1បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «នៅមានគ្រោះកាចមួយទៀត ដែលយើងនឹងនាំមកលើស្តេចផារ៉ោន និងស្រុកអេស៊ីប។ បន្ទាប់មក ស្តេចនឹងអនុញ្ញាតឲ្យអ្នកចេញពីទីនេះហើយ។ នៅពេលស្តេចអនុញ្ញាតឲ្យអ្នកចេញហើយ ស្តេចនឹងបណ្ដេញអ្នកឲ្យចេញទាំងអស់។
2ចូរបង្គាប់ទៅពួកប្រុសៗ និងស្រីៗទាំងអស់ឲ្យសូមគ្រឿងប្រាក់ និងគ្រឿងមាស ពីអ្នកជិតខាងរបស់ពួកគេ»។
3ព្រះអម្ចាស់បានធ្វើឲ្យជនជាតិអេស៊ីបមានចិត្តមេត្តាដល់ជនជាតិអ៊ីស្រាអែល។ លើសពីនេះ លោកម៉ូសេជាមនុស្សដ៏សំខាន់នៅចំពោះពួកមន្ត្រីរបស់ស្តេចផារ៉ោន និងនៅចំពោះប្រជាជននៅក្នុងស្រុកអេស៊ីប។
4លោកម៉ូសេទូលថា៖ «ព្រះអម្ចាស់មានបន្ទូលដូច្នេះ៖ «នៅពាក់កណ្តាលយប់ យើងនឹងចេញទៅពាសពេញទឹកដីអេស៊ីប។
5កូនច្បងទាំងអស់ដែលនៅក្នុងទឹកដីរបស់អេស៊ីប នឹងត្រូវស្លាប់ គឺចាប់តាំងពីកូនច្បងរបស់ស្តេចផារ៉ោន ដែលសោយរាជ្យនៅលើបល្ល័ង្ក ដល់កូនច្បងរបស់ស្រី្តបាវបម្រើដែលនៅខាងក្រោយត្បាល់កិន និងកូនច្បងក្នុងហ្វូងសត្វទាំងអស់ថែមទៀតផង។
6បន្ទាប់មក នឹងមានឮសូរសម្រែកទ្រហោយំនៅក្នុងទឹកដីអេស៊ីបទាំងមូល ចាប់តាំងពីដើមរៀងមកមិនធ្លាប់មាន ហើយទៅមុខក៏មិនធ្លាប់មានដូច្នេះដែរ។
7សូម្បីឆ្កែក៏មិនឮព្រុសដាក់ជនជាតិអ៊ីស្រាអែល ដាក់មនុស្ស ឬសត្វណាមួយផង។ បែបនេះ អ្នករាល់គ្នានឹងដឹងថា ព្រះអម្ចាស់បានប្រព្រឹត្តនឹងជនជាតិអេស៊ីប និងជនជាតិអ៊ីស្រាអែលផ្សេងគ្នា។
8ពួកមន្ត្រីរបស់ស្តេចផារ៉ោនទាំងអស់ នឹងចូលមករកឃើញ ហើយលុតជង្គង់ចុះនៅចំពោះយើង។ ពួកគេនឹងនិយាយថា៖ «ចូរចេញទៅ ហើយមនុស្សទាំងអស់នឹងទៅជាមួយអ្នកដែរ!»។ បន្ទាប់ពីនោះ យើងនឹងចេញទៅ»។ បន្ទាប់មក គាត់ក៏ចេញពីស្តេចផារ៉ោនទាំងមានកំហឹងយ៉ាងខ្លាំង។
9ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «ស្តេចផារ៉ោននឹងមិនស្តាប់តាមអ្នកទេ។ ការនេះកើតឡើងដូច្នេះ ដើម្បីយើងអាចនឹងធ្វើការអស្ចារ្យ នៅក្នុងទឹកដីអេស៊ីប»។
10លោកម៉ូសេ និងលោកអ៊ើរ៉ុនបានធ្វើទីសម្គាល់ទាំងអស់នេះ នៅចំពោះស្តេចផារ៉ោន។ ប៉ុន្តែ ព្រះអម្ចាស់បានធ្វើឲ្យព្រះទ័យរបស់ស្តេចផារ៉ោនរឹង ហើយស្តេចផារ៉ោនមិនព្រមអនុញ្ញាតឲ្យប្រជាជនអ៊ីស្រាអែលចេញពីទឹកដីរបស់ស្តេចទេ។