ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

នាងអេសធើរ 2

Read Scripture freely. Divine Threads study for this chapter is coming later.

1ក្រោយហេតុការណ៍ទាំងនោះមក ព្រះចៅអហាស៊ូរុស ឈប់ព្រះពិរោធ នោះស្តេចក៍នឹករលឹកដល់ព្រះនាងវ៉ាសធី និងការដែលព្រះនាងបានធ្វើ។
2ព្រមទាំងសេចក្តីដែលបានសម្រេចចំពោះព្រះនាង។ ពួករាជបម្រើទូលស្តេចថា «សូមឲ្យគេទៅរកស្ត្រីព្រហ្មចារី ដែលមានរូបឆោមស្រស់ស្អាតមកថ្វាយព្រះករុណា។
3សូមព្រះករុណាតែងតាំងឲ្យពួកមន្រ្តី ដែលសិ្ថតនៅតាមអាណាខេត្តទាំងអស់ក្នុងរាជាណាកច្រ ដើម្បីប្រមូលស្រ្តីព្រហ្មចារីដែលនៅក្មេង ហើយមានរូបឆោមស្រស់ស្អាត យកមកដាក់នៅវិមានស្ត្រី ក្នុងរាជធានីស៊ូសាន។ សូមឲ្យលោកហេកាយ ដែលជាមហាតលិករបស់ព្រះករុណា ដែលជាអ្នកថែរក្សាស្ត្រីទាំងនោះ ព្រមទាំងផ្តល់គ្រឿងសម្អាងកាយដល់ស្ត្រីទាំងនោះផង។
4ហើយស្ត្រីក្រមុំណាដែលធ្វើឲ្យព្រះករុណាសព្វព្រះហប្ញទ័យ នោះសូមតែងតាំងនាងឲ្យធ្វើជាអគ្គមហេសីជំនួសព្រះនាងវ៉ាសធី»។ ព្រះរាជាសព្វព្រះហប្ញទ័យ ហើយសម្រេចតាមសំណើរនេះ។
5នៅរាជធានីស៊ូសាន មានជនជាតិយូដាម្នាក់ឈ្មោះម៉ាដេកាយ ជាកូនរបស់លោកយ៉ាអៀរ ជាពូជពង្សរបស់លោកស៊ីម៉ាយ និងលោកគីស ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន។
6លោកត្រូវបានគេនាំចេញពីក្រុងយេរូសាឡឹម ជាមួយពួកឈ្លើយសឹកឯទៀត ដែលព្រះចៅនេប៊ូក្នេសា ជាស្តេចស្រុកបាប៊ីឡូន បានចាប់យកមកជាមួយព្រះបាទយេកូនាស ជាស្តេចស្រុកយូដា។
7ម៉ាដេកាយ ជាអ្នកចិញ្ចឹមមើលថែនាង ហាដាសា គឺនាងអេសធើ ជាកូនស្រីរបស់ឪពុកមាលោក ដ្បិតនាងគ្មានឪពុកម្តាយទេ។ នាងជាស្ត្រីក្រមុុំដែលមានរូបឆោមស្រស់ស្អាតហើយគួរឲ្យស្រលាញ់។ លោកម៉ាដាកាយបានយកនាងមកចិញ្ចឹមទុកដូចជាកូនរបស់លោក។
8នៅពេលស្តេចចេញរាជបញ្ជា និងរាជក្រឹត្យរួចហើយ គេប្រមូលបានស្រ្តីក្រមុំជាច្រើនមកទុកក្នុងរាជធានីស៊ូសាន។ ហើយទុកឲ្យលោកហេកាយជាអ្នកមើលថែ។​ គេក៏បាននាំនាងអេសធើមកក្នុងដំណាក់របស់ស្តេច ហើយឲ្យលោកហេកាយជាអ្នកថែរក្សាពួកស្ត្រី។
9លោកហេកាយពេញចិត្តនឹងនាង ហើយក៏មានចិត្តសណ្តោសចំពោះនាង។ ពេលនោះលោកបានប្រគល់គ្រឿងសម្អាងកាយ និងអាហារឲ្យទៅនាង។ ព្រមទាំងយកស្ត្រីក្រមុំប្រាំពីរនាក់មកពីដំណាក់របស់ស្តេច ដែលជ្រើសរើសពីចំណោមពួកស្ត្រីក្រមុំក្នុងរាជវាំង ឲ្យនៅបម្រើនាង លោកបានប្រគល់បន្ទប់ដែលល្អជាងគេក្នុងវិមានស្ត្រីឲ្យទៅនាងផងដែរ។
10នាងអេសធើមិនបានប្រាប់ឲ្យនរណាដឹងអំពីជាតិសាសន៍ និងដើមកំណើតរបស់នាងទេ​ ដ្បិតម៉ាដេកាយបានហាមនាងមិនឲ្យប្រាប់គេដឹងពីរឿងនេះឡើយ។
11ជារៀងរាល់ថ្ងៃ​ លោកម៉ាដេកាយតែងតែដើរទៅមកនៅមុខទីធ្លារវិមានស្ត្រី ដើម្បីឲ្យដឹងពីសុខទុក្ខរបស់នាងអេសធើ ហើយចង់ដឹងថា គេប្រព្រឹត្តចំពោះនាងយ៉ាងណា។
