1បន្ទាប់មក លោកម៉ូសេ និងប្រជាជនអ៊ីស្រាអែលចៀងចម្រៀងថ្វាយព្រះអម្ចាស់។ ពួកគេច្រៀងថា៖ «យើងនឹងច្រៀងថ្វាយព្រះអម្ចាស់ ដ្បិត ព្រះអង្គមានជ័យជម្នះយ៉ាងត្រចះត្រចង់ សេះ និងអ្នកដែលជិះលើវាត្រូវបានបោះចូលទៅក្នុងសមុទ្រ។
2ព្រះអម្ចាស់គឺជាកម្្លាំង និងចម្រៀងរបស់ខ្ញុំ ហើយព្រះអង្គគឺជាសេចក្តីសង្គ្រោះរបស់ខ្ញុំ។ នេះគឺជាព្រះជាម្ចាស់របស់ខ្ញុំ ហើយខ្ញុំនឹងសរសើរព្រះអង្គ ជាព្រះជាម្ចាស់ឪពុករបស់ខ្ញុំ ហើយខ្ញុំនឹងលើកតម្កើងព្រះអង្គ។
3ព្រះអម្ចាស់គឺជាអ្នកចម្បាំង ព្រះអម្ចាស់គឺជាឈ្មោះរបស់ព្រះអង្គ។
4ព្រះអង្គបានបោះរទេះ និងកងទ័ពរបស់ស្តេចផារ៉ោនចូលទៅក្នុងសមុទ្រ។ ពួកមន្ត្រីដែលស្តេចផារ៉ោនបានជ្រើសរើសត្រូវបានបោះចូលទៅក្នុងសមុទ្រដើមត្រែង។
5ជម្រៅទឹកបានគ្របពីលើពួកគេ ពួកគេធ្លាក់ចូលទៅក្នុងទឹកដ៏ជ្រៅដូចជាថ្មមួយដុំ។
6ឱព្រះអម្ចាស់អើយ ព្រះហស្ដស្តាំរបស់ព្រះអង្គ មានឫទ្ធិដ៏ខ្លាំងពិសេស ហើយឱ ព្រះអម្ចាស់អើយ ព្រះហស្ដស្តាំរបស់ព្រះអង្គបានផ្តូលរំលំពួកខ្មាំងសត្រូវ។
7ដោយសារអំណាចចេស្តាដ៏ខ្លាំងអស្ចារ្យ ព្រះអង្គបានបោះអស់អ្នកដែលក្រោកឡើងប្រឆាំងនឹងព្រះអង្គ។ ព្រះអង្គបានបញ្ចេញព្រះពិរោធរបស់ព្រះអង្គ ហើយព្រះពិរោធនោះបានត្របាក់លេបពួកគេដូចជាភ្លើងឆេះគំនរចំបើង។
8ដោយសារកម្លាំងខ្យល់ពីព្រះនាសាព្រះអង្គទឹកក៏ឈរឡើងជាគំនរទឹកធំបានពូនឡើងដូចកំពែងអស់ទាំងទីជម្រៅក៏បានកកខះនៅបាតសមុទ្រ។
9ខ្មាំងត្រូវនិយាយថា៖ «យើងដឹងដេញតាម យើងនឹងដេញតាមទាន់ យើងនឹងចែកជ័យភណ្ឌគ្នា បំណងប្រាថ្នារបស់យើងនឹងបានស្កប់ចិត្តដោយសារពួកគេ ដៃរបស់យើងនឹងបំផ្លាញពួកគេ»។
10ប៉ុន្តែ ព្រះអង្គបានផ្លុំដោយខ្យល់របស់ព្រះអង្គ ហើយសមុទ្រនឹងគ្របពីលើពួកគេ ហើយពួកគេនឹងលិចដូចជាដំសំណនៅក្នុងទឹកដ៏ជ្រៅ។
11ឱព្រះអម្ចាស់អើយ តើនរណាដូចព្រះអង្គ នៅក្នុងចំណោមព្រះដទៃ? តើនរណាមានព្រះចេស្តាដ៏វិសុទ្ធដូចព្រះអង្គ ដែលគួរឲ្យសរសើរតម្កើង និងធ្វើការអស្ចារ្យ?
