហានបាប៊ីឡូនបោះជំរុំពំនូកហើយនិងព័ទ្ទកំពាងដើម្បីសម្លាប់មនុស្សជាច្រើន។
18ដ្បិត​ស្តេច​បាន​មើល‌ងាយ​ពាក្យ​សម្បថ ដោយ​ផ្តាច់​សេចក្ដី​សញ្ញា​នោះ​ចេញ។ ចូរ​មើល៍! ស្តេច​លើ​ដៃ​ឡើងស្បថ​និងធ្វើការសន្យា ប៉ុន្តែទ្រង់នៅតែធ្វើ​​ការ​ទាំងនោះដដែល។ ស្តេចមិនអាច​រួច​ខ្លួនទេ។
19ដូច្នោះហើយ ព្រះ‌អម្ចាស់‌ដ៏ជាព្រះមានព្រះបន្ទូលដូច្នេះ ដូច​ជា​យើង​រស់​នៅ តើមិនមែន​​​ពាក្យ​សម្បថ​របស់​យើង ដែលគេ​បាន​មើល‌ងាយ និង​សម្ពន្ធមេត្រី​របស់​យើង ដែលគេធ្វើឲ្យខូច? ដូច្នេះយើងនឹងនាំការដាក់​ទោសលើ​ក្បាល​គេ​ដែរ!
20យើង​នឹង​ដាក់សំណាញ់​យើង​ទៅ​លើ​គេ ហើយ​នឹង​ត្រូវ​ជាប់​នៅ​ក្នុង​អន្ទាក់​របស់​យើង យើង​នឹង​នាំ​គេ​ទៅ​ក្រុង​បាប៊ីឡូន ហើយ​នឹង​មាន​រឿង​នៅ​ទី​នោះ ដោយ​ព្រោះ​អំពើ​រំលង​ដែល​គេ​បាន​ក្បត់យើង!
21អស់​អ្នកដែល​ចំណានៗទាំង​ប៉ុន្មាន​ក្នុង​កង‌ទ័ពរបស់​គេ នឹង​ត្រូវ​ដួល​ដោយ​ដាវ ហើយពួក​អ្នក​ដែល​រួចជីវិត គេ​នឹង​ត្រូវ​ខ្ចាត់‌ខ្ចាយ​ទៅ​គ្រប់​កន្លែង។ ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​គឺ​ព្រះអម្ចាស់ យើង​បាន​ប្រកាស ​ហើយវានឹងកើតឡើង»។
22ព្រះ‌អម្ចាស់‌ដ៏ជា​ព្រះ‌មានព្រះបន្ទូល​ដូចនេះ​ ដូច្នោះយើងខ្លួនឯង​នឹង​កាច់​យក​ចុង​ដើម​តា‌ត្រៅ​ដែល​ខ្ពស់ ហើយយកទៅ​ដាំ​ ឆ្ងាយពីមែកដែលទន់។ យើង​នឹង​កាច់វាចេញ ហើយយើងខ្លួនឯងនឹងដាំវា នៅ​លើ​កំពូល​ភ្នំ​យ៉ាង​ខ្ពស់។
23យើង​នឹង​ដាំ​នៅ​លើ​ភ្នំ​យ៉ាង​ខ្ពស់​នៃ​ទឹកដី​អុីស្រា‌អែល ដើម​នោះ​នឹង​បោះ​មែក ហើយ​កើត​ផល ហើយវានឹងក្លាយ​ជា​ដើម​តា‌ត្រៅ​យ៉ាង​ល្អ ដូច្នោះហើយ អស់​ទាំង​សត្វ​ស្លាប​ទាំងនោះនឹង​ជ្រក​នៅ​ក្រោមវា។ ពួកគេនឹង​ធ្វើ​សម្បុក នៅ​ក្រោម​ម្លប់​នៃ​មែក​វា។
24ក្រោយមក ​ដើម​ឈើ​ទាំងអស់នៅ​ផែន‌ដី​នឹង​ដឹង​ថា យើងគឺ​ជាព្រះអម្ចាស់​។ យើង​បន្ទាប​ដើម​ឈើ​ខ្ពស់​ចុះ​មក ហើយ​បាន​តម្កើង​ដើម​ឈើ​ដែលទាប​ឲ្យខ្ពស់​វិញ។ យើងនឹង​ធ្វើ​ដើម​ឈើ​​ស្វិត​និងក្រៀម​អាចចេញផ្កា។ យើងគឺព្រះអម្ចាស់ យើង​បានប្រកាស់ការនោះនឹងកើតឡើង ​ហើយយើងបានធ្វើ​វា»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។