1លោកម៉ូសេកំពុងតែឃ្វាលហ្វូងចៀមរបស់លោកេយត្រូ ឪពុកក្មេករបស់គាត់ ជាបូជាចារ្យរបស់ជនជាតិម៉ាឌាន។ លោកម៉ូសេបាននាំហ្វូងចៀមទៅកន្លែងមួយឆ្ងាយនៅទីរហោស្ថាន ហើយបានដល់ហោរ៉ែប ភ្នំរបស់ព្រះជាម្ចាស់។
2មានទេវតារបស់ព្រះជាម្ចាស់បានលេចមកជួបលោកក្នុងសណ្ឋានជាអណ្ដាតភ្លើងនៅក្នុងគុម្ពបន្លា។
3លោកម៉ូសេសម្លឹងមើល ហើយមើល៍ គុម្ពបន្លាកំពុងឆេះ ប៉ុន្តែ មិនឆេះសុសឡើយ។ លោកម៉ូសេនិយាយថា៖ «ខ្ញុំនឹងទៅមើលឲ្យឃើញថាការដ៏អស្ចារ្យនេះគឺជាអ្វី ហេតុអ្វីបានជាគុម្ពបន្លាឆេះមិនសុសដូច្នេះ?»
4នៅពេលព្រះជាម្ចាស់ឃើញថា លោកបានឈៀងចូលមកជិតដើម្បីមើល នោះ ព្រះជាម្ចាស់បានហៅលោកចេញពីគុម្ពបន្លា ហើយមានបន្ទូលថា៖ «ម៉ូសេ ម៉ូសេ»។ លោកម៉ូសេឆ្លើយថា៖ «ទូលបង្គំនៅទីនេះ»។
5ព្រះជាម្ចាស់មានបន្ទូលថា៖ «កុំចូលមកជិតទៀតឡើយ! ចូរដោះស្បែកជើងចេញពីជើងរបស់អ្នក ដ្បិត កន្លែងដែលអ្នកកំពុងឈរគឺជាដីដែលបានញែកសម្រាប់យើង»។
6ព្រះអង្គបន្ថែមទៀតថា៖ «យើងគឺជាព្រះជាម្ចាស់ឪពុករបស់អ្នក ព្រះជាម្ចាស់របស់លោកអប្រាហាំ ព្រះជាម្ចាស់របស់លោកអ៊ីសាក និងព្រះជាម្ចាស់របស់លោកយ៉ាកុប»។ បន្ទាប់មក លោកម៉ូសេក៏គ្របមុខរបស់គាត់ ដ្បិត គាត់ភ័យខ្លាចក្នុងការសម្លឹងមើលព្រះជាម្ចាស់។
7ព្រះអម្ចាស់មានបន្ទូលថា៖ «យើងបានឃើញពីការឈឺចាប់ប្រជារាស្រ្តរបស់យើងដែលនៅក្នុងអេស៊ីបហើយ។ យើងបានឮសម្រែករបស់ពួកគេ ដោយសារមេត្រួតត្រារបស់ពួកគេ ដ្បិត យើងជ្រាប់ពីការឈឺចាប់របស់ពួកគេ។
8យើងបានយាងមកដើម្បីរំដោះពួកគេពីអំណាចរបស់ជនជាតិអេស៊ីប ហើយនាំពួកគេត្រឡប់ទៅទឹកដីដែលល្អ ហើយធំ គឺទៅទឹកដីដែលពេញទៅដោយទឹកដោះ និងទឹកឃ្មុំ ទៅក្នុងទឹកដីរបស់ជនជាតិកាណាន ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស។
9ឥឡូវនេះ សម្រែករបស់ជនជាតិអ៊ីស្រាអែលបានមកដល់យើងហើយ។ លើសពីនេះ យើងបានឃើញការសង្កត់សង្កិន ដែលធ្វើឡើងដោយជនជាតិអេស៊ីប។
10ដូច្នេះ យើងនឹងចាត់អ្នកទៅឯស្តេចផារ៉ោន ដើម្បីឲ្យអ្នកអាចនាំប្រជារាស្រ្តរបស់យើង គឺជនជាតិអ៊ីស្រាអែលចេញពីអេស៊ីប»។
11ប៉ុន្តែ លោកម៉ូសេទូលទៅព្រះជាម្ចាស់ថា៖ «តើទូលបង្គំជានរណា ដែលទូលបង្គំអាចទៅគាល់ស្តេចផារ៉ោន ហើយអាចនាំជនជាតិអ៊ីស្រាអែលចេញពីអេស៊ីបបាន?»
12ព្រះជាម្ចាស់មានបន្ទូលតបថា៖ «យើងនឹងនៅជាមួយអ្នក។ ហើយនេះគឺជាទីសម្គាល់ដល់អ្នកថា យើងបានចាត់អ្នកឲ្យទៅមែន។ នៅពេលអ្នកបាននាំជនជាតិអ៊ីស្រាអែលចេញពីអេស៊ីបមក អ្នកនឹងថ្វាយបង្គំហើយនៅលើភ្នំនេះ»។
13លោកម៉ូសេទូលទៅព្រះជាម្ចាស់ថា៖ «នៅពេលទូលបង្គំទៅជួបជនជាតិអ៊ីស្រាអែល ហើយប្រាប់ពួកគេថា៖ «ព្រះជាម្ចាស់របស់បុព្វបុរសរបស់អ្នករាល់គ្នាចាត់ខ្ញុំឲ្យមករកអ្នករាល់គ្នា» ហើយបើពួកគេសួរមកទូលបង្គំថា៖ «តើព្រះអង្គមានព្រះនាមអ្វី?» តើគួរឲ្យទូលបង្គំប្រាប់ពួកគេយ៉ាងដូចម្តេច?»
