1បន្ទាប់ពីការទាំងនេះបានកើតឡើង លោកម៉ូសេ និងលោកអ៊ើរ៉ុនបានទៅជួបស្តេចផារ៉ោន ហើយទូលថា៖ «នេះគឺជាអ្វីដែលព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់ជនជាតិអ៊ីស្រាអែលមានបន្ទូល៖ «ចូរអនុញ្ញាតឲ្យប្រជារាស្រ្តរបស់យើងចេញទៅ ដើម្បីឲ្យពួកគេអាចធ្វើពិធីបុណ្យសម្រាប់យើងនៅទីរហោស្ថាន»។
2ស្តេចផារ៉ោនរាជឱង្ការថា៖ «តើព្រះអម្ចាស់ជានរណា? េហតុអ្វីបានជាយើងត្រូវស្តាប់បង្គាប់តាមពាក្យរបស់លោក ហើយអនុញ្ញាតឲ្យជនជាតិអ៊ីស្រាអែលចេញទៅ? យើងមិនស្គាល់ព្រះអម្ចាស់ទេ ហើយយើងក៏មិនអនុញ្ញាតឲ្យជនជាតិអ៊ីស្រាអែលចេញទៅដែរ»។
3ពួកគេបានទូលថា៖ «ព្រះជាម្ចាស់របស់ជនជាតិហេព្រើរបានយាងមកជួបយើងខ្ញុំ។ សូមអនុញ្ញាតឲ្យយើងខ្ញុំចេញទៅក្នុងដំណើរទៅទីរហោស្ថានក្នុងរយៈពេលបីថ្ងៃ ហើយថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់ជាព្រះជាម្ចាស់របស់យើង នោះព្រះអង្គនឹងមិនប្រហារយើងខ្ញុំដោយគ្រោះកាច ឬដោយដាវទេ»។
4ប៉ុន្តែ ស្តេចអេស៊ីបមានរាជឱង្ការទៅកាន់ពួកគេថា៖ «លោកម៉ូសេ និងលោកអ៊ើរ៉ុន ហេតុអ្វីបានជាអ្នកយកប្រជាជនមិនឲ្យធ្វើការដូច្នេះ? ចូរត្រឡប់ទៅធ្វើការរបស់អ្នកវិញទៅ»។
5ស្តេចមានរាជឱង្ការបន្តទៀតថា៖ «មានជនជាតិហេព្រើរច្រើនណាស់នៅក្នុងទឹកដីរបស់យើង ហើយអ្នកធ្វើឲ្យពួកគេឈប់ធ្វើការមែនទេ?»។
6នៅថ្ងៃដដែលនោះ ស្តេចផារ៉ោនបានបង្គាប់ដល់មេត្រួតត្រា និងពួកមេក្រុម។ ស្តេចមានរាជឱង្ការថា៖
7«មិនត្រូវផ្តល់ចម្បើងដើម្បីឲ្យប្រជាជនធ្វើឥដ្ឋទៀតទេ។ ចូរឲ្យពួកគេចេញទៅ ហើយប្រមូលចម្បើងដោយខ្លួនឯង។
8ប៉ុន្តែ អ្នករាល់គ្នាត្រូវតម្រូវឲ្យពួកគេធ្វើឥដ្ឋតាមចំនួនដូចពីមុន។ កុំបន្ថយចំនួនឲ្យសោះ ដ្បិត ពួកគេខ្ជិល។ ហេតុដូច្នេះហើយបានជាពួកគេស្រែក ហើយនិយាយថា៖ សូមអនុញ្ញាតឲ្យយើងខ្ញុំចេញទៅ ហើយថ្វាយយញ្ញបូជាដល់ព្រះជាម្ចាស់របស់យើង»។
9ត្រូវបន្ថែមការងារដល់ពួកគេ ដើម្បីឲ្យពួកគេនៅបន្តធ្វើវា ហើយកុំឲ្យគេយកចិត្តទុកដាក់នឹងពាក្យភូតភរឡើយ»។
10ដូច្នេះ ពួកមេត្រួតត្រា និងពួកមេក្រុមបានចេញទៅ ហើយប្រាប់ដល់ប្រជាជន។ ពួកគេនិយាយថា៖ «នេះគឺជាអ្វីដែលព្រះបាទផារ៉ោនមានរាជឱង្ការ៖ យើងលែងឲ្យចម្បើងដល់អ្នករាល់គ្នាទៀតហើយ។
11អ្នករាល់គ្នាត្រូវចេញទៅ ហើយរកចម្បើង នៅកន្លែងណាដែលអ្នករាល់គ្នាអាចរកវាឃើញ ប៉ុន្តែ សូមកុំបន្ថយចំនួនឥដ្ឋឡើយ»។
12ដូច្នេះ ប្រជាជនបានចេញទៅគ្រប់កន្លែងពាសពេញទឹកដីអេស៊ីប ដើម្បីប្រមូលជញ្ជ្រាំងមកប្រើជំនួសចំបើង។
13ពួកមេត្រួតត្រាបានបន្តប្រមានពួកគេ ដោយនិយាយថា៖ «ត្រូវបង្ហើយការងាររបស់អ្នករាល់គ្នា ដូចនៅពេលដែលអ្នករាល់គ្នាមានចម្បើងពីមុន»។
14ពួកមេត្រួតត្រារបស់ស្តេចផារ៉ោនបានវាយមេក្រុមរបស់ជនជាតិអ៊ីស្រាអែល គឺពួកអ្នកដែលពួកគេបានដាក់ឲ្យទទួលខុសត្រូវលើកម្មករ។ ពួកមេត្រួតត្រាបន្តសួរពួកគេថា៖ «ហេតុអ្វីបានជាធ្វើឥដ្ឋមិនបានគ្រប់ចំនួនតាមការតម្រូវដល់អ្នករាល់គ្នា មិនថាពីម្សិលមិញ ឬថ្ងៃនេះ ដូចដែលអ្នករាល់គ្នាធ្លាប់ធ្វើពីមុន?»
