1ដូច្នេះ សូមយកតម្រាប់តាមព្រះជាម្ចាស់ ក្នុងនាមបុត្រដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។
2ចូរដើរក្នុងក្តីស្រឡាញ់ ដូចព្រះគ្រិស្តស្រឡាញ់យើង និងប្រទានព្រះជន្មព្រះអង្គផ្ទាល់ទុកជាតង្វាយ និងយញ្ញបូជាថ្វាយព្រះជាម្ចាស់។
3បងប្អូនអើយ កុំឲ្យមានឮគេនិយាយអំពីអំពើប្រាសចាកសីលធ៌ម ឬអំពើអបាយមុខ ឬសេចក្តីលោភលន់ណាកើតមានក្នុងចំណោមបងប្អូនរាល់គ្នាឡើយ ដ្បិត ពាក្យមិនសមរម្យទាំងនេះ គ្មានអ្វីគាប់ប្រសើរចំពោះប្រជាជនដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ទេ។
4កុំឲ្យមានពាក្យទ្រគោះបោះបោក ពាក្យឡេះឡោះ និងពាក្យលេងសើចអាសអាភាស ព្រោះពាក្យទាំងអស់នេះមិនសមរម្យទាល់តែសោះ។ ផ្ទុយទៅវិញត្រូវចេះអរព្រះគុណព្រះជាម្ចាស់។
5បងប្អូនត្រូវដឹងប្រាកដថា ពួកអ្នកប្រាសចាកសីលធ៌ម ពួកអ្នកប្រព្រឹត្តអំពើអបាយមុខ ឬពួកអ្នកលោភលន់ គឺជាមនុស្សថ្វាយបង្គំព្រះក្លែងក្លាយ ពុំបានទទួលមរតកក្នុងព្រះរាជ្យរបស់ព្រះគ្រិស្ត និងព្រះជាម្ចាស់ឡើយ។
6កុំឲ្យមាននរណាម្នាក់មកបោកបញ្ឆោត ដោយពាក្យសម្តីឥតខ្លឹមសារ ដ្បិតអំពើទាំងអស់នេះជាព្រះពិរោធរបស់ព្រះជាម្ចាស់ និងនាំឲ្យមានកូនមិនស្តាប់បង្គាប់កើតមក។
7ដូច្នេះ កុំសេពគប់ជាមួយពួកគេជាដាច់ខាត។
8កាលពីដើម បងប្អូនងងឹតមែន តែឥឡូវនេះ បងប្អូនជាពន្លឺក្នុងព្រះអម្ចាស់ហើយ។ ចូរដើរដូចកូនក្នុងពន្លឺ
9(ដ្បិតផលផ្លែនៃពន្លឺរួមមានសេចក្តីសប្បុរស សេចក្តីសុចរិត និងសេចក្តីពិតគ្រប់យ៉ាង)
10និងស្វែងរកអ្វីគាប់ព្រះហប្ញទ័យរបស់ព្រះអម្ចាស់។
11ចូរកុំសេពគប់នឹងកិច្ចការខាងសេចក្តីងងឹត គ្មានផលផ្លែនោះឡើយ ផ្ទុយទៅវិញត្រូវបង្ហាញឲ្យគេឃើញអំពើនោះផង។
12ដ្បិត វាជារឿងអាម៉ាសទៅហើយ សូម្បីតែលើកយកមកនិយាយពីអំពើ ពួកគេប្រព្រឹត្តដោយលួចលាក់។
13ប៉ុន្តែ កាលណាអំពើទាំងនេះបើកបង្ហាញហើយ គេនឹងឃើញវាច្បាស់នៅក្នុងពន្លឺ។ ដ្បិតអ្វីៗដែលមើលឃើញ គឺជាពន្លឺ។
14ដូច្នេះ ដ្បិតមានសេចក្តីចែងទុកមកថា៖ «ចូរភ្ញាក់ឡើង អ្នកដេកលក់អើយ ចូរក្រោកឡើងចេញពីចំណោមមនុស្សស្លាប់ ព្រះគ្រិស្ដនឹងជះពន្លឺមកលើអ្នករាល់គ្នា»។
15ចូររស់នៅដោយប្រុងប្រយ័ត្ន កុំឲ្យដូចមនុស្សឥតប្រាជ្ញាឡើយ តែត្រូវរស់ដូចមនុស្សមានប្រាជ្ញាវិញ។
16ត្រូវចេះប្រើប្រាស់ពេលវេលា ដ្បិត សម័យនេះអាក្រក់ណាស់។
17ដូច្នេះ កុំប្រព្រឹត្តដូចមនុស្សល្ងីល្ងើ តែត្រូវស្វែងយល់អំពីអ្វី ដែលជាបំណងព្រះហប្ញទ័យរបស់ព្រះអម្ចាស់វិញ។
