ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

នាងអេសធើរ 9

Read Scripture freely. Divine Threads study for this chapter is coming later.

1លុះដល់ខែទីដប់ពីរ ត្រូវនឹងខែផល្គុន នៅថ្ងៃទីដប់បីនោះ​ គឺជាថ្ងៃដែលរាជបញ្ជា និងរាជក្រឹត្យរបស់ស្តេចដែលត្រូវគេអនុវត្ត នៅថ្ងៃនោះឯង កាលខ្មាំងសត្រូវរបស់ជនជាតិយូដា មានសង្ឃឹមថានឹងមានអំណាចលើជនជាតិយូដា នោះស្ថានភាពក៏បានផ្លាស់ប្តូរ។ គឺពួកជនជាតិយូដាមានអំណាចលើអស់អ្នកដែលស្អប់គេនោះវិញ។
2នៅតាមក្រុងនានា និង ក្នុងអាណាខេត្តទាំងអស់របស់ព្រះចៅអហាស៊ូរុស ជនជាតិយូដាប្រមូលផ្តុំគ្នាដើម្បីសងសឹក​ អស់អ្នកដែលប៉ុនប៉ងធ្វើបាបពួកគេ។ ហើយគ្មាននរណាអាចទាស់ប្រឆាំងនឹងជនជាតិយូដាបានឡើយ ដ្បិតជាតិសាសន៍ទាំងឡាយភ័យខ្លាចនឹងជនជាតិយូដាគ្រប់ៗគ្នា។
3ពួកមន្ត្រីនៅតាមអាណាខេត្ត​ ពួកមេទ័ព ពួកទេសាភិបាល និងពួករាជការទាំងប៉ុន្មានបានគាំទ្រជនជាតិយូដា ពីព្រោះពួកគេភ័យខ្លាចលោកម៉ាដេកាយ។
4ដ្បិតលោកម៉ាដេកាយទទួលតំណែងមហាមន្ត្រីនៅក្នុងរាជវាំង ហើយកិត្តិនាមរបស់លោកល្បីខ្ទរខ្ទាយពាសពេញអាណាខេត្តទាំងអស់ ហើយលោកមានអំណាចកាន់តែខ្លាំងឡើង។
5ដូច្នេះជនជាតិយូដាប្រហារជីវិតខ្មាំងសត្រូដោយមុខដាវ ដោយសម្លាប់ និងបំផ្លាញពួកគេ ហើយប្រព្រឹត្តតាមអំពើចិត្ត ចំពោះអស់អ្នកណាដែលស្អប់ដល់ខ្លួន។
6គ្រាន់តែនៅក្រុងស៊ូសាន ជនជាតិយូដាបានប្រហាជីវិតសត្រូវអស់ប្រាំរយនាក់។
7ពួកគេបានប្រហាជីវិត ផើសានដាថា ដាលផូន អ័សផាថា​​​
8​ផូរ៉ាថា​ អាដាលា​ អើរីដាថា​​
9ផើម៉ាសថា អើរីសាយ អរីដាយ និងវ៉ាយេសាថា
10ជាកូនប្រុសទាំងដប់របស់លោកហាម៉ាន ដែលត្រូវជាកូនរបស់លោកហាំម្តាថា ជាខ្មាំងសត្រូវរបស់ជនជាតិយូដា។ តែជនជាតិយូដាមិនបានរឹបអូសយកទ្រព្យសម្បត្តិរបស់ពួកគេទេ។
11នៅថ្ងៃនោះដដែល ចំនួនអស់អ្នកដែលជនជាតិយូដា បានសម្លាប់នៅក្រុងស៊ូសាន ជាក្រុងរាជធានី ក៏បានឮដល់ព្រះរាជា។
12ព្រះរាជាបានមានរាជឱង្កោរទៅកាន់ព្រះមហាក្សត្រិយានីអេសធើថា «ពួកជនជាតិយូដាបានសម្លាប់មនុស្សអស់ប្រាំរយនាក់នៅក្នុងក្រុងស៊ូសាន ជារាជធានី ព្រមទាំងកូនប្រុសរបស់ហាម៉ានទាំងដប់នាក់ទៀតផង។ ដូច្នេះ នៅក្នុងអាណាទាំងមូលរបស់ស្តេច តើពួកគេបានសម្លាប់អស់ប៉ុន្មាននាក់ទៀតទៅ? ឥឡូវនេះ តើព្រះនាងចង់សូមអ្វីទៀត? យើងនឹងប្រទានឲ្យទាំងអស់។ តើព្រះនាងចង់សំណូមពរអ្វីបន្ថែមទៀត? យីងនឹងសម្រេចឲ្យទាំងអស់»។
