ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

និក្ខមនំ 8

Read Scripture freely. Divine Threads study for this chapter is coming later.

1បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលមកកាន់លោកម៉ូសេថា៖​ «ចូរទៅគាល់ស្តេចផារ៉ោន ហើយទូលស្តេចថា៖ «ព្រះអម្ចាស់មានបន្ទូលដូច្នេះ៖ «ចូរអនុញ្ញាតឲ្យប្រជារាស្រ្តរបស់យើងចេញទៅ ដើម្បីឲ្យពួកគេអាចថ្វាយបង្គំយើង។
2ប្រសិនបើ ស្តេចបដិសេធមិនអនុញ្ញាតឲ្យពួកគេទៅទេ យើងនឹងធ្វើទុក្ខដល់ប្រទេសរបស់ស្តេចដោយកង្កែប។
3ទន្លេនឹងពេញទៅដោយកង្កែប។ ពួកវានឹងចូលទៅក្នុងដំណាក់ ក្នុង​បន្ទប់ ហើយ​ក្នុង​ក្រឡា‌បន្ទំ​របស់​ស្តេចថែម​ទៀត​ផង។ ពួកវានឹងចូលទៅផ្ទះ​ពួក​​មន្ត្រី​របស់​ស្តេចទាំង​អស់។ ពួកវានឹងចូលទៅក្នុងផ្ទះប្រជារាស្រ្តទៅក្នុងចង្ក្រាន និងទៅក្នុងផើងម្សៅរបស់ស្តេច។
4កង្កែបនឹងវាយប្រហារស្តេច ប្រជារាស្រ្ត និងពួកមន្ត្រីរបស់ស្តេចទាំងអស់។
5ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «ចូរប្រាប់លោកអ៊ើរ៉ុន «ឲ្យលើកដៃ និងដំបងរបស់អ្នកទៅលើទន្លេ និងព្រែក និងត្រពាំង ហើយនាំកង្កែបឡើងមកពេញទឹកដីអេស៊ីប»។
6លោកអ៊ើរ៉ុនលើកដៃរបស់គាត់វាយលើទឹករបស់អេស៊ីប ហើយកង្កែបបានឡើងមក ហើយគ្របដណ្តប់ពេញទឹកដីអេស៊ីប។
7ប៉ុន្តែ ពួកគ្រូមន្តអាគមក៏អាចធ្វើបានដែរ ដោយមន្តអាគមរបស់ពួកគេ ពួកគេបាននាំកង្កែបពេញទឹកដីអេស៊ីប។
8បន្ទាប់មក ស្តេចផារ៉ោនបានកោះហៅលោកម៉ូសេ និងលោកអ៊ើរ៉ុន ហើយមានរាជឱង្ការថា៖ «ចូរអធិស្ឋានដល់ព្រះអម្ចាស់ ដើម្បីឲ្យយកកង្កែបចេញពីយើង និងប្រជារាស្រ្តរបស់យើង។ នោះ យើងនឹងអនុញ្ញាតឲ្យប្រជារាស្រ្ត ដើម្បីពួកគេថ្វាយយញ្ញបូជាដល់ព្រះអង្គ»។
9លោកម៉ូសេទូលទៅស្តេចផារ៉ោនថា៖ «សូម​ព្រះ‌អង្គ​កំណត់​ពេល​វេលា ថាតើពេលណា​ទូលបង្គំ​ត្រូវ​អង្វរ​ព្រះ‌អម្ចាស់​សម្រាប់​ព្រះ‌អង្គ សម្រាប់​នាម៉ឺន​មន្ត្រី និង​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ ដើម្បី​បំបាត់​កង្កែប​ចេញ​ពី​ព្រះ‌អង្គ និង​ចេញ​ពី​ដំណាក់​របស់​ព្រះ‌អង្គ គឺ​នៅ​​តែ​ក្នុង​ទន្លេ​នីល​ប៉ុណ្ណោះ»។
10ស្តេចផារ៉ោនមានរាជឱង្ការថា៖ «ថ្ងៃស្អែក»។ លោកម៉ូសេទូលថា៖ «សូមឲ្យបានកើតឡើងតាមព្រះរាជឱង្ការរបស់ស្តេចចុះ ដើម្បីឲ្យព្រះអង្គបានជ្រាបថា គ្មាននរណាដូចជាព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់យើងឡើយ។
