ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

និក្ខមនំ 7

Read Scripture freely. Divine Threads study for this chapter is coming later.

1ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «មើល៍ យើងបានធ្វើឲ្យអ្នកក្លាយជាព្រះរបស់ស្តេចផារ៉ោនហើយ។ លោកអ៊ើរ៉ុនបងប្រុសរបស់អ្នកនឹងធ្វើជាព្យាការីរបស់អ្នក។
2អ្នកត្រូវនិយាយតាមអ្វីៗដែលយើងបានបង្គាប់ដល់អ្នកឲ្យនិយាយ។ លោកអ៊ើរ៉ុន បងប្រុសរបស់អ្នកនឹងទូលទៅស្តេចផារ៉ោន ដូច្នេះ ស្តេចនឹងអនុញ្ញាតឲ្យប្រជាជនអ៊ីស្រាអែលចេញពីទឹកដីរបស់ស្តេចហើយ។
3ប៉ុន្តែ យើងនឹងធ្វើឲ្យស្តេចផារ៉ោនមានចិត្តរឹង ហើយយើងនឹងធ្វើទីសម្គាល់នៃអំណាចរបស់យើង និងការអស្ចារ្យជាច្រើន នៅក្នុងទឹកដីអេស៊ីប។
4ប៉ុន្តែ ស្តេចផារ៉ោននឹងមិនស្តាប់តាមអ្នកឡើយ ដូច្នេះ យើងនឹងដាក់ដៃរបស់យើងលើស្រុកអេស៊ីប ហើយនឹងនាំជនជាតិអ៊ីស្រាអែល ជាប្រជារាស្រ្តរបស់យើង និងពូជពង្សអ៊ីស្រាអែល ចេញពីទឹកដីអេស៊ីបដោយដោយការដាក់ទោសយ៉ាងធ្ងន់ធ្ងរ។
5ជនជាតិអេស៊ីបនឹងដឹងថា យើងគឺជាព្រះអម្ចាស់ នៅពេលយើងវាយប្រហារលើអេស៊ីប ហើយនាំជនជាតិអ៊ីស្រាអែលចេញពីចំណោមពួកគេ»។
6លោកម៉ូសេ និងលោកអ៊ើរ៉ុនបានដូច្នោះ ពួកគេបានធ្វើដូចព្រះអម្ចាស់បានបង្គាប់ដល់ពួកគេ។
7លោកម៉ូសេមានអាយុប៉ែតសិបឆ្នាំ ហើយលោកអ៊ើរ៉ុនមានអាយុប៉ែតសិបបីឆ្នាំ នៅពេលពួកគេទូលទៅស្តេចផារ៉ោន។
8ព្រះអម្ចាស់មានបន្ទូលទៅលោកម៉ូសេ និងលោកអ៊ើរ៉ុនថា៖
9«ពេលស្តេចផារ៉ោនមានរាជឱង្ការមកអ្នក «ឲ្យធ្វើការអស្ចារ្យ» ដូច្នេះ អ្នកត្រូវប្រាប់លោកអ៊ើរ៉ុនឲ្យ យកដំបង ហើយបោះវាទៅលើដីនៅចំពោះស្តេចផារ៉ោន ដូច្នេះ វានឹងក្លាយទៅជាសត្វពស់»។
10បន្ទាប់មក លោកម៉ូសេ និងលោកអ៊ើរ៉ុន បានទៅជួបស្តេចផារ៉ោន ហើយពួកគេបានធ្វើដូចដែលព្រះអម្ចាស់បានបង្គាប់។ លោកអ៊ើរ៉ុនបោះដំបងរបស់គាត់នៅចំពោះស្តេចផារ៉ោន និងមន្ត្រីរបស់ស្តេច ហើយវាបានក្លាយជាសត្វពស់មែន។
11បន្ទាប់មក ស្តេចផារ៉ោនក៏បានកោះហៅអ្នកប្រាជ្ញរបស់ស្តេច និងពួកគ្រូមន្តអាគមផង។ ពួកគេបានប្រើមន្តអាគមរបស់ពួកគេដូចគ្នាដែរ។
12បុរសម្នាក់ៗបោះដំបងរបស់ពួកគេ ហើយដំបងទាំងនោះបានក្លាយជាសត្វពោះទាំងអស់។ ប៉ុន្តែ ដំបងរបស់លោកអ៊ើរ៉ុនបានលេបសត្វពស់របស់ពួកគេអស់។
13ដួងចិត្តរបស់ស្តេចផារ៉ោនបានរឹង ហើយស្តេចមិនបានស្តាប់តាម ដូចជាព្រះអម្ចាស់បានបង្គាប់ទេ។
