ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

និក្ខមនំ 17

Read Scripture freely. Divine Threads study for this chapter is coming later.

1នៅក្នុងសហគមន៍អ៊ីស្រាអែលទាំងមូលបានធ្វើដំណើរពីទីរហោស្ថានស៊ីន តាមសេចក្តីបង្គាប់របស់ព្រះអម្ចាស់។ ពួកគេបោះជំរំនៅរេផីឌីម ប៉ុន្តែ នៅទីនោះគ្មានទឹកសម្រាប់ប្រជាជនឲ្យប្រជាជនផឹក។
2ដូច្នេះ ប្រជាជនក៏បន្ទោសលោកម៉ូសេ ដោយព្រោះគ្មានទឹកផឹក ដោយនិយាយថា៖ «សូមឲ្យទឹកយើងផឹកផង»។ លោកម៉ូសេប្រាប់ថា៖ «ហេតុអ្វីបានអ្នករាល់គ្នាឈ្លោះជាមួយខ្ញុំ? ហេតុអ្វីបានជាអ្នករាល់គ្នាល្បងលព្រះអម្ចាស់ដូច្នេះ?»
3ប្រជាជនស្រេកទឹកយ៉ាងខ្លាំង ហើយពួកគេរអ៊ូរទាំទាស់នឹងលោកម៉ូសេ។ ពួកគេនិយាយថា៖​ «ហេតុអ្វីបានជាលោកនាំពួកយើងចេញពីអេស៊ីប? ដើម្បីសម្លាប់យើង និងកូនចៅយើង ព្រមទាំងហ្វូងសត្វរបស់យើងដោយការស្រេកទឹកដូច្នេះ?»
4បន្ទាប់មក លោកម៉ូសេបានអំពាវនាវរកព្រះអម្ចាស់ថា៖ «តើឲ្យទូលបង្គំធ្វើយ៉ាងដូចម្តេចជាមួយប្រជាជននេះ? ពួកគេជិតចោលទូលបង្គំនឹងដុំថ្មហើយ»។
5ព្រះអម្ចាស់មានបន្ទូលទៅលោកម៉ូសេថា៖​ «ចូរទៅមុខប្រជាជន ហើយនាំពួកចាស់ទុំអ៊ីស្រាអែលខ្លះទៅជាមួយអ្នកផង។ ចូរយកដំបងដែលអ្នកវាយទន្លេទៅជាមួយអ្នក ហើយចេញទៅ។
6យើងនឹងឈរនៅចំពោះអ្នកទីនោះ នៅលើថ្មឯហារ៉ែប ហើយអ្នកត្រូវវាយថ្ម។ ទឹកនឹងចេញពីវាមក ដើម្បីឲ្យប្រជាជនបានផឹក»។ បន្ទាប់មក លោកម៉ូសេក៏បានធ្វើដូច្នោះ នៅចំពោះមុខរបស់ពួកចាស់ទុំអ៊ីស្រាអែល។
7គាត់បានហៅទីនោះថា ម៉ាសា និង​មេរី‌បា ព្រោះជនជាតិអ៊ីស្រាអែលរអ៊ូរទាំ ហើយដោយសារពួកគេបានល្បងលព្រះអម្ចាស់ដោយពោលថា៖ «តើព្រះអម្ចាស់នៅជាមួយយើងឬអត់?»
8បន្ទាប់មក ទាហានរបស់ប្រជាជនអាម៉ាឡេកបានមក ហើយបានវាយអ៊ីស្រាអែលនៅឯរេផិឌីម។
9ដូច្នេះ លោកម៉ូសេបានប្រាប់លោកយ៉ូស្វេថា៖ «ចូរជ្រើសរើសពួកប្រុសៗមួយចំនួន ហើយចេញក្រៅ។ ប្រយុទ្ធជាមួយអាម៉ាឡេក។ ស្អែកយើងនឹងឈរនៅលើកំពូលភ្នំ ជាមួយនឹងដំបងរបស់ព្រះជាម្ចាស់នៅនឹងដៃរបស់យើង»។
10ដូច្នេះ លោកយ៉ូស្វេបានប្រយុទ្ធជាមួយអាម៉ាឡេក ដូចលោកម៉ូសេបានបង្គាប់ ក្នុងពេលនោះ លោកម៉ូសេ លោកអ៊ើរ៉ុន និងលោកហ៊ើរកំពុងឡើងទៅលើកំពូលភ្នំ។
11អំឡុងពេលដែលលោកម៉ូសេកាន់ដំបងនៅនឹងដៃរបស់គាត់នោះ ជនជាតិអ៊ីស្រាអែលឈ្នះ ហើយនៅពេលគាត់ដាក់ដៃចុះសម្រាក អាម៉ាឡេកមានប្រៀបជាងវិញ។
12នៅពេលដៃរបស់លោកម៉ូសេចាប់ផ្តើមអស់កម្លាំង លោកអ៊ើរ៉ុន ​និងលោកហ៊ើរបានយកថ្ម ហើយដាក់វាពីក្រោមគាត់ ឲ្យគាត់អង្គុយលើថ្មនោះ។ ក្នុងពេលដដែលនោះ លោកអ៊ើរ៉ុន និងហ៊ើរបានលើកដៃគាត់ឡើង ម្នាក់ម្ខាងលោកម៉ូសេ ហើយម្នាក់ទៀតនៅម្ខាងទៀតនៃរបស់គាត់។ ដូច្នេះ ដៃរបស់លោកម៉ូសេអាចលើកឡើងរហូតដល់ថ្ងៃលិច។
13នោះ លោកយ៉ូស្វេបានយកជ័យជម្នះលើប្រជាជនអាម៉ាឡេកដោយដាវ។
14ព្រះអម្ចាស់មានបន្ទូលនឹងលោកម៉ូសេថា៖ «ចូរសរសេរការនេះចុះនៅក្នុងសៀវភៅ ហើយអានវាឲ្យលោកយ៉ូស្វេស្តាប់ ពីព្រោះ យើង​នឹង​លុប​បំបាត់​ជន‌ជាតិ​អាម៉ា‌ឡេក​ឲ្យ​អស់​ពី​ផែនដី ឥត​ឲ្យ​នរណា​នឹក​ចាំ​ពី​ពួក​គេ​ទៀត​ឡើយ»។
15បន្ទាប់មក លោកម៉ូសេបានសង់អាសនៈមួយ ហើយគាត់ហៅកន្លែងនោះថា៖ «ព្រះអម្ចាស់ជាទង់ជ័យរបស់ខ្ញុំ»។
16គាត់និយាយថា៖ «ដ្បិត មានដៃបានលើកឡើងនៅចំពោះបល្ល័ង្ករបស់ព្រះអម្ចាស់ នោះព្រះអម្ចាស់បានធ្វើសង្គ្រាមជាមួយនឹងអាម៉ាឡេក ពីមួយជំនាន់ទៅមួយជំនាន់»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។