1ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេ និងលោកអ៊ើរ៉ុននៅក្នុងទឹកដីអេស៊ីប។ ព្រះអង្គមានបន្ទូលថា៖
2«សម្រាប់អ្នក ខែនេះគឺជាខែដែលត្រូវចាប់ផ្តើម គឺខែដំបូងនៃឆ្នាំរបស់អ្នក។
3ចូរប្រាប់ដល់សហគមន៍អ៊ីស្រាអែលថា៖ «នៅថ្ងៃទីដប់ខែនេះ ពួកគេម្នាក់ៗត្រូវយកចៀមមួយ ឬពពែស្ទាវមួយសម្រាប់ពួកគេ គ្រួសារនីមួយៗត្រូវធ្វើដូច្នេះ គឺត្រូវយកចៀមមួយសម្រាប់គ្រួសារមួយ។
4ប្រសិនបើ គ្រួសារនោះតូចហូបចៀមមួួយមិនអស់ អ្នកនោះនិងអ្នកជិតខាង ត្រូវយកសាច់ចៀម ឬពពែស្ទាវចែកឲ្យល្មមសម្រាប់មនុស្សគ្រប់គ្នា។ គ្រប់គ្នាត្រូវតែបរិភោគឲ្យឆ្អែត ដូច្នេះ ពួកគេត្រូវយកសាច់ល្មម ដើម្បីចម្អែតពួកគេគ្រប់គ្នា។
5កូនចៀម ឬពពែឈ្មោលរបស់អ្នកត្រូវតែល្អឥតខ្ចោះ ដែលមានអាយុមួយខួប។ អ្នកត្រូវយកចៀមមួយ ឬពពែមួយពីហ្វូងសត្វ។ អ្នកត្រូវទុកវារហូតដល់ដប់បួនថ្ងៃនៅក្នុងខែនោះ។
6បន្ទាប់មក សហគមន៍អ៊ីស្រាអែលទាំងមូលត្រូវសម្លាប់វានៅពេលថ្ងៃលិច។
7អ្នកត្រូវយកឈាមខ្លះ ហើយលាបវានៅលើក្របទ្វារទាំងសងខាង និងនៅលើក្របទា្វារផ្ទះដែលអ្នកហូបសាច់នោះផង។
8អ្នកត្រូវហូបសាច់នៅយប់នោះ បន្ទាប់ពីអ្នកបានអាំងវានៅលើភ្លើងហើយ។ ចូរហូបវាជាមួយនំប៉័ង ឥតមេ និងបន្លែល្វីង។
9កុំហូបសាច់ឆៅ ឬស្ងោរនឹងទឹកឡើយ។ ផ្ទុយទៅវិញ ត្រូវអាំងវាលើភ្លើង ជាមួយនឹងក្បាល ជើងនិងគ្រឿងក្នុងរបស់វា។
10អ្នកមិនត្រូវទុកឲ្យអ្វីមួយនៅសល់រហូតដល់ពេលព្រឹកឡើយ។ អ្នកត្រូវដុតអ្វីៗដែលនៅសល់ចោលឲ្យអស់នៅពេលព្រឹក។
11នេះគឺជារបៀបដែលអ្នកត្រូវហូប ត្រូវក្រវាត់ចង្កេះ ពាក់ស្បែកជើងនៅលើជើងរបស់អ្នក និងកាន់ដំបងនៅនឹងដៃរបស់អ្នកដែរ។ អ្នកត្រូវហូបវាឲ្យលឿន។ នេះគឺជាបុណ្យចម្លងរបស់ព្រះអម្ចាស់។
