ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

និក្ខមនំ 39

Read Scripture freely. Divine Threads study for this chapter is coming later.

1ជាមួយក្រណាត់ពណ៌ខៀវ ពណ៌ស្វាយ ពណ៌ក្រហម គេធ្វើសម្លៀកបំពាក់ដោយត្បាយយ៉ាងស្អាត សម្រាប់បម្រើនៅក្នុងទីបរិសុទ្ធ។ ពួកគេបានធ្វើសម្លៀកបំពាក់ឲ្យលោកអ៊ើរ៉ុន សម្រាប់ទីបរិសុទ្ធ ដូចដែលព្រះអម្ចាស់បានបង្គាប់ដល់លោកម៉ូសេ។
2បេតសាលាលបានធ្វើអាវអេផូដពីមាស ពីក្រណាត់ពណ៌ខៀវ ពណ៌ស្វាយ និងពណ៌ក្រហម និងក្រណាត់ទេសឯកត្បាយយ៉ាងល្អ។
3ពួកគេបានសិតមាសជាសន្លឹកៗ ហើយកាត់វាជាសរសៃយ៉ាងឆ្មា ដើម្បីធ្វើវាជាពណ៌ខៀវ ពណ៌ស្វាយ និងពណ៌ក្រហម ព្រមទាំងក្រណាត់ទេសឯក ធ្វើពីជាងដែលមានស្នាដៃ។
4ពួកគេ​ធ្វើ​ខ្សែ​ស្មា​សម្រាប់​ចង​ភ្ជាប់​អាវ​អេផូដ​ទាំង​សង​ខាង​បាន​ជាប់​គ្នា​តែ​មួយ។
5ខ្សែក្រវាត់ក៏ដូចជាអាវអេផូដដែរ គឺធ្វើជាបំណែកតែមួយជាមួយនឹងអាវអេផូដ វេញជាមួយនឹងក្រណាត់ទេសឯកយ៉ាងល្អពណ៌មាស ពណ៌ខៀវ ពណ៌ស្វាយ និងពណ៌ក្រហម ដូចព្រះអម្ចាស់បានបង្គាប់ដល់លោកម៉ូសេ។
6ពួកគេ​បានច្នៃ​ត្បូង​អូនីក្ស ​ដាំ​ចុះ​ក្នុង​គ្រោង​មាស ឆ្លាក់ដូចជាគេឆ្លាក់ត្រា ហើយបានចារឈ្មោះរបស់កូនចៅអ៊ីស្រាអែលទាំងដប់ពីរនៅក្នុងនោះ។
7លោកបេតសាលាលបាន​ភ្ជាប់​នៅ​លើ​ខ្សែ​ស្មា​របស់អាវ​អេផូដ ជាត្បូងដើម្បី​រំឭក​ដល់​ព្រះអម្ចាស់នៃកូនចៅអ៊ីស្រាអែលទាំងដប់ពីរ ដូចព្រះអម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ។
8គាត់បានធ្វើប្រដាប់ពាក់លើដើមទ្រូង តាមការរចនារបស់ជាងដែលមានស្នាដៃ ធ្វើតាមបែបដូចជាអាវអេផូដ។ គាត់បានធ្វើវាពីមាស ពីក្រណាត់ពណ៌ខៀវ ពណ៌ស្វាយ និងពណ៌ក្រហម និងពីក្រណាត់ពណ៌ទេសឯកយ៉ាងល្អ។
9វាមានរាងបួនជ្រុង។ ពួកគេបានអាវពាក់លើដើមទ្រូងជាពីរស្រទាប់។ បណ្តោយមួយចំអាម និងទទឹងមួយចំអាមដែរ។
10ពួកគេបានដាំត្បូងបួនជួរ។ ជួរទីមួយមានត្បូង​ទទឹម​មួយ​គ្រាប់ ត្បូង​ប៊ុត‌លឿង​មួយ​គ្រាប់ និង​ត្បូង​មរកត​មួយ​គ្រាប់។
11ជួរទីពីរមានត្បូង​ទទឹម​មួយ​គ្រាប់ ត្បូង​កណ្ដៀង​មួយ​គ្រាប់ និង​ត្បូង​ពេជ្រ​មួយ​គ្រាប់។
12ជួរទីបីមានត្បូង​ទទឹម​មួយ​គ្រាប់ ត្បូង​និល‌រ័ត្ន​មួយ​គ្រាប់ និង​ត្បូង​ជម្ពូ‌រ័ត្ន​មួយ​គ្រាប់។​
13ជួរ​ទី​បួនមាន ត្បូង​ដៃ‌រគៀម​មួយ​គ្រាប់ ត្បូង​កែវ‌យក់​មួយ​គ្រាប់ និង​ត្បូង​មណី‌ជោតិរស​មួយ​គ្រាប់។ ត្បូងទាំងនេះត្រូវបានដាំនៅក្នុងគ្រោងមាស។
