1បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលនឹងលោកម៉ូសេថា៖ «ចូរទៅគាល់ស្តេចផារ៉ោន ហើយទូលស្តេចថា៖ «ព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់ជនជាហេព្រើរ មានបន្ទូលដូច្នេះ៖ «ចូរអនុញ្ញាតឲ្យប្រជារាស្រ្តរបស់យើងចេញទៅ ដើម្បីឲ្យពួកគេអាចថ្វាយបង្គំដល់យើង»។
2ប៉ុន្តែ ប្រសិនបើ ស្តេចបដិសេធមិនអនុញ្ញាតឲ្យពួកគេទៅ ហើយប្រសិនបើ អ្នកនៅតែឃាំងពួកគេ
3ដូច្នេះ ព្រះហស្តរបស់ព្រះអម្ចាស់នឹងវាយប្រហារហ្វូងសត្វនៅស្រែចម្ការ និងនៅលើហ្វូងសេះ និងហ្វូងលា ហ្វូងអូដ្ឋ និងហ្វូងចៀម ព្រមទាំងហ្វូងគោ វានឹងកើតជំងឺអាសន្នរោគយ៉ាងវេទនា។
4ព្រះអម្ចាស់នឹងប្រព្រឹត្តជាមួយហ្វូងសត្វជនជាតិអ៊ីស្រាអែល ខុសពីជនជាតិអេស៊ីប៖ គឺនឹងមិនមានសត្វណាដែលជាកម្មសិទ្ធិរបស់ជនជាតិអ៊ីស្រាអែលត្រូវស្លាប់ឡើយ។
5ព្រះអម្ចាស់បានកំណត់ពេលវេលា ព្រះអង្គមានបន្ទូលថា៖ «ថ្ងៃស្អែក យើងនឹងធ្វើការនេះនៅក្នុងទឹកដីនេះ»។
6ព្រះអម្ចាស់ធ្វើការនេះនៅថ្ងៃបន្ទាប់៖ ហ្វូងសត្វទាំងអស់នៅអេស៊ីបងាប់គ្មានសល់។ ប៉ុន្តែ គ្មានសត្វរបស់ជនជាតិអ៊ីស្រាអែលណាមួយនៅបានងាប់ឡើយ សូម្បីតែមួយ។
7ស្តេចផារ៉ោនបានចាត់គេឲ្យទៅស៊ើបអង្កេត ហើយជ្រាបថាគ្មានសត្វណាមួយក្នុងហ្វូងសត្វរបស់ជនជាតិអ៊ីស្រាអែលងាប់ឡើយ។ ប៉ុន្តែ ស្តេចផារ៉ោននៅតែមានព្រះទ័យមានះ ដូច្នេះ ស្តេចមិនព្រមអនុញ្ញាតឲ្យប្រជាជនចេញទៅទេ។
8បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលទៅលោកម៉ូសេ និងលោកអ៊ើរ៉ុនថា៖ «ចូរយកផេះពីចង្ក្រាន គឺអ្នកហើយម៉ូសេ ចូរបាចទៅលើមេឃ នៅចំពោះផារ៉ោនទៅ
9ផេះនោះនឹងក្លាយជាធូលីយ៉ាងម៉ដ្ត នៅពាសពេញលើស្រុកអេស៊ីប។ ហើយនឹងធ្វើឲ្យក្លាយជាបូស ហើយធ្លាយចេញជាដំបៅលើខ្លួនមនុស្ស និងសត្វ ពាសពេញក្នុងទឹកដីអេស៊ីបទាំងមូល»។
10ដូច្នេះ លោកម៉ូសេ និងលោកអ៊ើរ៉ុនបានយកផេះពីចង្ក្រាន ហើយឈរនៅចំពោះស្តេចផារ៉ោន។ បន្ទាប់មក លោកម៉ូសេបានបោះផេះនោះទៅលើមេឃ។ ផេះនោះបានធ្វើឲ្យកើតមានបូស ហើយធ្លាយចេញជាដំបៅលើខ្លួនមនុស្ស និងសត្វ។
11ពួកគ្រូមន្តអាគមមិនអាចតតាំងនឹងលោកម៉ូសេបានទេ ដោយសារតែបូស ហើយបូសនោះក៏កើតនៅលើពួកគេ និងនៅលើជនជាតិអេស៊ីបផ្សេងទៀតដែរ។