14ព្រះជាម្ចាស់មានបន្ទូលទៅលោកម៉ូសេថា៖ «យើងគឺជាយើង»។ ព្រះជាម្ចាស់មានបន្ទូលទៀតថា៖ «អ្នកត្រូវប្រាប់ជនជាតិអ៊ីស្រាអែលថា៖ «យើងបានចាត់អ្នកឲ្យមក»។
15ព្រះជាម្ចាស់ក៏មានបន្ទូលជាមួយលោកម៉ូសេថែមទៀតថា៖ «អ្នកត្រូវប្រាប់ដល់ជនជាតិអ៊ីស្រាអែលថា៖ «ព្រះអម្ចាស់ គឺជាព្រះជាម្ចាស់នៃបុព្វបុរសរបស់អ្នករាល់គ្នា គឺព្រះជាម្ចាស់របស់លោកអប្រាហាំ ព្រះជាម្ចាស់របស់លោកអ៊ីសាក និងព្រះជាម្ចាស់របស់លោកយ៉ាកុបបានចាត់ខ្ញុំមកឯអ្នករាល់គ្នា។ នេះគឺជានាមដ៏នូវអស់កល្បជានិច្ចរបស់យើង ហើយនេះគឺជារបៀបដែលនឹងធ្វើឲ្យមនុស្សគ្រប់ជំនាន់បាននឹកចាំយើង»។
16ចូរទៅ ហើយប្រមូលពួកចាស់ទុំរបស់អ៊ីស្រាអែលមកជួបជុំគ្នា។ ចូរប្រាប់ដល់ពួកគេថា៖ «ព្រះអម្ចាស់ គឺជាព្រះជាម្ចាស់នៃបុព្វបុរសរបស់អ្នករាល់គ្នា គឺជាព្រះជាម្ចាស់របស់លោកអប្រាហាំ ព្រះជាម្ចាស់របស់លោកអ៊ីសាក និងព្រះជាម្ចាស់របស់លោកយ៉ាកុប បានយាងមកជួបខ្ញុំ ហើយមានបន្ទូលថា៖ «យើងបានសង្កេតឃើញអ្នករាល់គ្នា ហើយបានឃើញអ្វីដែលជនជាតិអេស៊ីបបានធ្វើចំពោះអ្នករាល់គ្នា។
17យើងបានសន្យាថានឹងនាំអ្នករាល់គ្នាចេញពីការសង្កត់សង្កិនរបស់អេស៊ីប ទៅកាន់ទឹកដីជនជាតិកាណាន ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស ជាទឹកដីដែលសម្បូរទៅដោយទឹកដោះ និងទឹកឃ្មុំ»។
18ពួកគេនឹងស្តាប់តាមអ្នក។ អ្នក និងអ្នកដឹកនាំជនជាតិអ៊ីស្រាអែលត្រូវទៅគាល់ស្តេចអេស៊ីប ហើយត្រូវទូលដល់ស្តេចអេស៊ីបថា៖ «ព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់ជនជាតិហេព្រើរ បានយាងមកជួបយើង។ ដូច្នេះ សូមអនុញ្ញាតឲ្យយើងបានធ្វើដំណើរចេញទៅទីរហោស្ថានក្នុងរយៈពេលបីថ្ងៃ ដើម្បីឲ្យយើងខ្ញុំបានថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់យើង»។
19ប៉ុន្តែ យើងដឹងថា ស្តេចនឹងមិនអនុញ្ញាតឲ្យអ្នកចេញទៅទេ លុះត្រាតែប្រើកម្លាំងដៃ។
20យើងនឹងលើកដៃរបស់យើងវាយជនជាតិអេស៊ីប ជាមួយនឹងការអស្ចារ្យគ្រប់យ៉ាងដែលយើងនឹងធ្វើនៅក្នុងចំណោមពួកគេ។ បន្ទាប់មក ស្តេចនឹងអនុញ្ញាតឲ្យអ្នកទៅហើយ។
21យើងនឹងធ្វើឲ្យជនជាតិអេស៊ីបផ្តល់ក្តីមេត្តាដល់ជនជាតិអ៊ីស្រាអែល ដូច្នេះ នៅពេលអ្នកចេញពីអេស៊ីប អ្នករាល់គ្នានឹងមិនចេញមកដោយដៃទទេទ្បេីយ។
22ស្ត្រីអ៊ីស្រាអែលម្នាក់ៗនឹងសុំប្រាក់ មាសពីស្ត្រីជាតិអេស៊ីប ដែលនៅជិតខាង ឬរស់នៅជាមួយគ្នា និងសម្លៀកបំពាក់ពីអ្នកជិតខាងរបស់គេដែលមានផ្ទះនៅជិតជាជនជាតិអេស៊ីប។ អ្នករាល់គ្នានឹងរឹបអូសអ្វីៗទាំងអស់ពីជនជាតិអេស៊ីប»។