14ត្បូងទាំងនោះត្រូវបានរៀបតាមលំដាប់ឈ្មោះរបស់កូនចៅអ៊ីស្រាអែល។ ពួកគេធ្វើដូចជាឆ្លាក់ត្រា គឺចាឈ្មោះកុលសម្ព័ន្ធទាំងដប់ពីរនៅលើត្បូងនោះ។
15នៅលើអាវសម្រាប់ពាក់លើដើមទ្រូង ពួកគេធ្វើខ្សែដូចខែពួរវេញចូលគ្នាពីមាសសុទ្ធ។
16ពួកគេធ្វើក្រចាប់មាសពីរ និងកងមាសពីរ ហើយពួកគេភ្ជាប់កងទាំងពីរនោះទៅនឹងជ្រុងទាំងពីររបស់ប្រដាប់ពាក់ដើមទ្រូង។
17ពួកគេបានវេញខ្សែមាសទាំងពីរទៅនឹងកងមាសទាំងពីរ នៅជ្រុងនៃអាវសម្រាប់ពាក់លើដើមទ្រូង។
18ពួកគេភ្ជាប់ចុងទាំងពីរនៃខ្សែដែលវេញនោះទៅនឹងក្រចាប់ទាំងពីរនោះ។ ពួកគេភ្ជាប់វាទៅនឹងគ្រោងមាសនៃខ្សែស្មារបស់អាវអេផូដខាងមុខ។
19ពួកគេធ្វើកងពីមាសពីរ ហើយដាក់កងនោះនៅលើជ្រុងទាំងទៀតរបស់អាវសម្រាប់ពាក់លើដើមទ្រូង គឺនៅលើគែមជិតទៅនឹងព្រំខាងក្នុង។
20ពួកគេបានធ្វើកងមាសពីរទៀត ហើយបានភ្ជាប់កងនោះទៅនឹងមុមរបស់ស្មាទីពីរនៃអាវអេផូដដែលនៅខាងមុខ។ ដេរភ្ជាប់វាទៅនឹងខ្សែក្រវាត់របស់អាវអេផូដ។
21ពួកគេចងប្រដាប់ពាក់លើដើមទ្រូងដោយចងខ្សែរបស់វាទៅនឹងក្រវិលរបស់អាវអេផូដជាមួយនឹងខ្សែពណ៌ខៀវ ដើម្បីឲ្យវាអាចភ្ជាប់ជាមួយខ្សែក្រវាតខាងលើ​អាវ​អេផូដ។ ធ្វើបែបនេះ ដើម្បី​ឲ្យ​ប្រដាប់​ពាក់​លើ​ទ្រូង​នោះ​ស្ថិត​នៅ​ពី​លើ​ខ្សែ​ក្រវាត់ ហើយ​កុំ​ឲ្យ​របូត​ចេញ​ពី​អាវ​អេផូដ។ ធ្វើបែបនេះ ដូច​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ។
22លោកបេតសាលាលបានធ្វើអាវវែងរបស់អាវអេផូដ​មួយ​ ដែល​ត្បាញ​ដោយ​ក្រណាត់​ពណ៌​ស្វាយសុទ្ធ។
23គេកាត់ចំហនៅចំកណ្តាលសម្រាប់ស៊កក្បាលចូល។ គេ​ដេរ‌រឹម​ជុំ‌វិញ​ប្រឡោះ​នោះ ដើម្បី​កុំ​ឲ្យ​​រហែក។
24នៅតាមជាយខាងក្រោម ពួកគេធ្វើ​​ផ្លែ​ទទឹម​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ក្រហម​​ព្រមទាំងក្រណាត់ទេសឯកយ៉ាងស្អាត។
25ពួកគេធ្វើកណ្តឹងពីមាសសុទ្ធ ហើយពួកគេដាក់កណ្តឹងនៅចន្លោះ រូបផ្លែទទឹមនៅជុំវិញជាយអាវវែងខាងក្រោម នៅចន្លោះរូបផ្លែទទឹម កណ្តឹងមួយ និងរូបផ្លែទទឹមមួយ
26កណ្តឹងមួយរូបផ្លែទទឹមមួយ នៅលើជាងអាវវែងនោះ សម្រាប់លោកអ៊ើរ៉ុន ដើម្បីបម្រើ។ ធ្វើបែបនេះ ដូចព្រះអម្ចាស់បានបង្គាប់ដល់លោកម៉ូសេ។
27ពួកគេធ្វើអាវធំពីក្រណាត់ទេសឯកសម្រាប់លោកអ៊ើរ៉ុន និងសម្រាប់កូនប្រុសៗរបស់គាត់។
28ពួកគេធ្វើឈ្នូតពីក្រណាត់ទេសឯក សម្រាប់លម្អចងក្បាលពីក្រណាត់ទេសឯក ព្រម​ទាំង​ខោ​ស្នាប់​ភ្លៅ​ពី​សំពត់​ខ្លូត‌ទេស​។