12ព្រះអម្ចាស់បានធ្វើឲ្យស្តេចផារ៉ោនមានព្រះទ័យរឹងរូស ដូច្នេះ ស្តេចផារ៉ោនមិនបានធ្វើតាមលោកម៉ូសេ និងលោកអ៊ើរ៉ុនទេ។ ការនេះកើតឡើងដូចព្រះអម្ចាស់បានប្រាប់លោកលោកម៉ូសេរួចហើយ ថាស្តេចផារ៉ោននឹងធ្វើដូច្នេះ។
13បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «ចូរក្រោកឡើងពីព្រឹក ឈរនៅចំពោះស្តេចផារ៉ោន ហើយទូលទៅព្រះអង្គថា៖ «ព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់ជនជាតិហេព្រើរ មានបន្ទូលដូច្នេះ «ចូរអនុញ្ញាតឲ្យប្រជារាស្រ្តរបស់យើងចេញទៅ ដើម្បីពួកគេអាចថ្វាយបង្គំយើង។
14ដ្បិត នៅពេលនេះ យើងនឹងចាត់គ្រោះកាចគ្រប់យ៉ាងរបស់យើង មកលើស្តេច នៅលើពួកមន្ត្រី និងប្រជារាស្រ្តរបស់ស្តេច។ យើងនឹងធ្វើការនេះ ដើម្បីឲ្យស្តេចបានដឹងថា គ្មាននរណាដូចជាយើងនៅលើផែនដីនេះឡើយ។
15ដ្បិត ប្រសិនបើយើងបានលើកដៃវាយអ្នក និងប្រជារាស្ត្ររបស់អ្នក ដោយជំងឺអាសន្នរោគនៅពេលនេះ ម្លេ៉ះអ្នករាល់គ្នានឹងវិនាសសូន្យពីផែនដីបាត់ទៅហើយ។
16ប៉ុន្តែ យើងបានទុកឲ្យអ្នកនៅរស់ ដើម្បីឲ្យអ្នកបានឃើញពីអំណាចរបស់យើង ដើម្បីឲ្យនាមរបស់យើត្រូវប្រកាសពាសពេញផែនដី។
17ស្តេចនៅតែតម្កើងខ្លួនទាស់នឹងប្រជារាស្ត្ររបស់យើង ដោយមិនព្រមអនុញ្ញាតឲ្យពួកគេចេញទៅទេ។
18ចូរស្តាប់! ថ្ងៃស្អែក ពេលថ្មើរនេះ យើងនឹងធ្វើឲ្យមានព្យុះព្រិលយ៉ាងខ្លាំងកើតឡើង ដែលមិនធ្លាប់មាននៅក្នុងអេស៊ីប តាំងពីស្រុកនេះកើតមក រហូតមកដល់ពេលនេះ។
19ឥឡូវនេះ ចូរចាត់ពួកប្រុសៗឲ្យទៅប្រមូលហ្វូងសត្វ និងអ្វីៗទាំងអស់ដែលស្តេចមាននៅស្រែចម្ការ ទៅកាន់កន្លែងមានសុវត្ថិភាព។ បុរស និងសត្វទាំងអស់ដែលនៅស្រែចម្ការ ដែលមិនបាននៅផ្ទះ ព្រិលនឹងធ្លាក់មកលើពួកគេ ហើយពួកគេនឹងស្លាប់»។
20បន្ទាប់មក ពួកមន្ត្រីរបស់ស្តេចផារ៉ោនបានជឿនៅព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក៏ប្រញាប់ទៅនាំទាសករ និងហ្វូងសត្វរបស់ពួកគេមកផ្ទះវិញ។
21ប៉ុន្តែ អស់អ្នកដែលមិនជឿលើព្រះបន្ទូលរបស់ព្រះអម្ចាស់បានទុកពួកទាសករ និងហ្វូងសត្វរបស់ពួកគេនៅស្រែចម្ការ។
22បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «ចូរលើកដៃរបស់អ្នកទៅលើមេឃ ដើម្បីធ្វើឲ្យមានព្រិលធ្លាក់មកពេញទឹកដីអេស៊ីប លើប្រជារាស្រ្ត លើសត្វ និងលើរុក្ខជាតិនៅស្រែចម្ការពាសពេញទឹកដីអេស៊ីបទាំងមូល»។