11កង្កែបនឹងចាកចេញពីព្រះអង្គ ពីដំណាក់ ពីពួកមន្ត្រី និងពីប្រជារាស្រ្តរបស់ព្រះអង្គ។ ពួកគេនឹងនៅក្នុងតែទន្លេប៉ុណ្ណោះ។
12លោកម៉ូសេ និងលោកអ៊ើរ៉ុនបានចាកចេញពីអេស៊ីប។ បន្ទាប់មក លោកម៉ូសេទូលទៅព្រះអម្ចាស់ទាក់ទងនឹងកង្កែប ដែលព្រះអង្គបាននាំមកដល់ស្តេចផារ៉ោន។
13ព្រះអម្ចាស់បានធ្វើដូចដែលលោកម៉ូសេបានទូលសុំ គឺកង្កែបបានងាប់នៅក្នុងផ្ទះ ដំណាក់ និងតាមស្រែចង្ការ។
14ប្រជាជនបាន​ប្រមូល​ខ្មោច​កង្កែប​គរ​ជា​គំនរ ហើយ​មាន​ក្លិន​ស្អុយ​ពាស‌ពេញ​ស្រុក។
15ប៉ុន្តែ នៅពេលស្តេចផារ៉ោនឃើញថា បានធូរស្បើយហើយ ស្តេចនៅតែមានព្រះទ័យរឹងរុស ហើយមិនយល់ព្រមស្តាប់តាមលោកម៉ូសេ និងលោកអ៊ើរ៉ុនឡើយ ដូចដែលព្រះអម្ចាស់បានមានបន្ទូលឲ្យស្តេចបានធ្វើ។
16ព្រះអម្ចាស់មានបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់ទៅលោកអ៊ើរ៉ុន ឲ្យលើកដំបង ហើយវាទៅលើដី នោះវានឹងក្លាយជាចៃពាសពេញទឹកដីអេស៊ីបទាំងមូល»។
17ពួកគេក៏ធ្វើដូច្នោះ លោកអ៊ើរ៉ុនក៏លើកដៃ និងដំបងរបស់គាត់។ គាត់បានវាយទៅលើដី។ ចៃបានកើតឡើងនៅលើមនុស្ស​និងសត្វ។ ធូលីដីដែលនៅដីបានកើតជាចៃពាសពេញទឹកដីអេស៊ីបទាំងមូល។
18ពួកគ្រូមន្តអាគមព្យាយាមធ្វើមន្តអាគមរបស់ពួកគេ ឲ្យកើតចៃ ប៉ុន្តែ ពួកគេមិនអាចធ្វើបានទេ។ មានចៃនៅលើមនុស្ស និងសត្វ។
19បន្ទាប់មក ពួកគ្រូមន្តអាគមបានទូលទៅស្តេចផារ៉ោនថា៖ «នេះគឺជាព្រះហស្តរបស់ព្រះជាម្ចាស់»។ ប៉ុន្តែ ស្តេចផារ៉ោនមានព្រះទ័យរឹងរុស ដូច្នេះ ស្តេចបានបដិសេធក្នុងការស្តាប់តាមពួកគេ។ វាបានកើតឡើងដូចព្រះអម្ចាស់បានមានបន្ទូលទៅផារ៉ោនឲ្យធ្វើ។
20ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «ចូរក្រោកពីព្រលឹម ហើយឈរនៅចំពោះស្តេចផារ៉ោន នៅពេលដែលស្តេចយាងទៅមាត់ទន្លេ។ ចូរទូលស្តេចថា៖ «ព្រះអម្ចាស់មានបន្ទូលដូច្នេះ៖ «ចូរអនុញ្ញាតឲ្យប្រជារាស្រ្តរបស់យើងចេញទៅ ដើម្បីឲ្យពួកគេអាចថ្វាយបង្គំយើង។
21ប៉ុន្តែ ប្រសិនបើ ស្តេចមិនព្រមអនុញ្ញាតឲ្យប្រជារាស្រ្តរបស់យើងទៅទេ យើងនឹងចាត់ហ្វូងរុយមកលើស្តេច លើពួកមន្ត្រី និងនៅក្នុងដំណាក់របស់ស្តេច។ នៅក្នុងផ្ទះរបស់ជនជាតិអេស៊ីប នឹងពេញទៅដោយសត្វរុយ ហើយសូម្បីតែនៅលើដីដែលពួកគេឈរ នឹងមានពេញទៅដោយសត្វរុយ។
