1ទាំងនេះគឺជាឈ្មោះកូនចៅអ៊ីស្រាអែល ដែលបានចុះមកអេស៊ីបជាមួយលោកយ៉ាកុប ម្នាក់ៗតាមគ្រួសាររបស់គេ។
2មាន លោករូបេន លោកស៊ីម្មាន លោកលេវី លោកយូដា
3លោកអ៊ីសាខារ លោកសាប់យូឡូន លោកបេនយ៉ាមីន
4លោកដាន់ លោកណែបថាលី លោកកាដ និងលោកអេស៊ើរ។
5មនុស្សទាំងអស់ដែលនៅក្នុងពូជពង្សរបស់លោកយ៉ាកុបមានចំនួនចិតសិបនាក់។ លោកយ៉ូសែបរស់នៅក្នុងទឹកដីអេស៊ីបរួចរាល់ហើយ។
6លោកយ៉ូសែប និងបងប្អូនរបស់គាត់ទាំងអស់ និងមនុស្សនៅជំនាន់នោះទាំងអស់បានស្លាប់អស់ទៅ។
7ជនជាតិអ៊ីស្រាអែលបានបង្កើតកូន មានចំនួនកើនឡើងជាច្រើនសន្ធឹកសន្ធាប់ ហើយមានកម្លាំងកាន់តែខ្លាំងឡីេង ពួកគេរស់នៅពេញទឹកដីនោះ។
8នៅគ្រានោះ មានស្តេចថ្មីមួយអង្គបានគ្រប់គ្រងនៅអេស៊ីប ស្តេចនោះមិនបានស្គាល់លោកយ៉ូសែបទេ។
9ស្តេចនោះមានបន្ទូលទៅកាន់រាស្រ្តរបស់ព្រះអង្គថា៖ «មើល៍ ជនជាតិអ៊ីស្រាអែលមានចំនួនច្រើនណាស់ ហើយខ្លាំងជាងយើងទៀត។
10មក៍ ចូរយើងប្រព្រឹត្តនឹងពួកគេដោយប្រាជ្ញាចុះ បើមិនដូច្នោះទេ ពួកគេនឹងមានចំនួនកាន់តែច្រើនឡើងហើយ ហើយប្រសិនបើមានសង្រ្គាមកើតឡើង ពួកគេនឹងចូលរួមជាមួយខ្មាំងសត្រូវ ប្រយុទ្ធជាមួយយើង ហើយនឹងចាកចេញពីស្រុក»។
11ដូច្នេះ ជនជាតិអេស៊ីបបានដាក់មេត្រួតត្រាលើពួកគេ ដើម្បីបង្ខំពួកគេឲ្យធ្វើការជាទម្ងន់។ ជនជាតិអ៊ីស្រាអែលបានសង់ក្រុងពីថំ និងក្រុងរ៉ាមសេស សម្រាប់ធ្វើជាឃ្លាំងថ្វាយស្តេចផារ៉ោន។
12ប៉ុន្តែ ជនជាតិអេស៊ីបសង្កត់សង្កិនពួកគេខ្លាំងយ៉ាងណា ជនជាតិអ៊ីស្រាអែលមានចំនួនកាន់តែច្រើន ហើយរស់នៅពេញទឹកដីនោះ។ ដូច្នេះ ជនជាតិអេស៊ីបបានចាប់ផ្តើមភ័យខ្លាចជនជាតិអ៊ីស្រាអែល។
13ជនជាតិអេស៊ីបបានបង្ខំឲ្យជនជាតិអ៊ីស្រាអែលធ្វើការយ៉ាងធ្ងន់ធ្ងរ។
14ជនជាតិអេស៊ីបបានធ្វើឲ្យពួកគេរស់នៅដោយភាពជូរល្វីង គឺប្រើឲ្យជាន់ដីឥដ្ឋ ធ្វើដុំឥដ្ឋ និងធ្វើការគ្រប់មុខនៅតាមស្រែចម្ការ។ ការដែលពួកគេតម្រូវនោះគឺធ្វើការងារដ៏ធ្ងន់ធ្ងរគ្រប់យ៉ាង។
15បន្ទាប់មក ស្តេចរបស់អេស៊ីបបានមានបន្ទូលទៅកាន់ឆ្មបជនជាតិហេព្រើរពីរនាក់ ម្នាក់ឈ្មោះនាងស៊ីប្រា ហើយម្នាក់ទៀតឈ្មោះនាងពូអា ដែលជួយស្ត្រីហេព្រើរ
16ដោយបន្ទូលថា៖ «នៅពេលនាងជួយស្ត្រីជនជាតិហេព្រើរសម្រាលកូន ចូរសង្កេតមើល នៅពេលពួកគេសម្រាល។ ប្រសិនបើ កើតមកជាកូនប្រុស ដូច្នេះ អ្នកត្រូវសម្លាប់វាចោលទៅ ប៉ុន្តែ ប្រសិនបើជាកូនស្រីវិញ ទុកឲ្យវារស់នៅចុះ»។
17ប៉ុន្តែ ឆ្មបជាមនុស្សកោតខ្លាចព្រះជាម្ចាស់ ហើយមិនបានធ្វើដូចដែលស្តេចអេស៊ីបបានបង្គាប់ដល់ពួកគេទេ។ ផ្ទុយទៅវិញពួកគេទុកឲ្យកូនប្រុសមានជីវិត។
18ស្តេចអេស៊ីបបានកោះហៅឆ្មបទាំងពីរនាក់មក ហើយមានបន្ទូលទៅពួកគេថា៖ «ហេតុអ្វីបានជាអ្នកធ្វើដូច្នេះ ហើយអនុញ្ញាតឲ្យកូនប្រុសនៅរស់ដូច្នេះ?»
19ឆ្មបទាំងពីរទូលឆ្លើយទៅស្តេចផារ៉ោនថា៖ «ស្ត្រីជនជាតិហេព្រើរមិនដូចជាស្រី្តជនជាតិអេស៊ីបទេ។ ពួកគេរឹងប៉ឹងណាស់ ពួកគេសម្រាលកូនមុនពេលឆ្មបទៅដល់ផង»។
20ព្រះជាម្ចាស់បានការពារឆ្មបទាំងនេះ។ ពួកគេមានចំនួនកើនឡើង ហើយកាន់តែខ្លាំងឡើងថែមទៀតផង។
21ដោយសារឆ្មបបានកោតខ្លាចដល់ព្រះជាម្ចាស់ ព្រះជាម្ចាស់បានប្រទានពរដល់គ្រួសាររបស់ពួកគេ។
22ស្តេចផារ៉ោនបានបង្គាប់ដល់មន្ត្រីរបស់ព្រះអង្គទាំងអស់ថា៖ «អ្នករាល់គ្នាត្រូវបោះចោលកូនប្រុសទាំងអស់ដែលបានកើតមកទៅក្នុងទន្លេទាំងអស់ ប៉ុន្តែ កូនស្រីទាំងអស់ត្រូវទុកឲ្យរស់វិញ»។