ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

នាងអេសធើរ 4

Read Scripture freely. Divine Threads study for this chapter is coming later.

1កាលម៉ាដេកាយបានដឹងហេតុការណ៍ទាំងប៉ុន្មានកើងឡើង លោកហែកសម្លៀកបំពាក់របស់ខ្លួន ហើយស្លៀកបាវ និងរោយផេះលើក្បាល។ រួចលោកចេញទៅកណ្តាលទីក្រុង ទាំងស្រែកយំយ៉ាងជូរចត់។
2លោកទៅឈរទល់មុខនឹងមាត់ទ្វារាជវាំង ដ្បិតលោកមិនអាចចូលទៅក្នុងបាន ដោយស្លៀកបាវបែបនេះបានឡើយ។
3នៅគ្រប់អាណាខេត្តនីមួយៗ ពេលគេបានទទួលរាជក្រឹត្យ ហើយរាជបញ្ជារបស់ស្តេចហើយ នោះជនជាតិយូដានាំគ្នាកាន់ទុក្ខយ៉ាងខ្លាំង​ ពួកគេតមអាហារ យំសោកសង្រេក ហើយទួញសោក។ ហើយមានគ្នាជាច្រើននាំគ្នាស្លៀកបាវ ហើយដេកនៅក្នុងផ្ទះ។
4កាលពួកស្ត្រីបម្រើ និងពួកមហាតលិករបស់ព្រះនាងអេសធើ បាននាំដំណឹងនេះ មកទូលថ្វាយព្រះនាង នោះព្រះនាងរន្ធត់ព្រះហប្ញទ័យជាខ្លាំង។ ព្រះនាងក៏ឲ្យគេយកសម្លៀកបំពាក់ទៅជូនលោកម៉ាដេកាយ​ ដើម្បីជំនួសបាវដែលលោកស្លៀកជាប់នឹងខ្លួន តែលោកម៉ាដេកាយមិនព្រមទទួលទេ។​
5ពេលនោះព្រះនាងបានហៅលោកហាថាក់ ជាមហាតលិក ដែលព្រះរាជាឲ្យមកបម្រើព្រះនាង។ ព្រះនាងបានបញ្ជាឲ្យគាត់ទៅសួរលោកម៉ាដេកាយ ដើម្បីសួរឲ្យដឹងពីមូលហេតុដែលឲ្យលោកធ្វើបែបនេះ។
6ដូច្នេះ លោកហាថាក់បានទៅជួបលោកម៉ាដេកាយនៅទីលានក្រុង គឺនៅទីធ្លាក្រុងខាងមុខទ្វារាជវាំង។
7លោកម៉ាដេកាយរៀបរាប់ប្រាប់គាត់ពីហេតុការណ៍ទាំងអស់ដែលកើតមានឡើង និងពីចំនួនប្រាក់ដែលលោកហាម៉ានបានសន្យាបញ្ជូនទៅក្នុងឃ្លាំងរាជទ្រព្យ ប្រសិនបើស្តេចចេញបញ្ជាឲ្យគេទៅសម្លាប់ជនជាតិយូដា។
8លោកក៏បានប្រគល់រាជក្រឹត្យមួយច្បាប់ ជាសេចក្តីដែលបានប្រកាសប្រាប់នៅទីក្រុងស៊ូសាន អំពីការបំផ្លាញជនជាតិយូដា។ ដើម្បីឲ្យគាត់យកទៅថ្វាយព្រះនាងអេសធើ ព្រមទាំងរៀបរាប់ហេតុការណ៍ទូលថ្វាយព្រះនាង ព្រមទាំងផ្តាំឲ្យព្រះនាងចូលទៅគាល់ព្រះរាជា ដើម្បីសូមការសន្តោសប្រណី និងទូលអង្វរព្រះរាជា សម្រាប់ជនជាតិរបស់ព្រះនាង។
9លោកហាថាក់ក៏នាំពាក្យទាំងប៉ុន្មានរបស់លោកម៉ាដេកាយ ទៅទូលព្រះនាងអេសធើ។
10ពេលនោះព្រះនាងអេសធើប្រាប់លោកហាថាក់ឲ្យទៅជម្រាបលោកម៉ាដេកាយវិញថា។
11«ពួករាជបម្រើ និងប្រជាជននៅក្នុងអាណាខេត្តរបស់ស្តេច សុទ្ធតែដឹងថា​ បុរស ឬស្ត្រីណាដែលហ៊ានចូលទៅគាល់ស្តេច នៅសាលខាងក្នុងរាជដំណាក់ ដែលស្តេចមិនបានត្រាស់ហៅ អ្នកនោះគឺត្រូវសម្លាប់ ស្រមតាមច្បាប់ដែលមានចែងទុកសម្រាប់មនុស្សទូទៅ​ ប៉ុន្តែ បើព្រះរាជាហុចដំបងរាជធ្វើពីមាសឲ្យប៉ុណ្ណោះ ទើបរួចជីវិត។ ចំពោះខ្ញុំវិញព្រះរាជាមិនបានហៅខ្ញុំឲ្យចូលគាល់អស់រយះពេលសាមសិបថ្ងៃមកហើយ»។
12គេក៏ទៅជម្រាបម៉ាដេកាយ តាមរាជសវនីយ៏របស់ព្រះនាងអេសធើ។​
13ពេលនោះ លោកម៉ាដេកាយឲ្យគេនាំពាក្យទៅទូលព្រះនាងវិញថា។ «បពិត្រព្រះមហាក្សត្រិយានី សូមកុំនឹកស្មានថា នៅក្នុងដំណាក់របស់ស្តេច ព្រះនាងអាចគេចផុតពីសេចក្តីវិនាស ដែលនឹងកើតមានចំពោះជនជាតិយូដាទាំងអស់នោះឡើយ។
14ប្រសិនបើព្រះនាងសំងំស្ងៀមនៅពេលនេះ នោះនឹងមានជំនួយ និងរំដោះឲ្យរួច ដល់ពួកជនជាតិយូដា តាមមធ្យាបាយមួយផ្សេងទៀត រីឯព្រះនាង និងញាតិវង្សបិតារបស់ព្រះនាងនឹងត្រូវវិនាសផុតពូជ។ តើនរណាដឹង ព្រះនាងបានឡើងធ្វើជាព្រះមហាក្សត្រិយានីនេះ ដើម្បីសង្គ្រោះជនជាតិយូដា​​ នៅពេលនេះហើយមើលទៅ?»
15ពេលនោះ ព្រះនាងអេសធើចាត់គេឲ្យទៅជម្រាបលោកម៉ាដេកាយថា
16«សូមទៅប្រមូលពួកជនជាតិយូដាទាំងអស់នៅក្នុងក្រុងស៊ូសាន ឲ្យតមអាហារសម្រាប់ខ្ញុំ។ ក្នុងរវាងបីថ្ងៃ គឺទាំងថ្ងៃ ទាំងយប់ មិនត្រូវបរិភោគ ឬផឹកអ្វីឡើយ។ ចំណែកខ្ញុំ និងពួកស្ត្រីបម្រើរបស់ខ្ញុំ ក៏តមអាហារដែរ។ បន្ទាប់មក ខ្ញុំនឹងចូលទៅគាល់ស្តេច ទោះបីខុសច្បាប់ក៏ដោយ បើខ្ញុំត្រូវវិនាស នោះឲ្យវិនាសទៅចុះ»។
17លោកម៉ាដេកាយក៏ទៅ ហើយក៏ធ្វើតាមសេចក្តីទាំងប៉ុន្មាន ដែលព្រះនាងអេសធើបង្គាប់។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។