1លោកម៉ូសេបានទូលថា៖ «ចុះប្រសិនបើ ពួកគេមិនជឿទូលបង្គំ ឬមិនស្តាប់ទូលបង្គំ ប៉ុន្តែ ផ្ទុយទៅវិញ ព្រះជាម្ចាស់មិនបានយាងមកឲ្យអ្នកឃេីញទេ»។
2ព្រះអម្ចាស់មានបន្ទូលទៅគាត់ថា៖ «តេីអ្វីនោះនៅក្នុងដៃរបស់អ្នក?» លោកម៉ូសេទួលថា៖ «មានដំបងមួយ»។
3ព្រះអម្ចាស់មានបន្ទូលថា៖ «ចូរបោះវាទៅលេីដីចុះ» លោកម៉ូសេក៏បោះវាទៅលេីដី ហេីយវាក៏បានក្លាយទៅជាសត្វពស់់។ លោកម៉ូសេក៏បានរត់ចេញពីវា។
4ព្រះអម្ចាស់មានបន្ទូលទៅកាន់លោកម៉ូសេថា៖ «ចូរលូកដៃរបស់អ្នកហេីយចាប់កន្ទូយរបស់វាចុះ»។ ដូច្នេះ គាត់លូកដៃចាប់សត្វពស់នោះ។ វាក៏បានក្លាយទៅជាដំបងនៅក្នុងដៃរបស់គាត់វិញ។
5«បែបនេះពួកគេនឹងមានជំនឿលេីដល់ព្រះអម្ចាស់ គឺជាព្រះជាម្ចាស់នៃបុព្វបុរសរបស់ពួកគេ គឺជាព្រះជាម្ចាស់របស់លោកអប្រាហាំ ជាព្រះជាម្ចាស់របស់អ៊ីសាក និងជាព្រះជាម្ចាស់របស់លោកយ៉ាកុប ដែលបានយាងមកជួបអ្នក»។
6ព្រះអម្ចាស់ក៏បានមានបន្ទូលនឹងគាត់ថែមទៀតថា៖ «ចូរដាក់ដៃរបស់អ្នកទៅក្នុងអាវវែងរបស់អ្នក»។ ដូច្នេះ លោកម៉ូសេក៏ដាក់ដៃរបស់គាត់នៅលើអាវវែងរបស់គាត់។ នៅពេលគាត់ដកដៃចេញ មើល៍ដៃរបស់គាត់បានក្លាយទៅជាឃ្លង់ សដូចជាហិមៈ។
7ព្រះអម្ចាស់មានបន្ទូលថា៖ «ចូរដាក់ដៃរបស់អ្នកទៅក្នុងអាវវែងរបស់អ្នកម្តងទៀត»។ ដូច្នេះ លោកម៉ូសេក៏បានដាក់ដៃរបស់គាត់ទៅក្នុងអាវវែងរបស់គាត់ម្ដងទៀត ហើយនៅពេលគាត់ដកដៃរបស់គាត់ចេញ គាត់បានឃើញថា វាបានជាសះស្បើយវិញ ដូចសាច់ធម្មតារបស់គាត់វិញ។
8ព្រះអម្ចាស់មានបន្ទូលថា៖ «ប្រសិនបើ ពួកគេមិនជឿអ្នកទេ ហើយបើពួកគេមិនយកចិត្តទុកដាក់ជាមួយទីសម្គាល់នៃអំណាចរបស់យើងដំបូងនេះទេ ឬមិនជឿលើទីសម្គាល់នោះទេ ដូច្នេះ ពួកគេនឹងជឿលើទីសម្គាល់ទីពីរ។
9ហើយប្រសិនបើ ពួកគេមិនជឿ ទោះបីជាទីសម្គាល់ទីពីរនៃអំណាចរបស់យើង ឬមិនស្តាប់តាមអ្នក ដូច្នេះ ចូរយកទឹកពីទន្លេ ហើយចាក់វាទៅលើដីស្ងួតចុះ។ ទឹកដែលអ្នកបានចាក់នោះ នឹងត្រឡប់ទៅជាឈាមនៅលើដីស្ងួតនោះ»។
10បន្ទាប់មក លោកម៉ូសេទូលទៅព្រះអម្ចាស់ថា៖ «ព្រះអម្ចាស់អើយ ទូលបង្គំជាមនុស្សមិនសូវមានវោហារទេ គឺតាំងពីដើមរៀងមក ហើយរហូតដល់ព្រះអង្គមានព្រះបន្ទូលមកទូលបង្គំនៅពេលនេះ។ ទូលបង្គំនិយាយយឺត ហើយអណ្តាតទូលបង្គំក៏យឺតដែរ»។
11ព្រះអម្ចាស់មានបន្ទូលថា៖ «តើនរណាជាអ្នកបង្កើតអណ្តាតរបស់មនុស្ស? តើអ្នកណាធ្វើឲ្យមនុស្សគ ឬថ្លង់ ឬមើលមិនឃើញ? តើមិនមែនយើងដែលជាព្រះអម្ចាស់ទេឬ?