12ព្រះអម្ចាស់មានបន្ទូលដូច្នេះ យើងនឹងឆ្លងកាត់ទឹកដីអេស៊ីប ហើយប្រហារកូនច្បងរបស់មនុស្ស និងសត្វនៅក្នុងទឹកដីអេស៊ីប។ យើងនឹងនាំការជំនុំជម្រះនៅលើព្រះរបស់អេស៊ីបទាំងអស់។ យើងគឺព្រះអម្ចាស់។
13ឈាមនឹងធ្វើជាទីសម្គាល់នៅក្នុងផ្ទះរបស់អ្នក នៅពេលយើងមក។ ពេលយើងប្រហារទឹកដីអេស៊ីប ហើយយើងឃើញឈាម យើងនឹងហោះរំលង។ គ្រោះកាចនេះនឹងមិនមកដល់អ្នករាល់គ្នាឡើយ ហើយយើងក៏មិនបំផ្លាញអ្នករាល់គ្នាដែរ។
14ថ្ងៃនេះនឹងក្លាយជាថ្ងៃដែលរំលឹកដល់អ្នករាល់គ្នា ដែលអ្នករាល់គ្នាត្រូវយកថ្ងៃនេះទុកជាពិធីបុណ្យថ្វាយព្រះអម្ចាស់។ វាជាច្បាប់សម្រាប់អ្នករាល់គ្នា អ្នករាល់គ្នាត្រូវកាន់តាមគ្រប់ជំនាន់ ទុកជាច្បាប់រហូតតទៅ។
15អ្នករាល់គ្នាត្រូវហូបនំប៉័ងឥតមេ ក្នុងរយៈពេលប្រាំពីរថ្ងៃ។ នៅថ្ងៃដំបូង អ្នកត្រូវយកមេចេញពីផ្ទះរបស់អ្នករាល់គ្នា។ អ្នកណាដែលហូបនំប៉័ងមានមេក្នុងរយៈពេលប្រាំពីរថ្ងៃ អ្នកនោះត្រូវកាត់ចេញពីអ៊ីស្រាអែល។
16នៅថ្ងៃទីមួយ ត្រូវញែកសហគមន៍ឲ្យនៅដោយឡែកសម្រាប់យើង ហើយនៅថ្ងៃទីប្រាំពីរ នឹងមានការជួបជុំសារជាថ្មីម្តងទៀត។ នៅថ្ងៃនោះ មិនត្រូវធ្វើការអ្វីឡើយ លើកលែងតែចម្អិនម្ហូបសម្រាប់មនុស្សគ្រប់គ្នាហូបតែប៉ុណ្ណោះ។ អ្នករាល់អ្នកអាចធ្វើការលុះត្រាតែការងារដែលត្រូវធ្វើម្ហូបប៉ុណ្ណោះ។
17អ្នករាល់គ្នាត្រូវកាន់តាមពិធីបុណ្យនំប៉័ងឥតមេនេះ ព្រោះវាគឺជាថ្ងៃដែលយើងបាននាំប្រជាជនរបស់អ្នករាល់គ្នា ពួកពលរបស់អ្នករាល់គ្នាជាក្រុមៗ ចេញពីទឹកដីអេស៊ីប។ ដូច្នេះ អ្នករាល់គ្នាត្រូវរក្សាថ្ងៃនេះ នៅគ្រប់ជំនាន់របស់អ្នករាល់គ្នា។ នេះគឺជាច្បាប់សម្រាប់អ្នករាល់គ្នា។
