ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

និក្ខមនំ 14

Read Scripture freely. Divine Threads study for this chapter is coming later.

1ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេ ដោយមានបន្ទូលថា៖
2«ចូរប្រាប់ដល់ជនជាតិអ៊ីស្រាអែលថា ពួកគេត្រូវបែរទៅ ហើយបោះជំរំនៅក្បែរ​ពីហា‌ហ៊ីរ៉ុត គឺ​នៅ​ចន្លោះ​មីគដូល និង​សមុទ្រ នៅ​ទល់​មុខ​បាលសេ‌ផុន។ អ្នករាល់គ្នាត្រូវបោះជំរំ​នៅ​តាម​ឆ្នេរ​សមុទ្រទល់មុខនឹងពីហាស៊ីរ៉ុត។
3ស្ដេច​ផារ៉ោន​នឹង​និយាយ​ពីជនជាតិអ៊ីស្រាអែលថា៖ «ពួកគេកំពុងវង្វេងនៅក្នុងស្រុកនេះហើយ។ ហើយទី​រហោ‌ស្ថាននៅជិតនឹងពួកគេ»។
4យើងនឹងធ្វើឲ្យស្តេចផារ៉ោនមានព្រះទ័យរឹងរូស ហើយព្រះអង្គនឹងដេញតាមពួកគ។ យើងនឹងបានទទួលកិត្តិយស ដោយសារស្តេចផារ៉ោន និងកងទ័ពរបស់ព្រះអង្គ។ ជនជាតិអេស៊ីបនឹងដឹងថា យើងគឺជាព្រះអម្ចាស់»។ ដូច្នេះ ជនជាតិអ៊ីស្រាអែលនឹងបោះជំរំ តាមសេចក្តីបង្គាប់របស់ព្រះអង្គ។
5នៅពេលគេទូលស្តេចអេស៊ីបថា «អ៊ីស្រាអែលបានរត់ ស្តេចផារ៉ោន និងពួកមន្ត្រីរបស់ស្តេចមានគំនិតទាស់នឹងជនជាតិអ៊ីស្រាអែល។ ពួកគេនិយាយថា៖ «ហេតុអ្វីបានជាយើងអនុញ្ញាតឲ្យជនជាតិអ៊ីស្រាអែលមានសេរីភាពពីការធ្វើការឲ្យយើងដូច្នេះ?»
6បន្ទាប់មក ស្តេចផារ៉ោនបានយករទេះចម្បាំងរួចរាល់ ហើយយកទាហានរបស់ស្តេចទៅជាមួយ។
7ស្តេចបានយករទេះចម្បាំងប្រាំរយ និងរទេះចម្បាំងផ្សេងៗនៅអេស៊ីប ជាមួយកងទ័ពនៅជាមួយផង។
8ព្រះអម្ចាស់បានធ្វើឲ្យស្តេចផារ៉ោន ជាស្តេចស្រុកអេស៊ីបមានព្រះទ័យរឹងរូស ហើយស្តេចបានដេញតាមជនជាតិអ៊ីស្រាអែល។ ជនជាតិបានចាកចេញដោយជ័យជម្នះ។​
9ប៉ុន្តែ ស្តេចអេស៊ីបបានដេញតាមពួកគេ ជាមួយកងទ័ពសេះ និងរទេះសេះរបស់ស្តេច ព្រមទាំងកងទ័ពរបស់ទ្រង់ផង។ ពួកគេបានដេញ​ទាន់​ជនជាតិអ៊ីស្រាអែល​នៅ​ត្រង់​ជំរំនៅក្បែរសមុទ្រជិតពីហា‌ហ៊ីរ៉ុត ទល់​មុខ​នឹង​បាលសេ‌ផុន។
10នៅពេលស្តេចផារ៉ោនចូលមកជិត ជនជាតិអ៊ីស្រាអែលសម្លឹងមើល ហើយភ្ញាក់ផ្អើល។ ជនជាតិអេស៊ីបបានចេញតាមពួកគេ ហើយពួកគេមានការភិតភ័យជាខ្លាំង។ ជនជាតិអ៊ីស្រាអែលបានស្រែករកព្រះអម្ចាស់។
11ពួកគេនិយាយទៅកាន់លោកម៉ូសេថា៖ «តើនៅស្រុកអេស៊ីបគ្មានផ្នូរមែនទេ បានជាលោកយកពួកយើងចេញពីទីនោះឲ្យមកស្លាប់នៅទីរហោស្ថានដូច្នេះ? ហេតុអ្វីបានជាលោកប្រព្រឹត្តនឹងពួកយើងដូច្នេះ គឺនាំពួកយើងចេញពីអេស៊ីប?