12តាមទំនៀមសម្រាប់ស្រ្តីក្រមុំនៅក្នុងវិមានស្រ្តី ត្រូវរៀបចំខ្លួនអស់ដប់ពីរខែ មុននឹងដល់វេនចូលគាល់ព្រះចៅអហាស៊ូរុស ពួកនាងត្រូវសម្អាងកាយជាមួយប្រេងល្វីងទេសរយៈពេលប្រាំមួយខែ ហើយប្រាំមួយខែទៀតជាមួយប្រេងក្រអូប និងគ្រឿងសម្អាងកាយផ្សេងៗ ព្រោះនេះជារយៈពេលដែលស្របតាមពីធីការដែលមានចែងទុក
13ពេលដែលស្រ្តីក្រមុំត្រូវចូលទៅគាល់ស្តេច បើនាងចង់យកអ្វីជាប់ជាមួយខ្លួនពីវិមានស្ត្រីទៅរាជវាំង គេប្រគល់ឲ្យទាំងអស់។
14នាងទៅគាល់ស្តេចនៅពេលល្ងាច ហើយព្រឹកឡើងនាងវិលទៅវិមានទីពីររបស់ស្ត្រី ដែលសិ្ថតនៅក្រោមការថែទាំរបស់លោកសាសកាស ជាមហាតលិករបស់ស្តេច និងជាអ្នកថែរក្សាក្រុមមហេសី។ នាងលែងបានចូលទៅគាល់ស្តេចទៀតហើយលើកលែងតែស្តេចសព្វព្រហប្ញទ័យនឹងនាង ហើយហៅចំឈ្មោះរបស់នាង។
15លុះដល់វេននាងអេសធើចូលគាល់ស្តេច (ជាកូនរបស់លោកអប៊ីហែល ដែលត្រូវជាឪពុកមារបស់លោកម៉ាដេកាយ ហើយលោកម៉ាដេកាយបានយកនាងមកចិញ្ចឹម) នាងមិនបានសុំអ្វី ក្រៅពីរបស់ដែលលោកហេកាយជាមហាតលិករបស់ស្តេច​ ជាអ្នកថែរក្សាពួកស្ត្រីបានប្រគល់ឲ្យនោះឡើយ។ នាងអេសធើជាស្រ្តីម្នាក់ ដែលគេស្រលាញ់រាប់អានគ្រប់ៗគ្នា។
16គេបាននាំនាងអេសធើយកទៅថ្វាយស្តេចអហាស៊ូរុស នៅក្នុងរាជវំាង នៅខែទីដប់ គឺខែបុស្សក្នុងឆ្នាំទីប្រាំពីរនៃរជ្ជកាលរបស់ស្តេច។​
17ព្រះរាជាស្រលាញ់នាងអេសធើលើសជាងស្ត្រីឯទៀត ស្តេចគាប់ព្រះហប្ញទ័យនឹងនាង ហើយនាងទទួលបានការសណ្តោសលើសជាងស្រ្តីក្រមុំឯទៀតទាំងអស់។ ហេតុដូច្នេះបានជាស្តេចបំពាក់មកុដរាជ ហើយតាំងនាងឡើងជាអគមហេសីជំនួសព្រះនាងវ៉ាសធី។
18ពេលនោះស្តេចបានរៀបចំពិធីជប់លៀងមួយយ៉ាងធំ សម្រាប់ពួកមេដឹកនាំ និងពួកមន្ត្រី​ «ក្នុងឪកាសអភិសេកព្រះនាងអេសធើ» ស្តេចក៏ប្រកាសថ្ងៃឈប់សម្រាកនៅតាមអាណាខេត្តទាំងអស់។ ព្រមទាំងចែកអំណោយដោយព្រះហប្ញទ័យសទ្ធា។
19នៅគ្រាដែលគេប្រមូលពួកស្ត្រីក្រមុំមកជួបជុំគ្នាជាលើកទីពីរ លោកម៉ាដេកាយមានមុខងារក្នុងក្រុមអ្នកយាមរាជវំាង។
20ឯព្រះនាងអេសធើមិនបានប្រាប់ឲ្យនរណាដឹងពីជាតិសាសន៍ និងដើមកំណើតរបស់ព្រះនាងទេ គឺព្រះនាងធ្វើតាមពាក្យដែលលោកម៉ាដេកាយបង្គាប់។ ព្រះនាងនៅតែធ្វើតាមបង្គាប់លោកម៉ាដេកាយ​ដូចដែលព្រះនាងសិ្ថតនៅក្រោមអាណាព្យាបាលរបស់គាត់នៅឡើយ។​​
21នៅគ្រានោះ​ ដែលលោកម៉ាដេកាយធ្វើការក្នុងក្រុមយាមទ្វាររាជវាំង មានមហាតលិកពីរនាក់ គឺលោកប៊ីកថាន និងលោកថេរែស មានកហឹងជាខ្លាំង ហើយប៉ុនប៉ងធ្វើគុតព្រះចៅអហាស៊ូរុស។
22លោកម៉ាដេកាយបានដឹងគម្រោងការរបស់ពួកគេ ហើយលោកក៏ទូលដំណឹងនេះដល់ព្រះនាងអេសធើ ហើយព្រះនាងអេសធើក៏ទូលដំណឹងនេះទៅដល់ស្តេច ក្នុងនាមលោកម៉ាដេកាយ។
23កាលគេបានសើបអង្កេតរឿងនេះ ឃើញថាជាការពិតមែន គេក៏ព្យួរក មហាតលិកទាំងពីរនៅលើបង្គោលមួយ។​ ហេតុការណ៏ត្រូវបានគេកត់ទុកនៅក្នុងសៀវភៅរបាក្សត្រ នៅចំពោះព្រះភ័ក្រ្តស្តេច។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។