18កុំឲ្យស្រវឹងស្រា ដែលនាំខ្លួនឲ្យព្រើលចិត្តឡើយ។ ផ្ទុយទៅវិញ ចូរឲ្យបានពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ
19ចូរនិយាយគ្នាទៅវិញទៅមក ដោយទំនុកតម្កើង ទំនុកសរសើរព្រះជាម្ចាស់ និងចម្រៀងមកពីព្រះវិញ្ញាណ ចូរច្រៀង និងលើកតម្កើងព្រះអម្ចាស់ឲ្យអស់ពីចិត្ត
20ត្រូវចេះអរព្រះគុណព្រះជាម្ចាស់គ្រប់រឿងរ៉ាងទំាងអស់ ក្នុងព្រះនាមព្រះយេស៊ូគ្រិស្តថ្វាយព្រះជាម្ចាស់ជាព្រះបិតានៃយើង
21ចុះចូលគ្នាទៅវិញទៅមក ដោយគោរពដល់ព្រះគ្រិស្ត។
22ភរិយារាល់គ្នាអើយ ចូរចុះចូលនឹងស្វាមីរបស់ខ្លួន ដូចព្រះអម្ចាស់ដែរ។
23ដ្បិត ស្វាមីនាំមុខភរិយាយ៉ាងណា ដូចជាព្រះគ្រិស្តនាំមុខក្រុមជំនុំយ៉ាងនោះដែរ ហើយព្រះគ្រិស្តជាព្រះសង្រ្គោះរបស់ក្រុមជំនុំ។
24ប៉ុន្តែ កាលណាក្រុមជំនុំចុះចូលនឹងព្រះគ្រិស្តយ៉ាងណា ដូច្នេះ ភរិយាក៏ត្រូវចុះនឹងស្វាមីរបស់ខ្លួន ក្នុងគ្រប់កិច្ចការទាំងអស់យ៉ាងនោះដែរ។
25ស្វាមីរាល់គ្នាអើយ ចូរស្រឡាញ់ភរិយារបស់ខ្លួន ដូចព្រះគ្រិស្តស្រឡាញ់ក្រុមជំនុំ និងបូជាព្រះជន្មសម្រាប់ក្រុមជំនុំយ៉ាងនោះដែរ។
26ព្រះគ្រិស្តបានបូជាព្រះជន្មសម្រាប់ក្រុមជំនុំ ដើម្បីឲ្យក្រុមជំនុំបានទៅជាវិសុទ្ធ និងសម្អាតដោយការលាងនឹងទឹក
27និងដោយសារព្រះបន្ទូលព្រះអង្គ ដូច្នេះ ព្រះអង្គសព្វព្រះហឫទ័យនាំក្រុមជំនុំនេះមកថ្វាយព្រះអង្គផ្ទាល់ ជាក្រុមជំនុំដ៏រុងរឿង ឥតស្លាកស្នាម ឥតជ្រីវជ្រួញ និងឥតខ្ចោះត្រង់ណាឡើយ គឺឲ្យបានទៅជាវិសុទ្ធ ឥតសៅហ្មង។
28ដូចគ្នានេះដែរ ស្វាមីគួរគប្បីស្រឡាញ់ភរិយា ដូចជាស្រឡាញ់រូបកាយរបស់ខ្លួន។ ស្វាមីណាស្រឡាញ់ភរិយា ស្វាមីនោះស្រឡាញ់រូបកាយខ្លួនឯង។
29ដ្បិត គ្មាននរណាស្អប់រូបកាយរបស់ខ្លួនសោះឡើយ ផ្ទុយទៅវិញ អ្នកនោះតែងចិញ្ចឹមបីបាច់ថែរក្សារូបកាយនោះ ដូចព្រះគ្រិស្ដចិញ្ចឹមបីបាច់ថែរក្សាក្រុមជំនុំផងដែរ
30ព្រោះយើងទាំងអស់គ្នាជាសរីរាង្គនៃរូបកាយនោះ។
31ដោយហេតុនេះហើយបានជាបុរសត្រូវចាកចេញពីឪពុកម្ដាយ ទៅរួមរស់ជាមួយភរិយារបស់ខ្លួន ហើយអ្នកទាំងពីរនឹងត្រឡប់ទៅជារូបកាយតែមួយ។
32គម្រោងការដ៏លាក់កំបាំងនេះមានអត្ថន័យជ្រៅណាស់ ខ្ញុំនិយាយសំដៅលើព្រះគ្រិស្ដ និងក្រុមជំនុំតែប៉ុណ្ណោះ។
33ទោះជាយ៉ាងណាក៏ដោយ បងប្អូនម្នាក់ៗត្រូវស្រឡាញ់ភរិយារៀងៗខ្លួន ដូចស្រឡាញ់ខ្លួនឯង ហើយភរិយាក៏ត្រូវគោរពស្វាមីរបស់ខ្លួនដែរ។