1ព្រះវិញ្ញាណលើកខ្ញុំឡើង នាំទៅឯទ្វារកំផែងទិសខាងកើតរបស់ព្រះវិហារនៃព្រះអម្ចាស់ ជាទ្វារដែលបើកទៅទិសខាងកើត នោះឃើញនៅមាត់ទ្វារកំផែង មានមនុស្សម្ភៃប្រាំនាក់ ហើយនៅកណ្ដាលអ្នកទាំងនោះ។ ខ្ញុំឃើញមានយ្អាសានា ជាកូនអស៊ើរ ហើយពេឡាធា ជាកូនបេណាយ៉ា ទាំងពីរនាក់ជាអ្នកដឹកនាំក្នុងចំណោមពួកគេ។
2ព្រះអង្គមានព្រះបន្ទូលមកខ្ញុំ «កូនមនុស្សអើយ គឺមនុស្សទាំងនេះហើយដែលគិតគូរបង្កើតការទុច្ចរិត ហើយទូន្មានសេចក្ដីអាក្រក់នៅក្នុងទីក្រុងនេះ។
3ពួកគេនិយាយថា នេះមិនមែនជាពេលដែលត្រូវសង់ផ្ទះទេ ទីក្រុងនេះជាថ្លាង ហើយយើងរាល់គ្នាជាសាច់។
4ដូច្នេះហើយ កូនមនុស្សអើយ ចូរថ្លែងព្រះបន្ទូលទាស់នឹងពួកគេ»។
5ព្រះវិញ្ញាណនៃព្រះអម្ចាស់សណ្ឋិតលើខ្ញុំ ហើយព្រះអង្គមានព្រះបន្ទូលមកខ្ញុំ «ចូរនិយាយ នេះគឺជាព្រះអម្ចាស់មានព្រះបន្ទូល៖ ប្រជាជនអុីស្រាអែលអើយ ដ្បិតយើងស្គាល់អ្វីដែលនៅក្នុងគំនិតរបស់អ្នក។
6អ្នករាល់គ្នាបានសម្លាប់មនុស្សនៅក្នុងទីក្រុងនេះកាន់តែច្រើនឡើង ហើយទុកសពគេពាសពេញផ្លូវ។
7ហេតុនោះ ព្រះអម្ចាស់មានព្រះបន្ទូលដូចនេះ ពួកអ្នកដែលអ្នករាល់គ្នាបានសម្លាប់ផ្តេកនៅកណ្ដាលទីក្រុងយេរូ៉សាឡិម គឺជាសាច់នោះ ហើយទីក្រុងនេះជាថ្លាង។ ប៉ុន្តែចំណែកអ្នករាល់គ្នា យើងនឹងនាំចេញទៅក្រៅពីទីក្រុងវិញ។
8អ្នករាល់គ្នាខ្លាចដាវ ដូច្នោះ យើងនឹងនាំដាវមកលើដល់អ្នក នេះជាព្រះបន្ទូលនៃព្រះអម្ចាស់ដ៏ជាព្រះ។
9យើងនឹងនាំអ្នករាល់គ្នាចេញទៅក្រៅទីក្រុង ហើយប្រគល់ទៅក្នុងកណ្ដាប់ដៃនៃជនជាតិដទៃ ព្រមទាំងនាំការជំនុំជម្រះទាស់និងអ្នក។
10អ្នករាល់គ្នានឹងត្រូវដួលដោយដាវ។ យើងនឹងជំនុំជម្រះអ្នក នៅត្រង់ព្រំប្រទល់ទឹកដីអុីស្រាអែល ហើយអ្នករាល់គ្នានឹងដឹងថា យើងនេះជាព្រះអម្ចាស់។
11ទីក្រុងនេះនឹងមិនមែនជាថ្លាងសម្រាប់អ្នករាល់គ្នាឡើយ អ្នករាល់គ្នាក៏មិនត្រូវជាសាច់នៅក្នុងថ្លាងនោះដែរ គឺយើងនឹងជំនុំជម្រះអ្នក នៅត្រង់ព្រំប្រទល់ទឹកដីអុីស្រាអែលវិញ
12បន្ទាប់មកអ្នករាល់គ្នានឹងដឹងថា យើងនេះជាព្រះអម្ចាស់ ជាអ្នកដាក់ច្បាប់ អ្នកមិនដើរតាមក្រឹត្យក្រមរបស់យើងទេ ក៏មិនបានធ្វើតាមបញ្ញត្តិរបស់យើងដែរ។ តែអ្នកបានប្រព្រឹត្តតាមបញ្ញត្តិច្បាប់របស់ជនជាតិដទៃទាំងនោះ ដែលនៅជុំវិញអ្នកវិញ»។
13ក្នុងកាលដែលខ្ញុំកំពុងតែថ្លែងព្រះបន្ទូល នោះពេឡាធា ជាកូនបេណាយ៉ាក៏ស្លាប់ទៅ។ ដូច្នោះ ខ្ញុំក៏ក្រាបផ្កាប់មុខយំដោយសំឡេងយ៉ាងខ្លាំងថា «បពិត្រ ព្រះអម្ចាស់អើយ តើព្រះអង្គនឹងធ្វើឲ្យសំណល់ជនជាតិអុីស្រាអែល វិនាសទាំងអស់ឬ?»