14ព្រះអម្ចាស់មានបន្ទូលទៅលោកម៉ូសេថា៖ «ស្តេចផារ៉ោនមានចិត្តរឹង ហើយស្តេចបានបដិសេធមិនអនុញ្ញាតឲ្យប្រជាជនចេញទៅទេ។
15ចូរទៅគាល់ស្តេចផារ៉ោន នៅពេលព្រឹក គឺពេលដែលស្តេចចេញទៅមាត់ទឹក ឈរនៅតាមមាត់ទន្លេ ហើយត្រូវកាន់ដំបងដែលបានក្លាយជាពស់ទៅជាមួយផង។
16ចូរទូលទៅស្តេចថា៖ «ព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់ជនជាតិហេព្រើរ បានចាត់យើងខ្ញុំមកគាល់ព្រះអង្គ ហើយទូលថា៖ «ចូរអនុញ្ញាតឲ្យប្រជាជនចេញទៅ ដើម្បីឲ្យពួកគេអាចថ្វាយបង្គំយើងនៅទីរហោស្ថាន។ រហូតមកដល់ពេលនេះ ព្រះអង្គនៅតែមិនព្រមទៀត»។
17ព្រះអម្ចាស់មានបន្ទូលដូច្នេះថា៖ «ដោយសារការនេះ អ្នកនឹងដឹងថា យើងគឺជាព្រះអម្ចាស់។ យើងនឹងវាយទឹកទន្លេនីលដោយដំបងដែលនៅក្នុងដៃរបស់យើង ហើយទឹកនឹងក្លាយជាឈាម។
18ត្រីដែលនៅក្នុងទន្លេនឹងស្លាប់ ហើយទន្លេនឹងស្អុយ។ ជនជាតិអេស៊ីបមិនអាចផឹកទឹកពីទន្លេនេះបានទេ»។
19បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលទៅលោកម៉ូសេថា៖ «ចូរប្រាប់អ៊ើរ៉ុន ឲ្យយកដំបងរបស់អ្នក ហើយលើកដៃរបស់អ្នកវាយទឹកនៅស្រុកអេស៊ីប ហើយវាយលើទន្លេ ស្ទឹង បឹងព្រមទាំងត្រពាំង ដើម្បីឲ្យទឹករបស់ពួកគេបានក្លាយជាឈាម។ ចូរធ្វើដូច្នេះ ដើម្បីឲ្យក្លាយជាឈាមនៅពាសពេញទឹកដីអេស៊ីបទាំងមូល សូម្បី​តែ​នៅ​ក្នុង​ធុង និង​ក្នុង​ពាង​ក៏​មាន​ឈាម​ដែរ»។
20លោកម៉ូសេ និងលោកអ៊ើរ៉ុនបានធ្វើដូចព្រះអម្ចាស់បានបង្គាប់។ លោកអ៊ើរ៉ុនបានលើកដំបង ហើយបានវាយលើទឹកទន្លេ នៅចំពោះស្តេចផារ៉ោន និងមន្ត្រីរបស់ស្តេច។ ទឹកទាំងអស់នៅក្នុងទន្លេបានក្លាយជាឈាម។
21ត្រីនៅក្នុងទន្លេងាប់អស់ ហើយទន្លេបានស្អុយ។ ជនជាតិអេស៊ីបមិនអាចផឹកទឹកពីទន្លេនោះបានឡើយ ហើយឈាមមាននៅគ្រប់កន្លែងនៅក្នុងទឹកដីអេស៊ីប។
22ប៉ុន្តែ ពួកមន្តអាគមរបស់អេស៊ីបធ្វើការនេះបានដូចគ្នាដោយសារមន្តអាគមរបស់ពួកគេ។ តែដួងចិត្តរបស់ផារ៉ោននៅតែរឹកដដែល ហើយស្តេចបានបដិសេធមិនព្រមតាមលោកម៉ូសេ និងលោកអ៊ើរ៉ុនឡើយ ដូចដែលព្រះអម្ចាស់មានបន្ទូលមែន។
23បន្ទាប់មក ស្តេចផារ៉ោនក៏ចាកចេញ ហើយទៅក្នុងដំណាក់របស់ស្តេចវិញ។ ស្តេចមិនបានយកព្រះទ័យទុកដាក់ជាមួយនឹងការនេះទេ។
24ជនជាតិអេស៊ីបទាំងអស់នៅជុំវិញទន្លេដើម្បីរកទឹកផឹក ប៉ុន្តែ ពួកគេមិនអាចផឹកទឹកដែលចេញពីទន្លេបានទេ។
25ប្រាំពីរថ្ងៃបានកន្លងផុតទៅ បន្ទាប់ពីព្រះអម្ចាស់វាយលើទន្លេ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។