ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

និក្ខមនំ 25

Read Scripture freely. Divine Threads study for this chapter is coming later.

1ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖
2«ចូរប្រាប់ជនជាតិអ៊ីស្រាអែល ឲ្យយកតង្វាយមកថ្វាយដល់យើងពីមនុស្សគ្រប់គ្នា ដែលមានដួងចិត្តនៃការថ្វាយ។ អ្នកត្រូវទទួលតង្វាយនេះសម្រាប់យើង។
3ទាំងនេះជាតង្វាយដែលអ្នកត្រូវទទួលពីពួកគេ មានមាស ប្រាប់ និងលង្ហិន
4ក្រណាត់​ពណ៌​ស្វាយ ពណ៌​ក្រហម និងពណ៌​ក្រហម​ទុំ ក្រណាត់​ទេស‌ឯក
5ក្រណាត់​ធ្វើ​ពី​រោម​ពពែឈ្មោល ស្បែក​ពពែ​ជ្រលក់​ពណ៌​ក្រហម ស្បែក​ផ្សោត និង​ឈើ​នាង‌នួន
6ប្រេង​សម្រាប់​ដុត​បំភ្លឺទីសក្ការ ប្រេង​ក្រអូប​សម្រាប់​ពិធី​លាប​ប្រេង និង​គ្រឿង​ក្រអូប​សម្រាប់​ដុត
7ត្បូង​មណី‌ជោតិរស និង​ត្បូង​ដ៏​មាន​តម្លៃ​ផ្សេងៗ សម្រាប់​ដាំ​នៅ​លើ​អាវ​អេផូដ និង​សម្រាប់​លំអ​ដើម​ទ្រូង​បូជា‌ចារ្យ។
8ចូរឲ្យពួក​គេ​សង់​ទីសក្ការៈ​មួយ​សម្រាប់​យើង ដើម្បី​ឲ្យ​យើង​ស្នាក់​នៅ​ក្នុង​ចំណោម​ពួក​គេ។
9អ្នក​រាល់​គ្នា​ត្រូវ​ធ្វើវា ដូចដែលយើងបានបង្ហាញដល់អ្នករាល់គ្នានៅក្នុងផែនការ សម្រាប់សង់​ព្រះ‌ពន្លា និង​ធ្វើ​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មានផង។
10ពួកគេត្រូវធ្វើហឹបមួយពីឈើនាងនួន។ ហឹប​នោះ​មាន​បណ្ដោយ​ពីរ​ហត្ថ​កន្លះ ទទឹង​មួយ​ហត្ថ​កន្លះ និង​កម្ពស់​មួយ​ហត្ថ​កន្លះ។
11អ្នកស្រោបហឹបនោះទាំង​ខាង​ក្នុង ទាំង​ខាង​ក្រៅដោយ​មាស​សុទ្ធ ហើយអ្នកត្រូវធ្វើ​គែម​​មាសព័ទ្ធ​ជុំ‌វិញហឹបនោះ។
12អ្នកត្រូវ​ធ្វើ​កង​មាស​បួនសម្រាប់វា ហើយដាក់​ភ្ជាប់​ទៅ​នឹងជើង​ទាំង​បួន ជាមួយនឹងជើងនៅ​ម្ខាង​ពីរៗ។
13អ្នកត្រូវ​យក​ឈើ​នាង‌នួន​មក​ធ្វើ​ជា​ឈើ​ស្នែង ហើយ​ស្រោបវាដោយ​មាស​ផងដែរ។
14អ្នកត្រូវ​ស៊ក​ឈើ​ស្នែង​ទៅ​ក្នុង​កង​ដែល​នៅ​សង​ខាង​ហឹប ដើម្បី​សែង​ហឹប​នោះបាន។
15ឈើស្នែងត្រូវនៅជាប់នឹងកងរបស់ហឹប មិនត្រូវយកចេញពីវាឡើយ។
