1ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេ ដោយបន្ទូលថា៖
2«ចូរញែកកូនច្បងដោយឡែកសម្រាប់យើង គឺកូនច្បងទាំងអស់ ពីចំណោមជនជាតិអ៊ីស្រាអែល ទាំងមនុស្សទាំងសត្វ។ កូនច្បងជាកម្មសិទ្ធិរបស់យើង។
3លោកម៉ូសេប្រាប់ទៅប្រជាជនថា៖ «ចូរនឹងចាំពីថ្ងៃនេះ ជាថ្ងៃដែលអ្នករាល់គ្នាបានចេញពីអេស៊ីប ចេញពីផ្ទះនៃភាពជាទាសករ ដ្បិតដោយសារព្រះហស្តដ៏ខ្លាំងពូកែរបស់ព្រះអម្ចាស់ ព្រះអង្គបាននាំអ្នករាល់គ្នាចេញពីកន្លែងនេះ។ មិនត្រូវហូបនំប៉័ងដែលមានមេឡើយ។
4ថ្ងៃនេះអ្នករាល់គ្នានឹងចេញពីទឹកដីអេស៊ីប គឺនៅក្នុងខែអាប៊ីប។
5នៅពេលព្រះអម្ចាស់នាំអ្នករាល់គ្នាទៅក្នុងទឹកដីជនជាតិកាណាន ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិហេវី និងជនជាតិយេប៊ូស ជាទឹកដីដ៏សម្បូរសប្បាយ ដែលព្រះអង្គសន្យាជាមួយពួកបុព្វបុរសរបស់អ្នករាល់គ្នាថា នឹងប្រទានឲ្យអ្នករាល់គ្នា នោះត្រូវនាំគ្នាគោរពបម្រើព្រះអម្ចាស់ ដោយធ្វើពិធីបុណ្យចម្លងក្នុងខែនេះ។
6ក្នុងរយៈពេលប្រាំពីរថ្ងៃអ្នករាល់គ្នាត្រូវហូបនំប៉័ងឥតមេ នៅថ្ងៃទីប្រាំពីរ ត្រូវធ្វើពីធីបុណ្យថ្វាយព្រះអម្ចាស់។
7ត្រូវហូបនំប៉័ងឥតមេក្នុងរយៈពេលប្រាំពីរថ្ងៃ មិនត្រូវឲ្យឃើញមាននំប៉័ងមានមេនៅក្នុងចំណោមអ្នករាល់គ្នាឡើយ។ ក៏មិនត្រូវឲ្យឃើញមានមេនៅក្នុងទឹកដីរបស់អ្នករាល់គ្នាដែរ។
8នៅថ្ងៃនោះ អ្នករាល់គ្នាត្រូវប្រាប់ដល់កូនចៅរបស់អ្នករាល់គ្នាថា៖ «នេះគឺដោយអ្វីដែលព្រះអម្ចាស់បានធ្វើសម្រាប់យើងពេល យើងចេញពីស្រុកអេស៊ីបមក»។
9ការនេះនឹងរំលឹកនៅនឹងដៃរបស់អ្នករាល់គ្នា និងរំលឹកនៅលើថ្ងាស់របស់អ្នករាល់គ្នា ដ្បិត ព្រះអម្ចាស់បាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីបដោយព្រះហស្ដដ៏ខ្លាំងពូកែរបស់ព្រះអង្គ។
10ដូច្នេះ អ្នករាល់គ្នាត្រូវរក្សាច្បាប់នេះ រៀងរាល់ឆ្នាំ តាមពេលកំណត់របស់វា។
11នៅពេលព្រះអម្ចាស់បាននាំអ្នករាល់គ្នាចូលទៅក្នុងទឹកដីជនជាតិកាណាន តាមការដែលព្រះអង្គបានស្បថនឹងធ្វើជាមួយអ្នករាល់គ្នា និងជាមួយពូជពង្សរបស់អ្នករាល់គ្នា។
12អ្នករាល់គ្នាត្រូវញែកកូនច្បងទាំងអស់ដោយឡែក និងកូនច្បងនៃសត្វរបស់អ្នករាល់គ្នាតាមពូជដែរ។ កូនច្បងទាំងអស់ជាកម្មសិទ្ធិរបស់ព្រះអម្ចាស់។
