ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

និក្ខមនំ 19

Read Scripture freely. Divine Threads study for this chapter is coming later.

1នៅខែទីបី បន្ទាប់ពីប្រជាជនអ៊ីស្រាអែលបានចាកចេញពីអេស៊ីប នៅថ្ងៃដដែលនោះ ពួកគេបានទៅដល់ទីរហោស្ថានស៊ីណាយ។
2បន្ទាប់ពី ចាកចេញពីរេភីឌីម ហើយឆ្ពោះទៅទីរហោស្ថានស៊ីណាយ ពួកគេបានបោះជំរំនៅទីរហោស្ថានទល់មុខនឹងភ្នំ។
3លោកម៉ូសេបានឡើងទៅជួបព្រះជាម្ចាស់។ ព្រះអម្ចាស់បានហៅគាត់ពីភ្នំមកថា៖ «អ្នកត្រូវប្រាប់កូនចៅរបស់លោកយ៉ាកុប ដែលជាជនជាតិអ៊ីស្រាអែលថា
4អ្នករាល់គ្នាបានឃើញអ្វីដែលយើងបានធ្វើចំពោះជនជាតិអេស៊ីប និងពីការដែលយើងនាំអ្នករាល់គ្នាដូចជាស្លាបឥន្ទ្រី ហើយបាននាំអ្នករាល់គ្នាដោយខ្លួនយើងផ្ទាល់។
5ដូច្នេះ ប្រសិនបើ អ្នករាល់គ្នាស្តាប់តាមសម្លេងនិងកាន់តាមសម្ពន្ធមេត្រីរបស់យើង ដូច្នេះ អ្នករាល់គ្នានឹងបានក្លាយជាកេរអាកររបស់យើងជាពិសេស ពីក្នុងចំណោមប្រជាជាតិ ដ្បិត ផែនដីទាំងមូលជារបស់យើង។
6អ្នករាល់គ្នានឹងបានជានគរនៃពួកបូជាចារ្យ និងជាប្រជាជាតិដ៏វិសុទ្ធសម្រាប់យើង។ នេះគឺជាព្រះបន្ទូលដែលអ្នកត្រូវនិយាយទៅកាន់ប្រជាជនអ៊ីស្រាអែល។
7ដូច្នេះ លោកម៉ូសេបានត្រឡប់មកវិញ ហើយកោះហៅពួកចាស់ទុំរបស់ជនជាតិអ៊ីស្រាអែល។ គាត់បានប្រាប់ព្រះបន្ទូលដែលព្រះអម្ចាស់បានបង្គាប់ដល់គាត់ទាំងអស់។
8ជនជាតិអ៊ីស្រាអែលបានឆ្លើយទាំងអស់គ្នា ហើយពោលថា៖ «យើងនឹងធ្វើតាមអ្វីៗគ្រប់យ៉ាងដែលព្រះអម្ចាស់បានមានបន្ទូល»។ បន្ទាប់មក លោកម៉ូសេបានត្រឡប់ទៅរាយការណ៍សំដីរបស់ប្រជាជនប្រាប់ព្រះអម្ចាស់វិញ។
9ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «យើងនឹងមករកអ្នកនៅក្នុងពពកដ៏ក្រាស ដើម្បីឲ្យប្រជាជនបានឮ នៅពេលយើងនិយាយជាមួយអ្នក ហើយពួកគេអាចជឿអ្នកជារៀងរហូតតទៅ»។ ពេលនោះ លោកម៉ូសេបានប្រាប់តាមសំដីរបស់ប្រជាជនដល់ព្រះអម្ចាស់។
10ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «ចូរទៅរកប្រជាជន។ ថ្ងៃនេះ និងថ្ងៃស្អែក អ្នកត្រូវញែកពួកគេដោយឡែកសម្រាប់យើង ហើយឲ្យពួកគេបោកសម្លៀកបំពាក់របស់ពួកគេ។
11ឲ្យពួកគេរួចរាល់នៅថ្ងៃទីបី ដ្បិតនៅថ្ងៃទីបី ព្រះអម្ចាស់នឹងយាងមកលើភ្នំស៊ីណាយ។
12អ្នកត្រូវកំណត់ព្រំប្រទល់នៅជុំវិញភ្នំសម្រាប់ប្រជាជន។ ប្រាប់ពួកគេឲ្យ៖ «ចូរប្រយ័ត្ន កុំឲ្យអ្នករាល់គ្នាឡើងទៅឯភ្នំ ឬប៉ះព្រំប្រទល់របស់វាឡើយ។ អ្នកណាដែលប៉ះភ្នំ នឹងត្រូវសម្លាប់ចោល»។
