1ចូរហៅអើរ៉ុន បងប្រុសរបស់អ្នក ព្រមទាំងកូនប្រុសៗរបស់គាត់ មានណាដាប់ អប៊ីហ៊ូវ អេលាសារ និងអ៊ីថាម៉ារ ពីក្នុងចំណោមជនជាតិអ៊ីស្រាអែល ដើម្បីឲ្យពួកគេបម្រើយើងក្នុងមុខងារជាបូជាចារ្យ។
2អ្នកត្រូវធ្វើសម្លៀកបំពាក់សម្រាប់អ៊ើរ៉ុន បងប្រុសរបស់អ្នក ញែកដោយឡែកសម្រាប់យើង។ សម្លៀកបំពាក់នេះសម្រាប់ផ្តល់កិត្តិយស និងជាលម្អដល់គាត់។
3អ្នកត្រូវប្រាប់ឲ្យប្រជាជនទាំងអស់ដែលមានប្រាជ្ញា គឺអស់អ្នកដែលបានពេញដោយវិញ្ញាណនៃប្រាជ្ញា ដើម្បីឲ្យពួកគេធ្វើសម្លៀកបំពាក់របស់អ៊ើរ៉ុន ដើម្បីញែកគាត់ដោយឡែកបម្រើយើងក្នុងមុខងារជាបូជាចារ្យ។
4សម្លៀកបំពាក់ដែលពួកគេត្រូវធ្វើគឺប្រដាប់ពាក់លើទ្រូងមួយ អាវអេផូដមួយ អាវវែងមួយ អាវក្នុងមួយជាអាវប៉ាក់ ឈ្នួតក្បាលមួយ និងខ្សែក្រវាត់មួយ។ ពួកគេត្រូវធ្វើសម្លៀកបំពាក់ទាំងនេះ ដើម្បីញែកពួកគេដោយឡែកសម្រាប់យើង។ ពួកគេគឺជាអើរ៉ុន បងប្រុសរបស់អ្នក និងទាំងកូនប្រុសៗរបស់គាត់ ដើម្បីឲ្យបម្រើមុខងារជាបូជាចារ្យ។
5ពួកសិប្បករត្រូវប្រើអំបោះមាស អំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ ព្រមទាំងអំបោះធ្មៃ។
6ពួកគេត្រូវធ្វើអាវអេផូដ ពីអំបោះមាស អំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ ព្រមទាំងអំបោះធ្មៃ ដោយមានប៉ាក់លំអផង។ ត្រូវធ្វើតាមរចនានៃពួកជាងដែលមានស្នាដៃ។
7ត្រូវមានខ្សែស្មាពីរ ភ្ជាប់នៅចុងអាវអេផូដទាំងមុខទាំងក្រោយ ឲ្យបានជាប់ជាមួយគ្នា។
8រីឯខ្សែក្រវាត់របស់អាវអេផូដ ត្រូវធ្វើដោយសរសៃអំបោះយ៉ាងល្អ ដូចអាវអេផូដដែរ គឺមានអំបោះមាស អំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ។
9ត្រូវយកត្បូងមណីជោតិរសពីរមក ហើយចារឈ្មោះកូនរបស់អ៊ីស្រាអែលទាំងដប់ពីរនៅលើនោះ។
10ឈ្មោះរបស់ពួកគេប្រាំមួយ ត្រូវនៅលើត្បូងមណីជោតិរសមួយ ហើយឈ្មោះប្រាំមួយទៀតនៅលើត្បូងមណីជោតិរសមួយទៀត ដើម្បីឲ្យមានឈ្មោះតាមលំដាប់របស់ពួកគេ។
