1នៅថ្ងៃនោះ ព្រះរាជាអហាស៊ូរុស បានប្រទានវិមានរបស់លោកហាម៉ាន ជាខ្មាំងសត្រូវរបស់ជនជាតិយូដា ឲ្យទៅព្រះមហាក្សត្រិយានីអេសធើ ហើយព្រះនាងអេសធើទូលស្តេចឲ្យបានជ្រាបថា លោកម៉ាដេកាយជាសាច់ញាតិរបស់ព្រះនាង។
2ពេលនោះព្រះរាជាដោះត្រាព្រះទម្រង់ ដែលទ្រង់បានដកហូតពីលោកហាម៉ាន មកប្រគល់ជូនលោកម៉ាដេកាយវិញ។ ព្រះនាងអេសធើក៏បានតែងតាំងលោកម៉ាដេកាយឲ្យគ្រប់គ្រងលើវិមានរបស់លោកហាម៉ានដែរ។
3បន្ទាប់មក ព្រះនាងអេសធើបានទូលស្តេចសារជាថ្មី។ ដោយព្រះនាងក្រាបនៅទៀបព្រះបាទារបស់ស្តេច ទាំងយំសោក សូមទ្រង់អាណិតមេត្តាលុបបំបាត់ច្បាប់ដ៏អាក្រក់ដែលលោកហាម៉ានជាពូជពង្សរបស់ស្តេចអកាក់ ដែលបានបង្កើតឧបាយកល ក្នុងគោលបំណងទាស់នឹងជនជាតិយូដា។
4ព្រះរាជាក៏ហុចដំបងមាសទៅឲ្យព្រះនាងអេសធើ ព្រះនាងអេសធើក៏ក្រោកឈរឡើងនៅចំពោះព្រះភ័្រក្តស្តេច។
5ព្រះនាងទូលថា «ប្រសិនបើព្រះករុណាយល់ឃើញថាជាកាល្អ និងគួរគប្បី ហើយប្រសិនបើព្រះករុណាសព្វព្រះហប្ញទ័យ និងរីករាយចំពោះខ្ញុំម្ចាស់មែន សូមទ្រង់ចេញរាជបញ្ជាមួយច្បាប់ លុបចោលសំបុត្រទាំងប៉ុន្មានដែលលោកហាម៉ាន ជាកូនរបស់លោកហាំម្តាថា និងជាពូជពង្សរបស់ស្តេចអកាក់បានសរសេរ ក្នុងគោលបំណងបញ្ជាឲ្យបំផ្លាញជនជាតិយូដា នៅគ្រប់ទាំងអាណាខេត្តរបស់ព្រះករុណានោះទៅ។
6ដ្បិតធ្វើដូច្នេះ ឲ្យខ្ញុំម្ចាស់ទ្រាំមើលទុក្ខវេទនាដែលកើតមានដល់ប្រជាជនរបស់ខ្ញុំបែបនេះបានទៅ? ខ្ញុំម្ចាស់ពុំអាចនៅស្ងៀម ទាំមើលការវិនាសនៃពូជសាសន៍របស់ខ្ញុំម្ចាស់បានឡើយ?»
