ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

និក្ខមនំ 2

Read Scripture freely. Divine Threads study for this chapter is coming later.

1គ្រានោះ មានបុរសនៅកុលសម្ព័ន្ធលេវីម្នាក់បានរៀបការជាមួយស្រី្តនៅក្នុងកុលសម្ព័ន្ធលេវីដែរ។
2នាងមានផ្ទៃពោះ ហើយបានសម្រាលកូនប្រុសមួយ។ នៅពេលនាងឃើញកូនប្រុសនោះមានសុខភាពល្អ នាងបានលាក់កូននោះអស់រយៈពេលបីខែ។
3ប៉ុន្តែ នៅពេលនាងលាក់កូននោះទៀតលែងបាន នាង​​យក​ជាល​មួយ​ធ្វើ​ពី​ដើម​បបុស ហើយយក​ជ័រ និង​ម្រ័ក្សណ៍​មក​លាប។ បន្ទាប់មក ដាក់កូននោះ​ទៅ​ក្នុង​ជាល​ រួច​យក​ទៅ​ដាក់​តាម​គុម្ព​ត្រែង​នៅ​មាត់​ទន្លេ​នីល។
4បង​ស្រី​របស់​ទារក​តាម​មើល​ពី​ចម្ងាយ ដើម្បី​ឲ្យ​ដឹង​ថា នឹងមានអ្វីកើតឡើងជាមួយនឹងទារកនោះ។
5បុត្រីរបស់សេ្តចផារ៉ោនបានចុះមកស្រង់ទឹកនៅទន្លេ នៅពេលពួកភីលៀងដើរលេងនៅតាមដងទន្លេ។ នាងបានឃើញជាលមួយនៅក្នុងគុម្ពត្រែង ហើយព្រះនាងបានចាត់ភីលៀងឲ្យទៅយកមក។
6ពេលព្រះនាងបើកឡើង ព្រះនាងឃើញកូនមួយ។ មើល៍ កូននោះកំពុងតែយំ។ ព្រះនាងមានព្រះទ័យមេត្តាលើកូននោះ ហើយមានបន្ទូលថា​៖ «កូនប្រាកដជាកូនរបស់ជនជាតិហេព្រើរហើយ»។
7បន្ទាប់មក បងស្រីរបស់កូននោះ បានចូលទៅទូលបុត្រីរបស់ស្តេចផារ៉ោនថា៖ «តើឲ្យខ្ញុំម្ចាស់ទៅរកមេដោះ ជនជាតិហេព្រើរ ថ្វាយព្រះនាងទេ?»
8បុត្រី​ផារ៉ោន​មាន​សវនីយ៍​ថា៖ «ទៅចុះ»។ ដូច្នេះ ក្មេងស្រីនោះបានទៅ ហើយបានទៅជួបម្តាយរបស់កូននោះ។
9បុត្រី​ផារ៉ោន​មាន​សវនីយ៍​ទៅកាន់ម្តាយរបស់កូននោះថា៖ «ចូរយកកូន ទៅបំបៅឲ្យខ្ញុំ ហើយយើងនិងឲ្យថ្លៃឈ្នួលដល់អ្នក»។ ដូច្នេះ ស្ត្រីនោះក៏យក ហើយបំបៅកូននោះ។
10នៅពេលកូនធំឡើង នាងបានយកកូននោះទៅថ្វាយបុត្រីស្តេចផារ៉ោន ហើយគាត់បានក្លាយជាកូនរបស់ព្រះនាង។ ព្រះនាងបានដាក់ឈ្មោះកូននោះថា ម៉ូសេ ហើយមានសវនីយ៍​ថា៖ «ព្រោះយើងបានយកកូនចេញពីទឹក»។
11នៅពេលលោកម៉ូសេធំឡើង គាត់បានទៅរកប្រជាជនរបស់គាត់ ហើយបានសង្កេតមើលការងារលំបាករបស់ពួកគេ។ គាត់បានឃើញជនជាតិអេស៊ីបវាយជនជាតិហេព្រើរម្នាក់ ជាជនជាតិរបស់គាត់។
12គាត់បានមើលឆ្វេងមើលស្តាំ ហើយពេលគាត់ឃើញថាគ្មាននរណានៅទីនោះ គាត់បានសម្លាប់ជនជាតិអេស៊ីបនោះ ហើយបានកប់អ្នកនោះនៅក្នុងខ្សាច់។