11តាមរបៀបដូចគេឆ្លាក់ត្រា ហើយត្រូវធ្វើក្រចាប់មាសភ្ជាប់នឹងត្បូងទាំងពីរនោះជាមួយនឹងឈ្មោះកូនចៅអ៊ីស្រាអែលទាំងដប់ពីរផង។
12អ្នកត្រូវដាក់ត្បូងទាំងពីរភ្ជាប់នឹងខ្សែរបស់អាវអេផូដ ទុកជាតំណាងកូនរបស់អ៊ីស្រាអែល។ អើរ៉ុននឹងពាក់ឈ្មោះរបស់ពួកគេ នៅចំពោះព្រះអម្ចាស់នៅលើស្មាទាំងពីររបស់កាត់ ទុកជាការរំលឹកដល់ពួកគេ។
13អ្នកត្រូវធ្វើក្រចាប់ទាំងនោះពីមាស
14ហើយធ្វើខ្សែពីមាសសុទ្ធ ដែលវេញចូលគ្នាជារបៀបខ្សែពួរ ហើយអ្នកត្រូវភ្ជាប់ខ្សែ និងក្រចាប់ជាប់គ្នា។
15អ្នកត្រូវធ្វើប្រដាប់ពាក់លើទ្រូងមួយ សម្រាប់វិនិច្ឆ័យ ឲ្យត្រូវតាមរចនានៃពួកជាងដែលមានស្នាដៃ ហើយតាមរបៀបអាវអេផូដដែរ គឺធ្វើពីមាស ពីសំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ដែលត្បាញដោយអំបោះធ្មៃ។
16ត្រូវឲ្យបានបួនជ្រុងស្មើ។ អ្នកត្រូវបត់ប្រដាប់ពាក់ដើមទ្រូវជាពីរផ្នត់។ ត្រូវមានបណ្តោយមួយចំអាម ទទឹងមួយចំអាម។
17អ្នកត្រូវដាក់ដាំត្បូងបួនជួរនៅប្រដាប់នោះ។ ក្នុងជួរទីមួយ ត្រូវដាំត្បូងទទឹមមួយគ្រាប់ ត្បូងប៊ុតលឿងមួយគ្រាប់ និងត្បូងមរកតមួយគ្រាប់។
18ក្នុងជួរទីពីរ មានត្បូងមរកដមួយ ត្បូងកណ្តៀងមួយ និងពេជ្រមួយ។
19ជួរទីបី ត្រូវដាំត្បូងទទឹមមួយគ្រាប់ ត្បូងនិលរ័ត្នមួយគ្រាប់ និងត្បូងជម្ពូរ័ត្នមួយគ្រាប់។
20ជួរទីបួន ត្រូវដាំត្បូងដៃរគៀមមួយគ្រាប់ ត្បូងកែវយក់មួយគ្រាប់ និងមណីជោតិរសមួយគ្រាប់។ ត្បូងនីមួយៗត្រូវតែដាំបង្កប់ក្នុងក្រចាប់ធ្វើអំពីមាស។
21ត្បូងទាំងនេះត្រូវរៀបចំឡើងតាមឈ្មោះរបស់កូនចៅនៃជនជាតិអ៊ីស្រាអែលទាំងអស់ដប់ពីរ ជាលំដាប់តាមឈ្មោះនីមួយៗ។ ត្រូវឆ្លាក់ទាំងអស់បែបដូចជាឆ្លាក់ត្រា គ្រប់ត្បូង ត្រូវចារឹកឈ្មោះមួយៗ ក្នុងឈ្មោះកុលសម្ព័ន្ធទាំងដប់ពីរនោះ។
22អ្នកត្រូវធ្វើជាខ្សែពាក់លើដើមទ្រូងដូចជាខ្សែពួរ ត្រូវធ្វើវាពីមាសសុទ្ធ។
23ត្រូវធ្វើក្រវិលមាសពីរ សម្រាប់ពាក់លើដើមទ្រូង ហើយត្រូវភ្ជាប់នៅចុងសងខាងនៃដើមទ្រូងដែរ។
