ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

និក្ខមនំ 38

Read Scripture freely. Divine Threads study for this chapter is coming later.

1លោកបេតសាលាលបានធ្វើកន្លែងថ្វាយតង្វាយដុតពីឈើនាងនួន។ វាមានប្រវែងប្រាំហត្ថ ហើយទទឹងប្រាំហត្ថដែរ មានរាងបួនជ្រុង ហើយមានកម្ពស់បីហត្ថ។
2គាត់ធ្វើស្នែងបួននៅជាប់នឹងជ្រុងទាំងបួនមានរាងដូចជាស្នែងគោ។ ស្នែងត្រូវបានធ្វើឡើងជាប់ជាមួយនឹងកន្លែងថ្វាយតង្វាយ ហើយគាត់បានស្រោបវាជាមួយនឹងលង្ហិន។
3គាត់ធ្វើគ្រឿងបរិក្ខារសម្រាប់កន្លែងថ្វាយតង្វាយមានដូចជា ឆ្នាំសម្រាប់កើបផេះ ប៉ែល អាងទឹក​ ផើង សម និង​ជើង‌ក្រាន។ គាត់បានធ្វើគ្រឿងបរិក្ខាទាំងអស់នេះពី​លង្ហិន​។
4គាត់បានធ្វើប្រទាសសម្រាប់កន្លែងថ្វាយតង្វាយ ខ្ទាស់ក្រឡាគ្នាពីលង្ហិន ដើម្បីដាក់នៅក្រោមគែម នៅចំកណ្តាលនៃកន្លែងថ្វាយតង្វាយ។
5គាត់បានសិតធ្វើកងបួន ដាក់នៅតាមជ្រុងទាំងបួននៃប្រទាសលង្ហិន ដើម្បីស៊កឈើស្នែង។
6លោកបេតសាលាលបានធ្វើឈើស្នែងពីឈើនាងនួន ហើយស្រោបវាជាមួយនឹងលង្ហិន។
7គាត់បានដាក់ឈើស្នែងនៅសងខាងនៃកន្លែងថ្វាយតង្វាយ ដើម្បីសែងវា។ គាត់បានធ្វើកន្លែងតង្វាយពីក្តារដែលមានប្រហោងកណ្តាល។
8លោកបេតសាលាលធ្វេីអាងទឹកធំមួយពីលង្ហិន កំណល់ពីលង្ហិន។ គាត់បានធ្វើអាងទឹកចេញពីកញ្ចក់ដែលជាកម្មសិទ្ធិរបស់ស្រីៗដែលបម្រើនៅត្រង់ច្រកចូលត្រសាលនៃការជួបជុំ។
9គាត់ក៏បានធ្វើទីលាន។ ដែលមានរនាំងព័ទ្ធជុំវិញពីភាគខាងត្បូងនៃទីលានដែលធ្វើពីក្រណាត់ទេសឯកយ៉ាងល្អ ប្រវែងមួយរយហត្ថ។
10ហើយរនាំនោះមានសសរម្ភៃជាមួយនឹងជើងទ្រលង្ហិន។ មានតម្ពក់ភ្ជាប់សសរ និងគន្លឹះធ្វើពីប្រាក់។
11នៅប៉ែកខាងជើងក៏ដូចគ្នាដែរ មានរនាំងប្រវែងមួយរយហត្ថ ជាមួយនឹងសសរម្ភៃ និងជើងទ្រលង្ហិនម្ភៃដែរ តម្ពក់ភ្ជាប់សសរ និងកន្លឹះធ្វើពីប្រាក់។
12រនាំងនៅប៉ែកខាងលិចមានប្រវែងហាសិបហត្ថ និងមានសសរ និងជើងទ្រដប់។ ទម្ពក់ និងគន្លឹះសសរធ្វើពីប្រាក់។
13នៅក្នុងទីលាននៅប៉ែកខាងកើតក៏មានហាសិបហត្ថដូចគ្នាដែរ។
14រនាំងមួយចំហៀងនៃច្រកចូលមានប្រវែងដប់ប្រាំហត្ថ។ មានសសរបី និងជើងទ្របី។
15នៅប៉ែកម្ខាងទៀតនៃច្រកចូលទីលានក៏មានរនាំងប្រវែងដប់ប្រាំហត្ថដែរ ជាមួយនឹងសសរបី និងជើងទ្របី។
16រនាំងទាំងអស់នៅជុំវិញទីលានត្រូវបានធ្វើឡើងពីក្រណាត់ទេសឯកយ៉ាងស្អាត។
17ជើងទ្រសម្រាប់សសរធ្វើពីលង្ហិន។ តម្ពក់ និងគន្លឹះធ្វើឡើងពីប្រាក់ ហើយស្រោបពីលើសសរនោះក៏ធ្វើពីប្រាក់ដែរ។ សសរទីលានទាំងអស់ត្រូវបានស្រោបឡើងដោយប្រាក់ដែរ។
18វាំងនននៅច្រកចូលទីលានមានប្រវែងម្ភៃហត្ថ។ វាំងននត្រូវបានធ្វើឡើងដោយក្រណាត់ពណ៌ខៀវ ពណ៌ស្វាយ និងពណ៌ក្រហមវេញជាមួយនឹងអំបោះខ្លូតទេស ហើយមានប្រវែងម្ភៃហត្ថ។
