ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

និក្ខមនំ 33

Read Scripture freely. Divine Threads study for this chapter is coming later.

1ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «ចូរចេញពីទីនេះ អ្នកនឹងប្រជាជនដែលអ្នកបាននាំចេញពីទឹកដីអេស៊ីប។ ចូរចេញទៅទឹកដីដែលយើងបានស្បថឲ្យដល់លោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប នៅពេលយើងនិយាយថា៖ «យើងនឹងឲ្យវាដល់ពូជពង្សរបស់អ្នក»។
2យើងនឹងចាត់ទេវតាឲ្យនាំមុខអ្នក យើងនឹងបណ្តេញជនជាតិកាណាន ជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​ហេត ជន‌ជាតិ​ពេរិ‌ស៊ីត ជន‌ជាតិ​ហេវី និង​ជន‌ជាតិ​យេប៊ូស។
3ចូរចេញទៅទឹកដីនោះ ដែលពេញទៅដោយទឹកដោះ និងទឹកឃ្មុំ ប៉ុន្តែ យើងនឹងមិនឡើងទៅជាមួយអ្នកទេ ព្រោះអ្នករាល់គ្នាជាមនុស្សក្បាលរឹង។ យើងអាចនឹងបំផ្លាញអ្នករាល់គ្នានៅតាមផ្លូវ»។
4នៅពេលប្រជាជនឮព្រះបន្ទូលធ្ងន់ៗទាំងនេះ ពួកគេមានការសោកសៅ ហើយគ្មាននរណាពាក់គ្រឿងអលង្ការឡើយ។
5ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេថា៖ «ចូរប្រាប់ដល់ជនជាតិអ៊ីស្រាអែលថា៖ «អ្នករាល់គ្នាជាមនុស្សក្បាលរឹង។ ប្រសិនបើ យើងចេញទៅជាមួយអ្នករាល់គ្នា ទោះបីជាមួយរយៈខ្លី យើងអាចនឹងបំផ្លាញអ្នក។ ដូច្នេះ ឥឡូវនេះ ចូរដោះគ្រឿងអលង្ការចេញ ដើម្បីឲ្យយើងអាចសម្រេចថា តើយើងគួរធ្វើអ្វីដល់អ្នករាល់គ្នា»។
6ដូច្នេះ ជនជាតិអ៊ីស្រាអែល មិនបានពាក់គ្រឿងអលង្ការចាប់តាំងពីភ្នំមហារែបមក។
7លោកម៉ូសេបានយកព្រះពន្លា និងទៅតំឡើងនៅខាងក្រៅជំរំ គឺឆ្ងាយពីជំរំបន្តិច។ គាត់បានហៅថា ត្រសាលនៃការជួបជុំ។ អ្នកណាចង់ទូលសូមព្រះអម្ចាស់អ្វីមួយ ឲ្យចេញទៅត្រសាលនៃការជួបជុំ នៅខាងក្រៅជំរំ។
8នៅពេលលោកម៉ូសេចេញទៅព្រះពន្លា ប្រជាជនគ្រប់គ្នាឈរនៅទីនោះ នៅត្រង់ច្រកចូលរបស់ពួកគេ ហើយមើលលោកម៉ូសេរហូតទាល់តែគាត់ចូលទៅខាងក្នុង។
9នៅពេលលោកម៉ូសេចូលទៅខាងក្នុងព្រះពន្លា សសរពពកក៏ចុះមក ហើយឈរនៅត្រង់ច្រកចូលព្រះពន្លា ហើយព្រះអម្ចាស់នឹងមានបន្ទូលមកលោកម៉ូសេ។
10នៅពេលប្រជាជនអ៊ីស្រាអែលទាំងអស់ឃើញសសរពពកឈរនៅត្រង់ច្រកចូលព្រះពន្លា ពួកគេអាចក្រោកឡើង ហើយថ្វាយបង្គំ មនុស្សគ្រប់គ្នាឈរនៅច្រកចូលរៀងៗខ្លួន។
11ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេមុខទល់នឹងមុខ ដូចជាមនុស្សនិយាយជាមួយនឹងមិត្តភក្រ្តរបស់ខ្លួន។ បន្ទាប់មក លោកម៉ូសេក៏ត្រឡប់ទៅជំរំវិញ ប៉ុន្តែ អ្នកបម្រើរបស់គាត់ លោកយ៉ូស្វេ​ កូនរបស់លោកនូន ជាយុវជន នៅក្នុងព្រះពន្លាដដែល។
