1ប្រជាជននាំគ្នាដើរពីអេលីម ហើយសហគមន៍អ៊ីស្រាអែលទាំងមូលបានមកដល់ទីរហោស្ថានស៊ីន ដែលនៅចន្លោះអេលីប និងស៊ីណាយ នៅថ្ងៃទីដប់ប្រាំ ខែទីពីរបន្ទាប់ពីពួកគេចេញដំណើរពីទឹកដីអេស៊ីប។
2សហគមន៍អ៊ីស្រាអែលទាំងអស់រអ៊ូរទាំទាស់នឹងលោកម៉ូសេ និងលោកអ៊ើរ៉ុននៅទីរហោស្ថាន។
3ជនជាតិអ៊ីស្រាអែលប្រាប់ពួកគេថា៖ «បើទុកឲ្យយើងស្លាប់ដោយព្រះហស្តរបស់ព្រះអម្ចាស់នៅក្នុងទឹកដីអេស៊ីប ជាកន្លែងដែលយើងអង្គុយនៅក្បែរឆ្នាំងដែលមានសាច់ ហើយហូបនំប៉័ងយ៉ាងឆ្អែត។ ប៉ុន្តែ លោកបាននាំយើងចេញមកទីរហោស្ថាន ដើម្បីសម្លាប់សហគមន៍ទាំងមូលដោយភាពអត់ឃ្លានមែនទេ»។
4បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលទៅលោកម៉ូសេថា៖ «យើងនឹងធ្វើឲ្យមានភ្លៀងធ្លាក់ពីស្ថានសួគ៌មកដល់អ្នករាល់គ្នា។ ប្រជាជានទាំងអស់ត្រូវចេញទៅ ហើយប្រមូលមួយថ្ងៃមួយចំណែករាល់ថ្ងៃ ដើម្បីឲ្យយើងបានល្បងលជាមួយពួកគេ ឲ្យដឹងថាពួកគេដើរតាមច្បាប់របស់យើងឬយ៉ាងណា។
5វានឹងធ្លាក់ចុះមកក្នុងរយៈពេលប្រាំមួយថ្ងៃ ពួកគេត្រូវប្រមូលពីរដង លើសពីថ្ងៃធម្មតា ហើយពួកគេនឹងចម្អិនអ្វីដែលពួកគេប្រមូលបាន»។
6បន្ទាប់មក លោកម៉ូសេ និងលោកអ៊ើរ៉ុនប្រាប់ទៅប្រជាជនអ៊ីស្រាអែលទាំងអស់ថា៖ «នៅពេលល្ងាច អ្នករាល់គ្នានឹងដឹងថា គឺជាព្រះអម្ចាស់ហើយដែលបាននាំអ្នករាល់គ្នាចេញពីអេស៊ីបមក។
7នៅពេលព្រឹក អ្នកនឹងបានឃើញសិរីល្អរបស់ព្រះអម្ចាស់ ដ្បិត ព្រះអង្គបានឮការរអ៊ូរទាំរបស់អ្នករាល់គ្នាទាស់នឹងព្រះអង្គ។ តើពួកយើងជានរណា ដែលអ្នករាល់គ្នាមករអ៊ូរទាំដាក់យើង?»
8លោកម៉ូសេក៏បានប្រាប់ផងដែរថា៖ «អ្នករាល់គ្នានឹងបានដឹងពីការនេះ នៅពេលព្រះអម្ចាស់ប្រទានសាច់នៅពេលល្ងាច ហើយនិងនំប៉័ងនៅពេលព្រឹកដើម្បីចម្អែតអ្នករាល់គ្នា ដ្បិត ព្រះអង្គបានឮការរអ៊ូរទាំដែលអ្នករាល់គ្នាបាននិយាយទាស់នឹងព្រះអង្គ។ តើបងអ៊ើរ៉ុន និងខ្ញុំជានរណា? ការរអ៊ូរទាំងរបស់អ្នករាល់គ្នាមិនមែនទាល់ជាមួយយើងទេ គឺទាស់ជាមួយនឹងព្រះអម្ចាស់វិញ»។
9លោកម៉ូសេប្រាប់លោកអ៊ើរ៉ុនថា៖ «ចូរប្រាប់ប្រជាជននៅក្នុងសហគមន៍អ៊ីស្រាអែលទាំងអស់ថា៖ «ចូរចូលទៅជិតព្រះអម្ចាស់ ដ្បិត ព្រះអង្គបានឮការរអ៊ូរទាំរបស់អ្នករាល់គ្នា»។
10នៅគ្រានោះ នៅពេលលោកអ៊ើរ៉ុនប្រាប់ដល់សហគមន៍អ៊ីស្រាអែលទាំងអស់ថា ពួកគេត្រូវមើលឆ្ពោះទៅទីរហោស្ថាន ហើយមើល៍ សិរីល្អរបស់ព្រះអម្ចាស់បានលេចមកនៅលើពពក។
11បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «យើងបានឮការរអ៊ូរទាំងរបស់ប្រជាជនអ៊ីស្រាអែល។
12ចូរប្រាប់ដល់ពួកគេ ហើយនិយាយថា៖ «នៅពេលល្ងាចនេះ អ្នករាល់គ្នានឹងបានហូបសាច់ ហើយនៅពេលព្រឹកអ្នករាល់គ្នានឹងបានឆ្អែតដោយសារនំប៉័ង។ បន្ទាប់មក អ្នករាល់គ្នានឹងថា យើងគឺជាព្រះអម្ចាស់ជាព្រះជាម្ចាស់របស់អ្នករាល់គ្នា។
13នៅពេលល្ងាចនោះមានសត្វក្រូចបានហើរចេញមក ហើយបានគ្របជំរំ។ នៅពេលព្រឹកមានទឹកសន្សើមធ្លាក់ចុះមកនៅជុំវិញជំរំ។
14នៅពេលទឹកសន្សើមអស់ នៅលើផ្ទៃនៃទីរហោស្ថានមានគ្រាប់ល្អិតៗដូចព្រិលនៅលើដី។
15នៅពេលជនជាតិអ៊ីស្រាអែលឃើញវា ពួកគេនិយាយទៅកាន់គ្នាទៅវិញទៅមកថា៖ «តើនេះជាអ្វី?» ពួកគេមិនដឹងថាវាជាអ្វីទេ។ លោកម៉ូសេប្រាប់ពួកគេថា៖ «វាគឺជានំប៉័ងដែលព្រះអម្ចាស់ប្រទានឲ្យអ្នករាល់គ្នាហូប។
16នេះគឺជាសេចក្តីបង្គាប់ដែលព្រះអម្ចាស់ប្រទានដល់អ្នករាល់គ្នា គឺឲ្យម្នាក់ៗប្រមូល ល្មមសម្រាប់មនុស្សតែម្នាក់ឲ្យបានឆ្អែតប៉ុណ្ណោះ។ នេះគឺជារបៀបដែលអ្នករាល់គ្នាត្រូវប្រមូលវា គឺត្រូវប្រមូលល្មមសម្រាប់មនុស្សម្នាក់ៗដែលរស់នៅក្នុងត្រសាលរបស់អ្នករាល់គ្នា»។
17ជនជាតិអ៊ីស្រាអែលក៏ធ្វើតាម។ អ្នកខ្លះប្រមូលបានច្រើន ហើយអ្នកខ្លះក៏ប្រមូលបានតិច។
18នៅពេលដែលពួកគេវាល់វាជាមួយនឹងរង្វាល់ អស់អ្នកដែលប្រមូលបានច្រើនក៏គ្មានអ្វីនៅសល់ដែរ ហើយអស់អ្នកដែលប្រមូលបានតិចក៏មិនខ្វះដែរ។ មនុស្សម្នាក់ៗត្រូវប្រមូលល្មមតាមតែសេចក្តីត្រូវការរបស់ពួកគេ។
19បន្ទាប់មក លោកម៉ូសេប្រាប់ដល់ពួកគេថា៖ «កុំឲ្យនរណាទុកវារហូតដល់ព្រឹកឡើយ»។
20ប៉ុន្តែ ពួកគេមិនបានស្តាប់តាមលោកម៉ូសេទេ។ អ្នកខ្លះទុកវាខ្លះរហូតដល់ព្រឹក ប៉ុន្តែ វាក៏កើតមានដង្កូវហើយមានក្លិនស្អុយផង។ នោះលោកម៉ូសេបានខឹងជាមួយនឹងពួកគេ។
21ពួកគេបានប្រមូលវាមួយព្រឹកម្តងៗតែប៉ុណ្ណោះ។ មនុស្សម្នាក់ៗត្រូវប្រមូលល្មមដើម្បីនឹងហូបសម្រាប់តែថ្ងៃនោះប៉ុណ្ណោះ។ នៅពេលថ្ងៃក្តៅឡើង វាក៏រលាយអស់ទៅ។
22នៅថ្ងៃទីប្រាំមួយ ពួកគេបានប្រមូលនំប៉័ងគុណនឹងពីរ ពីរង្វាល់សម្រាប់មនុស្សម្នាក់ៗ។ អ្នកដឹកនាំនៅក្នុងសហគមន៍ទាំងអស់បានចូលមក ហើយប្រាប់ការនេះដល់លោកម៉ូសេ។