24បន្ទាប់មក ត្រូវភ្ជាប់ខ្សែមាសទាំងពីរទៅនឹងកងទាំងពីរនៃប្រដាប់ពាក់លើទ្រូង។
25អ្នកត្រូវភ្ជាប់ចុងម្ខាងទៀតនៃខ្សែពីរជាមួយនឹងក្រចាប់ពីរទៀត។ បន្ទាប់មកអ្នកត្រូវភ្ជាប់របស់ទាំងនោះទៅនឹងប្រដាប់ពាក់លើដើមទ្រូងនៅខាងមុខ។
26អ្នកត្រូវធ្វើកងពីរពីមាស ហើយអ្នកដាក់កងនោះនៅលើជ្រុងទាំងពីរនៃប្រដាប់ពាក់លើដើមទ្រូង និងនៅលើជ្រុងដែលនៅជិតជាយខាងក្នុង។
27អ្នកត្រូវធ្វើកងពីមាសពីរថែមទៀត ហើយអ្នកត្រូវភ្ជាប់កងនោះទៅនឹងខាងក្រោមនៃខ្សែចងស្មាពីនៅខាងមុខអាវអេផូដ ជិតកន្លែងដែលខ្សែស្មាភ្ជាប់គ្នា និងខាងលើខ្សែអាវអេផូឌដែរ។
28ពួកគេត្រូវចងប្រដាប់ពាក់លើដើមទ្រូងដោយភ្ជាប់កងទៅនឹងកងរបស់អាវអេផូដចងដោយខ្សែពណ៌ស្វាយ ដើម្បីវាអាចភ្ជាប់ប្រដាប់ពាក់លើដើមទ្រូង ស្ថិតនៅលើខ្សែក្រវាត់។ ធ្វើបែបនេះ ដើម្បីឲ្យប្រដាប់ពាក់លើដើមទ្រូងអាចរបូតពីអាវអេផូដឡើយ។
29បន្ទាប់មក លោកអ៊ើរ៉ុនត្រូវចូលទៅក្នុងទីបរិសុទ្ធបំផុត គាត់ត្រូវយកឈ្មោះជនជាតិអ៊ីស្រាអែលដែលឆ្លាក់នៅលើដួងចិត្តរបស់គាត់គឺនៅលើប្រដាប់ពាក់លើដើមទ្រូង ដើម្បីវិនិច្ឆ័យ ដើម្បីបន្តរំលឹកនៅចំពោះព្រះអម្ចាស់។
30អ្នកត្រូវដាក់យូរីម និងធូមីម ទៅក្នុងប្រដាប់ពាក់លើទ្រូង សម្រាប់វិនិច្ឆ័យ ដើម្បីឲ្យវត្ថុទាំងនេះស្ថិតនៅជាប់នឹងដួងចិត្តអើរ៉ុនជានិច្ច នៅពេលគាត់ចូលមករកព្រះអម្ចាស់។ ដូច្នេះ អើរ៉ុនត្រូវពាក់គ្រឿងសម្រាប់វិនិច្ឆ័យជនជាតិអ៊ីស្រាអែលជាប់នឹងដួងចិត្តរបស់គាត់នៅចំពោះព្រះអម្ចាស់ជានិច្ច។
31អ្នកត្រូវធ្វើអាវអេផូដមួយវែងដែលមានពណ៌ស្វាយ។ ត្រូវបើកប្រឡោះសម្រាប់ក្បាល ហើយនិងប្រឡោះមួយចំកណ្ដាល។
32ត្រូវដេររឹមជុំវិញប្រឡោះនោះ ដើម្បីកុំឲ្យរហែក។ ការនេះត្រូវដេរតាមរបៀបដែលគេដេរជាយអាវស្បែក។
33នៅជាយខាងក្រោម អ្នកត្រូវធ្វើផ្លែទទឹមពីអំបោះពណ៌ខៀវ ពណ៌ស្វាយ និងពណ៌ក្រហមទុំនៅជុំវិញ។ ត្រូវចងឆ្លាស់គ្នានឹងកណ្តឹងមាសនៅជុំវិញ។