13នៅថ្ងៃបន្ទាប់ គាត់បានចេញក្រៅម្តងទៀត ហើយមើល៍ មានជនជាតិហេព្រើរពីរនាក់កំពុងតែវាយគ្នា។ គាត់បាននិយាយទៅម្នាក់ដែលធ្វើខុសថា៖ «ហេតុអ្វីបានវាយគូកនខ្លួនដូច្នេះ?»
14បុ៉ន្តែ បុរសនោះឆ្លើយថា៖ «តើអ្នកណាតាំងឯងឲ្យធ្វើជាអ្នកដឹកនាំ ហើយជាចៅក្រមលើយើង? តើលោកគ្រោងនឹងសម្លាប់ខ្ញុំ ដូចលោកបានស្លាប់ជនជាតិអេស៊ីបដែលមែនទេ?» នោះ លោកម៉ូសេមានការភ័យខ្លាចជាខ្លាំង ហើយប្រាប់ថា៖ «អ្វីដែលខ្ញុំបានធ្វើ អ្នកផ្សេងដឹងអស់ហើយ»។
15ពេលស្តេចផារ៉ោនបានដឹងរឿងនេះ ស្តេចបានព្យាយាមសម្លាប់លោកម៉ូសេ។ ប៉ុន្តែ លោកម៉ូសេបានរត់គេចចេញពីស្តេចផារ៉ោន ហើយទៅស្នាក់នៅទឹកដីម៉ាឌាន។ គាត់បានអង្គុយនៅជិតអណ្ដូងទឹក។
16បូជាចារ្យរបស់ជនជាតិម៉ាឌានមានកូនស្រីប្រាំពីរនាក់។ ពួកគេបានមក ដងទឹក ហើយចាក់ទឹកពេញស្នូកឲ្យហ្វូងសត្វរបស់ឪពុកនាងផឹក។
17អ្នកគង្វាលចៀមបានមក ហើយព្យាយាមដេញពួកគេ ប៉ុន្តែ លោកម៉ូសេបានទៅ ហើយជួយពួកគេ។ បន្ទាប់មក គាត់បានឲ្យទឹកហ្វូងសត្វរបស់ពួកគេផឹក។
18ពេលពួកស្រីៗបានទៅឯលោករេហូលជាឪពុករបស់ពួកគេ គាត់សួរថា៖​ «ហេតុអ្វីបានជាកូនមកផ្ទះលឿនម៉េ្លះថ្ងៃនេះ?»
19ពួកគេប្រាប់ថា៖​ «ជនជាតិអេស៊ីបបានជួយពួកយើងពីពួកអ្នកគង្វាលទាំងឡាយ។ គាត់ថែមទាំងបានដងទឹកឲ្យហ្វូងសត្វយើងផឹកទៀតផង»។
20គាត់ប្រាប់ទៅកូនស្រីរបស់គាត់ថា៖ «តើគាត់នៅឯណា?» ហេតុអ្វីបានជាកូនទុកបុរសនោះចោល? ហៅគាត់មក ដើម្បីឲ្យគាត់បានទទួលទានអាហារជាមួយយើង»។
21លោកម៉ូសេយល់ព្រមស្នាក់នៅជាមួយលោកនោះ ដែលបានប្រគល់​នាង​សេផូ‌រ៉ា ​កូន​ស្រីរបស់គាត់ឲ្យរៀបការជាមួយលោកម៉ូសេ។
22នាងបង្កើតបានកូនប្រុសមួយ ហើយលោកម៉ូសេបានដាក់ឈ្មោះកូននោះថា គើ‌សម គាត់និយាយថា៖ «ខ្ញុំ​ជា​អ្នកស្នាក់នៅក្នុង​ស្រុក​ដទៃ»។
23ជាយូរឆ្នាំក្រោយមក ស្តេចអេស៊ីបបានសុគត។ ជនជាតិអ៊ីស្រាអែលបានស្រែកថ្ងូរ ដោយសារធ្វើការជាទាសក។ ពួកគេបានអំពាវនាវជាជំនួយ ហើយពួកគេបានទូលអង្វរដល់ព្រះជាម្ចាស់ ដោយសារតែចំណងរបស់ពួកគេ។
24នៅពេលព្រះជាម្ចាស់បានឮសម្រែករបស់ពួកគេ ព្រះជាម្ចាស់បាននឹកចាំពីសម្ពន្ធមេត្រីជាមួយលោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប។
25ព្រះជាម្ចាស់បានទតឃើញជនជាតិអ៊ីស្រាអែល ហើយព្រះអង្គបានជ្រាបពីទុក្ខលំបាករបស់ពួកគេ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។