12ដូច្នេះ ចូរចេញទៅ ហើយយើងនឹងនៅជាមួយនឹងមាត់របស់អ្នក ហើយបង្រៀនអ្នកនូវអ្វីដែលអ្នកត្រូវនិយាយ»។
13ប៉ុន្តែ លោកម៉ូសេទូលថា៖ «ព្រះអម្ចាស់អើយ សូមចាត់អ្នកផ្សេងចុះ អ្នកណាដែលព្រះអង្គគាប់ព្រះហឫទ័យនឹងចាត់គេ»។
14បន្ទាប់មក ព្រះអម្ចាស់ព្រះពិរោធជាមួយលោកម៉ូសេ។ ព្រះអង្គមានបន្ទូលថា៖ «តើលោកអ៊ើរ៉ុន ជាកូនចៅលេវី ជាបងប្រុសរបស់អ្នកមែនទេ? យើងជ្រាបថា គាត់អាចនិយាយបានល្អ។ លើសពីនេះទៀត គាត់នឹងមកជួបអ្នក ហើយពេលគាត់ឃើញអ្នក គាត់នឹងសប្បាយចិត្ត។
15អ្នកនឹងនិយាយជាមួយគាត់ ហើយឲ្យគាត់និយាយជំនួសអ្នក។ យើងនឹងនៅជាមួយមាត់របស់អ្នក ហើយនៅជាមួយមាត់របស់គាត់ ហើយយើងនឹងបង្ហាញអ្នកទាំងពីរពីអ្វីដែលត្រូវធ្វើ។
16គាត់នឹងនិយាយទៅកាន់ប្រជាជនជំនួសអ្នក។ គាត់និងធ្វើជាមាត់របស់អ្នក ហើយអ្នកនឹងបានដូចជាព្រះសម្រាប់គាត់។
17អ្នកត្រូវយកដំបងនេះទៅជាមួយអ្នក។ អ្នកនឹងធ្វើទីសម្គាល់ជាមួយនឹងដំបងនេះ»។
18ដូច្នេះ លោកម៉ូសេបានត្រឡប់ទៅឯលោកយេត្រូ ជាឪពុកក្មេករបស់គាត់ ហើយប្រាប់គាត់ថា៖ «សូមឲ្យខ្ញុំបានទៅ ដើម្បីឲ្យខ្ញុំបានត្រឡប់ទៅញាតិសណ្តានរបស់ខ្ញុំ ដែលនៅអេស៊ីបវិញ ហើយទៅមើល ដើម្បីឲ្យដឹងថាពួកគេនៅរស់ឬយ៉ាងណា?»។ លោកយេត្រូមានប្រសាសន៍ទៅលោកម៉ូសេថា៖ «ចូរទៅចុះ សូមឲ្យបានសេចក្តីសុខ»។
19ព្រះអម្ចាស់មានបន្ទូលជាមួយលោកម៉ូសេនៅស្រុកម៉ាឌានថា៖ «ចូរ ត្រឡប់ទៅអេស៊ីបវិញចុះ ដ្បិត អ្នកដែលចង់សម្លាប់អ្នក គេស្លាប់អស់ហើយ»។
20លោកម៉ូសេបានយកភរិយារបស់គាត់ និងកូនប្រុសរបស់គាត់ ហើយដាក់ពួកគេនៅលើសត្វលា។ គាត់បានត្រឡប់ទៅទឹកដីអេស៊ីបវិញ ហើយគាត់បានយកដំបងរបស់ព្រះជាម្ចាស់នៅក្នុងដៃរបស់គាត់។
21ព្រះជាម្ចាស់មានបន្ទូលទៅកាន់លោកម៉ូសេថា៖ «នៅពេលអ្នកត្រឡប់ទៅអេស៊ីបវិញ ចូរធ្វើទីសម្គាល់គ្រប់យ៉ាងដែលយើងបានដាក់នៅក្រោមអំណាចរបស់អ្នកហើយ។ ប៉ុន្តែ យើងនឹងធ្វើឲ្យស្តេចផារ៉ោនមានចិត្តរឹង ហើយគាត់នឹងមិនអនុញ្ញាតឲ្យប្រជាជនចេញទៅទេ។
