ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

នាងអេសធើរ 5

Read Scripture freely. Divine Threads study for this chapter is coming later.

1លុះដល់ថ្ងៃទីបី ព្រះនាងអេសធើ ទ្រង់គ្រឿងជាព្រះមហាក្សត្រិយានី យាងទៅចូលគាល់ស្តេចនៅសាលាខាងក្នុងរាជដំណាក់ ដែលទល់មុខនឹងដំណាក់របស់ស្តេច។ ឯស្តេចគង់លើបល្ល័ង្ករាជ នៅក្នុងរាជដំណាក់ ដែលសិ្ថតនៅចំពីមុខទ្វាចូល។
2ពេលព្រះរាជាទតឃើញព្រះនាងអេសធើ ជាព្រះមហាក្សត្រិយានីឈរនៅក្នុងសាលដូច្នេះ នោះស្តេចក៏មានព្រះហប្ញទ័យមេត្តាករុណាដល់ព្រះនាង។ ស្តេចហុចដំបងមាសដែលកាន់នៅព្រះហស្តថ្វាយព្រះនាង។ រួចព្រះនាងក៏ចូលទៅជិតហើយពាល់ចុងដំបងនោះ។
3ស្តេចមានរាជឱង្ការថា​ «មហាក្សត្រិយានីអេសធើអើយ តើនាងចង់បានអ្វី? តើព្រះនាងគិតចង់សូមអ្វី? យើងនឹងប្រទានឲ្យទាំងអស់ ទោះបីមានតម្លៃមួយចំហៀងនគរក៏ដោយ»។​
4ព្រះនាងអេសធើទូលស្តេចថា​ «ប្រសិនបើព្រះករុណាសពព្រះហប្ញទ័យ សូមព្រះករុណា និងលោកហាម៉ាន ស្តេចយាងទៅចូលរួមក្នុងពិធីជប់លៀង ​ដែលខ្ញុំម្ចាស់បានរៀបចំថ្វាយនៅថ្ងៃនេះ»។
5ដូច្នេះ ស្តេចក៏បង្គាប់គេថា «ចូរទៅហៅហាម៉ានឲ្យមកជាប្រញាប់ ទៅចូលរួមក្នុងពិធីជប់លៀង តាមការអញ្ជើញរបស់ព្រះនាងអេសធើ»។ បន្ទាប់មកព្រះរាជា និងលោកហាម៉ាន ក៏យាង និងអញ្ជើញចូលរួមពិធីជប់លៀង ដែលព្រ នាងអេសធើ បានរៀបចំ។
6កាលកំពុងសោយសុរា ស្តេចមានរាជឱង្ការសួរទៅព្រះនាងអេសធើថា «តើព្រះនាងចង់បានអ្វី? យើងនឹងប្រទានឲ្យទាំងអស់។ តើព្រះនាងគិតចង់សូមអ្វី? ទោះបីមានតម្លៃមួយចំហៀងនគរក៏ដោយ ក៏យើងប្រទានឲ្យដែរ»។
7ព្រះនាងអេសធើទូលថា «សំណូមពររបស់ខ្ញុំម្ចាស់ និងសេចក្តីដែលខ្ញុំម្ចាស់ចង់បានគឺ
8ប្រសិនបើព្រះករុណាសព្វព្រហប្ញឆ្លើយតបនឹងសំណូមពររបស់ខ្ញុំម្ចាស់មែន សូមព្រះករុណា និងលោកហាម៉ាន ស្តេចយាង និងអញ្ជើញចូលរួមក្នុងពិធីជប់លៀងដែលខ្ញុំម្ចាស់នឹងរៀបចំថ្វាយនៅថ្ងៃស្អែកនេះ ហើយទូលបង្គំនឹង ហើយពេលនោះ ខ្ញុំម្ចាស់នឹងទូលថ្វាយព្រះករុណា អំពីសំណូមពររបស់ខ្ញុំម្ចាស់»។
9ថ្ងៃនោះ លោកហាម៉ានក៏ចេញទៅដោយមានចិត្តត្រេចអរ ហើយសប្យាយរីករាយ។ ប៉ុន្តែ កាលលោកហាម៉ានឃើញលោកម៉ាដេកាយនៅមាត់ទ្វារាជវំាង តែលោ​កម៉ាដេកាយពុំព្រមក្រោកឈរ ឬឱនគោរពចំពោះលោកទេ នោះលោកហាម៉ានខឹងនឹងលោកម៉ាដេកាយជាខ្លាំង។
10ប៉ុន្តែ លោកហាម៉ានទប់ចិត្ត ហើយវិលត្រលប់ទៅផ្ទះវិញ។ លោកបានឲ្យគេហៅមិត្តភក្តិជិតស្និទ្ធ​ និងលោកស្រីសេរែស ជាភរិយាមកជួប។
11លោកហាម៉ានអួតប្រាប់ពួកគេអំពីទ្រព្យសម្បត្តិរបស់លោក ព្រមទាំងចំនួនកូនប្រុសរបស់លោក និងកិត្តិយសទាំងប៉ុន្មានដែលស្តេចប្រទានឲ្យ ដែលស្តេចបានលើកតម្កើង ហើយពីដំណែងដែលស្តេចតាំងលោកឡើង ខ្ពស់ជាងពួកនាម៉ឺនសព្វមុខមន្ត្រីរបស់ស្តេច។
12លោកហាម៉ានពោលទៀតថា «សូម្បីតែព្រះនាងអេសធើ ជាព្រះមហាក្សត្រិយានីពុំបានអញ្ជើញឲ្យអ្នកណាទៅជាមួយស្តេចក្រៅពីខ្ញុំ ដើម្បីចូលរួមពិធីជប់លៀង ដែលព្រះនាងបានរៀបចំនោះឡើយ។ ហើយថ្ងៃស្អែក ព្រះនាងក៏បានអញ្ជើញខ្ញុំទៅជាមួយស្តេចទៀតដែរ។
13ប៉ុន្តែ ទោះបីមានកិត្តិយសយ៉ាងនេះក្តី ក៏ខ្ញុំមិនសប្យាយចិត្តដែរ​ ដរាបណាខ្ញុំនៅតែឃើញម៉ាដេកាយ ជាជនជាតិយូដា​​ ប្រចាំការនៅមាត់ទ្វារវំាង»។
14ពេលនោះ លោកស្រីសេរែស ជាភរិយា និងមិត្តភក្តិជិតស្និត្ធរបស់លោកពោលថា «ចូរឲ្យគេដំឡើងបង្គោលមួយ កម្ពស់ហាសិបហត្ថ។ ហើយព្រឹកឡើងចូលទៅទូលសូមស្តេច ដើម្បីយកម៉ាដេកាយទៅព្យួរនៅលើបង្គោលនោះទៅ។​​ ដូច្នេះ លោកអាចទៅចូលរួមពិធីជប់លៀងជាមួយនឹងស្តេចដោយអំណរ»។ គំនិតនេះពេញចិត្តនឹងលោកហាម៉ានណាស់ លោកក៏ឲ្យគេដំឡើងបង្គោល។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។