13ព្រះនាងអេសធើទូលស្តេចថា «ប្រសិនបើព្រះករុណាសព្វព្រះហប្ញទ័យ សូមព្រះករុណាអនុញ្ញាតឲ្យជនជាតិយូដាប្រព្រឹត្ត​ ដូចថ្ងៃនេះ នៅក្រុងស៊ូសានដែរ សូមឲ្យគេយកសពកូនប្រុសទាំងដប់នាក់របស់លោកហាម៉ាន ទៅព្យួរនៅលើបង្គោលនោះផង»។
14ព្រះរាជាក៏បង្គាប់ឲ្យធ្វើដូច្នោះ។ ហើយគេប្រកាសរាជក្រឹត្យនៅក្នុងក្រុងស៊ូសាន គេក៏យក កូនប្រុសទាំងដប់របស់លោកហាម៉ានទៅព្យួរ។
15ជនជាតិយូដាបានជួបជុំគ្នានៅក្នុងក្រុងស៊ូសាន នៅថ្ងៃទីដប់បួន ក្នុងខែផល្គុននោះឯង ហើយគេប្រហារជីវិតបីរយនាក់ទៀត នៅក្នុងក្រុងស៊ូសាន តែគេមិនបានរឹបអូសយកទ្រព្យសម្បត្តិរបស់ពួកគេទេ។
16ជនជាតិយូដាឯទៀតៗ ដែលនៅតាមអាណាខេត្តរបស់ស្តេច ក៏បានប្រមូលផ្តុំគ្នា ដើម្បីការពារជីវិតរបស់ខ្លួន ឲ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ ហើយគេបានប្រហារជីវិតមនុស្សអស់ប្រាំពីរម៉ឺនប្រាំពាន់នាក់ អស់អ្នកដែលស្អប់ដល់ជនជាតិយូដា តែពួកគេមិនបានរឹបអូសយកទ្រព្យសម្បត្តិទេ។
17គេបានធ្វើការនោះនៅថ្ងៃទីដប់បី ក្នុងខែផល្គុន។ នៅថ្ងៃទីដប់បួន ពួកគេបានសម្រាក ហើយនាំគ្នាធ្វើពិធីជប់លៀងយ៉ាងសប្បាយ។
18ប៉ុន្តែ ជនជាតិយូដាដែលនៅក្នុងក្រុងស៊ូសាន បានប្រមូលផ្តុំគ្នា នៅថ្ងៃទីដប់បី និងនៅថ្ងៃទីដប់បួន។ ហើយនៅថ្ងៃទីដប់ប្រាំ ពួកគេសម្រាក ហើយនាំគ្នាធ្វើពិធីជប់លៀងយ៉ាងសប្បាយ។
19ហេតុនេះហើយបានជាជនជាតិយូដានៅក្រៅទីក្រុង គេនាំគ្នាកាន់ថ្ងៃទីដប់បួន ក្នុងខែផល្គុន ជាថ្ងៃសប្បាយរីករាយ ហើយធ្វើពិធីជប់លៀង​ ព្រមទាំងជូនជំនូនឲ្យគ្នាទៅវិញទៅមក។
20ឯលោកម៉ាដេកាយ បានកត់ត្រាសេចក្តីទាំងនេះ ហើយផ្ញើលិខិតជូនទៅជនជាតិយូដាទាំងអស់ នៅតាមអាណាខេត្តនានារបស់ព្រះចៅអហាស៊ូរុស ទាំងអ្នកនៅជិត ទាំងអ្នកនៅឆ្ងាយ។
21ដោយបង្គាប់ឲ្យពួកគេកាន់ថ្ងៃទីដប់បួន និងថ្ងៃទីដប់ប្រាំ ខែផល្គុន ទុកជាថ្ងៃបុណ្យរៀងរាល់ឆ្នាំ។
22ដ្បិតថ្ងៃនោះ ជនជាតិយូដាបានរំដោះជីវិតខ្លួនពីខ្មាំងសត្រូវរបស់ខ្លួន ហើយនៅខែនោះ ទុក្ខព្រួយរបសពួកគេ បានត្រឡប់ទៅជាអំណរសប្បាយរីករាយ ពីការកាន់ទុក្ខ បានប្រែក្លាយទៅជាពិធីបុណ្យដ៏រីករាយ។ ពួកគេត្រូវញែកថ្ងៃនោះ ទុកជាថ្ងៃជប់លៀង ហើយអរសប្បាយ ជាថ្ងៃជូនជំនូនជាអាហារដល់គ្នាទៅវិញទៅមក ហើយចែកទានដល់អ្នកក្រីក្រ។
23ដូច្នេះ ជនជាតិយូដាបានធ្វើតាមបង្គាប់លោកម៉ាដេកាយ​ ហើយចាត់ទុកថ្ងៃបុណ្យ ដែលគេប្រារព្ធធ្វើជាលើកដំបូងនោះ ជាបុណ្យប្រពៃណីរៀងមក។
