ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

និក្ខមនំ 23

Read Scripture freely. Divine Threads study for this chapter is coming later.

1អ្នកមិនត្រូវផ្តល់ទីបន្ទាល់ក្លែងក្លាយពីនរណាម្នាក់ឡើយ។
2កុំចូលរួមជាមួយមនុស្សអាក្រក់ ហើយធ្វើជាសាក្សីក្លែងក្លាយឡើយ។ អ្នកមិនត្រូវដើរតាមបណ្តាជនធ្វើការអាក្រក់ ឬធ្វើសាក្សីនៅខាងមនុស្សភាគច្រើន ដើម្បីបង្ខូចសេចក្តីសុចរិតឡើយ។
3អ្នកក៏មិនត្រូវយោគយល់ដល់អ្នកក្រណាម្នាក់នៅក្នុងរឿងក្តីរបស់គាត់ឡើយ។
4ប្រសិនបើ អ្នកជួបប្រទះឃើញគោរបស់សត្រូវ ឬលារបស់អ្នកវង្វេង អ្នកត្រូវនាំវាត្រឡប់ទៅឲ្យម្ចាស់វាវិញ។
5ប្រសិនបើ អ្នកឃើញលារបស់នរណាម្នាក់ ដែលស្អប់អ្នកទន់ជង្គង់ដួលដោយសារបន្ទុកធ្ងន់ អ្នកមិនត្រូវដើរចេញពីអ្នកនោះឡើយ។ អ្នកត្រូវជួយដល់គាត់និងលារបស់គាត់វិញ។
6អ្នកមិនត្រូវបង្វែរសេចក្តីយុត្តិធម៌ នៅពេលអ្នកកាត់ក្តីឲ្យប្រជាជនក្រីក្រឡើយ។
7មិនត្រូវចូលរួមជាមួយអ្នកដទៃ ធ្វើរឿងក្លែងក្លាយទាស់ និងមិនត្រូវសម្លាប់មនុស្សទៀងត្រង់ ឬមនុស្សសុចរិតឡើយ ដ្បិតយើងមិនលើកលែងឲ្យមនុស្សទុច្ចរិតឡើយ។
8កុំស៊ីសំណូកឲ្យសោះ ដ្បិតសំណូកនឹងធ្វើឲ្យមនុស្សខ្វាក់ភ្នែក ហើយបង្វែរពាក្យទៀតរបស់មនុស្ស។
9អ្នកមិនត្រូវសង្កត់សង្កិនជនបរទេសឡើយ ព្រោះអ្នកដឹងពីជីវិតនៃភាពជាជនបរទេសហើយ ដ្បិត អ្នកក៏ធ្លាប់ជាជនបរទេសនៅក្នុងទឹកដីអេស៊ីបដែរ។
10ដ្បិត ក្នុងរយៈពេលប្រាំមួយឆ្នាំ អ្នកនឹងសាបព្រោះនៅលើដីរបស់អ្នក ហើយប្រមូលផលរបស់វា។ ប៉ុន្តែ នៅឆ្នាំទីប្រាំពីរ អ្នកមិនត្រូវភ្ជួររាស់ ឬដាំអ្វីឡើយ ធ្វើដូច្នេះ ដើម្បីឲ្យអ្នកក្រនៅក្នុងចំណោមប្រជាជនរបស់អ្នកអាចមានអ្វីហូប។
11ហើយនៅពេលពួកគេទុកដីចោល ​សត្វ​ព្រៃ​នឹង​មក​ស៊ី​អ្វីៗ​ដែល​នៅ​សេស‌សល់នោះ។ អ្នកត្រូវធ្វើដូចគ្នានៅក្នុងចម្ការ​ទំពាំង‌បាយជូរ និង​ចម្ការ​អូលីវ​របស់​អ្នក​ដែរ។
12នៅក្នុងអំឡុងពេលប្រាំមួយថ្ងៃ អ្នកត្រូវធ្វើការរបស់អ្នក ប៉ុន្តែ នៅថ្ងៃទីប្រាំពីរ អ្នកត្រូវសម្រាក។ ធ្វើបែបនេះ ជាមួយគោ និងលារបស់អ្នកដែរ ដើម្បីឲ្យវាបានសម្រាក ហើយឲ្យកូនប្រុសរបស់អ្នកបម្រើស្រីរបស់អ្នក និងជនបរទេសបានសម្រាកនិងបានទទួលការលំហែផង។
