1ព្រះអម្ចាស់មានបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរទៅជួបស្តេចផារ៉ោន ដ្បិត យើងបានធ្វើឲ្យស្តេច និងមន្ត្រីរបស់ស្តេចមានចិត្តរឹង។ យើងបានធ្វើការនេះ ដើម្បីបង្ហាញទីសម្កាល់ផ្សេងៗនៃអំណាចរបស់យើងនៅក្នុងចំណោមពួកគេ។
2យើងបានធ្វើការនេះ ដើម្បីឲ្យអ្នករាល់គ្នាអាចដំណាលប្រាប់កូន និងចៅរបស់អ្នករាល់គ្នាពីការដែលយើងបានធ្វើ គឺបានប្រព្រឹត្តនឹងអេស៊ីបយ៉ាងធ្ងន់ធ្ងរ និងពីការដែលយើងបានធ្វើការអស្ចារ្យផ្សេងៗដែលសម្តែងពីអំណាចរបស់យើងនៅក្នុងចំណោមពួកគេ។ បែបនេះ អ្នករាល់គ្នានឹងដឹងថា យើងជាព្រះអម្ចាស់»។
3ដូច្នេះ លោកម៉ូសេ និងលោកអ៊ើរ៉ុនបានទៅគាល់ស្តេចផារ៉ោន ហើយទូលស្តេចថា៖ «ព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់ជនជាតិហេព្រើរ មានបន្ទូលដូច្នេះ «តើស្តេចនៅតែមិនព្រមបន្ទាបខ្លួននៅចំពោះយើងដល់កាលណាទៀត? ចូរអនុញ្ញាតឲ្យប្រជារាស្រ្តរបស់យើងចេញទៅ ដើម្បីឲ្យពួកគេអាចថ្វាយបង្គំយេីងបាន។
4ប៉ុន្តែ ប្រសិនបើ ស្តេចបដិសេធមិនព្រមអនុញ្ញាតឲ្យប្រជារាស្រ្តរបស់យើងទៅទេ ចូរស្តាប់ ថ្ងៃស្អែក យើងនឹងនាំសត្វកណ្ដូបមកក្នុងទឹកដីរបស់ព្រះអង្គ។
5ពួកវានឹងហើរមកពាសពេញដី ដូច្នេះ គ្មានសល់ដីមួយកន្លែងដែលអាចមើលឃើញឡើយ។ ពួកវានឹងស៊ីអ្វីៗដែលនៅសល់ពីព្រិល។ វាក៏នឹងស៊ីដើមឈើទាំងអស់របស់ស្តេចដែលដុះនៅឯស្រែចម្ការ។
6ពួកវានឹងចូលទៅពេញដំណាក់ និងផ្ទះមន្ត្រីរបស់ស្តេច និងផ្ទះរបស់ជនជាតិអេស៊ីបទាំងអស់ ជាអ្វីមួយដែលឪពុក និងជីតារបស់អ្នកមិនដែលឃើញពីមុន និងជាអ្វីដែលមិនដែលឃើញតាំងពីផែនដីបានកើតមក រហូតមកដល់សព្វថ្ងៃនេះ»។ បន្ទាប់មក លោកម៉ូសេក៏ចាកចេញពីស្តេចផារ៉ោនទៅ។
7ពួកមន្ត្រីរបស់ស្តេចផារ៉ោនទូលទៅស្តេចថា៖ «តើបុរសនេះឲ្យធ្វើបានយើងដល់កាលណាទៀត? ចូរអនុញ្ញាតឲ្យជនជាតិអ៊ីស្រាអែលចេញទៅ ដើម្បីឲ្យពួកគេអាចថ្វាយបង្គំព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់ពួកគេ។ តើព្រះអង្គមិនជ្រាបទេឬថា អេស៊ីបត្រូវបានបំផ្លាញ?»
8គេបាននាំលោកម៉ូសេ និងលោកអ៊ើរ៉ុនមកគាល់ស្តេចផារ៉ោនម្តងទៀត ស្តេចបានមានរាជឱង្ការថា៖ «ចូរទៅថ្វាយបង្គំព្រះអម្ចាស់ជាព្រះជាម្ចាស់របស់អ្នកចុះ។ តើនរណាខ្លះនឹងទៅ?»