22អ្នកត្រូវទូលទៅស្តេចផារ៉ោនថា៖ «នេះជាអ្វីដែលព្រះអម្ចាស់មានបន្ទូល៖ អ៊ីស្រាអែលជាកូនរបស់យើង ជាកូនច្បងរបស់យើង
23ហើយយើងនិយាយទៅកាន់អ្នកថា៖ «ចូរអនុញ្ញាតឲ្យកូនប្រុសរបស់យើងចេញទៅ ដើម្បីឲ្យគាត់បានថ្វាយបង្គំហើយ»។ ប៉ុន្តែ ប្រសិនបើ ស្តេចនៅតែបដិសេធមិនព្រមអនុញ្ញាតឲ្យគាត់ចេញទៅទេ យើងនឹងសម្លាប់កូនប្រុសរបស់អ្នកជាប្រាកដ គឺកូនច្បងរបស់អ្នក»។
24នៅតាមផ្លូវ នៅពេលពួកគេឈប់សម្រាប់នៅពេលយប់ ព្រះជាអម្ចាស់យាងមកជួបលោកម៉ូសេ ហើយចង់សម្លាប់គាត់។
25បន្ទាប់មក នាងសេផូរ៉ាបានយកកាំបិតមួយធ្វើពីថ្ម កាត់ស្បែកចុងលឹង្គរបស់កូនប្រុសនាង ហើយយកទៅប៉ះជើងរបស់លោកម៉ូសេ។ បន្ទាប់មកនាងនិយាយថា៖ «ដោយសារឈាមនេះ បងពិតជាប្ដីរបស់អូនមែន!»។
26ដូច្នេះ ព្រះអម្ចាស់បានចាកចេញពីគាត់ទៅ។ នាងប្រាប់ថា៖ «ដោយសារឈាមនេះ បងពិតជាប្ដីរបស់អូនមែន!» ដោយសារការកាត់ស្បែក។
27ព្រះអម្ចាស់មានបន្ទូលទៅលោកអ៊ើរ៉ុនថា៖ «ចូរទៅទីរហោស្ថានទៅជួបលោកម៉ូសេ»។ លោកអ៊ើរ៉ុនបានចេញទៅ ហើយជួបគាត់នៅឯភ្នំរបស់ព្រះជាម្ចាស់ ហើយបានថើបគាត់។
28លោកម៉ូសេបានប្រាប់លោកអ៊ើរ៉ុនទាំងអស់តាមព្រះបន្ទូលដែលព្រះអម្ចាស់បានចាត់គាត់ឲ្យទៅនិយាយ និងពីទីសម្គាល់ផ្សេងៗនៃអំណាចរបស់ព្រះអម្ចាស់ដែលព្រះអង្គបានបង្គាប់ឲ្យគាត់ធ្វើ។
29បន្ទាប់មក លោកម៉ូសេ និងលោកអ៊ើរ៉ុនបានចេញទៅ ហើយប្រមូលពួកចាស់ទុំរបស់ជនជាតិអ៊ីស្រាអែលទាំងអស់។
30លោកអ៊ើរ៉ុនបាននាំព្រះបន្ទូលដែលព្រះអម្ចាស់មានបន្ទូលជាមួយលោកម៉ូសេ។ គាត់ក៏បានធ្វើទីសម្គាល់នៃអំណាចរបស់ព្រះអម្ចាស់នៅចំពោះមុខប្រជាជនទាំងឡាយ។
31ប្រជាជនក៏ជឿ។ នៅពេលពួកគេបានឮថាព្រះអម្ចាស់បានយាងមករកជនជាតិអ៊ីស្រាអែល ហើយថាព្រះអង្គបានទតឃើញការដែលពួកគេត្រូវទទួលរងការសង្កត់សង្កិនរបស់ពួកគេ បន្ទាប់មក ពួកគេបានឱនក្បាលពួកគេដល់ដី ហើយថ្វាយបង្គំព្រះអង្គ។