ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

និក្ខមនំ 37

Read Scripture freely. Divine Threads study for this chapter is coming later.

1លោកបេតសាលាលធ្វើហិបពីឈើនាងនួន ដែលមានបណ្តោយពីហត្ថកន្លះ និងទទឹងមួយហត្ថកន្លះ ព្រមទាំងកម្ពស់មួយហត្ថកន្លះដែរ។
2គាត់បានស្រោបវាដោយមាសសុទ្ធទាំងខាងក្រៅ និងខាងក្នុង ហើយក៏ធ្វើគែមមាសជុំវិញដែរ។
3គាត់បានសិតធ្វើកងមាសសម្រាប់ជើងវាទាំងបួន ជាមួយនឹងកងម្ខាងពីរ ហើយកងម្ខាងទៀតពីរទៀតដែរ។
4គាត់បានធ្វើឈើស្នែងពីឈើនាងនួន ហើយស្រោបវាជាមួយនឹងមាស។
5គាត់ដាក់ឈើស្នែងទៅក្នុងកងនៅចំហៀងហិតដើម្បីសែងហិប។
6គាត់បានធ្វេីទីសន្តោសប្រោសពីមាសសុទ្ធ។ ដែលមានបណ្តោយពីរហត្ថកន្លះ និងទទឹងមួយហត្ថកន្លះ។
7លោកបេតសាលាលបានធ្វើចេរូប៊ីមពីរ ឆ្លាក់ធ្វើពីមាសសម្រាប់ចុងសងខាងនៃទីសន្តោសប្រោស។
8រូបចេរូប៊ីមមួយសម្រាប់ចុងទីសន្តោសប្រោសម្ខាង ហើយចេរូប៊ីមមួយទៀតសម្រាប់នៅខាងចុងទីសន្តោសប្រោសម្ខាងទៀត។ ពួកគេបានភ្ជាប់វាមកតែមួយចំណែកនៅលើទីសន្តោសប្រោស។
9រូបចេរូប៊ីមត្រដាសស្លាបរបស់ពួកគេទល់មុខគ្នា ហើយគ្រប់ពីលើទីសន្តោសប្រោសជាមួយនឹងស្រមោលពីលើហិប។ មុខរបស់ចេរូប៊ីមទល់មុខគ្នា ហើយបានសម្លឹងមើលទៅចំកណ្តាលទីសន្តោសប្រោស។
10លោកបេតសាលាលធ្វើតុពីឈើនាងនួន ដែលមានបណ្តោយពីហត្ថ និងទទឹងមួយហត្ថ ព្រមទាំងកម្ពស់មួយហត្ថកន្លះផង។
11គាត់បានស្រោបវាដោយមាសសុទ្ធ ហើយបានធ្វើគែមព័ទ្ធជុំវិញ។
12គាត់បានធ្វើស៊ុមព័ទ្ធជុំវិញ ដែលមានកម្ពស់មួយទះ ហើយធ្វើស៊ុមពីមាសព័ទ្ធជុំវិញដែរ។
13គាត់បានសិតកងបួនពីមាស ហើយភ្ជាប់កងនោះទៅនឹងជ្រុងទាំងបួន គឺនៅនឹងជើងរបស់វា។
14កងនោះបានភ្ជាប់ទៅនឹងស៊ុមដើម្បីផ្តល់ជាកន្លែងសម្រាប់ស៊កឈើស្នែង ដើម្បីសែងតុនោះ។
15គាត់បានធ្វើឈើស្នែងបួនពីឈើនាងនួន ហើយស្រោបវាដោយមាស ដើម្បីសែងតុនោះ។
16គាត់បានធ្វើគ្រឿងបរិក្ខារដែលដាក់នៅលើតុនោះ មានដូចជា ចាន ស្លាបព្រា និង​ចាន‌គោម សម្រាប់​ប្រើ​ក្នុង​ពិធីថ្វាយតង្វាយ។​ គាត់ធ្វើរបស់ទាំងអស់នោះពីមាសសុទ្ធ។