15ដូច្នេះ ពួកគេមេក្រុមរបស់ជនជាតិអ៊ីស្រាអែលបានទៅគាល់ស្តេចផារ៉ោន ហើយបានស្រែកអង្វរស្តេចផារ៉ោន។ ពួកគេនិយាយថា៖ «ហេតុអ្វីបានជាប្រព្រឹត្តនឹងយើងខ្ញុំជាអ្នកបម្រើរបស់ព្រះអង្គបែបនេះ?
16ព្រះអង្គមិនបានប្រទានចម្បើងមកយើងខ្ញុំសោះ ប៉ុន្តែ ពួកគេប្រាប់យើងខ្ញុំថា៖ «ចូរធ្វើឥដ្ឋ!»។ អ្នកបម្រើរបស់ព្រះអង្គបានវាយយើងខ្ញុំថែមទៀតផង ប៉ុន្តែ នោះជាកំហុសរបស់ប្រជារាស្រ្តរបស់ព្រះអង្គទេ»។
17ប៉ុន្តែ ស្តេចផារ៉ោនមានរាជឱង្ការថា៖ «ពួកឯងខ្ជិល! ពួកឯងខ្ជិល! អ្នករាល់គ្នានិយាយថា៖ «សូមអនុញ្ញាតឲ្យយើងខ្ញុំចេញទៅថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់»។
18ដូច្នេះ ចូរត្រឡប់ទៅធ្វើការវិញទៅ។ យើងលែងឲ្យចម្បើងអ្នករាល់គ្នាទៀតហើយ ប៉ុន្តែ អ្នករាល់គ្នាត្រូវធ្វើឥដ្ឋឲ្យគ្រប់ចំនួន»។
19ពួកមេក្រុមរបស់ជនជាតិអ៊ីស្រាអែលឃើញថា ពួកគេធ្លាក់ក្នុងបញ្ហាហើយ ពេលនោះពួកគេបានទូលថា៖ «សូមព្រះអង្គកុំបន្ថយចំនួនឥដ្ឋប្រចាំថ្ងៃអី»។
20ពួកគេបានទៅជួបលោកម៉ូសេ និងលោកអ៊ើរ៉ុន ជាអ្នកដែលឈរនៅខាងក្រៅរាជវាំង នៅពេលពួកគេចេញពីស្តេចផារ៉ោន។
21ពួកគេនិយាយជាមួយលោកម៉ូសេនិងលោកអ៊ើរ៉ុនថា៖ «ព្រះអម្ចាស់ទតមើលអ្នកទាំងពីរ ហើយដាក់ទោសអ្នកទាំងពីរ ព្រោះអ្នកទាំងពីរបានធ្វើឲ្យយើងត្រូវគេស្អប់នៅចំពោះស្តេចផារ៉ោន និងមន្ត្រីរបស់ស្តេច។ អ្នកទាំងពីរបានដាក់ដាវនៅនឹងដៃរបស់ពួកគេ ដើម្បីសម្លាប់យើង»។
22លោកម៉ូសេត្រឡប់ទៅរកព្រះអម្ចាស់វិញ ហើយទូលថា៖ «ព្រះអម្ចាស់អើយ ហេតុបានជាព្រះអង្គធ្វើឲ្យមានបញ្ហាជាមួយប្រជាជននេះដូច្នេះ? ហេតុអ្វីបានជាចាត់ទូលបង្គំឲ្យមកដូច្នេះ?
23ដ្បិត ចាប់តាំងពីទូលបង្គំបានចូលគាល់ស្តេចផារ៉ោន ដើម្បីទូលស្តេចដោយនូវនាមរបស់ព្រះអង្គ ស្តេចបានធ្វើឲ្យមានបញ្ហាដល់ប្រជាជននេះ ហើយព្រះអង្គមិនបានធ្វើឲ្យប្រជាជននេះមានសេរីភាពសោះ»។