29និងខ្សែក្រវាត់ពីក្រណាត់ទេសឯក និងពីក្រណាត់ពណ៌ខៀវ ពណ៌ស្វាយ និងពណ៌ក្រហមទុំ គឺជាកិច្ចការរបស់អ្នកប៉ាក់។ ធ្វើបែបនេះ ដូចព្រះអម្ចាស់បានបង្គាប់ដល់លោកម៉ូសេ។
30ពួកគេធ្វើស្លាកពីមាសសុទ្ធនៃមកុដបរិសុទ្ធ ពួកគេឆ្លាក់នៅលើវា ដូចជាជាឆ្លាក់ត្រាមួយថា៖ «បរិសុទ្ធថ្វាយដល់ព្រះអម្ចាស់»។
31ពួកគេភ្ជាប់វាទៅនឹងឈ្នូតក្បាលមានខ្សែពណ៌ខៀវ នៅពីលើឈ្នូតក្បាលនោះ។ ធ្វើបែបនេះ ដូចព្រះអម្ចាស់បានបង្គាប់ដល់លោកម៉ូសេ។
32ដូច្នេះ កិច្ចការនៅលើព្រះពន្លា គឺត្រសាលនៃការប្រជុំត្រូវបានបញ្ចប់។ ប្រជាជនអ៊ីស្រាអែលបានធ្វើគ្រប់យ៉ាង។ ពួកគេធ្វើតាមសេចក្តីបង្គាប់ទាំងអស់ដែលព្រះអម្ចាស់បានដល់លោកម៉ូសេ។
33ពួកគេបានយកព្រះពន្លាមកឯលោកម៉ូសេ គឺត្រសាល និងគ្រឿងបរិក្ខាររបស់វាទាំងអស់ ទាំង​តម្ពក់ ស៊ុម រនុក សសរ និង​ជើង​ទ្ររបស់វា
34គម្របធ្វើពីស្បែកចៀមឈ្មោលជ្រលក់ពណ៌ក្រហម និងគម្របពីស្បែកផ្សោត ព្រមទាំងវាំងននសម្រាប់ឃាំង
35ហឹបនៃទីបន្ទាល់ រួមទាំងឈើស្នែងនិងទីសន្តោសប្រោស។
36ពួកគេបានយកតុ និងគ្រឿងបរិក្ខាររបស់វា ព្រមទាំងនំប៉័ងដែលដាក់តាំង
37ជើងចង្កៀងដែលធ្វើពីមាសសុទ្ធ និងចង្កៀងរបស់វានៅតាមជួររបស់វា ព្រមទាំងគ្រឿងបរិក្ខាររបស់វា និងប្រេងសម្រាប់ចង្កៀង
38អាសនៈមាស ប្រេងសម្រាប់ចាក់ប្រេងតាំង និងគ្រឿងក្រអូប រនាំងសម្រាប់ច្រកចូលព្រះពន្លា
39អាសនៈលង្ហិន ជាមួយនឹងប្រទាសលង្ហិន ព្រមទាំងឈើស្នែងលង្ហិន និងគ្រឿងបរិក្ខារ និងអាងទឹកដ៏ធំមួយជាមួយនឹងជើងទ្ររបស់វាដែរ។
40ពួកគេបានយករនាំងសម្រាប់ទីលានជាមួយនឹងសសរ និងជើងទ្ររបស់វា ហើយវាំងននសម្រាប់ច្រកចូលទីលាន ខ្សែ ចម្រឹង និង​គ្រឿង​បរិក្ខារ​ទាំង​អស់ សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ព្រះ‌ពន្លា គឺ​ត្រសាលនៃការជួបជុំ។
41ពួកគេបានយកសម្លៀកបំពាក់សម្រាប់បម្រើនៅក្នុងទីបរិសុទ្ធ គឺសម្លៀកបំពាក់បរិសុទ្ធសម្រាប់លោកអ៊ើរ៉ុន ជាបូជាចារ្យ និងកូនប្រុសៗរបស់គាត់ ដើម្បីឲ្យពួកគេបានបម្រើក្នុងមុខងារជាបូជាចារ្យ។
42ដូច្នេះហើយ ប្រជាជនអ៊ីស្រាអែលបានធ្វើគ្រប់កិច្ចការទាំងអស់ ដូចព្រះអម្ចាស់បានបង្គាប់ដល់លោកម៉ូសេ។
43លោកម៉ូសេបានពិនិត្យកិច្ចការទាំងអស់ ហើយមើល៍ ពួកគេធ្វើវាបានសម្រេចហើយ ដូច ព្រះអម្ចាស់បានបង្គាប់មែន គឺពួកគេធ្វើបែបនោះឯង។ បន្ទាប់មក លោកម៉ូសេបានឲ្យពរដល់ពួកគេ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។