9លោកម៉ូសេទូលថា៖ «យើងនឹងចេញទៅទាំងចាស់ទាំងក្មេង ទាំងកូនប្រុស និងកូនស្រីរបស់យើង។ យើងនឹងចេញទៅជាមួយហ្វូងសត្វ និងហ្វូងចៀមរបស់យើង។ ដ្បិត យើងខ្ញុំនឹងធ្វើពិធីបុណ្យថ្វាយព្រះអម្ចាស់»។
10ស្តេចផារ៉ោនមានរាជឱង្ការទៅពួកគេថា៖ «សូមព្រះអម្ចាស់នៅជាមួយអ្នករាល់គ្នាចុះ ប្រសិនបើ យើងអនុញ្ញាតឲ្យអ្នក និងកូនតូចៗរបស់អ្នកទៅ។ មើល៍ អ្នករាល់គ្នាមានគំនិតអាក្រក់។
11អត់ទេ! ចូរចេញទៅតែប្រុសៗដែលនៅក្នុងចំណោមអ្នករាល់គ្នាបានហើយ ហើយថ្វាយបង្គំព្រះអម្ចាស់ចុះ ដ្បិត នោះគឺជាអ្វីដែលអ្នកចង់បាន»។ បន្ទាប់មក គេបានបណ្តេញលោកម៉ូសេ និងលោកអ៊ើរ៉ុនចេញពីស្តេចផារ៉ោន។
12បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «ចូរលើកដៃរបស់អ្នកលើទឹកដីអេស៊ីប ដើម្បីឲ្យកើតមានកណ្ដូបឲ្យពួកវាបានវាយប្រហារទឹកដីអេស៊ីប និងស៊ីដំណាំទាំងឡាយនៅក្នុងទឹកដីអេស៊ីបដែលនៅសល់ពីព្រិល»។
13លោកម៉ូសេបានលើកដៃ ជាមួយនឹងដំបងរបស់គាត់លើទឹកដីអេស៊ីប ហើយព្រះអម្ចាស់បាននាំឲ្យមានខ្យល់បក់ពីទិសខាងកើតលើទឹកដីទាំងអស់ពេញមួយថ្ងៃមួយយប់។ នៅព្រឹកឡើង ខ្យល់ពីទិសខាងកើតបាននាំសត្វកណ្តូបមក។
14សត្វកណ្ដូបបានចេញទៅពាសពេញទឹកដីអេស៊ីបទាំងមូល ហើយបានទំពាស់ពេញទឹកដីតែម្តង។ មិនដែលធ្លាប់មានហ្វូងកណ្តូបនៅក្នុងទឹកដីបែបនេះទេ ហើយក្រោយពីនេះក៏មានកណ្ដូបច្រើនយ៉ាងនេះដែរ។
15ពួកវាបានគ្រប់ដណ្តប់ពាសពេញទឹកដីទាំងមូល ធ្វើឲ្យផ្ទៃដីខ្មៅងងឹត។ ពួកវាបានស៊ីដំណាំ ផលផ្លែដើមឈើដែលនៅសល់ពីព្រិលទាំងអស់។ នៅពាសពេញទឹកដីអេស៊ីបទាំងមូល គ្មានសល់ស្លឹងខៀវខ្ចីនៅសល់ទេ ឬដើមឈើ និងដំណាំនៅស្រែចម្ការនៅសល់ទេ។
16បន្ទាប់មក ស្តេចផារ៉ោនបានកោះហៅលោកម៉ូសេ និងលោកអ៊ើរ៉ុនមកយ៉ាងលឿន ហើយមានរាជឱង្ការថា៖ «យើងបានធ្វើបាបទាស់នឹងព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់អ្នក និងអ្នកផងដែរ។
17បន្ទាប់មក សូមអត់ទោសបាបរបស់យើងនៅពេលនេះ ហើយអធិស្ឋានដល់ព្រះអម្ចាស់ជាព្រះជាម្ចាស់របស់អ្នក ដែលព្រះអង្គនឹងដកសេចក្តីស្លាប់នេះចេញពីយើង»។
18ដូច្នេះ លោកម៉ូសេបានចាកចេញពីស្តេចផារ៉ោនទៅ ហើយបានអធិស្ឋានដល់ព្រះអម្ចាស់។