19មានទទឹងម្ភៃហត្ថ និងកម្ពស់ប្រាំហត្ថ ដូចវាំងនននៅទីលានដែរ។ មានជើងទ្រពីលង្ហិន ហើយតម្ពក់ពីប្រាក់។ គម្របពីលើ និងតម្ពក់របស់វាធ្វើពីប្រាក់។
20ចម្រឹងសម្រាប់ព្រះពន្លា និងទីលានទាំងអស់ធ្វើពីលង្ហិន។
21នេះគឺជាបញ្ជីសារពើភ័ណ្ឌរបស់ព្រះពន្លា និងច្បាប់របស់ព្រះពន្លានៃសម្ពន្ធមេត្រី យោងទៅតាមសេចក្តីណែនាំរបស់លោកម៉ូសេ។ វាគឺជាកិច្ចការរបស់ពួកលេវីនៅក្រោមការដឹកនាំរបស់លោកអ៊ីថា‌ម៉ា ជា​កូន​របស់​លោក​បូជា‌ចារ្យ​អើរ៉ុន។
22លោក​បេតសា‌លាល​ គឺជា​កូន​របស់​លោក​យូរី ត្រូវ​ជា​ចៅរបស់​លោក​ហ៊ើរ មកពី​កុល‌សម្ព័ន្ធ​យូដា បាន​ធ្វើតាមអ្វីៗ​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។
23លោក​អូហូ‌លីអាប់ ជា​កូន​លោក​អហ៊ី‌សាម៉ាក់ មកពីកុល‌សម្ព័ន្ធ​ដាន់ ក៏​បាន​ជួយ​ធ្វើ​ការ​លោកបេតសាលាល ជាជាងចម្លាក់ គឺជាជាងដែលមានជំនាញ និងអ្នក​ប៉ាក់​លំអ​ក្រណាត់​ពណ៌​ស្វាយ ពណ៌​ក្រហម ពណ៌​ក្រហម​ទុំ និង​ក្រណាត់​ធ្វើ​ពីក្រណាត់ទេសឯកយ៉ាងស្អាត។
24មាសទាំងអស់ដែលប្រើសម្រាប់គម្រោង នៅគ្រប់ទាំងកិច្ចការដែលពាក់ពាន់នឹងទីបរិសុទ្ធ មាសដែលបានមកពីតង្វាយគ្រវី មានចំនួន ម្ភៃប្រាំបួនហាប និង៧៣០ សេកែល តាម​ទម្ងន់​សេកែល​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ។
25ចំណែក ប្រាក់ដែលបានទទួលពីសហគមន៍មានទម្ងន់មួយរយហាប និង១៧៧៥សេកែលតាម​ទម្ងន់​សេកែល​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ។
26ឬម្នាក់បង់ប្រាំកាក់ ស្មើនឹងកន្លះសេគែល តាម​ទម្ងន់​សេកែល​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ។ តួលេខនេះបានទទួលពីប្រជាជនគ្រប់រូបដែលបានធ្វើជំរឿន ចាប់តាំងពីអាយុម្ភៃឆ្នាំ និងឡើងទៅមានចំនួនទាំងអស់ ៦០៣, ៥៥០នាក់។
27ប្រាក់ចំនួនមួយរយហាបត្រូវបានសិតធ្វើជាទីបរិសុទ្ធ ហើយនិងជើងទ្រវាំងនន ជើងទ្រមួយរយ ប្រាក់មួយហាបសម្រាប់ជើងទ្រមួយ។
28​ប្រាក់នៅសល់មានចំនួន ១, ៧៧៥ សេកែល ​លោកបេតសេលាល ធ្វើ​តម្ពក់សម្រាប់សសរ ស្រោបពីលើសសរ ហើយធ្វើ​គន្លឹះ​ទាំង​ប៉ុន្មាន​សម្រាប់​សសរដែរ។
29ចំណែក លង្ហិនដែលបានមកពីការថ្វាយតង្វាយគ្រវីមានទម្ងន់ចិតសិបហាប និង២, ៤០០សេគែល។
30ជាមួយនឹងលង្ហិននេះ គាត់បានថ្វើជើងទ្រសម្រាប់ច្រកចូលទៅក្នុងត្រសាលប្រជុំ កន្លែងថ្វាយតង្វាយពីលង្ហិន និងគ្រឿងបរិក្ខារសម្រាប់កន្លែងថ្វាយតង្វាយ
31ជើងទ្រសម្រាប់ទីលាន ជើងទ្រសម្រាប់ទីលានច្រកចូល ចម្រឹងរបស់ព្រះពន្លា និងចម្រឹងរបស់ទីលានទាំងអស់។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។