1ព្រះជាម្ចាស់មានបន្ទូលពាក្យទាំងអស់នេះដូចតទៅ
2«យើងគឺជាព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់អ្នក ដែលបាននាំអ្នកចេញពីអេស៊ីបមក ចេញពីផ្ទះដែលអ្នកធ្វើជាទាសករ។
3អ្នកមិនត្រូវមានព្រះណាផ្សេងទៀតក្រៅពីយើងឡើយ។
4អ្នកមិនត្រូវឆ្លាក់ធ្វើរូបណា ឬអ្វីមួយពីអ្វីដែលនៅស្ថានសួគ៌ខាងលើ ឬអ្វីៗដែលនៅក្រោមដី ឬនៅក្រោមទឹក។
5អ្នកមិនត្រូវលុតជង្គង់ចុះចំពោះរបស់ទាំងនោះឬថ្វាយបង្គំរបស់ទាំងនោះឡើយ ដ្បិត យើងគឺព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់អ្នក យើងជាព្រះជាម្ចាស់ដែលប្រចណ្ឌ។ យើងនឹងដាក់ទោសអំពើអាក្រក់របស់បុព្វបុរស ដោយនាំការដាក់ទោសលើពូជពង្ស រហូតដល់បី និងបួនជំនាន់ដល់អស់អ្នកដែលស្អប់យើង។
6ប៉ុន្តែ យើងនឹងបង្ហាញពីសម្ពន្ធមេត្រីដ៏ស្មោះត្រង់ទាំងពាន់ជំនាន់ ដល់អស់អ្នកដែលស្រឡាញ់យើង ហើយកាន់តាមសេចក្តីបង្គាប់របស់យើង។
7អ្នកមិនត្រូវបញ្ចេញព្រះនាមរបស់ព្រះអម្ចាស់ជាព្រះជាម្ចាស់របស់អ្នកដោយឥតប្រយោជឡើយ ដ្បិត យើងនឹងមិនរាប់ថាឥតមានទោសដល់អស់អ្នកដែលប្រើនាមរបស់យើងឥតប្រយោជន៍។
8ចូរនឹកចាំពីថ្ងៃសប្ប័ទ ត្រូវញែកដោយឡែកសម្រាប់យើង។
9អ្នកត្រូវធ្វើការ ហើយធ្វើការងាររបស់អ្នកក្នុងរយៈពេលប្រាំមួយថ្ងៃ។
10ប៉ុន្តែ នៅថ្ងៃទីប្រាំពីរគឺជាថ្ងៃសប្ប័ទ ថ្វាយព្រះអម្ចាស់ជាព្រះជាម្ចាស់របស់អ្នក។ នៅថ្ងៃនោះអ្នកមិនត្រូវធ្វើការអ្វីឡើយ អ្នក ឬកូនប្រុសរបស់អ្នក ឬកូនស្រីរបស់អ្នក ឬអ្នកបម្រើប្រុស ឬអ្នកបម្រើស្រី ឬហ្វូងសត្វរបស់អ្នក ឬជនប្រទេស ដែលនៅក្នុងផ្ទះរបស់អ្នកក្តី។
11ដ្បិត ប្រាំមួយថ្ងៃ ព្រះអម្ចាស់បានបង្កើតស្ថានសួគ៌ និងផែនដី សមុទ្រ និងអ្វីៗដែលនៅក្នុងទីទាំងនោះ ហើយព្រះអង្គបានសម្រាកនៅថ្ងៃទីប្រាំពីរ។ ដូច្នេះហើយ ព្រះអម្ចាស់បានប្រទានពរនៅថ្ងៃសប្ប័ទ ហើយញែកថ្ងៃនោះដោយឡែក។
12ចូរគោរពឪពុក និងម្តាយរបស់អ្នក ដូច្នេះ អ្នកអាចនឹងមានអាយុវែងនៅក្នុងទឹកដីដែលព្រះអម្ចាស់ជាព្រះជាម្ចាស់របស់អ្នកបានប្រទានដល់អ្នក។