12តើពួកយើងមិនប្រាប់លោកនៅអេស៊ីបរួចហើយទេឬ? យើងបានប្រាប់លោកថា៖ «កុំមករវល់ជាមួយពួកយើងធ្វើអ្វី ទុកឲ្យពួកយើងធ្វើការនៅឲ្យជនជាតិអេស៊ីបទៅ»។ ពួកយើងធ្វើការឲ្យពួកគេ ប្រសើរជាងយើងស្លាប់នៅទីរហោស្ថានដូច្នេះ»។
13លោកម៉ូសេប្រាប់ទៅប្រជាជនថា៖ «កុំភ័យខ្លាចឡើយ។ ចូរតាំងស្មារតី ហើយមើលសេចក្តីសង្គ្រោះដែលព្រះអម្ចាស់នឹងប្រទានដល់អ្នករាល់គ្នានៅថ្ងៃនេះ។ ដ្បិត អ្នករាល់គ្នានឹងលែងឃើញជនជាតិអេស៊ីបដែលអ្នកបានឃើញនៅថ្ងៃនេះទៀតហើយ។
14ព្រះអម្ចាស់នឹងច្បាំងជំនួសអ្នករាល់គ្នា ហើយអ្នករាល់គ្នាគ្រាន់តែតាំងស្មារតីឲ្យរឹងមាំឡើង»។
15បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖​ «ម៉ូសេ ហេតុអ្វីបានជាអ្នកបន្តស្រែករកយើងទៀត? ចូរប្រាប់ជនជាតិអ៊ីស្រាអែលឲ្យបន្តដំណើរទៅមុខទៀត។
16ចូរលើកដំបងរបស់អ្នកឡើង យកដៃរបស់អ្នកលើកវាឡើងវាយទៅលើសមុទ្រ ហើយញែកវាចេញជាពីរ ដើម្បីឲ្យប្រជាជនអ៊ីស្រាអែលអាចឆ្លងកាត់សមុទ្រនៅលើដីស្ងួត។
17ចូរដឹងថា យើងបានធ្វើឲ្យស្តេចផារ៉ោនមានចិត្តរឹងរូស ដូច្នេះ ស្តេចនឹងដេញតាមពួកគេ។ យើងនឹងបានទទួលកិត្តិយស ដោយសារស្តេចផារ៉ោន និងកងទ័ព ព្រមទាំងទ័ពសេះរបស់ស្តេច។
18នោះ ជនជាតិអេស៊ីបនឹងដឹងថា យើងគឺជាព្រះអម្ចាស់ នៅពេលយើងបានទទួលកិត្តិយសដោយសារស្តេចផារ៉ោន និងរទេះចម្បាំង​ ព្រមទាំងកងទ័ពសេះរបស់ស្តេចផង»។
19ទេវតារបស់ព្រះជាម្ចាស់ ដែលបាននៅខាងមុខជនជាតិអ៊ីស្រាអែល ក៏បានទៅពីក្រោយពួកគេ។ បង្គោលពពកក៏នៅនាំមុខពួកគេ ហើយក៏នៅពីក្រោយពួកគេដែរ។
20ពពកបានមកនៅចន្លោះជំរំរបស់អេស៊ីប និងជំរំរបស់អ៊ីស្រាអែល។ វាជាពពកខ្មៅនៅខាងអេស៊ីប ប៉ុន្តែ ភ្លឺនៅពេលយប់សម្រាប់ជនជាតិអ៊ីស្រាអែល ដូច្នេះហើយ បានជាកងទ័ពមិនហ៊ានចូលជិតគ្នាឡើយពេញមួយយប់។
21លោកម៉ូសេបានលើកដៃរបស់គាត់ទៅលើសមុទ្រ។ ព្រះអម្ចាស់បានញែកសមុទ្រដោយខ្យល់ពីទិសខាងកើតយ៉ាងខ្លាំងពេញមួយយប់នោះ ហើយបានធ្វើឲ្យសមុទ្រស្ងួត។ ដូច្នេះ ទឹកបានញែកចេញពីគ្នា។