18អ្នករាល់គ្នាត្រូវហូបនំប៉័ងនៅពេលថ្ងៃលិច ចាប់ពីថ្ងៃដប់បួននៅក្នុងខែដំបូងនៃឆ្នាំ រហូតដល់ថ្ងៃម្ភៃមួយនៃខែនោះ។
19ក្នុងរយៈពេលប្រាំពីរថ្ងៃ មិនត្រូវឲ្យមានមេនៅក្នុងផ្ទះរបស់អ្នករាល់គ្នាឡើយ។ អស់អ្នកណាដែលបរិភោគនំប៉័ងដែលធ្វើដោយមេ ត្រូវកាត់ចេញពីសហគមន៍អ៊ីស្រាអែល ទោះបើ អ្នកនោះគឺជាជនបរទេស ឬអ្នកដែលកើតនៅក្នុងទឹកដីរបស់អ្នករាល់គ្នា។ អ្នករាល់គ្នាមិនត្រូវហូបនំប៉័ងដែលធ្វើដោយមេឡើយ។
20នៅគ្រប់កន្លែងដែលអ្នករាល់គ្នារស់នៅ អ្នករាល់គ្នាត្រូវហូបនំប៉័ងដែលឥតមេ។
21បន្ទាប់មក លោកម៉ូសេបានកោះហៅពួកចាស់ទុំអ៊ីស្រាអែលទាំងអស់ ហើយប្រាប់ដល់ពួកគេថា៖ «ចូរទៅ ហើយជ្រើសរើសកូនចៀម ឬចៀមតូច ដែលល្មមនឹងចម្អែតគ្រួសាររបស់អ្នករាល់គ្នា ហើយសម្លាប់វាធ្វើពិធីបុណ្យចម្លង។
22បន្ទាប់មក យកមែកហ៊ីស៊ុប ហើយជ្រលក់វាទៅក្នុងឈាមដែលនៅក្នុងផើង។ ហើយលាបឈាមដែលនៅក្នុងផើងនៅពីលើក្របទ្វារ ហើយលាបលើក្របទ្វារទាំងសងខាង។ កុំឲ្យនរណាម្នាក់ចេញក្រៅទ្វារផ្ទះរបស់គាត់ឡើងរហូតដល់ពេលព្រឹកឡើយ។
23ដ្បិត ព្រះអម្ចាស់នឹងឆ្លងកាត់ ដើម្បីប្រហារជនជាតិអេស៊ីប។ នៅពេលព្រះអង្គទតឃើញឈាមដែលនៅលើក្របទ្វារ ព្រះអង្គនឹងរំលងទ្វាររបស់អ្នក ហើយមិនអនុញ្ញាតឲ្យមេបំផ្លាញចូលទៅក្នុងផ្ទះរបស់អ្នករាល់គ្នា ហើយប្រហារអ្នករាល់គ្នាឡើយ។
24អ្នករាល់គ្នាត្រូវកាន់តាមច្បាប់នេះ។ ហើយវានឹងត្រូវធ្វើជាច្បាប់សម្រាប់អ្នករាល់គ្នា និងពូជពង្សរបស់អ្នករាល់គ្នា។
25នៅពេលអ្នករាល់គ្នាចូលទៅក្នុងទឹកដីដែលព្រះអម្ចាស់បានប្រទានដល់អ្នករាល់គ្នា ដូចដែលព្រះអង្គបានសន្យានឹងធ្វើ អ្នករាល់គ្នាត្រូវធ្វើការនេះ ទុកជាការថ្វាយបង្គំ។
26នៅពេលកូនចៅរបស់អ្នករាល់គ្នាសួរថា៖ «តើពិធីបុណ្យនេះមានន័យដូចម្តេច?»