7ព្រះចៅអហាស៊ូរុសមានរាជឱង្ការទៅព្រះមហាក្សត្រិយានីអេសធើ និងលោកម៉ាដេកាយជាជនជាតិយូដាថា «មើល៍ យើងបានប្រគល់វិមានរបស់លោកហាម៉ានថ្វាយដល់ព្រះនាងអេសធើ ហើយក៏បានឲ្យគេព្យួរកលោកហាម៉ាននៅលើបង្គោល ព្រោះតែគាត់ចង់ធ្វើបាបទាស់នឹងជនជាតិយូដា។
8ឥឡូវនេះ ចូរសរសេររាជសារ ក្នុងនាមព្រះមហាក្សត្រ ជារាជសារដែលផ្តល់ការអនុគ្រោះដល់ជនជាតិយូដា រួចត្រូវប្រថាប់ត្រាហ្លួងផង។ ដ្បិតរាជបញ្ជាដែលយើងបានចេញប្រកាសក្នុងព្រះនាមព្រះមហាក្សត្រ នោះមិនអាចលុបចោលបានឡើយ»។
9នៅវេលានោះ គឺថ្ងៃទីម្ភៃបី ខែជេស្ឋ គេបានកោះហៅពួកស្មៀនហ្លួងមក។ ហើយប្រាប់ឲ្យសរសេររាជសារ តាមសេចក្តីដែលលោកម៉ាដេកាយបង្គាប់ ផ្ញើជូនទៅជនជាតិយូដា។ ពួកមេទ័ព ពួកទេសាភិបាល និងមេដឹកនាំអាណាខេត្តទាំងអស់ ចាប់ពីស្រុកឥណ្ឌារហូតដល់ស្រុកអេត្យូពី គឺមានទាំងអស់១២៧ អាណាខេត្ត ហើយរាជសារទាំងនោះត្រូវសរសេរអក្សរតាមអាណាខេត្តនីមួយៗ និងតាមភាសារបស់ជនជាតិរបស់ពួកគេ ហើយជនជាតិយូដាក៏បានទទួលរាជសារតាមភាសា និងអក្សររបស់ពួកគេដែរ។
10លោកម៉ាដេកាយបានសរសេររាជសាក្នុងនាមព្រះចៅអហាស៊ូរុស និងប្រថាប់ត្រាដោយទម្រង់រាជ្យ។ ហើយផ្ញើទៅតាមពួកអ្នកនាំសារ ត្រូវជិះសេះដែលមានពូជល្អ យកពីក្រោលរបស់ស្តេច។
11ចំណែក ក្នុងលិខិតនោះ ព្រះរាជាអនុញ្ញាតឲ្យជនជាតិយូដា ដែលនៅគ្រប់ទីក្រុងបានប្រមូលផ្តុំគ្នា ដើម្បីការពារជីវិតរបស់ខ្លួន ហើយឲ្យបំផ្លញសម្លាប់ និងធ្វើឲ្យវិនាសសាបសូន្យ អស់អ្នកដែលនៅក្នុងចំណោមជាតិសាសន៍ ឬនៅតាមអាណាខេត្តទាំងឡាយនឹងលើកគ្នាមកធ្វើបាបខ្លួន រួមទាំងកូនក្មេង និងស្ត្រី ហើយឲ្យរឹបអូសយក ព្រទ្យសម្បត្តិទៀតផង។
12ពួកគេត្រូវអនុវត្តតាមរាជសារនេះ នៅគ្រប់ទាំងអាណាខេត្តរបស់ព្រះចៅអហាស៊ូរុស ក្នុងថ្ងៃតែមួយ គឺនៅថ្ងៃទីដប់បីនៃខែទីដប់ពីរ ដែលជាខែផល្គុន។
13សំបុត្រមួយច្បាប់ដែលបានសរសេរនោះ ត្រូវបានគេប្រកាសជាសាធារណៈ ក្នុងចំណោមប្រជាជនទាំងអស់។ ហើយឲ្យជនជាតិយូដាត្រៀមខ្លួនជាស្រេចនៅថ្ងៃនោះ ដើម្បីសងសឹកពួកខ្មាំងសត្រូវរបស់ខ្លួន។
14ដូច្នេះពួកនាំសារក៏ចេះសេះដែលមានពូជល្អ យកពីក្រោលរបស់ស្តេច។ គេនាំរាជសារចាកចេញទៅយ៉ាងរូតរះ។ គេបានប្រកាសរាជសារនេះនៅក្រុងស៊ូសាន។
15ពេលនោះលោកម៉ាដេកាយបានចាកចេញពីព្រះរាជា ទាំងស្លៀកសម្លៀកបំពាក់ក្រមហ្លួង ពណ៍ខៀវ និងពណ៍ស មានពាក់មកុដមាសយ៉ាងធំ និងអាវវែងដែលធ្វើពីសំពត់ខ្លូតទេសពណ៍ស្វាយ ពេលនោះមានសម្រែកអរសប្បាយពាសពេញទាំងក្រុងស៊ូសានទាំងមូល។
16ពួកជនជាតិយូដាមានចិត្តអំណរសប្យាយរីករាយឥតឧបមា។
17នៅតាមអាណាខេត្ត និងក្រុងនីមួយៗ នៅកន្លែងណាដែលមានរាជបញ្ជា និងរាជក្រឹត្យទៅដល់ នោះជនជាតិយូដាមានចិត្តអណរសប្បាយ ពួកគេនាំគ្នាជប់លៀង និងមានថ្ងៃឈប់សម្រាក។ ហើយមានជាតិសាសន៍ជាច្រើនបានចូលសាសន៍យូដា ព្រោះពួកគេភ័យខ្លាចជនជាតិយូដាជាខ្លាំង។