34ត្រូវមានកណ្តឹងមាសមួយ និងផ្លែទទឹមមួយ កណ្តឹងមាសមួយ និងផ្លែទទឹមមួយនៅព័ទ្ធជុំវិញជាយខាងក្រោមអាវវែង។
35អាវវែងត្រូវពាក់លើអ៊ើរ៉ុន នៅពេលគាត់បម្រើ ដើម្បីឲ្យសម្លេងរបស់វាអាចឮ ពេលគាត់ចូលទៅក្នុងទីបរិសុទ្ធនៅចំពោះព្រះអម្ចាស់ និងពេលគាត់ចាកចេញ។ ធ្វើដូច្នេះ គាត់នឹងមិនត្រូវស្លាប់ឡើយ។
36អ្នកត្រូវធ្វើស្លាកមួយពីមាសសុទ្ធ ហើយឆ្លាក់លើវា ដូចជាត្រាមួយថា «វិសុទ្ធថ្វាយព្រះអម្ចាស់»។
37អ្នកត្រូវភ្ជាប់ស្លាកនេះជាមួយនឹងខ្សែពណ៌ខៀវភ្ជាប់នឹងឈ្នូតក្បាលផ្នែកខាងមុខ។
38ត្រូវពាក់វានៅលើក្បាលរបស់អ៊ើរ៉ុន គាត់ផ្ទុកបាបផ្សេងៗដែលជាប់ពាក់ព័ន្ធនឹងតង្វាយបរិសុទ្ធ ដែលជនជាតិអ៊ីស្រាអែលត្រូវញែកដោយឡែកថ្វាយព្រះអម្ចាស់។ ឈ្នួតក្បាលត្រូវពាក់នៅពីលើក្បាលរបស់គាត់ជានិច្ច ដើម្បីឲ្យព្រះអម្ចាស់បានទទួលតង្វាយរបស់ពួកគេ។
39អ្នកត្រូវធ្វើអាវខ្លួនពីក្រណាត់ដ៏ល្អ ហើយអ្នកត្រូវធ្វើឈ្នូតក្បាលមួយពីក្រណាត់ដ៏ល្អដែរ។ អ្នកត្រូវធ្វើខ្សែក្រវាត់មួយដើម្បីពាក់ឈៀង។
40សម្រាប់កូនប្រុសៗរបស់អ៊ើរ៉ុនវិញ អ្នកត្រូវធ្វើអាវធំ ខ្សែក្រវាត់ និងឈ្នួតក្បាល ដើម្បីជាកិត្តិយស និងភាពថ្លៃថ្នូរដល់ពួកគេ។
41អ្នកត្រូវស្លៀកពាក់ឲ្យលោកអ៊ើរ៉ុន បងប្រុសរបស់អ្នក ហើយនិងកូនប្រុសៗដែលនៅជាមួយគាត់។ អ្នកត្រូវចាក់ប្រេងលើពួកគេ និងតែងតាំងពួកគេ ព្រមទាំងញែកពួកគេដោយឡែកសម្រាប់យើង ដើម្បីឲ្យពួកគេបម្រើយើងក្នុងមុខងារជាបូជាចារ្យ។
42អ្នកត្រូវធ្វើខោក្នុងពីអំបោះធ្មៃ ដើម្បីគ្របបាំងកេរ្តិ៍ខ្មាសរបស់ពួកគេ ខោក្នុងនោះ នឹងគ្របបាំងពីចង្កេះដល់ភ្លៅ។
43លោកអ៊ើរ៉ុន និងកូនប្រុសៗរបស់គាត់ត្រូវស្លៀកសម្លៀកបំពាក់ទាំងនេះ នៅពេលពួកគេចូលទៅក្នុងព្រះពន្លានៃត្រសាលប្រជុំ ឬនៅពេលពួកគេចូលទៅកន្លែងថ្វាយយញ្ញបូជានៅក្នុងទីបរិសុទ្ធ។ ពួកគេត្រូវធ្វើបែបនេះ ដើម្បីកុំឲ្យពួកគេធ្វើខុស ឬពួកគេមិនត្រូវស្លាប់ឡើយ។ នេះគឺជាច្បាស់ដែលសិ្ថតស្ថេររៀងរហូតតទៅ សម្រាប់លោកអ៊ើរ៉ុន និងពូជពង្សដែលនៅក្រោយគាត់។