1បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេ ដោយបន្ទូលថា៖
2«នៅថ្ងៃទីមួយនៃខែទីមួយរបស់ឆ្នាំថ្មី អ្នកត្រូវតម្លើងព្រះពន្លា គឺត្រសាលនៃការជួបជុំ។
3អ្នកត្រូវដាក់ហិបនៃទីបន្ទាល់នៅខាងក្នុង ហើយអ្នកត្រូវបាំងហឹបនោះនឹងវាំងនន។
4អ្នកត្រូវយកតុ ហើយរៀបចំរបស់របរឲ្យមានរប្រៀបរៀបរយ។ បន្ទាប់មក អ្នកត្រូវយកជើងចង្កៀង ហើយតម្លើងចង្កៀង។
5អ្នកត្រូវដាក់អាសនាមាសថ្វាយគ្រឿងក្រអូបនៅខាងមុខហឹបនៃទីបន្ទាល់ ហើយអ្នកត្រូវដាក់វាំងនននៅត្រង់ច្រកចូលទៅក្នុងព្រះពន្លាផង។
6អ្នកត្រូវាដាក់អាសនាថ្វាយតង្វាយដុតនៅខាងមុខច្រកចូលទៅក្នុងព្រះពន្លា គឺត្រសាលនៃការជួបជុំ។
7អ្នកត្រូវដាក់អាងទឹកធំនៅចន្លោះត្រសាលនៃការជួបជុំ និងអាសនា ហើយអ្នកត្រូវចាក់ទឹកចូលទៅក្នុងអាងនោះផង។
8អ្នកត្រូវតម្លើងទីលាននៅជុំវិញវា ហើយអ្នកត្រូវចងវាំងនននៅច្រកចូលទីលាន។
9អ្នកត្រូវយកប្រេងចាក់ប្រេងតាំង ហើយចាក់ទៅលើព្រះពន្លា និងអ្វីៗដែលនៅក្នុងព្រះពន្លានោះ។ អ្នកត្រូវចែកវាដោយឡែក ហើយគ្រឿងបរិក្ខារទាំងអស់សម្រាប់យើង នោះវានឹងបានបរិសុទ្ធ។
10អ្នកត្រូវចាក់ប្រេងលើកន្លែងថ្វាយតង្វាយដុត និងលើគ្រឿងបរិក្ខាររបស់វាទាំងអស់ដែរ។ អ្នកត្រូវញែកកន្លែងថ្វាយតង្វាយដុតសម្រាប់យើង ហើយវានឹងបានជាវិសុទ្ធសម្រាប់យើង។
11អ្នកត្រូវចាក់ប្រេងលើអាងលង្ហិន និងជើងទ្ររបស់វា ព្រមទាំងញែកវាដោយឡែកសម្រាប់យើង។
12អ្នកត្រូវនាំអ៊ើរ៉ុន និងកូនប្រុសៗរបស់គាត់មកកាន់ច្រកចូលត្រសាលនៃការជួបជុំ ហើយអ្នកត្រូវលាងពួកគេដោយទឹក។
13អ្នកត្រូវស្លៀកពាក់ឲ្យអ៊ើរ៉ុន ជាមួយនឹងសម្លៀកបំពាក់ដែលបានញែកដោយឡែកសម្រាប់យើង ចាក់ប្រេងលើគាត់ ហើយញែកគាត់ដោយឡែក ដើម្បីគាត់អាចបម្រើជាបូជាចារ្យរបស់យើង។
14អ្នកត្រូវនាំកូនប្រុសៗរបស់គាត់ ហើយស្លៀកពាក់ពួកគេជាមួយនឹងអាវធំ។
15អ្នកត្រូវចាក់ប្រេងពួកគេដូចអ្នកបានចាក់ប្រេងលើឪពុករបស់ពួកគេដែរ ដើម្បីឲ្យពួកគេអាចបម្រើយើងក្នុងមុខងារជាពួកបូជាចារ្យ។ ការចាក់ប្រេងតាំងលើពួកគេនេះ នឹងធ្វើឲ្យពួកគេក្លាយជាបូជាចារ្យជារៀងរហូតនៅក្នុងគ្រប់ជំនាន់របស់ពួកគេ»។
16នេះគឺជាអ្វីដែលលោកម៉ូសេបានធ្វើ គាត់បានធ្វើតាមអ្វីៗទាំងអស់ដែលព្រះអម្ចាស់បានបង្គាប់ដល់គាត់។ គាត់ធ្វើការទាំងនោះសម្រេចគ្រប់យ៉ាង។
17ដូច្នេះ ព្រះពន្លាត្រូវបានតម្លើងនៅថ្ងៃទីមួយនៃខែទីមួយនៅក្នុងឆ្នាំទីពីរ។
18លោកម៉ូសេបានតម្លើងព្រះពន្លា បានដាក់ជើងទ្ររបស់វាតាមកន្លែងរបស់វា បានតម្លើងស៊ុមភ្ជាប់ជាមួយនឹងរនុករបស់វា ហើយបានតម្លើងសសរ និងបង្គោលរបស់វា។
