ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

នាងអេសធើរ 3

Read Scripture freely. Divine Threads study for this chapter is coming later.

1ក្រោយហេតុការណ៍នោះមក ព្រះបាទអហាស៊ូរុស បានតែងតាំងលោកហាម៉ាន ជាកូនរបស់លោកហំាម្តាថា ដែលជាពូជពង្សរបស់ស្តេចអកាក់​ ហើយតាំងឲ្យលោកធ្វើជាមហាមន្ត្រី និងជាប្រមុខលើមេដឹកនាំទាំងអស់។​
2ព្រះរាជាបានចេញបញ្ជាឲ្យពួករាជបម្រើរបស់ស្តេចទាំងប៉ុន្មាន ដែលប្រចាំការនៅមាត់ទ្វារាជវំាង ឱនគោរព និងថ្វាយបង្គំលោកហាម៉ាន។ តែលោកម៉ាដេកាយមិនឱនគោរព ឬថ្វាយបង្គំលោកហាម៉ានទេ។
3ដូច្នេះ ពួករាជបម្រើរបស់ស្តេចដែលប្រចាំការនៅមាត់ទ្វា ក៏ពោលថាកាន់លោកម៉ាដេកាយថា​​ «ហេតុអ្វីបានជាអ្នកមិនធ្វើតាមរាជបញ្ជារបស់ស្តេចដូច្នេះ?»
4ពួកគេតែងតែសួរទៅគាត់បែបនេះជារៀងរាល់ថ្ងៃ ប៉ុន្តែគាត់មិនស្តាប់ពួកគេឡើង។ ដូច្នេះ ពួកគេក៏ប្រាប់ទៅលោកហាម៉ាន ព្រោះចង់ដឹងថា តើលោកម៉ាដេកាយនៅតែប្រកាន់ជំហរបែបនេះ ឬយ៉ាងណា ដ្បិតគាត់បានប្រាប់គេថាគាត់ជាជនជាតិយូដា។
5កាលលោកហាម៉ានឃើញថា លោកម៉ាដេកាយមិនព្រមឱនគោរព ឬថ្វាយបង្គំដល់ខ្លួន នោះលោកមានចិត្ត ក្រេវក្រាធជាខ្លាំង។​​
6មានគេជម្រាបលោកហាម៉ានថា លោកម៉ាដេកាយជាជនជាតិយូដា ហេតុនេះលោកហាម៉ានក៏យល់ថា នេះជាមូលហេតុមួយ ដែលត្រូវកម្ចាត់លោកម៉ាដេកាយចោល។ លោកក៏រកឱកាសនឹងបំផ្លាញជនជាតិយូដាទាំងអស់​ ជាជនរួមជាតិរបស់លោកម៉ាដេកាយ ឲ្យវិនាសសូន្យពីរាជាណាចក្ររបស់ព្រះចៅអហាស៊ូរុស។
7នៅខែទីមួយ គឺនៅខែចេត្រ ក្នុងឆ្នាំទីដប់ពីរនៃរជ្ជកាលព្រះចៅអហាស៊ូរុស គេវាយលេខតាមរបៀន នៅចំពោះមុខលោកហាម៉ាន​​​ ដើម្បីដេញរកថ្ងៃខែដែលល្អ។ ហើយក៏ត្រូវចំលើខែទីដប់ពីរ(ដែលត្រូវជាខែផល្គុន)។
8ពេលនោះលោកហាម៉ាទូលទៅព្រះចៅអហាស៊ូរុសថា «មានជាតិសាសន៍មួយដែលខ្ចាតខ្ចាយនៅចំណោមជាតិសាសន៍ និងអាណាខេត្តទាំងប៉ុន្មាននៃព្រះរាជាណាចក្ររបស់ព្រះករុណា។ ពួកគេមានទនៀមទម្លាប់ផ្សេងពីជាតិសាសន៍ដ៏ទៃ ហើយមិនគោរពតាមច្បាប់របស់ព្រះករុណាទេ ដូច្នេះ ព្រះករុណាមិនគួរទុកឲ្យពួកគេរស់នៅទៀតឡើយ។