23លោកម៉ូសេបានលើកដំបងរបស់គាត់ទៅលើមេឃ ហើយព្រះអម្ចាស់បានធ្វើឲ្យមានផ្គរលាន់ ព្រិល និងផ្លេកបន្ទោរមកលើដី។ ព្រះអង្គបានធ្វើឲ្យមានភ្លៀងព្រិលធ្លាក់មកលើទឹកដីអេស៊ីបដែរ។
24ដូច្នេះ ក៏មានព្រិល ផ្លេកបន្ទោលាយជាមួយនឹងព្រិលយ៉ាងខ្លាំង ដែលមិនធ្លាប់កើតឡើងនៅក្នុងទឹកដីអេស៊ីបទាំងមូល ចាប់តាំងពីនាមប្រទេសនេះមក។
25ពេញទឹកដីអេស៊ីបទាំងមូល ព្រិលបានធ្លាក់មកលើស្រែចម្ការទាំងអស់ ធ្លាក់មកលើទាំងមនុស្ស និងសត្វ។ វាធ្លាក់មកលើដំណាំនៅក្នុងស្រែចម្ការ ហើយបានបំបាក់ដើមឈើទាំងអស់។
26លើកលែងតែទឹកដីកូសែន ជាកន្លែងដែលជនជាតិអ៊ីស្រាអែលរស់នៅប៉ុណ្ណោះ ដែលគ្មានព្រិល។
27បន្ទាប់មក ស្តេចផារ៉ោនបានចាត់គេឲ្យទៅកោះហៅលោកម៉ូសេ និងលោកអ៊ើរ៉ុន។ ស្តេចមានរាជឱង្ការទៅពួកគេថា «លើកនេះ យើងបានប្រព្រឹត្តបាបមែន។ ព្រះអម្ចាស់សុចរិត ហើយយើង និងប្រជារាស្រ្តរបស់យើងជាមនុស្សអាក្រក់។
28សូមអធិស្ឋានទៅកាន់ព្រះអម្ចាស់ ព្រោះព្យុះភ្លៀងព្រិលនេះខ្លាំងណាស់។ យើងនឹងអនុញ្ញាតឲ្យអ្នកទៅហើយ ហើយអ្នកនឹងលែងនៅទីនេះទៀតដែរ»។
29លោកម៉ូសេទូលទៅស្តេចថា៖ «ពេលទូលបង្គំចាកចេញពីក្រុងនេះពេលណា ទូលបង្គំនឹងលើកដៃទៅឯព្រះអម្ចាស់។ ផ្គរនឹងឈប់ ហើយនឹងលែងមានព្រិលទៀតហើយ។ បែបនេះ ព្រះអង្គនឹងជ្រាបថា ផែនដីនេះជាកម្មសិទ្ធិរបស់ព្រះអម្ចាស់។
30ប៉ុន្តែ ទូលបង្គំដឹងថា ព្រះអង្គ និងពួកនាម៉ឺនមន្ត្រីរបស់ព្រះអង្គមិនទាន់កោតខ្លាចព្រះអម្ចាស់ដ៏ជាព្រះជាម្ចាស់នៅឡើយទេ»។
31ពេលនោះ ដើមធ្មៃកំពុងចេញផ្កា និងស្រូវស្រាលកំពុងដាក់គ្រាប់
32ចំណែកស្រូវសាលី និងស្រូវធ្ងន់វិញមិនត្រូវខូចខាតឡើយ ព្រោះមិនទាន់ចេញកួរ។
33នៅពេល លោកម៉ូសេចាកចេញពីស្តេចផារ៉ោន រួចចេញទៅក្រៅទីក្រុង គាត់បានលើកដៃរបស់គាត់ទៅចំពោះព្រះអម្ចាស់ ផ្គរឈប់លាន់ឮ ព្រិលឈប់ធ្លាក់ ហើយភ្លៀងក៏លែងធ្លាក់មកលើផែនដីទៀតដែរ។
34នៅពេលស្តេចផារ៉ោនឃើញភ្លៀងរាំង ព្រិលឈប់ធ្លាក់ និងផ្គរលែងលឺ ស្តេចបានធ្វើបាបសារជាថ្មី ហើយបានព្រះទ័យរឹងរូស រួមជាមួយមន្ត្រីរបស់ស្តេចផង។
35ស្តេចផារ៉ោនមានព្រះទ័យរឹងរូស ដូច្នេះហើយ ស្តេចមិនព្រមអនុញ្ញាតឲ្យជនជាតិអ៊ីស្រាអែលចេញទៅឡើយ។ នេះគឺជាអ្វីដែលព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា ស្តេចផារ៉ោននឹងប្រព្រឹត្តដូច្នេះ។