17គាត់បានឆ្លាក់ធ្វើជើងចង្កៀងមួយពីមាសសុទ្ធ។ គាត់ធ្វើជើងចង្កៀងនោះជាមួយនឹងជើងទ្រ ព្រមទាំងដងផង។ មានពែង មែកនិងជើងទ្ររបស់វា ហើយផ្ការបស់វាត្រូវបានធ្វើឡើងតែមួយដុំ។
18មានមែកប្រាំមួយបែកចេញពីសងខាង ហើយម្ខាងនៃជើងចង្កៀងមានមែកបី ហើយម្ខាងទៀតមានមែកបីដែរ។
19មែកទីមួយមានពែងបី ធ្វើជារាងដូចជាផ្កាចំបក់ ដែលមានស្រទាប់ទ្រ និងផ្កាមួយ ហើយពែងបីទៀតក៏មានរាងដូចផ្លែចំបក់ដែលនៅមែកម្ខាងទៀត ដែលមានស្រទាប់ និងផ្កាមួយ។ មែកទាំងប្រាំមួយមានរាងដូចគ្នា បែកមែកចេញពីជើងចង្កៀង។
20នៅលើជើងចង្កៀងនោះ ផ្នែកកណ្តាល មានពែងបួនធ្វើរាងដូចជាផ្លែចំបក់ មានស្លឹកទ្រ ហើយនិងផ្កាផង។
21មានក្រោមជើងទ្រស្លឹក គូដំបូងរបស់មែក ធ្វើឡើងជាមួយដុំ ហើយជើងទ្រស្លឹក គូទីពីររបស់មែងក៏ធ្វើឡើងជាមួយដុំដែរ។ ហើយជើងទ្រស្លឹកផ្សេងៗទៀតដែលនៅក្រោមជើងទ្រស្លឹក គូទីបី ក៏ធ្វើឡើងជាមួយដុំដែរ។ មែងទាំងប្រាំមួយធ្វើរាងដូចៗគ្នាទាំងអស់ មានមែកបែកចេញពីជើងចង្កៀង។
22ជើងទ្រ និងមែករបស់វាទាំងអស់ ធ្វើឡើងតែមួយដុំ គឺធ្វើពីមាសសុទ្ធមួយដុំគត់។
23លោកបេតសាលាលធ្វើជើងចង្កៀង និងចង្កៀងទាំងប្រាំពីរ និងប្រឆេះ និងថាសពីមាសសុទ្ធ។
24គាត់ធ្វើចង្កៀង ហើយនិងសម្ភាររបស់វា សម្រាប់គោះកម្ទេចពីមាសសុទ្ធដែរ។
25លោកបេតសាលាលធ្វើកន្លែងថ្វាយគ្រឿងក្រអូប។ គាត់បានធ្វើវាពីឈើងនាងនួន។ បណ្តោយរបស់វាមានប្រវែងមួយហត្ថ និងទទឹងរបស់វាមានប្រវែងមួយហត្ថដែរ។ វាមានរាងបួនជ្រុង ហើយកម្ពស់របស់វាមានប្រវែងពីរហត្ថ។ ហើយស្នែងរបស់វាត្រូវបានធ្វើឡើងភ្ជាប់ជាបំណែកតែមួយ។
26គាត់បានស្រោបកន្លែងថ្វាយគ្រឿងក្រអូបនោះជាមួយនឹងមាសសុទ្ធ នៅពីលើ ពីចំហៀង និងនៅលើស្នែងរបស់វា។ គាត់ក៏បានស្រោបមាសនៅតាមគែមរបស់វាពីមាសដែរ។
27គាត់បានធ្វើកងពីមាសពីរ ដើម្បីភ្ជាប់វានៅក្រោមគែមទាំងសងខាងរបស់វា។ កងនោះសម្រាប់ស៊កឈើស្នែងដើម្បីសែងកន្លែងថ្វាយយញ្ញបូជា។
28គាត់បានធ្វើឈើស្នែងពីឈើនាងនួន ហើយគាត់បានស្រោបវាជាមួយនឹងមាស។
29គាត់បានធ្វើប្រេងចាក់ប្រេងតាំងបរិសុទ្ធ និងគ្រឿងក្រអូបបរិសុទ្ធ គឺជាកិច្ចការរបស់អ្នកធ្វើទឹកអប់។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។