9ប្រសិនបើព្រះករុណាសព្វព្រះហប្ញទ័យ សូមចេញបញ្ជាឲ្យសម្លាប់ពួកគេទៅ ហើយទូលបង្គំនឹងថ្លឹងប្រាក់មួយម៉ឺនហាបទៅដាក់ក្នុងឃ្លាំងរាជទ្រព្យ​ សម្រាប់ពួកអ្នកដែលចាត់ចែងការនោះ»។
10ដូច្នេះ ព្រះរាជាក៏ដោះព្រះទម្រង់ពីព្រះហស្ត ហើយប្រគល់ទៅឲ្យលោកហាម៉ា ជាកូនរបស់លោកហាំម្តាថា និងជាពូជពង្សរបស់ស្តេចអកាក់ ដែលជាខ្មាំងសត្រូវរបស់ជនជាតិយូដា។
11ស្តេចមានរាជឱង្ការទៅកាន់លោកហាម៉ានថា «យើងនឹងប្រគល់ប្រាក់ និងជាតិសាសន៍នោះឲ្យទៅលោកវិញ ។ ចូរលោកប្រព្រឹត្តចំពោះពួកគេតាមតែលោកយល់ឃើញចុះ»។
12នៅថ្ងៃទីដប់បី ក្នុងខែទីមួយ គេបានហៅពួកស្មៀនហ្លួងមកឲ្យសរសេរបញ្ជាទាំងប៉ុន្មាន​ របស់លោកហាម៉ាន ដើម្បីផ្ញើជូនពួកមេបញ្ជាការកងទ័ពរបស់ស្តេច​ ពួកទេសាភិបាលអាណាខេត្ត​ និងពួកមេដឹងរបស់ជាតិសាសន៍នានា គឺដល់គ្រប់ខេត្តតាមអក្សរជាតិរបស់គេ ហើយដល់គ្រប់សាសន៍ និងតាមភាសារបស់ជាតិសាសន៍នីមួយៗ។ ច្បាប់នោះបានកត់ទុកដោយ នាមព្រះចៅអហាស៊ូរុស ព្រមទាំងមានប្រថាប់ត្រាព្រះរាជាទៀតផង។
13គេចាត់អ្នកនាំសារឲ្យយកលិខិតទាំងនោះ ទៅគ្រប់អាណាខេត្តរបស់ព្រះរាជា​​ បញ្ជាឲ្យបំផ្លាញ សម្លាប់ ពូជសាសន៍យូដាទាំងអស់ឲ្យវិនាស​សាបសូន្យ ទាំងក្មេង ទាំងមនុស្សចាស់ជរា ទាំងស្ត្រី ទាំងទារក​ ក្នុងរយះពេលតែមួយថ្ងៃ គឺនៅថ្ងៃទីដប់បី ក្នុងខែទីដប់ពីរ (ដែលត្រូវនឹងថ្ងៃផល្គុន) ព្រមទាំងរឹបអូសយកទ្រព្យសម្បត្តិរបស់ពួកគេទៀតផង។
14អាណាខេត្តនីមួយៗទទួលបានរាជក្រឹត្យមួយច្បាប់។​ សម្រាប់ប្រកាសដល់អស់ជាតិសាសន៍ ដើម្បីឲ្យពួកគេបានត្រៀមខ្លួនជាស្រេចនៅថ្ងៃនោះ។
15ពួកអ្នកនាំសារក៏ចេញទៅយ៉ាងប្រញាប់ប្រញាល់ តាមបញ្ជារបស់ស្តេច។ ហើយគេបានប្រកាសរាជក្រឹតនោះនៅក្រុងស៊ូសាន ជារាជធានី។ ពេលនោះព្រះរាជាគង់សោយស្រាជាមួយលោកហាម៉ាន តែនៅឯទីក្រុងស៊ូសានមានសម្រែកយំសោកពាសពេញជាខ្លាំង។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។