13អ្នកមិនត្រូវសម្លាប់នរណាឡើយ។
14អ្នកមិនត្រូវប្រព្រឹត្តកំផិតឡើយ។
15អ្នកមិនត្រូវលួចពីនរណាឡើយ។
16អ្នកមិនត្រូវធ្វើបន្ទាល់ក្លែងក្លាយទាស់នឹងអ្នកជិតខាងឡើយ។
17អ្នកមិនត្រូវលោភចង់បានផ្ទះរបស់អ្នកជិតខាង អ្នកមិនត្រូវលោភចង់បានភរិយារបស់អ្នកជិតខាង អ្នកបម្រើប្រុស អ្នកបម្រើស្រី គោ លា ឬអ្វីៗដែលជាកម្មសិទ្ធិរបស់អ្នកជិតខាងរបស់អ្នកឡើយ»។
18ប្រជាជនទាំងអស់បានឃើញផ្គរលាន់ ហើយរន្ទះ ហើយបានឮសម្លេងត្រែ ហើយឃើញផ្សែងហុយពីលើភ្នំ។ នៅពេលប្រជាជនឃើញវា ពួកគេភ័យញ័រ ហើយឈរពីចម្ងាយ។
19ពួកគេនិយាយនឹងលោកម៉ូសេថា៖«សូមនិយាយមកយើងខ្ញុំ យើងខ្ញុំនឹងស្តាប់ ប៉ុន្តែ មិនជាបាច់ឲ្យព្រះជាម្ចាស់មានបន្ទូលមកយើងខ្ញុំទេ យើងខ្ញុំនឹងស្លាប់»។
20លោកម៉ូសេប្រាប់ទៅប្រជាជនវិញថា៖ «កុំខ្លាចឡើយ ដ្បិត ព្រះជាម្ចាស់បានយាងមក ដើម្បីល្បងលអ្នករាល់គ្នា ដើម្បីឲ្យមានការគោរពកោតខ្លាចព្រះអង្គនៅក្នុងអ្នករាល់គ្នា និងដើម្បីកុំឲ្យអ្នករាល់គ្នាធ្វើបាប»។
21ដូច្នេះ ប្រជាជន ឈរនៅពីចម្ងាយ ហើយលោកម៉ូសេបានចូលទៅជិតពពកដ៏ក្រាស់ជាកន្លែងដែលព្រះជាម្ចាស់គង់នៅ។
22ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «នេះគឺជាអ្វីដែលអ្នកត្រូវប្រាប់ដល់ជនជាតិអ៊ីស្រាអែល អ្នកខ្លួនឯងផ្ទាល់ បានឃើញអ្វីដែលយើងបាននិយាយជាមួយអ្នកពីស្ថានសួគ៌
23អ្នកមិនត្រូវមានព្រះផ្សេងទៀតនៅជាមួយយើងឡើយ ជាព្រះដែលធ្វេីពីប្រាក់ ឬមាស។
24អ្នកត្រូវសង់អាសនាមួយពីដីសម្រាប់យើង ហើយអ្នកត្រូវថ្វាយយញ្ញបូជា ជាតង្វាយដុត តង្វាយមេត្រី ចៀម និងគោ។ នៅគ្រប់កន្លែង ជាកន្លែងដែលយើងធ្វើឲ្យឈ្មោះរបស់យើងបានទទួលការគោរពបូជា យើងនឹងមករកអ្នក ហើយប្រទានពរដល់អ្នក។
25ប្រសិនបើ អ្នកធ្វើអាសនាសម្រាប់យើងពីថ្ម អ្នកមិនត្រូវសង់វាពីថ្មដែលកាត់ឡើយ ដ្បិត ប្រសិនបើ អ្នកបម្រើសម្ភាររបស់អ្នកនៅលើអាសនា នោះអ្នកបានបង្ខូចវាហើយ។
26អ្នកមិនត្រូវឡើងជាន់នៅលើអាសនារបស់យើងឡើយ ធ្វើដូច្នេះ ដើម្បីកុំឲ្យគេឃើញកេរ្ដិ៍ខ្មាសរបស់អ្នក»។