ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

នាងអេសធើរ 7

Read Scripture freely. Divine Threads study for this chapter is coming later.

1ដូច្នេះ ព្រះរាជា និងលោកហាម៉ានបានចូលទៅពិធីជប់លៀងជាមួយព្រះមហាក្សត្រិយានីអេសធើ។
2នៅថ្ងៃទីពីរនោះ កំពុងសោយសុរា ព្រះរាជាមានរាជឱង្ការទៅព្រះនាងអេសធើថា «មហាក្សត្រិយានីអេសធើអើយ តើព្រះនាងចង់បានអ្វី? យើងនឹងឲ្យទាំងអស់។ តើព្រះនាងមានសំណូមពរអ្វី? ទោះបីមានតម្លៃមួយចំហៀងនគរក៏ដោយ ក៏យើងប្រទានឲ្យដែរ»។
3ពេលនោះព្រះមហាក្សត្រិយានីអេសធើទូលទៅព្រះរាជាថា «បពិត្រព្រះរាជា ប្រសិនបើខ្ញុំម្ចាស់គាប់ព្រះហប្ញទ័យព្រះករុណាមែន ហើយប្រសិនបើព្រះករុណាសព្វព្រះហប្ញទ័យ នោះសូមទ្រង់មេត្តាទុកជីវិតឲ្យខ្ញុំម្ចាស់ ព្រមទាំងទុកជីវិតឲ្យប្រជាជនរបស់ខ្ញុំម្ចាស់​ តាមសំណូមពររបស់ខ្ញុំម្ចាស់ផង។
4ដ្បិតគេបានលក់ខ្ញុំម្ចាស់ និងប្រជាជនរបស់ខ្ញុំម្ចាស់ ឲ្យត្រូវបំផ្លាញ ឲ្យត្រូវសម្លាប់ ហើយឲ្យវិនាសសាបសូន្យ។​ ប្រសិនបើគេលក់យើងខ្ញុំ ទាំងប្រុស ទាំងស្រី ឲ្យគ្រាន់តែធ្វើជាទេសករប៉ុណ្ណោះ។ នោះខ្ញុំម្ចាស់សុខចិត្តនៅស្ងៀម មិនចំបាច់រំខានព្រះករុណាឡើយ»។
5ព្រះចៅអហាស៊ូរុសមានរាជឱង្ការទៅកាន់ព្រះមហាក្សត្រិយានីថា «តើនរណាដែលមានចិត្តចង់ធ្វើបែបនេះ? តើគេនៅឯណា?​»
6ព្រះនាងអេសធើទូលស្តេចថា «បច្ចាមិត្តដែលចង់ធ្វើបាបយើងខ្ញុំនោះ គឺ លោកហាម៉ាន ជាមនុស្សអាក្រក់នេះហើយ!» ពេលនោះលោកហាម៉ានភ័យស្លុតស្មារតីនៅចំពោះព្រះភ័ក្រ្តព្រះរាជា​ និងព្រះមហាក្សត្រិយានី។
7ព្រះរាជាទ្រង់ពិរោធយ៉ាងខ្លាំង ស្តេចយាងចេញពីកន្លែងពិធីជប់លៀង ហើយយាងចូលទៅក្នុងសួនឧទ្យានររាជវំាង រីឯលោកហាម៉ានលោកនៅ ទូលអង្វរព្រះមហាក្សត្រិយានីអេសធើ សុំឲ្យរួចជីវិត។​ ដ្បិតលោកយល់ឃើញថា ព្រះរាជាសម្រេចធ្វើទោសលោកហើយ។
8ព្រះរាជាត្រឡប់មកពីឧទ្យានរាជវាំងចូលមកក្នុងសាលពិធីជប់លៀងវិញ។​ ក្នុងពេលលោកហាម៉ានក្រោបនៅលើគ្រែ ដែលព្រះនាងអេសធើគង់នៅលើនោះ។ ឃើញដូច្នេះ ព្រះរាជាក៏ស្រែកឡើងថា «ជននេះចង់រំលោភបំពានមហាក្សត្រិយានីនៅចំពោះមុខយើង ក្នុងដំណាក់យើងផងឬ?​» ព្រះរាជាមានរាជឱង្ការមិនទាន់ផុតផង ពួករាជបម្រើក៏យកក្រណាត់មកគ្របមុខហាម៉ាន។
9ពេលនោះលោកហាបូណា ជាមហាតលិកមួយរូបរបស់ស្តេចទូលថា «លោកហាម៉ានសង់បង្គោលមួយកម្ពស់ហាសិបហត្ថ នៅវិមានរបស់លោក។ ដែលលោកហាម៉ានរៀបចំឡើងសម្រាប់ព្យួករលោកម៉ាដេកាយ ជាអ្នកដែលបានរាយការណ៍សង្រ្គោះព្រះជន្មរបស់ព្រះករុណា»។​ ព្រះរាជាមានរាជឱង្ការថា «ចូរយកលោកហាម៉ានទៅព្យួរកនៅលើបង្គោលនោះទៅ»។
10ដូច្នេះ គេក៏ព្យួរកលោកហាម៉ាននៅលើបង្គោលដែលលោកបានរៀបចំសម្រាប់ព្យួរកលោកម៉ាដេកាយ។ ពេលនោះព្រះរាជាក៏ស្ងប់ព្រះពិរោធ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។