ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

និក្ខមនំ 27

Read Scripture freely. Divine Threads study for this chapter is coming later.

1អ្នកត្រូវធ្វើកន្លែងថ្វាយយញ្ញបូជាពីឈើនាងនួន ដែលមានប្រវែងប្រាំហត្ថ និងទទឹកប្រាំហត្ថ។ កន្លែងថ្វាយយញ្ញបូជានោះត្រូវមានរាងការ៉េ និងកម្ពស់បីហត្ថ។
2អ្នកត្រូវធ្វើស្នែងគោជាប់ទាំងបួនជ្រុងនៃកន្លែងថ្វាយយញ្ញបូជានោះ។ ស្នែងត្រូវភ្ជាប់ដុំតែមួយជាមួយនឹងកន្លែងថ្វាយយញ្ញបូជា អ្នកត្រូវស្រោបស្នែងនោះដោយលង្ហិន។
3អ្នកត្រូវធ្វើឧបករណ៍សម្រាប់ប្រើនៅកន្លែងថ្វាយយញ្ញបូជា មានឆ្នាំង ប៉ែល ផើង សម និង​ជើង‌ក្រាន។ អ្នកត្រូវ​ធ្វើឧបរណ៍នេះជាមួយនឹង​លង្ហិន​ទាំង​អស់។
4អ្នកត្រូវធ្វើប្រទាសសម្រាប់កន្លែងថ្វាយយញ្ញបូជា ខ្ទាស់ក្រឡាគ្នាជាមួយលង្ហិន។ ត្រូវធ្វើកងលង្ហិនបួនសម្រាប់ប្រទាសនីមួយៗទាំងបួនជ្រុងដែរ។
5អ្នកត្រូវដាក់ប្រទាសនៅក្រោមក្រោមជ្រុងទាំងបួន គឺនៅចំពាក់កណ្តាលនៃកន្លែងថ្វាយយញ្ញបូជា។
6អ្នកត្រូវធ្វើឈើស្នែងសម្រាប់សែងកន្លែងថ្វាយយញ្ញបូជា ឈើស្នែងនោះត្រូវធ្វើពីឈើនាងនួន ហើយអ្នកត្រូវស្រោបវាដោយលង្ហិន។
7ត្រូវដាក់ឈើស្នែងនៅក្នុងកង ហើយឈើស្នែងសម្រាប់សែងកន្លែងថ្វាយយញ្ញបូជាត្រូវមានទាំងសងខាង។
8អ្នកត្រូវធ្វើកន្លែងថ្វាយយញ្ញបូជាពីក្តាដែលមានប្រហោងកណ្តាល ចេញពីបន្ទះក្តានោះ។ អ្នកត្រូវធ្វើវាបែបនេះ តាមដែលបានបង្ហាញនៅលើភ្នំ។
9អ្នកត្រូវធ្វើទីលានសម្រាប់ព្រះពន្លា។ ត្រូវមានរនាំងព័ទ្ធជុំវិញភាគខាងត្បូងនៃទីលាន ​រនាំង​ធ្វើ​ពី​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ ប្រវែង​មួយ​រយ​ហត្ថ។
10រនាំងត្រូវមាននោះត្រូវមានសរសេរម្ភៃ ជាមួយនឹងជើងទ្រម្ភៃដែលធ្វើពីលង្ហិនផង។ ត្រូវមានតម្ពក់ភ្ជាប់ទៅនឹងសរសរ និង​គន្លឹះ ត្រូវ​ធ្វើ​ពី​ប្រាក់។
11នៅប៉ែកខាងជើងក៏ដូចគ្នាដែរ ត្រូវធ្វើរនាំងប្រវែងមួយហត្ថ ជាមួយនឹងសសរម្ភៃដែរ ជើងទ្រម្ភៃធ្វើ​ពី​លង្ហិន ​តម្ពក់ដែលភ្ជាប់នឹងសសរ និង​កន្លឹះ ធ្វើ​ពី​ប្រាក់។
12នៅប៉ែកខាងលិច ត្រូវធ្វើវាំងននប្រវែងហាសិបហត្ថ។ ត្រូវធ្វើសសរដប់ និងជើងទ្រដប់។
13ទីលានត្រូវមានប្រវែងហាសិបហត្ថ ទៅប៉ែកខាងកើត។
14រនាំងសម្រាប់ប៉ែកផ្លូវចូលត្រូវមានប្រវែងដប់ប្រាំហត្ថ។ ត្រូវធ្វើសសរបី និងជើងទ្របី។ នៅប៉ែកម្ខាងទៀតក៏ត្រូវមានរនាំងប្រវែងដប់ប្រាំហត្ថដែរ។
15ត្រូវធ្វើសសរបី និងជើងទ្របី។ ច្រកចូលទីលានត្រូវធ្វើវាំងននមានប្រវែងម្ភៃហត្ថ។
16វាំងននត្រូវមានពណ៌ខៀវ ពណ៌ស្វាយ និងពណ៌ក្រហមទុំ ធ្វើពីក្រណាត់អំបោះធ្មៃយ៉ាងស្អាត ជាមួយនឹងក្បាច់បាក់ផង។ ត្រូវមានសសរបួនជាម្ួយនឹងជើងទ្របួន។
17សសរទីលានទាំងអស់ត្រូវមានគន្លឹះ និងតម្ពក់ស្រោបដោយប្រាក់ និងមានជើងទ្រលង្ហិន។
18ទីលានត្រូវមានបណ្តោយប្រវែងមួយរយហត្ថ និងទទឹងប្រវែងហាសិបហត្ថស្មើគ្នា ហើយនិងកម្ពស់ប្រាំហត្ថ ជាមួយនឹងរនាំងវិញត្រូវធ្វើពីអំបោះធ្មៃយ៉ាងស្អាតចងព័ទ្ធជុំវិញ ដែលមានជើងទ្រលង្ហិនផង។
19គ្រប់ឧបរកណ៍ទាំងអស់ដែលត្រូវប្រើនៅក្នុងព្រះពន្លា និងចម្រឹង​ព្រះ‌ពន្លា និង​ចម្រឹង​រនាំង​របស់​ទី‌លាន ត្រូវ​ធ្វើ​ពី​លង្ហិន​ទាំង​អស់។
20អ្នកត្រូវបង្គាប់ដល់ប្រជាជនអ៊ីស្រាអែលឲ្យយកប្រេងអូលីវសុទ្ធ​ដែល​ល្អបំផុត សម្រាប់​ដុតឲ្យ​ចង្កៀង​ភ្លឺ​ជា​អចិន្ត្រៃយ៍។
21នៅខាងមុខព្រះពន្លានៃការជួបជុំ នៅខាងក្រៅវាំងននដែលនៅខាងមុខព្រះពន្លាដែលនៅទីនោះមានហឹបនៃសម្ពន្ធមេត្រី លោកអ៊ើរ៉ុន និងកូនប្រុសៗរបស់គាត់ត្រូវរក្សាចង្កៀងឲ្យឆេះនៅចំពោះព្រះអម្ចាស់ជានិច្ច តាំងពីព្រឹករហូតដល់ល្ងាច។ សេចក្តីបង្គាប់នេះ នឹងត្រូវជាពិធីបរិសុទ្ធសម្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​គ្រប់​ជំនាន់អនុវត្ត​តាមជារៀងរហូត​ត​ទៅ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។