13ចូរយកចិត្តទុកដាក់ចំពោះអ្វីៗគ្រប់យ៉ាងដែលយើងបានប្រាប់ដល់អ្នក។ កុំបញ្ចេញនាមរបស់ព្រះផ្សេងៗ ឬកុំឲ្យឈ្មោះរបស់ព្រះដទៃចេញពីមាត់របស់អ្នកឡើយ។
14អ្នកត្រូវធ្វើដំណើរទៅចូលរួមពិធីបុណ្យសម្រាប់យើងបីដងក្នុងមួយឆ្នាំ រៀងរាល់ឆ្នាំ។
15អ្នកត្រូវរក្សាពិធីបុណ្យនំប៉័ងឥតមេ។ ដូចយើងបានបង្គាប់ដល់អ្នក អ្នកត្រូវហូបនំប៉័ងឥតមេនេះក្នុងរយៈពេលប្រាំពីរថ្ងៃ។ នៅថ្ងៃនោះ អ្នកត្រូវបង្ហាញខ្លួននៅចំពោះយើង នៅក្នុងខែអាប៊ីប ដែលបានកំណត់សម្រាប់គោលបំណងនេះ។ វាស្ថិតនៅក្នុងខែដែលអ្នកបានចេញពីអេស៊ីបមក។ ប៉ុន្តែ អ្នកមិនត្រូវបង្ហាញខ្លួននៅចំពោះយើងដោយដៃទទេឡើយ។
16អ្នកត្រូវរក្សាពិធីបុណ្យចម្រូត ផលដំបូងពីការនឿយហត់ ពេលអ្នកសាបព្រោះពូជនៅលើដីស្រែ។ ហើយត្រូវរក្សាពិធីបុណ្យនៃការប្រមូលផល នៅចុងឆ្នាំដែរ នៅពេលអ្នកប្រមូលផលនៃដំណាំពីចម្ការរបស់អ្នក។
17អ្នកបម្រើប្រុសទាំងអស់របស់អ្នកត្រូវបង្ហាញខ្លួននៅចំពោះព្រះអម្ចាស់ បីដងក្នុងមួយឆ្នាំ។
18អ្នកមិនត្រូវថ្វាយឈាមពីយញ្ញបូជាថ្វាយដល់យើងជាមួយនំប៉័ងដែលមានមេឡើយ។ ខ្លាញ់ពីយញ្ញបូជានៅក្នុងពិធីបុណ្យរបស់យើង មិនត្រូវទុកឲ្យនៅរហូតតាំងពីយប់ រហូតដល់ព្រឹកឡើយ។
19អ្នកត្រូវជ្រើសរើសផលដំបូងដែលចេញពីដីរបស់អ្នកមកក្នុងដំណាក់របស់យើង ដំណាក់របស់ព្រះអម្ចាស់ជាព្រះជាម្ចាស់របស់អ្នក។ អ្នកមិនត្រូវស្ងោពពែឈ្មោលនៅក្នុងទឹកដោះមេរបស់វាឡើយ។
20យើងនឹងចាត់ទេវតារបស់យើងនៅពីមុខអ្នក ដើម្បីការពារអ្នកនៅតាមផ្លូវ និងដើម្បីនាំអ្នកទៅកន្លែងដែលយើងបានរៀបចំទុកឲ្យអ្នក។
21ត្រូវយកចិត្តទុកដាក់ជាមួយលោក ហើយស្តាប់តាមលោក។ មិនត្រូវប្រឆាំងជាមួយនឹងលោកឡើយ ដ្បិតលោកនឹងមិនអត់ទោសដល់អំពើរំលងរបស់អ្នកឡើយ។ នាមរបស់យើងនៅលើលោក។
22ប្រសិនបើ អ្នកស្តាប់តាមសម្លេងរបស់លោក ហើយធ្វើតាមអ្វីៗដែលយើងបានប្រាប់ដល់អ្នករាល់គ្នា នោះយើងនឹងធ្វើជាសត្រូវ ជាមួយនឹងសត្រូវរបស់អ្នក ហើយ​ក៏ធ្វើ​ជា​បច្ចា‌មិត្ត​ប្រឆាំង​នឹង​បច្ចា‌មិត្ត​របស់​អ្នក​ដែរ។