13កូនច្បងរបស់សត្វលា អ្នករាល់គ្នាត្រូវទិញមកវិញ ដោយយកកូនចៀមមកជំនួសវិញ។ ប្រសិនបើ អ្នករាល់គ្នាមិនទិញត្រឡប់មកវិញទេ នោះអ្នករាល់គ្នាត្រូវបំបាក់កវា។ ប៉ុន្តែ កូនច្បងនៅក្នុងចំណោមកូនរបស់អ្នករាល់គ្នាទាំងអស់ត្រូវទិញវាមកវិញដែរ។
14ក្រោយមក នៅពេលកូនចៅរបស់អ្នកសួរថា៖ «តើការនេះមានន័យយ៉ាងដូចម្តេច?» នោះអ្នករាល់គ្នាត្រូវប្រាប់ពួកគេថា៖ «គឺជាព្រះហស្តដ៏ខ្លាំងពូកែរបស់ព្រះអម្ចាស់ដែលបាននាំចេញពីផ្ទះនៃភាពជាទាសករ។
15នៅពេលស្តេចផារ៉ោនមានព្រះទ័យរឹង បដិសេធមិនអនុញ្ញាតឲ្យយើងចេញទៅ ព្រះអម្ចាស់បានស្លាប់កូនច្បងដែលនៅក្នុងទឹកដីអេស៊ីបចោលទាំងអស់ ទាំងកូនច្បងរបស់មនុស្ស និងកូនដំបូងរបស់សត្វ។ ហេតុដូច្នេះហើយ បានជាយើងថ្វាយកូនច្បងដល់ព្រះអម្ចាស់ ទាំងមនុស្ស ទាំងសត្វ ហើយនោះគឺជាហេតុដែលយើងទិញកូនច្បងរបស់យើងត្រឡប់មកវិញ»។
16ការនេះនឹងក្លាយជាការរំលឹកនៅលើដៃ និងនៅលើថ្ងាសរបស់អ្នករាល់គ្នា ដ្បិត គឺដោយសារព្រះហស្តដ៏ខ្លាំងពូកែរបស់ព្រះអម្ចាស់ បាននាំយើងចេញពីអេស៊ីបមក»។
17នៅពេលស្តេចផារ៉ោនអនុញ្ញាតឲ្យប្រជាជនចេញ ព្រះជាម្ចាស់មិនបាននាំពួកគេតាមផ្លូវកាត់តាមទឹកដីភីលីស្ទីនទេ ទោះបីជាតាមទឹកដីនោះជិតក្តី។ ដ្បិតព្រះជាម្ចាស់មានបន្ទូលថា៖ «ប្រហែលជាមនុស្សអាចប្តូរគំនិតរបស់ពួកគេ នៅពេលពួកគេជួបជាមួយនឹងសង្គ្រាម ហើយពួកគេនឹងត្រឡប់ទៅស្រុកអេស៊ីបវិញ»។
18ដូច្នេះ ព្រះជាម្ចាស់បាននាំបណ្តាជនវាងកាត់តាមទីរហោរស្ថានឆ្ពោះទៅសមុទ្រត្រែង។ ជនជាតិអ៊ីស្រាអែលចេញពីទឹកដីអេស៊ីប ទាំងកាន់អាវុធសម្រាប់ធ្វើសង្គ្រាមផង។
19លោកម៉ូសេបានយកឆ្អឹងរបស់លោកយ៉ូសែបទៅជាមួយគាត់ដែរ ដ្បិតលោកយ៉ូសែបបានឲ្យជនជាតិអ៊ីស្រាអែលស្បថ ហើយនិយាយថា៖ «ព្រះជាម្ចាស់ប្រាកដជាសង្គ្រោះអ្នករាល់គ្នា ហើយអ្នករាល់គ្នាត្រូវយកឆ្អឹងរបស់ខ្ញុំទៅជាមួយផង»។
20ជនជាតិអ៊ីស្រាអែលបានធ្វើដំណើរពីក្រុងសិកូត ទៅបោះជំរំត្រង់អេថាម ដែលស្ថិតនៅជាយទីរហោស្ថាន។
21ព្រះអម្ចាស់យាងពីមុខពួកគេ ដោយនៅពេលថ្ងៃ ព្រះអង្គធ្វើឲ្យមានបង្គោលពពកនៅតាមផ្លូវ ដើម្បីនាំពួកគេ។ នៅពេលយប់ ព្រះអង្គធ្វើឲ្យមានបង្គោលភ្លើង ដើម្បីជាពន្លឺបំភ្លឺដល់ពួកគេ។ ដូច្នេះ ពួកគេអាចធ្វើដំណើរទាំងយប់ទាំងថ្ងៃ។
22ព្រះអម្ចាស់មិនបានដកបង្គោលពពកនៅពេលថ្ងៃចេញពីប្រជាជនឡើយ ហើយនៅពេលយប់ក៏ដូចគ្នាដែរ។