12ព្រះអង្គបានលូកព្រះហស្តស្តាំរបស់ព្រះអង្គ ហើយផែនដីបានលេបពួកគេ។
13ព្រះអង្គស្មោះត្រង់នឹងសម្ពន្ធមេត្រីព្រះអង្គ បាននាំប្រជារាស្រ្តរបស់ព្រះអង្គ ព្រះអង្គបានសង្គ្រោះពួកគេ។ នៅក្នុងព្រះហស្តដ៏ខ្លាំងពូកែរបស់ព្រះអង្គ ព្រះអង្គបាននាំពួកគេចូលទៅកន្លែងបរិសុទ្ធ ជាកន្លែងដែលព្រះអង្គរស់នៅ។
14មនុស្សនឹងឮ ហើយពួកគេនឹងញាប់ញ័រ អ្នកស្រុកភីលីស្ទីននាំគ្នាភ័យតក់ស្លុតដែរ។
15ហើយពួកនៃជនជាតិអេដុំនឹងភ័យខ្លាច ពួកទាហានរបស់ម៉ូអាប់នឹងភ័យញ័រ ប្រជាជននៅក្នុងទឹកដីកាណានទាំងអស់នឹងត្រូវរលាយទៅ។
16ភាពភ័យខ្លាច និងភាពថប់បារម្ភបានគ្របសង្កត់លើគេ។ ដោយព្រះហស្តដ៏ខ្លាំងពូកែរបស់ព្រះអង្គ ពួកគនឹងបានដូចជាថ្មដែលនៅនឹងមួយកន្លែង រហូតទាល់តែប្រជារាស្ត្រព្រះអង្គឆ្លងផុត ឱព្រះអម្ចាស់អើយ រហូតទាល់តែប្រជារាស្ត្រដែលព្រះអង្គបានលោះឆ្លងផុត។
17ព្រះអង្គបាននាំពួកគេ ហើយបានដាំពួកគេនៅលើភ្នំនៃមរតករបស់ព្រះអង្គ ឱព្រះអម្ចាស់អើយ ជាកន្លែងដែលព្រះអង្គបានបង្កើត សម្រាប់ព្រះអង្គរស់នៅ ឱព្រះអម្ចាស់អើយ ព្រះអង្គបានសង់ទីបរិសុទ្ធ។
18ព្រះអម្ចាស់នឹងសោយរាជ្យអស់កល្បរៀងរាបតទៅ»។
19ដ្បិត សេះរបស់ស្តេចផារ៉ោនបានធ្លាក់ទៅជាមួយនឹងរទេះរបស់ព្រះអង្គ ហើយទ័ពសេះក៏ត្រូវធ្លាក់ទៅក្នុងសមុទ្រដែរ។
20ព្រះអម្ចាស់បានធ្វើឲ្យទឹកត្រឡប់មកឯសមុទ្រវិញ ហើយបានធ្លាក់លើពួកគេ។ ប៉ុន្តែ ជនជាតិអ៊ីស្រាអែលបានដើរនៅលើដីស្ងួត នៅក្នុងកណ្តាលសមុទ្រ។
21នាងម៉ារាម ជាព្យាការានី ត្រូវជាបងស្រីរបស់លោកអ៊ើរ៉ុន បានយកក្រាប់មក ហើយស្ត្រីទាំងអស់បានចេញមកជាមួយក្រាប់ រាំជាមួយនាងដែរ។ នាងម៉ារាមច្រៀងដល់ពួកគេថា៖ «ចូរច្រៀងថ្វាយព្រះអម្ចាស់ ដ្បិត ព្រះអង្គមានជ័យជម្នះយ៉ាងត្រចះត្រចង់។ សេះ និងអ្នកជិះ ព្រះអង្គបានបោះពួកគេចូលទៅក្នុងសមុទ្រ»។
22លោកម៉ូសេបាននាំជនជាតិអ៊ីស្រាអែលបន្តចេញពីសមុទ្រដើមត្រែង។ ពួកគេបានចេញដំណើរឆ្ពោះទៅទីរហោស្ថានស៊ើរ។ ពួកគេបានធ្វើដំណើរអស់រយៈពេលបីថ្ងៃ ដើម្បីចូលទៅឯទីរហោស្ថាននោះ ហើយមិនឃើញមានទឹកទេ។
23នោះពួកគេបានទៅដល់ម៉ារ៉ា ប៉ុន្តែ ពួកគេមិនអាចផឹកទឹកនៅទីនោះទេ ដោយសារវាល្វីង។ដូច្នេះ ពួកគេហៅទីនោះថា ម៉ារ៉ា។
24ដូច្នេះ ប្រជាជនបានរអ៊ូរទាំចំពោះលោកម៉ូសេ ហើយនិយាយថា៖ «តើយើងបានទឹកអីផឹក?»
25លោកម៉ូសេបានអំពាវនាវរកព្រះអម្ចាស់ ហើយព្រះអម្ចាស់បានបង្ហាញគាត់នូវដើមឈើមួយដើម។ លោកម៉ូសេបានបោះវាចូលទៅក្នុងទឹក ហើយនឹងនោះបានត្រឡប់ទៅជាទឹកសាបអាចផឹកបានវិញ។ នៅទីនោះហើយ ព្រះអម្ចាស់បានប្រទានច្បាប់ដល់ពួកគេយ៉ាងតឹងរឹង ហើយព្រះអង្គក៏បានល្បងលពួកគេនៅទីនោះដែរ។
26ព្រះអង្គមានបន្ទូលថា៖ «ប្រសិនបើ អ្នករាល់គ្នាប្រុងប្រយ័ត្នស្តាប់សម្លេងរបស់ព្រះអម្ចាស់ជាព្រះជាម្ចាស់របស់អ្នករាល់គ្នា ហើយធ្វើតាមអ្វីដែលត្រឹមត្រូវនៅចំពោះព្រះភក្ត្រព្រះអង្គ ហើយប្រសិនបើអ្នករាល់គ្នាផ្ទៀងត្រចៀកចំពោះបញ្ញតិ្ត ហើយស្តាប់តាមបញ្ញតិ្តទាំងអស់របស់ព្រះអង្គ យើងនឹងមិនធ្វើឲ្យមានជំងឺណាមួយដែលបានកើតឡើងនៅអេស៊ីបលើអ្នករាល់គ្នាឡើយ ដ្បិត យើងគឺព្រះអម្ចាស់ ដែលប្រោសអ្នករាល់គ្នាឲ្យជា»។
27បន្ទាប់មក ប្រជាជនបានមកដល់ អេលីម ជាកន្លែងដែលមានផ្លូវទឹកដប់ពីរ ហើយមានដើមលម៉ើចំនួនចិតសិបដើមទៀតផង។ ពួកគេក៏បោះជំរំនៅក្បែរមាត់ទឹកនោះ។