19គាត់បានត្រដាងគ្របពីលើព្រះពន្លា ហើយបានដាក់តង់ពីលើវា ដូចព្រះអម្ចាស់បានបង្គាប់ដល់គាត់។
20គាត់បានយកបន្ទះថ្មនៃសម្ពន្ធមេត្រី ហើយដាក់វាចូលទៅក្នុងហឹប។ គាត់ក៏បានដាក់ឈើស្នែងនៅលើហឹប និងលើទីសន្តោសប្រោសផងដែរ។
21គាត់បានយកហឹបចូលទៅក្នុងព្រះពន្លា។ គាត់បានតម្លើងវាំងននសម្រាប់វា ដើម្បីបាំងហឹបនៃទីបន្ទាល់ ដូចព្រះអម្ចាស់បានបង្គាប់ដល់គាត់។
22គាត់បានដាក់ទុកនៅក្នុងត្រសាលនៃការជួបជុំ នៅប៉ែកខាងជើងនៃព្រះពន្លា ខាងក្រៅវាំងនន។
23គាត់បានដាក់នំប៉័ងតាមលំដាប់ នៅចំពោះព្រះអម្ចាស់ ដូចព្រះអម្ចាស់បានបង្គាប់ដល់គាត់។
24គាត់បានដាក់ជើងចង្កៀងចូលទៅក្នុងត្រសាលនៃការជួបជុំ ទល់មុខនឹងតុ នៅប៉ែកខាងត្បូងនៃព្រះពន្លា។
25គាត់បានអុជចង្កៀងនៅចំពោះព្រះអម្ចាស់ ដូចព្រះអម្ចាស់បានបង្គាប់ដល់គាត់។
26គាត់បានដាក់អាសនាមាសថ្វាយគ្រឿងក្រអូបទៅក្នុងត្រសាលនៃការជួបជុំនៅខាងមុខវាំងនន។
27គាត់បានដុតគ្រឿងក្រអូបនៅលើវា ដូចព្រះអម្ចាស់បានបង្គាប់ដល់គាត់។
28គាត់បានបាំងវាំងនននៅត្រង់ច្រកចូលព្រះពន្លា។
29គាត់បានដាក់កន្លែងថ្វាយតង្វាយដុតនៅត្រង់ច្រកចូលទៅក្នុងព្រះពន្លា គឺត្រសាលនៃការជួបជុំ។ គាត់បានថ្វាយតង្វាយដុត និងតង្វាយម្សៅនៅលើវា ដូច ព្រះអម្ចាស់បានបង្គាប់ដល់គាត់។
30គាត់បានដាក់អាងទឹក នៅចន្លោះត្រសាលនៃការប្រជុំ និងកន្លែងថ្វាយតង្វាយ ហើយគាត់បានចាក់ទឹកចូលទៅក្នុងអាងនោះសម្រាប់លាង។
31លោកម៉ូសេ លោកអ៊ើរ៉ុន និងកូនប្រុសៗរបស់គាត់បានលាងដៃរបស់ពួកគេ ហើយនិងជើងរបស់ពួកគេពីអាងទឹកនោះ។
32នៅពេលពួកគេចូលទៅត្រសាលនៃការប្រជុំ និងនៅពេលពួកគេឡើងទៅកន្លែងថ្វាយតង្វាយនោះ។ ពួកគេត្រូវលាងសម្អាត ដូច ព្រះអម្ចាស់បានបង្គាប់ដល់លោកម៉ូសេ។
33លោកម៉ូសេបានតម្លើងទីលាននៅជុំវិញព្រះពន្លា និងកន្លែងថ្វាយតង្វាយ។ គាត់បានតម្លើងវាំងនននៅច្រកចូលទីលាន។ លោកម៉ូសេបានធ្វើការចប់សព្វគ្រប់បែបនេះឯង។
34បន្ទាប់មក មានពពកគ្របពីលើត្រសាលនៃការជួបជុំនោះ ហើយសិរីល្អរបស់ព្រះអម្ចាស់ស្ថិតនៅពេញព្រះពន្លា។
35លោកម៉ូសេមិនអាចចូលទៅក្នុងត្រសាលនៃការជួបជុំបានទេ ដោយសារពពកគ្របពីលើវា ហើយដោយសារសិរីល្អរបស់ព្រះអម្ចាស់សិ្ថតនៅពេញព្រះពន្លា។
36នៅពេលណាពពកឡើងផុតពីលើព្រះពន្លា ប្រជាជនអ៊ីស្រាអែលនាំគ្នាចេញដំណើរ។
37ប៉ុន្តែ ប្រសិនបើ ពពកមិនឡើងផុតពីព្រះពន្លាទេ ប្រជាជនអ៊ីស្រាអែលមិនចេញដំណើរទេ។ ពួកគេនៅរហូតដល់ថ្ងៃដែលពពកឡើងផុត។
38ដ្បិត ពពករបស់ព្រះអម្ចាស់ស្ថិតនៅពីលើព្រះពន្លានៅពេលថ្ងៃ ហើយភ្លើងនៅពីលើវានៅពេលយប់ ដើម្បីបំភ្លឺប្រជាជនអ៊ីស្រាអែលនៅក្នុងការធ្វើដំណើររបស់ពួកគេ។