14ព្រះបន្ទូលនៃព្រះអម្ចាស់បានមកដល់ខ្ញុំ
15«កូនមនុស្សអើយ គឺជាបងប្អូនអ្នកបង្កើតទេតើ! ព្រមទាំងបងប្អូនអ្នក! ដែលជាញាតិសន្តាន និងពូជពង្សអុីស្រាអែលទាំងមូល គឺពួកគេជាពួកអ្នកនៅក្រុងយេរូសាឡិមបានពោលថា «ពួកគេឆ្ងាយពីព្រះអម្ចាស់! ទឹកដីនេះបានប្រគល់មកពួកយើងទុកជាសម្បត្តិហើយ»។
16ដូច្នោះហើយចូរនិយាយ «ព្រះជាអម្ចាស់មានព្រះបន្ទូលដូចនេះ ទោះបីយើងបណ្តេញអ្នករាល់គ្នាទៅក្នុងចំណោមប្រជាជាតិទាំងនោះ ទោះបីយើងកម្ចាត់កម្ចាយអ្នករាល់គ្នាទៅតាមទឹកដីផ្សេងៗក្ដី ក៏យើងនឹងធ្វើជាទីសក្ការៈសម្រាប់អ្នករាល់គ្នានៅក្នុងទឹកដីទាំងនោះដែរ» ។
17ដូចោះហើយចូរនិយាយ «ព្រះជាអម្ចាស់មានព្រះបន្ទូលដូចនេះ យើងនឹងនាំអ្នករាល់គ្នាចេញពីកណ្ដាលចំណោមជនជាតិទាំងនោះមកវិញ យើងនឹងប្រមូលអ្នករាល់គ្នាពីទឹកដីទាំងឡាយ ដែលអ្នករាល់គ្នាខ្ចាត់ខ្ចាយទៅ ហើយយើងនឹងប្រគល់ទឹកដីដល់អុីស្រាអែល។
18រួចហើយពួកគេនឹងនាំគ្នាត្រឡប់មកវិញ ហើយដកព្រះក្លែងក្លាយដ៏ចង្រៃគួរឲ្យស្អប់ខ្ពើមទាំងប៉ុន្មាន ចេញពីទឹកដីនេះ។
19យើងនឹងឲ្យគេមានចិត្តតែមួយ ហើយនឹងដាក់វិញ្ញាណថ្មីមួយក្នុងគេ យើងនឹងដកចិត្តដែលរឹងដូចថ្មពីរូបសាច់គេចេញ ហើយនឹងឲ្យមានចិត្តជាសាច់វិញ
20ដើម្បីឲ្យគេបានប្រព្រឹត្តតាមក្រឹត្យក្រមរបស់យើង ហើយរក្សាបញ្ញត្តិច្បាប់របស់យើង ព្រមទាំងប្រព្រឹត្តតាមផង នោះគេនឹងបានជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងធ្វើជាព្រះជាម្ចាស់ដល់គេ។
21ប៉ុន្តែអស់អ្នកដែលមានចិត្តប្រព្រឹត្តតាមរូបព្រះគួរឆ្អើម និងសេចក្ដីគួរស្អប់ខ្ពើមរបស់គេ យើងនឹងទម្លាក់អំពើរបស់គេទៅលើក្បាលគេវិញ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់»។
22ពួកចេរូប៊ីនក៏កាងស្លាបហោះទៅ កង់ទាំងនោះក៏ទៅជាមួយដែរ ហើយសិរីល្អរបស់ព្រះនៃជនជាតិអុីស្រាអែលសណ្ឋិតពីលើ
23ក្រោយមក សិរីល្អរបស់ព្រះអម្ចាស់យាងចេញពីកណ្ដាលបណ្តាលជនឡើងទៅទីក្រុង ហើយក៏សណ្ឋិតលើភ្នំនៅទិសខាងកើតនៃទីក្រុង។
24ព្រះវិញ្ញាណក៏លើកខ្ញុំឡើង ហើយព្រះអង្គនាំខ្ញុំទៅដល់ស្រុកខាល់ដេ ទៅរកពួកនិរទេស ក្នុងនិមិត្តដោយនូវព្រះវិញ្ញាណនៃព្រះជាម្ចាស់ ហើយក្នុងនិមិត្តដែលខ្ញុំបានឃើញក៏ចេញបាត់ពីខ្ញុំទៅ។
25រួចហើយខ្ញុំនិយាយប្រកាស់ប្រាប់ដល់ពួកអ្នកដែលនៅជាឈ្លើយ តាមគ្រប់ទាំងការដែលព្រះអម្ចាស់បានបង្ហាញខ្ញុំ។