13មិនត្រូវឲ្យមានដៃណាប៉ះអ្នកនោះឡើយ។ ផ្ទុយទៅវិញ ត្រូវចោលអ្នកនោះនឹងដុំថ្ម ឬបាញ់ព្រួញវិញ។ ទោះបើមនុស្សឬក៏សត្វក្តី គឺត្រូវសម្លាប់ចោល។ នៅពេលឮសម្លេងត្រែផ្លុំយ៉ាងវែង ពួកគេត្រូវឡើងមកឯជើងភ្នំ»។
14បន្ទាប់មក លោកម៉ូសេបានចុះពីភ្នំមកវិញទៅរកប្រជាជន។ គាត់បានញែកប្រជាជនដោយឡែកថ្វាយព្រះអម្ចាស់ ហើយពួកគេបានបោកសម្លៀកបំពាក់របស់ពួកគេ។
15គាត់បានប្រាប់ដល់ប្រជាជនថា៖ «ចូររួចរាល់នៅថ្ងៃទីបី កុំចូលទៅជិតភរិយារបស់អ្នកឡើយ»។
16នៅថ្ងៃទីបី នៅពេលព្រឹក មានសម្លេងផ្គរលាន់ និងរន្ទះ ហើយមានពពកយ៉ាងក្រាសនៅលើភ្នំ ហើយមានសម្លេងត្រែយ៉ាងខ្លាំង។ ប្រជាជនទាំងអស់ដែលនៅជំរំភ័យខ្លាចជាខ្លាំង។
17លោកម៉ូសេបាននាំប្រជាជនចេញពីជំនុំមកជួបព្រះជាម្ចាស់ ហើយពួកគេឈរនៅជើងភ្នំ។
18ភ្នំស៊ីណាយទាំងមូលគ្រប់ជិតទៅដោយផ្សែង ដោយសារព្រះអម្ចាស់បានយាងចុះមកនៅវា ដោយភ្លើង និងផ្សែង។ ផ្សែងបានឡើងទៅលើដូចជាភ្លើងឡ ហើយភ្នំទាំងមូលរញ្ជួយជាខ្លាំង។
19នៅពេលសម្លេងត្រែបន្លឺកាន់តែខ្លាំងឡើង ហើយខ្លាំងឡើង លោកម៉ូសេក៏ទូលដល់ព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ក៏មានបន្ទូលមកគាត់ជាសម្លេង។
20ព្រះអម្ចាស់បានយកចុះមកលើភ្នំស៊ីណាយ គឺនៅលើកំពូលភ្នំ ហើយកោះហៅលោកម៉ូសេពីលើកំពូលភ្នំមក។ ដូច្នេះ លោកម៉ូសេក៏ឡើងទៅលើភ្នំ។
21ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «ចូរចុះទៅវិញ ហើយហាមប្រាមប្រជាជនកុំឲ្យទម្លាយចូលមក ដើម្បីមើលយើងឡើយ មិនដូច្នោះទេ ពួកគេជាច្រើននឹងត្រូវវិនាស។
22ចូរឲ្យពួកបូជាចារ្យ និងពួកអ្នកដែលចូលមកជិតយើងត្រូវញែកខ្លួនគេដោយឡែក ចូររៀបចំខ្លួនរបស់ពួកគេសម្រាប់ការមកដល់របស់យើង ដើម្បីកុំឲ្យយើងប្រហារដល់ពួកគេ»។
23លោកម៉ូសេទូលទៅព្រះអម្ចាស់ថា៖ «ប្រជាជនមិនអាចឡើងទៅលើភ្នំបានទេ ដ្បិតព្រះអង្គបានបង្គាប់ដល់យើងខ្ញុំរួចហើយឲ្យ កំណត់ព្រំប្រទល់នៅជុំវិញភ្នំ ហើយញែកភ្នំនេះថ្វាយដល់ព្រះអម្ចាស់»។
24ព្រះអម្ចាស់មានបន្ទូលមកគាត់ថា៖ «ចូរចុះពីភ្នំ ហើយនាំអ៊ើរ៉ុនឡើងមកជាមួយអ្នក ប៉ុន្តែកុំអនុញ្ញាតឲ្យពួកបូជាចារ្យ និងប្រជាជនទម្លាយព្រំប្រទល់ដើម្បីចូលមករកយើងឡើយ បើមិនដូច្នេះទេ យើងនឹងប្រហារពួកគេ»។
25ដូច្នេះ លោកម៉ូសេបានចុះពីភ្នំ ទៅរកប្រជាជន ហើយប្រាប់ដល់ពួកគេ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។