23គាត់ប្រាប់ពួកគេវិញថា៖ «នេះគឺជាអ្វីដែលព្រះអម្ចាស់បានមានបន្ទូល ថ្ងៃស្អែកត្រូឈប់សម្រាក ជាថ្ងៃសប្ប័ទដ៏វិសុទ្ធ ដើម្បីថ្វាយកិត្តិយសដល់ព្រះអម្ចាស់។ ចូរដុតអ្វីដែលអ្នកចង់ដុត ហើយស្ងោអ្វីដែលអ្នកចង់ស្ងោ។ ហើយអ្វីដែលនៅសល់ ចូរញែកវាដោយឡែករហូតដល់ពេលព្រឹក»។
24ដូច្នេះ ពួកគេក៏ញែកដោយឡែករហូតដល់ពេលព្រឹក ដូចលោកម៉ូសេបានបង្គាប់ដល់ពួកគេ។ ហើយវាអត់ស្អុយ ហើយក៏គ្មានដង្កូវនៅក្នុងវាដែរ។
25លោកម៉ូសេប្រាប់ថា៖ «ចូរហូបអាហារនោះនៅថ្ងៃនេះ ដ្បិតថ្ងៃនេះ គឺជាថ្ងៃដែលត្រូវរក្សាទុកជាថ្ងៃសប្ប័ទថ្វាយកិត្តិយសដល់ព្រះអម្ចាស់។ ថ្ងៃនេះអ្នករាល់គ្នាមិនត្រូវទៅរកអ្វីនៅស្រែចម្ការឡើយ។
26អ្នកនឹងប្រមូលវាក្នុងរយៈពេលប្រាំមួយថ្ងៃ ប៉ុន្តែ ថ្ងៃទីប្រាំពីរគឺជាសប្ប័ទ។ នៅថ្ងៃសប្ប័ទ នឹងគ្មាននំម៉ាណាទេ»។
27នៅថ្ងៃសប្ប័ទ មានអ្នកខ្លះចេញទៅប្រមូលនំម៉ាណា ប៉ុន្តែគ្មាននំម៉ាណាទេ។
28បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «តើអ្នករាល់គ្នានៅបដិសេធមិនធ្វើតាមបង្គាប់ និងច្បាប់របស់យើងដល់កាលណាទៀត?
29មើល៍ ព្រះអម្ចាស់បានប្រទានថ្ងៃសប្ប័ទដល់អ្នករាល់គ្នា។ ដូច្នេះ នៅថ្ងៃទីប្រាំមួយ ព្រះអង្គបានប្រទាននំប៉័ងដល់អ្នករាល់គ្នាសម្រាប់ពីរថ្ងៃ។ អ្នករាល់គ្នាម្នាក់ៗត្រូវនៅកន្លែងរបស់ខ្លួន មិនត្រូវឲ្យនរណាចេញក្រៅពីកន្លែងរបស់គាត់នៅថ្ងៃទីប្រាំពីរឡើយ»។
30ដូច្នេះ មនុស្សត្រូវសម្រាកនៅថ្ងៃទីប្រាំពីរ។
31ជនជាតិអ៊ីស្រាអែលបានហៅអាហារនោះថា៖ «ម៉ាណា»។ វាមានពណ៌សដូចជាគ្រាប់ល្ង ហើយរសជាតិរបស់វាដូចជានំធ្វើពីទឹកឃ្មុំ។
32លោកម៉ូសេប្រាប់ថា៖ «នេះគឺជាអ្វីដែលព្រះអម្ចាស់បានបង្គាប់ «ចូរដាក់ម៉ាណាក្នុងភាជន៍មួយឲ្យពេញ ហើយរក្សាទុក សម្រាប់ឲ្យជនជាតិអ៊ីស្រាអែលនៅជំនាន់ក្រោយ ឃើញអាហារដែលយើងឲ្យអ្នករាល់គ្នាហូប ក្នុងទីរហោស្ថាន បន្ទាប់ពីយើងនាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប»។
33លោកម៉ូសេប្រាប់លោកអ៊ើរ៉ុនថា៖ «ចូរយកឆ្នាំង ហើយដាក់ម៉ាណាចូលទៅក្នុងវា។ ចូររក្សាវាទុកថ្វាយព្រះអម្ចាស់ ដើម្បីឲ្យជនជាតិអ៊ីស្រាអែលនៅជំនាន់ក្រោយបានឃើញ»។
34ដូច ព្រះអម្ចាស់បានបង្គាប់ដល់លោកម៉ូសេ លោកអ៊ើរ៉ុនបានរក្សាវាទុកនៅជិតហិបនៃសម្ពន្ធមេត្រី។
35ជនជាតិអ៊ីស្រាអែលហូបម៉ាណាអស់រយៈពេលសែសិបឆ្នាំ រហូតពួកគេទៅដល់ទឹកដីដែលមានមនុស្សរស់នៅ។ ពួកហូបវារហូតដល់ពួកគេបានទៅដល់ព្រំប្រទល់ទឹកដីកាណាន។
36រីឯរង្វាល់សម្រាប់វាល់ម៉ាណានោះ គឺមួយភាគដប់នៃអេផា។