23ទេវតារបស់យើងនឹងទៅមុខអ្នក ហើយ​នាំ​អ្នក​ចូល​ទៅ​ក្នុង​ទឹក​ដី​របស់​ជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​ហេត ជន‌ជាតិ​ពេរិ‌ស៊ីត ជន‌ជាតិ​កាណាន ជន‌ជាតិ​ហេវី និង​ជន‌ជាតិ​យេប៊ូស។ យើង​នឹង​បំផ្លាញ​ពួកគេ។
24អ្នកមិនត្រូវលុតជង្គង់ចុះនៅចំពោះព្រះ របស់ពួកគេ ឬថ្វាយបង្គំ ឬធ្វើអ្វីដូចពួកគេធ្វើឡើយ។ ផ្ទុយទៅវិញ អ្នកត្រូវបោះវាចោល ហើយវាយកម្ទេចបង្គោលថ្មរបស់ពួកគេឲ្យខ្ទិច។
25អ្នកត្រូវថ្វាយបង្គំ ព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់អ្នក ហើយព្រះអង្គនឹងឲ្យពរដល់នំប៉័ង និងទឹករបស់អ្នក។ យើងនឹងយកជំងឺចេញពីអ្នករាល់គ្នា។
26គ្មានស្រ្តីណាអារ ឬរលូតកូនរបស់នាងនៅក្នុងទឹកដីរបស់អ្នកឡើយ។ យើងនឹងប្រទានឲ្យអ្នកមានអាយុវែង។
27យើងនឹងឲ្យជនជាតិទាំងអស់ភ័យខ្លាចអ្នកមុនពេលអ្នកទៅដល់។ យើងនឹងសម្លាប់ប្រជាជនទាំងអស់ដែលអ្នកជួប។
28យើងនឹងធ្វើឲ្យសត្រូវរបស់អ្នកបាក់ទ័ពដោយភាពភ័យខ្លាចចំពោះអ្នក។ យើងនឹងចាត់ឪម៉ាល់ទៅមុនអ្នក វានឹងបណ្តេញ​ជន‌ជាតិ​ហេវី ជន‌ជាតិ​កាណាន និង​ជន‌ជាតិ​ហេត ចេញ​​ពី​អ្នក។
29យើង​នឹង​មិន​បណ្ដេញ​ពួក​គេ​ឲ្យ​អស់ ក្នុង​រយៈ​ពេល​តែ​មួយ​ឆ្នាំ​ទេ ឬ​ទឹក​ដី​ក្លាយ​ទៅ​ជា​ទី​ស្មសាន ហើយ​មាន​សត្វ​ព្រៃ​រស់​នៅ​កាន់​តែ​ច្រើន​ឡើងៗឡើយ នាំ​តែ​បង្ក​ការ​លំបាក​ដល់​អ្នក។
30ផ្ទុយទៅវិញ យើងនឹងបណ្តេញពួកគេបន្តិចម្តងៗ ពីចំពោះមុខអ្នក រហូតទាល់តែអ្នកមានគ្នាច្រើន ហើយកាន់កាប់ទឹកដីនោះ។
31យើងនឹងដាក់ព្រំប្រទល់របស់អ្នកពីសមុទ្រដើមត្រែង ដល់សមុទ្រភីលីស្ទីន និងពីទីរហោស្ថានទៅដល់ទន្លេអ៊ើប្រាត។ យើងនឹងប្រទានជ័យជម្នះដល់អ្នកលើអ្នកស្រុកនោះ។ អ្នកនឹងបណ្តេញពួកគេចេញពីមុខអ្នក។
32អ្នកមិនត្រូវចងសម្ពន្ធមេត្រីជាមួយពួកគេឬ ជាមួយព្រះរបស់ពួកគេឡើយ។
33ពួកគេមិនត្រូវរស់នៅក្នុងទឹកដីរបស់អ្នកឡើយ ដ្បិតពួកគេអាចនឹងធ្វើបាបទាស់នឹងយើង។ ប្រសិនបើ អ្នកថ្វាយបង្គំព្រះរបស់ពួកគេ នោះ​អ្នក​នឹង​ត្រូវ​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​របស់​គេ​ជា​មិន​ខាន»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។