22ប៉ុន្តែ នៅថ្ងៃនោះ យើងនឹងប្រព្រឹត្តជាមួយនឹងអ្នកដែលនៅក្នុងទឹកដីកូសែនបែបផ្សេង ទឹកដីដែលប្រជារាស្រ្តរបស់យើងរស់នៅ ដូច្នេះ នឹងមិនមានហ្វូងសត្វរុយនៅទីនោះទេ។ ការនេះនឹងកើតឡើង ដើម្បីឲ្យស្តេចបានជ្រាបថា យើងគឺជាព្រះអម្ចាស់នៅកណ្តាលចំណោមទឹកដីនេះ។
23យើងនឹងញែករវាងប្រជារាស្រ្តរបស់យើង និងប្រជារាស្រ្តរបស់ស្តេច។ ទីសម្គាល់នៃអំណាចរបស់យើងនេះ នឹងកើតឡើងនៅថ្ងៃស្អែក»។
24ព្រះអម្ចាស់បានធ្វើដូច្នោះ ហើយមានហ្វូងរុយយ៉ាងក្រាសបានហើរចូលទៅក្នុងដំណាក់របស់ស្តេចផារ៉ោន និងផ្ទះពួកមន្ត្រីរបស់ស្តេច។ នៅក្នុងទឹកដីអេស៊ីបទាំងមូល ត្រូវបានបំផ្លាញដោយសារតែហ្វូងរុយទាំងនោះ។
25ស្តេចផារ៉ោនបានកោះហៅលោកម៉ូសេ និងលោកអ៊ើរ៉ុន ហើយទូលថា៖ «ចូរទៅ ថ្វាយយញ្ញបូជាដល់ព្រះជាម្ចាស់របស់អ្នកនៅក្នុងទឹកដីរបស់អ្នកផ្ទាល់ចុះ»។
26លោកម៉ូសេទូលថា៖ «យើងខ្ញុំធ្វើដូច្នេះ មិនត្រឹមត្រូវទេ ដ្បិត យញ្ញបូជារបស់យើងដែលត្រូវថ្វាយដល់ព្រះជាម្ចាស់ជាទីស្អប់ខ្ពើមចំពោះជនជាតិអេស៊ីប។
27ប្រសិនបើ យើងខ្ញុំថ្វាយយញ្ញបូជានៅចំពោះមុខពួកគេ ដែលជាទីស្អប់សខ្ពើមដល់ជនជាតិអេស៊ីបនោះ តើពួកគេនឹងមិនចោលយើងខ្ញុំនឹងដុំថ្មទេឬ? អត់ទេ យើងត្រូវធ្វើដំណើរក្នុងរយៈពេលបីថ្ងៃទៅទីរហោស្ថាន ដើម្បីថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់ជាព្រះជាម្ចាស់របស់យើង ដូចដែលព្រះអង្គបានបង្គាប់»។
28ស្តេចផារ៉ោនមានរាជឱង្ការថា៖ «យើងនឹងអនុញ្ញាតឲ្យអ្នកចេញទៅ ហើយថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់អ្នកនៅទីរហោស្ថាន។ តែអ្នកមិនត្រូវទៅឆ្ងាយពេកទេ។ សូមជួយអធិស្ឋានឲ្យយើងផង»។
29លោកម៉ូសេទូលថា៖ «នៅពេលទូលបង្គំចាកចេញពីព្រះអង្គពេលណា នោះទូលបង្គំនឹងអធិស្ឋានដល់ព្រះអម្ចាស់ ឲ្យហ្វូងសត្វរុយចាកចេញពីព្រះអង្គ ស្តេចផារ៉ោន និងពីពួកមន្ត្រី និងប្រជារាស្ត្ររបស់ព្រះអង្គនៅថ្ងៃស្អែក។ ប៉ុន្តែ ព្រះអង្គមិនត្រូវបោកប្រាស់យើងខ្ញុំ ដោយមិនឲ្យប្រជាជនរបស់យើងចាកចេញទៅ ដើម្បីថ្វាយយញ្ញបូជានោះឡើយ»។
30លោកម៉ូសេបានចាកចេញពីស្តេចផារ៉ោន ហើយអធិស្ឋានដល់ព្រះអម្ចាស់។
31ព្រះអម្ចាស់បានធ្វើតាមសំណូមពររបស់លោកម៉ូសេ គឺព្រះអង្គបានយកហ្វូងសត្វរុយពីស្តេចផារ៉ោន ពីពួកមន្ត្រី និងពីប្រជារាស្រ្តរបស់ស្តេច។ គ្មាននៅសល់មួយឡើយ។
32ប៉ុន្តែ នៅពេលនេះ ស្តេចផារ៉ោនមានព្រះទ័យរឹងរូសដដែល ហើយស្តេចមិនព្រមអនុញ្ញាតឲ្យប្រជាជនទៅទេ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។