27នោះ អ្នកត្រូវប្រាប់ពួកគេថា៖ «នេះគឺជាយញ្ញបូជានៃពិធីបុណ្យចម្លងរបស់ព្រះអម្ចាស់ ព្រោះព្រះអម្ចាស់បានឆ្លងកាត់ផ្ទះរបស់ជនជាតិអ៊ីស្រាអែលនៅអេស៊ីប នៅពេលព្រះអង្គប្រហារជនជាតិអេស៊ីប។ ព្រះអង្គបានរំដោះផ្ទះរបស់ពួកយើងឲ្យមានសេរីភាព។ បន្ទាប់មក ជនជាតិអ៊ីស្រាអែលបានលុតជង្គង់ចុះ ហើយថ្វាយបង្គំព្រះអម្ចាស់។
28ជនជាតិអ៊ីស្រាអែលបានចាកចេញយ៉ាងប្រាកដ ដូចព្រះអម្ចាស់បានបង្គាប់ដល់លោកម៉ូសេ និងលោកអ៊ើរ៉ុន។
29ការនោះបានកើតឡើងនៅពេលយប់ គឺព្រះអម្ចាស់បានប្រហារកូនច្បងទាំងអស់ដែលនៅក្នុងទឹកដីអេស៊ីប ចាត់តាំងពីបុត្រច្បងរបស់ស្តេចផារ៉ោន ដែលសោយរាជ្យនៅលើបល្ល័ង្ក ដល់កូនច្បងរបស់មនុស្សដែលនៅក្នុងគុក និងកូនច្បងទាំងអស់នៃហ្វូងសត្វដែរ។
30ស្តេចផារ៉ោនបានតើនឡើយនៅពេលយប់ ព្រះអង្គទតឃើញ ពួកមន្ត្រីរបស់ស្តេច និងជនជាតិអេស៊ីបទាំងអស់។ មានការយំកាន់ទុក្ខជាខ្លាំង ដ្បិត គ្មានផ្ទះណាមួយ ដែលគ្មានមនុស្សស្លាប់ឡើយ។
31ស្តេចផារ៉ោនបានកោះហៅលោកម៉ូសេ និងលោកអ៊ើរ៉ុននៅពេលយប់នោះ ហើយមានរាជឱង្ការថា៖ «ចូរក្រោកឡើយ ចូរចេញពីចំណោមប្រជារាស្រ្តរបស់យើងទៅ អ្នក និងជនជាតិអ៊ីស្រាអែល។ ចូរទៅ ថ្វាយបង្គំព្រះអម្ចាស់ ដូច្នេះដែលអ្នកនិយាយថាអ្នកចង់ធ្វើទៅ។
32ចូរយកហ្វូងចៀម និងហ្វូងសត្វរបស់អ្នក ដូចអ្នកបាននិយាយ ហើយទៅចុះ ព្រមទាំងឲ្យពរដល់យើងផង»។
33ជនជាតិអេស៊ីបបានប្រញាប់ប្រញាលចាត់ពួកគេឲ្យចាកចេញពីទឹកដី ដ្បិត ពួកគេនិយាយថា៖ «យើងមុខជាស្លាប់ទាំងអស់គ្នា»។
34ដូច្នេះ ប្រជាជនបានយកម្សៅដែលមិនទាន់ដាក់ដំបែ និងផើងសម្រាប់លាយម្សៅរបស់ពួកគេមករុំក្នុងអាវ ហើយលីចេញទៅ។
35ជនជាតិអ៊ីស្រាអែលបានធ្វើដូចលោកម៉ូសេបានប្រាប់ដល់ពួកគេ។ ពួកគេបានសុំគ្រឿងប្រាប់ គ្រឿងមាស និងសម្លៀកបំពាក់ពីជនជាតិអេស៊ីប។
36ព្រះអម្ចាស់បានធ្វើឲ្យជនជាតិអេស៊ីបមានចិត្តមេត្តាដល់ជនជាតិអ៊ីស្រាអែល។ ដូច្នេះ ជនជាតិអេស៊ីបបានឲ្យអ្វីៗតាមដែលពួកគេសុំ។ បែបនេះ ជនជាតិអ៊ីស្រាអែលបានរឹមអូសពីជនជាតិអេស៊ីប។
37ជនជាតិអ៊ីស្រាអែលបានធ្វើដំណើរពីក្រុងរ៉ាមសេសទៅក្រុងសិកូត។ មានបុរសចំនួន៦០០, ០០០នាក់ធ្វើដំណើរថ្មើរជើង ដោយមិនបានរាប់ស្រ្តី និងក្មេងៗទេ។