16អ្នកត្រូវដាក់ច្បាប់នៃសម្ពន្ធមេត្រីដែលយើងបានឲ្យដល់អ្នកទៅក្នុងហឹបនោះ។
17អ្នកត្រូវធ្វើគម្របហឹបពីមាសសុទ្ធ។ ដែលបណ្តោយ​របស់វាពីរ​ហត្ថ​កន្លះ ហើយទទឹងរបស់វា​មួយ​ហត្ថ​កន្លះ ។
18អ្នកត្រូវធ្វើរូប​ចេរូប៊ីនពីរមាសនៅចុងនៃគម្របទាំងសងខាង។
19ចូរធ្វើរូប​ចេរូប៊ីនមួយនៅចុងម្ខាងនៃគម្របហឹប ហើយរូបចេរូប៊ិនមួយទៀតនៅចុងគម្របហឹបម្ខាងទៀត។ ត្រូវភ្ជាប់ចេរូប៊ិននេះនៅលើគម្របហឹបទាំងសងខាង។
20រូបចេរូប៊ិនត្រូវត្រដាងស្លាប ហើយត្រូវដាក់ទល់មុខគ្នា ព្រមទាំងត្រដាងស្លាបគ្របពីលើគម្របហឹបថែមទៀតផង។ មុខរបស់រូបចេរូប៊ិនត្រូវដាក់ទល់មុខគ្នា ហើយឈ្ងោងមុខនៅលើគម្របហឹបផង។
21អ្នកត្រូវដាក់គម្របនៃទីសន្តោសប្រោសពីលើហឹប ហើយអ្នកត្រូវដាក់ច្បាប់នៃសម្ពន្ធមេត្រីដែលយើងឲ្យដល់អ្នកនៅក្នុងនោះ។
22យើងនឹងជួបអ្នកនៅកន្លែងហឹបនោះ។ យើងនឹងនិយាយជាមួយអ្នកពីកន្លែងនោះមកគឺពីលើគម្របនៃទីសន្តោសប្រោស។ នៅចំកណ្តាលចេរូប៊ិនទាំងពីរនៅលើហឹបនៃទីបន្ទាល់ដែលយើងនឹងនិយាយមកអ្នកពីសេចក្តីបង្គាប់គ្រប់យ៉ាង ដែលយើងនឹងប្រទានដល់ជនជាតិអ៊ីស្រាអែល។
23អ្នកត្រូវធ្វើតុមួយពីឈើនាងនួន។ ប្រវែងរបស់វាត្រូវមានបណ្តោយ​ពីរ​ហត្ថ ហើយទទឹងរបស់វា​មួយ​ហត្ថ ​និងកម្ពស់របស់វា​មួយ​ហត្ថ​កន្លះ។
24អ្នកត្រូវស្រោបវាជាមួយនឹងមាសសុទ្ធ ហើយធ្វើ​គែម​មាស​នៅ​ជុំ‌វិញផង។
25អ្នកត្រូវ​ធ្វើ​គែម​ព័ទ្ធជុំវិញតុ​កម្ពស់​មួយ​ទះ ហើយ​ធ្វើ​ក្បាច់​ជា​មាស​ភ្ជាប់​នឹង​គែម​ព័ទ្ធ​ជុំ‌វិញ​ផង។
26អ្នកត្រូវ​ធ្វើ​កង​មាស​បួន​ ហើយ​ដាក់​ភ្ជាប់​កង​ទាំង​នោះ ទៅ​នឹង​ជ្រុង​ទាំង​បួន ត្រង់​ជើង​តុ​ទាំង​បួននោះផង។
27កង​ទាំង​នោះ​ត្រូវ​នៅ​ជាប់​គែម​តុ ដើម្បី​ឲ្យមានកន្លែងសម្រាប់ស៊ក​ឈើ​ស្នែង​ ដើម្បីឲ្យអាច​សែងបាន។
28អ្នកត្រូវធ្វើឈើស្នែងពីឈើនាងនួន ហើយស្រោបឈើនោះដោយមាស ដើម្បីប្រើស្នែងនោះសែងតុ។
29អ្នកត្រូវធ្វើចាន ស្លាបព្រា ក្អមនិងពែង ប្រើដើម្បីចាក់តង្វាយច្រូច។
30អ្នកត្រូវធ្វើរបស់ទាំងនេះពីមាសសុទ្ធ។ អ្នកត្រូវរៀបចំនំប៉័ងនៅលើតុនោះចំពោះយើងជាប្រចាំ។