19ព្រះអម្ចាស់បាននាំឲ្យមានខ្យល់បង់យ៉ាងខ្លាំងពីទិសខាងលិច ដែលនាំឲ្យមានសត្វកណ្ដូប ហើយកៀរចូលទៅក្នុងសមុទ្រកក់ គ្មានសត្វកណ្ដូបណាមួយនៅសល់នៅក្នុងទឹកដីអេស៊ីបឡើយ។
20ប៉ុន្តែ ព្រះអម្ចាស់បានធ្វើឲ្យព្រះទ័យស្តេចផារ៉ោនរឹង ហើយស្តេចផារ៉ោនមិនអនុញ្ញាតឲ្យជនជាតិអ៊ីស្រាអែលចេញទេ។
21បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «ចូរលើកដៃរបស់អ្នកទៅលើមេឃ ដើម្បីឲ្យមានភាពងងឹងគ្របដណ្តប់ទឹកដីអេស៊ីបទាំងមូល គឺជាភាពងងឹតដែលមើលអ្វីមិនឃើញឡើយ»។
22លោកម៉ូសេក៏លើកដៃរបស់គាត់ទៅលើមេឃ ហើយមានភាពងងឹតយ៉ាងក្រាសនៅក្នុងទឹកដីអេស៊ីបទាំងមូលអស់រយៈពេលបីថ្ងៃ។
23គ្មាននរណាអាចមើលគ្នាទៅវិញទៅមកឃើញឡើយ ក្នុងរយៈពេលបីថ្ងៃ គ្មាននរណាចេញពីផ្ទះឡើយ។ ប៉ុន្តែ សម្រាប់ជនជាតិអ៊ីស្រាអែលវិញមានពន្លឺនៅក្នុងដែលពួកគេរស់នៅ។
24ស្តេចផារ៉ោនបានកោះហៅលោកម៉ូសេ ហើយមានរាជឱង្កាថា៖ «ចូរទៅថ្វាយបង្គំព្រះអម្ចាស់ចុះ។ ទាំងគ្រួសាររបស់អ្នកក៏ទៅជាមួយអ្នកដែរ ប៉ុន្តែ ទុកហ្វូងសត្វ និងហ្វូងចៀមនៅទីនេះហើយ»។
25ប៉ុន្តែ លោកម៉ូសេទូលថា៖ «ព្រះអង្គត្រូវប្រទានសត្វដល់យើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំយកទៅធ្វើជាយញ្ញបូជា ហើយធ្វើជាយញ្ញបូជាដុត ដើម្បីយើងធ្វើយញ្ញបូជាសត្វទាំងនោះថ្វាយព្រះអម្ចាស់ជាព្រះជាម្ចាស់របស់យើង។
26ហ្វូងគោរបស់យើងខ្ញុំក៏ត្រូវចេញទៅជាមួយយើងខ្ញុំដែរ។ មិនត្រូវឲ្យនៅសល់ក្រចកជើងរបស់ពួកវាណាមួយឡើយ ព្រោះយើងខ្ញុំត្រូវយកពួកវាទៅថ្វាយបង្គំព្រះអម្ចាស់ជាព្រះជាម្ចាស់របស់យើងខ្ញុំ។ ដ្បិត យើងខ្ញុំមិនដឹងថា យើងខ្ញុំត្រូវយកអ្វីទៅថ្វាយបង្គំព្រះអម្ចាស់នៅឡើយទេ លុះត្រាតែយើងខ្ញុំទៅដល់ទីនោះសិន។
27ប៉ុន្តែ ព្រះអម្ចាស់បានធ្វើឲ្យព្រះទ័យរបស់ស្តេចផារ៉ោនរឹង ហើយស្តេចមិនព្រមអនុញ្ញាតឲ្យពួកគេចេញទៅទេ។
28ស្តេចផារ៉ោនមានរាជឱង្ការទៅលោកម៉ូសេថា៖ «ចូរចេញពីយើងទៅ» ចូរប្រយ័ត្នការមួយ សូមកុំឲ្យយើងឃើញមុខអ្នកទៀត ដើម្បីនៅថ្ងៃដែលអ្នកឃើញមុខយើង អ្នកនឹងស្លាប់»។
29លោកម៉ូសេទូលថា៖ «ព្រះអង្គមានរាជឱង្ការដោយអង្គទ្រង់ទេ។ ទូលបង្គំនឹងមិនឃើញព្រះភក្រ្កព្រះអង្គទៀតទេ»។