12លោកម៉ូសេទូលទៅព្រះអម្ចាស់ថា៖ «មើល៍ ព្រះអង្គបានមានបន្ទូលមកទូលបង្គំ» ឲ្យនាំប្រជាជននេះធ្វើដំណើរ ប៉ុន្តែ ព្រះអង្គមិនប្រាប់ទូលបង្គំដឹងទេថា ព្រះអង្គបានចាត់នរណាទៅជាមួយទូលបង្គំ។ ព្រះអង្គមានបន្ទូលថា៖ «យើងឈ្មោះអ្នក ហើយអ្នកប្រកបដោយព្រះគុណនៅចំពោះយើងដែរ»។
13ឥឡូវនេះ ប្រសិនបើ ទូលបង្គំបានប្រកដោយព្រះគុណនៅចំពោះព្រះអង្គមែន សូមបង្ហាញផ្លូវរបស់ព្រះអង្គឲ្យទូលបង្គំផង ដើម្បីឲ្យទូលបង្គំបានស្គាល់ព្រះអង្គ ហើយបន្តក្នុងការទទួលព្រះគុណនៅចំពោះព្រះអង្គ។ សូមព្រះអង្គចាំថា ប្រជាជាតិនេះគឺជាប្រជារាស្រ្តរបស់ព្រះអង្គ»។
14ព្រះអម្ចាស់ឆ្លើយថា៖ «វត្តមានរបស់យើងផ្ទាល់នឹងនាំអ្នក ហើយយើងនឹងឲ្យអ្នកបានសម្រាក»។
15លោកម៉ូសេទូលទៅព្រះអង្គវិញថា៖ «ប្រសិនបើ វត្តមានរបស់ព្រះអង្គមិនយាងទៅជាមួយយើងទេ សូមកុំនាំយើងខ្ញុំចេញពីទីនេះឡើយ។
16ដ្បិត បើមិនដូច្នោះទេ តើឲ្យគេដឹងថា ទូលបង្គំ និងប្រជារាស្រ្តរបស់ព្រះអង្គបានប្រកបដោយព្រះគុណរបស់ព្រះអង្គបាន? វាមិនអាចទៅរួចទេ ប្រសិនបើ ព្រះអង្គយាងទៅជាមួយយើង ដើម្បីឲ្យទូលបង្គំ និងប្រជារាស្រ្តរបស់ព្រះអង្គ តើមានភាពខុសគ្នាពីប្រជាជនផ្សេងទៀតដែលនៅលើផ្ទៃនៃផែនដីនេះ?
17ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «យើងនឹងធ្វើការនេះ តាមការស្នើសុំដែលអ្នកបានសុំ ដ្បិតអ្នកបានប្រកបដោយព្រះគុណនៅចំពោះយើង ហើយយើងក៏ស្គាល់ឈ្មោះអ្នកដែរ»។
18លោកម៉ូសេទូលថា៖ «សូមបង្ហាញសិរីល្អរបស់ព្រះអង្គ»។
19ព្រះអម្ចាស់មានបន្ទូលថា៖ «យើងនឹងសម្តែងសេចក្តីសប្បុរសរបស់យើងនៅចំពោះអ្នក ហើយយើងនឹងប្រកាសនាមរបស់យើងថា៖ «ព្រះអម្ចាស់» នៅចំពោះអ្នកដែរ។ យើងនឹងផ្តល់សេចក្តីមេត្តាដល់អស់អ្នកណាដែលយើងផ្តល់សេចក្តីមេត្តា ហើយយើងនឹងបង្ហាញព្រះគុណដល់អស់អ្នកណាដែលយើងផ្តល់ព្រះគុណ»។
20ប៉ុន្តែ ព្រះអម្ចាស់មានបន្ទូលថា៖ អ្នកមិនអាចឃើញមុខរបស់យើងទៀតបានទេ ដ្បិតគ្មាននរណាឃើញមុខយើងហើយ នៅរស់ទៀតទេ»។
21ព្រះអម្ចាស់មានបន្ទូលថា៖ «មើល៍ មានកន្លែងមួយនៅជិតយើង អ្នកទៅឈរនៅជិតថ្មនេះហើយ។
22នៅពេលសិរីល្អរបស់យើងឆ្លងកាត់ យើងនឹងដាក់អ្នកនៅត្រង់ក្រហែងថ្មនោះ ដើម្បីគ្របបាំងអ្នកពីព្រះហស្តរបស់យើងរហូតយើងបានឆ្លងផុត។ បន្ទាប់មក
23យើងនឹងដកព្រះហស្តរបស់យើងចេញ ហើយអ្នកនឹងឃើញខ្នងរបស់យើង ប៉ុន្តែ មិនឃើញមុខរបស់យើងទេ»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។