1ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖
2«មើល៍ យើងបានហៅបេតសាលាល ជាកូនរបស់យូរី និងជាចៅរបស់ហ៊ើរ ក្នុងកុលសម្ព័ន្ធយូដាចំឈ្មោះ។
3យើងបានបំពេញបេតសាលាល ដោយវិញ្ញាណរបស់យើង យើងបានប្រទានឲ្យគាត់មានប្រាជ្ញា ការយល់ដឹង និងចំណេះដឹង សម្រាប់ធ្វើការគ្រប់មុខ
4ដើម្បីធ្វើគម្រោង និងចេះធ្វើមាស ប្រាក់ និងលង្ហិន
5ឲ្យចេះច្នៃ និងដាំត្បូង ព្រមទាំងចេះឆ្លាក់ឈើផង គឺចេះធ្វើការគ្រប់មុខ។
6យើងក៏បានជ្រើសរើសអូហូលីអាប់ កូនរបស់អហ៊ីសាម៉ាក មកពីកុលសម្ព័ន្ធដាន់ឲ្យជួយគាត់ដែរ។ យើងបានដាក់ឲ្យគាត់មានជំនាញនៅក្នុងចិត្តរបស់អស់អ្នកដែលមានប្រាជ្ញា ដើម្បីឲ្យពួកគេអាចធ្វើអ្វីៗគ្រប់យ៉ាងដែលយើងបានបង្គាប់ដល់អ្នក។
7ការនេះ រួមទាំងត្រសាលនៃការជួបជុំ ហិបនៃទីបន្ទាល់ ទីសន្តោសប្រោសនៅលើហិប និងគ្រប់ទាំងគ្រឿងសម្ភារនៅក្នុងព្រះពន្លាផង
8មាន តុ និងសម្ភារផ្សេងៗដែលត្រូវប្រើជាមួយវា ជើងចង្កៀងពីមាសសុទ្ធ និងសម្ភាររបស់វាទាំងអស់ កន្លែងថ្វាយគ្រឿងក្រអូប
9កន្លែងថ្វាយយញ្ញបូជា ជាមួយនឹងសម្ភាររបស់វាទាំងអស់ និងអាងទឹកធំនិងជើងរបស់វា។
10ការនេះ បូករួមជាមួយនឹងសម្លៀកបំពាក់ គឺសម្លៀកបំពាក់បរិសុទ្ធសម្រាប់អ៊ើរ៉ុន ជាបូជាចារ្យ និងកូនប្រុសៗរបស់គាត់ទាំងអស់ ដែលបានត្រៀមទុកសម្រាប់យើង ដើម្បីឲ្យពួកគេបានបម្រើយើងក្នុងមុខងារជាបូជាចារ្យ។
11ការនេះ បូករួមជាមួយនឹងប្រេងសម្រាប់ចាក់ប្រេងតាំង និងគ្រឿងក្រអូបសម្រាប់ទីបរិសុទ្ធ។ ពួកសិប្បករទាំងនេះ ត្រូវធ្វើរបស់ទាំងអស់នេះ ដូចដែលយើងបានបង្គាប់ដល់អ្នក»។
12ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេ ដោយបន្ទូលថា៖
13«ចូរប្រាប់ជនជាតិអ៊ីស្រាអែលថា «អ្នករាល់គ្នាត្រូវរក្សាថ្ងៃសប្ប័ទរបស់ព្រះអម្ចាស់ ដ្បិត ថ្ងៃសប្ប័ទគឺជាទីសម្គាល់រវាងព្រះអង្គ និងអ្នករាល់គ្នា គ្រប់ជំនាន់តរៀងទៅ ដើម្បីឲ្យអ្នករាល់គ្នាអាចដឹងថាព្រះអង្គគឺជាព្រះអម្ចាស់ ដែលបានញែកអ្នករាល់គ្នាសម្រាប់ព្រះអង្គ។
14ដូច្នេះ អ្នកត្រូវរក្សាថ្ងៃសប្ប័ទ ដ្បិត អ្នករាល់គ្នាត្រូវចាត់ទុកថ្ងៃសប្ប័ទជាថ្ងៃបរិសុទ្ធ រក្សាថ្ងៃនោះសម្រាប់ព្រះអង្គ។ អ្នកណាដែលបង្ខូចវា ត្រូវសម្លាប់ចោល។ អ្នកណាដែលធ្វើការនៅថ្ងៃសប្ប័ទ អ្នកនោះត្រូវកាត់ចេញពីប្រជាជនរបស់ខ្លួន។
15ត្រូវធ្វើការត្រឹមតែប្រាំមួយថ្ងៃបានហើយ ប៉ុន្តែ ថ្ងៃទីប្រាំពីរ គឺជាថ្ងៃសប្ប័ទ ជាថ្ងៃសម្រាក ថ្ងៃបរិសុទ្ធ ត្រូវរក្សាវាសម្រាប់គោរពដល់ព្រះអម្ចាស់។ អ្នកណាដែលធ្វើការនៅថ្ងៃសប្ប័ទ ត្រូវសម្លាប់ចោល។
16ដូច្នេះហើយ បានជាជនជាតិអ៊ីស្រាអែលត្រូវរក្សាថ្ងៃសប្ប័ទ។ ពួកគេត្រូវគោរពថ្ងៃសប្ប័ទជារៀងរហូតតទៅគ្រប់ជំនាន់ ជាច្បាប់អស់កល្បជានិច្ច។
17ថ្ងៃសប្ប័ទនឹងធ្វើជាទីសម្គាល់រវាងព្រះអម្ចាស់ និងជនជាតិអ៊ីស្រាអែល ដ្បិត ក្នុងរយៈពេលប្រាំមួយថ្ងៃ ព្រះអម្ចាស់បានបង្កើតស្ថានសួគ៌ និងផែនដី ហើយនៅថ្ងៃទីប្រាំពីរ ព្រះអង្គបានសម្រាក ហើយលំហែ»។
18នៅពេលព្រះជាម្ចាស់ឈប់មានបន្ទូលជាមួយលោកម៉ូសេនៅលើភ្នំស៊ីណាយ ព្រះអង្គបានប្រទានបន្ទះថ្មនៃសម្ពន្ធមេត្រី ដែលព្រះអង្គបានចារ ដោយព្រះហស្តរបស់ព្រះអង្គផ្ទាល់។