31អ្នកត្រូវធ្វើជើងចង្កៀងមាសមានឆ្លាក់។ ជើងចង្កៀងគឺត្រូវធ្វើឲ្យមានក្បាច់រចនា នៅផ្នែកខាងក្រោម និងពីមាសសុទ្ធមួយដុំ។ មានពែង មានមែង និងមានផ្កា ទាំងអស់ធ្វើឡើងពីដុំតែមួយ។
32មានមែកប្រាំមួយ បែកចេញពីតួកណ្តាល ហើយមែកម្ខាងនៃជើងចង្កៀងមានបី ហើយម្ខាងទៀតក៏មានបីដែរ។ ហើយមែកនៃជើងចង្កៀងនោះញែកចេញពីគ្នា មានកន្លាក់ៗ ហើយមែកបីនៃជើងចង្កៀតម្ខាងទៀតក៏បែកចេញពីគ្នាដែរ។
33មែកទីមួយត្រូវមានពែងបី ធ្វើឲ្យដូចជា​គ្រាប់​ចំបក់ មាន​ទាំង​កន្សោម​គ្រាប់ និង​ផ្កា​ផង ហើយ​មែក​ទាំង​ប្រាំមួយ​ដែល​បែក​ចេញ​ពីតួ​ជើង​ចង្កៀង​មក នោះ​ក៏​ត្រូវ​មានរាងដូចជា​គ្រាប់​ចំបក់ដែរ ព្រម​ទាំង​កន្សោម​គ្រាប់ និង​ផ្កា ដូច​គ្នា​ទាំង​អស់លាតចេញមកពីជើងចង្កៀង។
34ចំណែក ជើងចង្កៀងវិញ ដងកណ្តាល ត្រូវមានពែងបួន ធ្វើឲ្យដូចជាគ្រាប់ចំបក់ ព្រម​ទាំង​កន្សោម​គ្រាប់ និង​ផ្កា​ផង។
35ត្រូវ​មាន​កន្សោម​គ្រាប់​មួយ នៅ​ក្រោម​មែកមួយគូដំបូង ត្រូវធ្វើវាពីដុំតែមួយ ហើយត្រូវ​មាន​កន្សោម​គ្រាប់​មួយ នៅក្រោមមែកគូទីពីរ ដែលមានមែកមួយគូទៀត ត្រូវធ្វើវាពីដុំតែមួយ។ ដូចគ្នានោះដែរ ត្រូមានកន្សោមគ្រាប់មួយនៅក្រោមបែកទីបីនៃមែកគូទីបី ត្រូវធ្វើវាពីដុំតែមួយ។ មែកទាំងប្រាំមួយនៃជើងចង្កៀងនោះត្រូវតែដូចគ្នាទាំងអស់។
36កន្សោម​គ្រាប់ និង​មែក​ទាំង​ប៉ុន្មាន ត្រូវ​ឆ្លាក់​ជា​ក្បាច់​រចនា​ពី​មាស​សុទ្ធ​ភ្ជាប់​ជា‌មួយ​គ្នា។
37អ្នកត្រូវធ្វើជើងចង្កៀង ហើយមានចង្កៀងប្រាំពីរ ព្រមទាំងរៀបចំចង្កៀង ដើម្បីឲ្យមានពន្លឺចេញពីវា។
38ឃ្នាប​ប្រឆេះ និង​ថាស​ដាក់​កម្ទេច​សម្រាប់​ជើង​ចង្កៀង នោះ​ក៏​ត្រូវ​ធ្វើ​ពី​មាស​សុទ្ធ​ដែរ។
39ត្រូវ​យក​មាស​សុទ្ធ​មួយ​ហាប មក​ធ្វើ​ជើង​ចង្កៀង និង​គ្រឿង​ប្រដាប់​ទាំង​អស់​របស់វា។
40ត្រូវ​ប្រយ័ត្ន​ធ្វើ​វាឲ្យ​ត្រឹម‌ត្រូវ​តាម​គំរូ ​ដែល​បាន​បង្ហាញ​ដល់អ្នក​នៅ​លើ​ភ្នំ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។