38មានបណ្ដាជនដែលមិនមែនជាជនជាតិអ៊ីស្រាអែលធ្វើដំណើរជាមួយពួកគេដែរ ជាមួយនឹងហ្វូងចៀម និងហ្វូងគោ និងហ្វូងសត្វយ៉ាងច្រើនសន្ធឹកសន្ធាប់។
39ពួកគេបានដុតនំប៉័ងដែលឥតមេ ដែលមិនដោល ដែលបាននាំពីអេស៊ីបមក។ ជានំប៉័ងដែលឥតមេ ដោយសារពួកគេត្រូវបានបណ្ដេញចេញពីអេស៊ីប ហើយពួកគេត្រូវចម្អិនអាហារជាប្រញាប់។
40ជនជាតិអ៊ីស្រាអែលរស់នៅអេស៊ីប ៤៣០ឆ្នាំ។
41នៅចុងឆ្នាំ ៤៣០ នៅថ្ងៃដំបូង ប្រជារាស្រ្តរបស់ព្រះអម្ចាស់បានចាកចេញពីទឹកដីអេស៊ីប។
42នេះគឺជាយប់ដែលពួកគេមិនគេងឡើយ ដ្បិតព្រះអម្ចាស់នឹងនាំពួកគេចេញពីទឹកដីអេស៊ីប។ នេះគឺជាយប់នៃព្រះអម្ចាស់ ដែលជនជាតិអ៊ីស្រាអែលត្រូវរក្សាទុកដល់ជនជាតិរបស់ពួកគេគ្រប់ជំនាន់។
43ព្រះអម្ចាស់មានបន្ទូលទៅលោកម៉ូសេ និងលោកអ៊ើរ៉ុនថា៖ «នេះគឺជាច្បាប់របស់ពិធីបុណ្យចម្លង ជនបរទេសមិនអាចចូលរួមហូបបានទេ។
44ប៉ុន្តែ ទាសកររបស់ជនជាតិអ៊ីស្រាអែលទាំងអស់ ដែលបានទិញដោយប្រាក់ អាចហូបបាន បន្ទាប់ពីពួកគេបានកាត់ស្បែកហើយ។
45ជនបរទេស និងអ្នកបម្រើដែលបានជួលមិនត្រូវឲ្យហូបអាហារទាំងនេះឡើយ។
46អាហារទាំងនេះ ត្រូវតែហូបនៅក្នុងផ្ទះ។ អ្នករាល់គ្នាមិនត្រូវយកសាច់ណាមួយចេញក្រៅផ្ទះឡើយ ហើយអ្នករាល់គ្នាក៏មិនត្រូវបំបាក់ឆ្អឹងដែរ។
47នៅក្នុងសហគមន៍អ៊ីស្រាអែលទាំងមូលត្រូវរក្សាពិធីបុណ្យនេះ។
48ប្រសិនបើ ជនបរទេសដែលរស់នៅជាមួយអ្នករាល់គ្នា ចង់រក្សាពិធីបុណ្យចម្លងរបស់ព្រះអម្ចាស់នេះ ត្រូវឲ្យសាច់ញាតិរបស់គេទាំងអស់កាត់ស្បែក។ បន្ទាប់មកគាត់អាចចូលមក ហើយធ្វើពិធីនេះបាន។ អ្នកទាំងនោះនឹងក្លាយជាប្រជារាស្រ្តដែលបានកើតនៅក្នុងទឹកដីនេះ។ ប៉ុន្តែ មនុស្សដែលមិនកាត់ស្បែកមិនអាចហូបអាហារទាំងនេះឡើយ។
49នេះគឺជាច្បាប់ដូចគ្នា ដែលត្រូវអនុវត្តទាំងម្ចាស់ស្រុក និងជនបរទេសដែលរស់នៅក្នុងចំណោមអ្នករាល់គ្នា»។
50ដូច្នេះ ជនជាតិអ៊ីស្រាអែលបានធ្វើតាមដូចដែលព្រះអម្ចាស់បានបង្គាប់ដល់លោកម៉ូសេ និងលោកអ៊ើរ៉ុន។
51នៅថ្ងៃកំណត់នោះ ព្រះអម្ចាស់បាននាំជនជាតិអ៊ីស្រាអែលចេញពីទឹកដីអេស៊ីប ដោយមានរបៀបដូចជាកងទ័ព។