22ជនជាតិអ៊ីស្រាអែលបាននាំគ្នាដើរទៅដល់ពាក់កណ្តាលសមុទ្រនៅលើដីស្ងួត។ ទឹកបានទៅជាកំពែងសម្រាប់ពួកគេគឺនៅខាងស្តាំ និងខាងឆ្វេងដៃរបស់ពួកគេ។
23ជនជាតិអេស៊ីបបានដេញតាមពួកគេ។ ពួកគេបានដេញតាមជនជាតិអ៊ីស្រាអែលដល់ពាក់កណ្តាលសមុទ្រ គឺសេះរបស់ស្តេចផារ៉ោន រទេះចម្បាំង និងកងទ័ពសេះទាំងអស់របស់ស្តេច។
24ប៉ុន្តែ នៅពេលព្រឹកព្រលឹម ព្រះអម្ចាស់បានទតចុះមកលើកងទ័ពរបស់ទាហានជនជាតិអេស៊ីបតាមរយៈបង្គោលភ្លើង និងពពក។
25ព្រះអង្គបានធ្វើឲ្យជនជាតិអេស៊ីបមានការភ័យខ្លាចជាខ្លាំង។ កង់រទេះរបស់ពួកគេរបូត ហើយកងទ័ពសេះក៏បរពិបាក។ ដូច្នេះ ជនជាតិអេស៊ីបនិយាយថា៖ «ចូរពួកយើងរត់ចេញពីអ៊ីស្រាអែលទៅ ដ្បិតព្រះអម្ចាស់នឹងច្បាំងជាមួយយើងជំនួសពួកគេ»។
26ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «ចូរលើកដៃរបស់អ្នកទៅលើសមុទ្រ ដើម្បីឲ្យទឹកបានធ្លាក់ចុះមកវិញលើជនជាតិអេស៊ីប និងលើរទេះ និងលើទ័ពសេះរបស់ពួកគេផង»។
27ដូច្នេះ លោកម៉ូសេក៏លើកដៃរបស់គាត់ទៅលើសមុទ្រ ហើយវាក៏ត្រឡប់ដូចដើមឡើងវិញ នៅពេលព្រឹកមកដល់។ ជនជាតិអេស៊ីបាននាំគ្នារត់ចេញពីសមុទ្រ ហើយព្រះអម្ចាស់បាននាំជនជាតិអេស៊ីបចូលទៅកណ្តាលសមុទ្រ។
28ទឹកបានត្រឡប់មកវិញ ហើយបានគ្របពីលើរទេះរបស់ស្តេចផារ៉ោន ទ័ពសេះ និងកងទ័ពរបស់ស្តេចទាំងអស់ដែលដេញតាមរទេះចូលទៅក្នុងសមុទ្រ។ គ្មាននរណាម្នាក់រស់ឡើយ។
29ប៉ុន្តែ ជនជាតិអ៊ីស្រាអែលវិញ បានដើរនៅលើដីស្ងួតនៅចំកណ្ដាលសមុទ្រ។ ទឹកបានធ្វើជាជញ្ជាំងសម្រាប់ពួកគេ នៅខាងស្តាំ និងខាងឆ្វេងដៃរបស់ពួកគេ។
30ដូច្នេះ ព្រះអម្ចាស់បានសង្គ្រោះអ៊ីស្រាអែល នៅថ្ងៃនោះពីកណ្តាប់ដៃរបស់ជនជាតិអេស៊ីប ហើយអ៊ីស្រាអែលបានឃើញជនជាតិអេស៊ីបស្លាប់នៅតាមមាត់សមុទ្រ។
31នៅពេលអ៊ីស្រាអែលឃើញអំណាចដ៏អស្ចារ្យដែលព្រះអម្ចាស់ប្រើទាស់នឹងជនជាតិអេស៊ីប ប្រជាជននាំគ្នាកោតសរសើរដល់ព្រះអម្ចាស់ ហើយពួកគេបានទុកចិត្តលើព្រះអម្ចាស់ ព្រមទាំងលើលោកម៉ូសេជាអ្នកបម្រើរបស់ព្រះអង្គដែរ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។