24លោកហាម៉ាន ជាកូនហាំម្តាថា និងជាពូជពង្សរបស់ស្តេចអកាក់​​ ដែលជាខ្មាំងសត្រូវរបស់ជនជាតិយូដា បានបង្កើតឧបាយទាស់នឹងជនជាតិយូដា ដើម្បីបំផ្លាញពួកគេ​​ (លោកហាម៉ានក៏បានបោះពួរីម) ដើម្បីផ្សងរកមើលថ្ងៃល្អ ដើម្បីធ្វើទុក្ខទោស ហើយបំផ្លាញពូជសាសន៍យូដា។
25ប៉ុន្តែ កាលព្រះនាងអេសធើ បានចូលទៅគាល់ព្រះរាជា នោះស្តេចបានចេញរាជបញ្ជា ដោយលាយលក្ខណ៍អក្សរ​ ឲ្យគេព្យួរកលោកហាម៉ាន និងកូនៗរបស់គាត់ គឺគម្រោងការដ៏អាក្រក់ដែលលោកហាម៉ានបានបង្តើតទាស់នឹងជនជាតិយូដា បានធ្លាក់មកលើគាត់វិញ។​
26ហេតុនេះហើយបានជាគេហៅថ្ងៃនោះថា ថ្ងៃបណ្យពួរីម តាមពាក្យ ពោរ។ ជនជាតិយូដាបាន​ប្រារព្ធបុណ្យនោះ ដើម្បីរំឮកពីព្រឹត្តិការណ៍ដេលកើតឡើង ដូចមានចែងទុកក្នុងលិខិតនោះ ព្រមទាំងហេតុការណ៍ដែលបានកើតដល់ពួកគេ។
27ជនជាតិយូដាបានទទួលយកព្រឹត្តិការណ៍នោះធ្វើជាបុណ្យប្រពៃណីរបស់ខ្លួន។ ហើយក៏ទទួលថា ខ្លួនថា កូនចៅរបស់ពួកគេ និងអស់អ្នកណាដែលចូលសាសន៍យូដា។ ពួកគេត្រូវតែនាំគ្នាប្រារព្ធ តាមសេចក្តីដែលបានចែងទុក គឺរៀងរាល់ឆ្នាំឥតខកខានឡើយ។
28ហើយថា ពួកគេនាំគ្នានឹកចាំ និងប្រារព្ធថ្ងៃបុណ្យនេះ​ ពីជំនាន់មួយទៅជំនាន់មួយ តាមក្រុមគ្រួសារ នៅតាមខេត្ត និងតាមទីក្រុងនានា។ ជនជាតិយូដាធ្វើពិធីបុណ្យពួរីមនេះ ដោយឥតខកខានឡើយ ដើម្បីឲ្យកូនចៅរបស់គេនៅជំនាន់ក្រោយចងចាំពីព្រឹត្តិការណ៍នោះជានិច្ច។
29ព្រះមហាក្សត្រិយានីអេសធើ ជាកូនរបស់លោកអ័ប៊ីសាយ និងលោកម៉ាដេកាយ ដែលជាជនជាតិយូដា បានសរសេរលិខិតមួយទៀត តាមអំណាចដែលលោកមាន​ ដើម្បីបញ្ជាក់ពីលើលិខិតមុន អំពីបុណ្យពួរីម។
30គេបានផ្ញើលិខិតទៅជនជាតិយូដាទាំងអស់ ដែលនៅក្នុងអាណាខេត្តទាំងមួយរយម្ភៃប្រាំពីរ របស់ព្រះចៅអហាស៊ូរុស ដោយពាក្យជូនពរប្រកបដោយសេចក្តីសុខសាន្ត។
31ត្រូវឲ្យប្រារព្ធពិធីបុណ្យពួរីម ស្របតាមសេចក្តីដែលលោកម៉ាដេកាយ ជាជនជាតិយូដា និងព្រះមហាក្សត្រិយានីអេសធើ បានបង្គាប់។ តាមថ្ងៃកំណត់ ដែលតម្រូវសម្រាប់ខ្លួនគេ និងកូនចៅពីជំនាន់មួយទៅជំនាន់មួយ ដូចប្រារព្ធពិធីតមអាហារ និងការកាន់ទុក្ខរបស់ពួកគេដែរ។​
32រាជបញ្ជារបស់ព្រះនាងអេសធើ បានបញ្ជាក់អំពីពីធីបុណ្យពួរីម ហើយរាជបញ្ជានោះត្រូវបានគេកត់ត្រាទុកក្នុងសៀវភៅ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។