ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

អេភេសូរ 4

Read Scripture freely. Divine Threads study for this chapter is coming later.

1ហេតុដូចនេះ ខ្ញុំជាអ្នកជាប់ឃុំឃាំងព្រោះតែព្រះអម្ចាស់ សូមដាស់តឿនបងប្អូន ឲ្យចេះដើរបែបគួរសមនឹងការត្រាស់ហៅ ដែលព្រះអង្គបានត្រាស់ហៅបងប្អូនមក។
2ខ្ញុំដាស់តឿនបងប្អូនឲ្យចេះរស់នៅ ដោយការបន្ទាបខ្លួន ស្លូតបូត និងអត់ធ្មត់ ព្រមទាំងចេះទ្រាំទ្រគ្នាទៅវិញទៅមក ដោយក្តីស្រឡាញ់។
3ចូរយកចិត្តទុកដាក់រក្សាឯកភាពមកពីព្រះវិញ្ញាណ ដោយរក្សាចំណងនៃសេចក្តីសុខសាន្ត។
4មានព្រះកាយតែមួយ និងមានព្រះវិញ្ញាណតែមួយ ដូចជាព្រះជាម្ចាស់បានត្រាស់ហៅបងប្អូន ឲ្យមានសេចក្តីសង្ឃឹមតែមួយដូច្នោះដែរ។
5មានព្រះអម្ចាស់តែមួយ មានជំនឿតែមួយ មានពិធីជ្រមុជទឹកតែមួយ
6និង​មានព្រះជាម្ចាស់តែមួយ ជាព្រះបិតាលើអ្វីៗទាំងអស់ តាមរយៈមនុស្សទាំងអស់ និងក្នុងមនុស្សទាំងអស់។
7ព្រះជាម្ចាស់បានប្រទានព្រះគុណមកយើងម្នាក់ៗ ស្របតាមកម្រិតនៃអំណោយទានរបស់ព្រះគ្រិស្ត។
8បទគម្ពីរបានចែងទុកមកថា៖ «ពេលព្រះអង្គ​បាន​យាង​ឡើង​ទៅ​ស្ថាន​ខ្ពស់ ព្រះអង្គ​បាន​នាំ​ពួក​ជាប់​ជា​ឈ្លើយ​ទៅឃុំឃាំង ហើយ​ព្រះអង្គ​ប្រទាន​ព្រះអំណោយ​ទានផ្សេងៗ​ដល់​មនុស្ស​លោក»។
9តើពាក្យថា «យាងឡើងទៅ» មានន័យដូចម្តេច? លើកលែងតែព្រះអង្គយាងចុះមកផែនដីដ៏ទាបនេះជាមុនសិន។
10ព្រះអង្គដែលបានយាងចុះមកយ៉ាងណា គឺព្រះអង្គដដែលនោះទ្រង់នឹងយាងឡើងទៅខ្ពស់បំផុតនៃស្ថានបរសុខយ៉ាងនោះដែរ ដើម្បីសម្រេចគ្រប់កិច្ចការទាំងអស់។
11ព្រះគ្រិស្តបានប្រទានឲ្យអ្នកខ្លះ បំពេញមុខងារជាសាវក ខ្លះជាព្យាការី ខ្លះជាអ្នកប្រកាសដំណឹងល្អ ខ្លះជាគ្រូគង្វាល និងខ្លះទៀតជាគ្រូបង្រៀន។
12ព្រះអង្គប្រទានមុខងារឲ្យប្រជាជនដ៏វិសុទ្ធបម្រើ និងកសាងព្រះកាយព្រះគ្រិស្តឡើង។
13ព្រះអង្គនៅតែបន្តកសាងព្រះកាយព្រះអង្គ រហូតដល់យើងមានជំនឿរួបរួមគ្នា ក្នុងការស្គាល់ព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយយើងពេញវ័យ ព្រមទាំងបានពេញដោយ​គ្រប់​លក្ខណសម្បត្តិ​របស់​ព្រះគ្រិស្ត។
14ព្រះគ្រិស្តបានកសាងយើងឡើង ដើម្បីកុំឲ្យយើងតែជាកូនក្មេង ដែលត្រូវរេរា និងត្រូវខ្យល់គោលលទ្ធិនានាបោកបក់ និងលែងចាញ់បោកឧបាយកលមនុស្សបោកបញ្ឆោតទៀតហើយ។
15ផ្ទុយទៅវិញ ការប្រព្រឹត្តសេចក្តីពិតដោយក្តីស្រឡាញ់ នាំយើងឲ្យរីកចម្រើនឡើងគ្រប់វិស័យ ឆ្ពោះទៅរកព្រះគ្រិស្តជាសិរសា។
16ព្រះគ្រិស្តបានកសាងព្រះកាយទាំងមូល ឲ្យ​បាន​ផ្គុំ​គ្នា និង​ភ្ជាប់​គ្នា​ឡើង​យ៉ាង​មាំ ដោយសារ​សន្លាក់​ឆ្អឹង​ទាំង​ប៉ុន្មាន ដោយគាំទ្រសរីរាង្គ​នីមួយៗ ហើយពេលសរីរាង្គនីមួយៗផ្គុំគ្នាឡើង ធ្វើឲ្យ​ព្រះកាយ​នោះ​រីកចម្រើនឡើងក្នុង​សេចក្ដី​ស្រឡាញ់។
17ដូច្នេះ ខ្ញុំចង់ជម្រាប និងបញ្ជាក់ប្រាប់បងប្អូនក្នុងព្រះអម្ចាស់ថា បងប្អូនមិនត្រូវរស់នៅដូចសាសន៍ដទៃ ដែលតែងធ្វើតាមចិត្តប្រាថ្នាឥតប្រយោជន៍ឡើយ។
18គំនិតពួកគេងងឹតសូន្យសុង នៅឆ្ងាយពីព្រះជាម្ចាស់ ព្រោះតែពួកគេមិនស្គាល់ព្រះជាម្ចាស់គង់នៅក្នុងពួកគេ និងព្រោះពួកគេមានចិត្តរឹងរូស។
19ពួកគេមិនចេះខ្មាស និងបណ្តោយខ្លួនប្រព្រឹត្តអំពើអបាយមុខ ហើយនៅតែបន្តប្រព្រឹត្តអំពើប្រាកចាកសីលធម៌គ្រប់យ៉ាង។
20ប៉ុន្តែ នេះមិនមែនជារបៀបបងប្អូនរៀនអំពីព្រះគ្រិស្តឡើយ។
21បងប្អូនបានឮគេនិយាយអំពីគាត់ ហើយបងប្អូនក៏បានរៀនអំពីគាត់ដែរ ដូចជាសេចក្តីពិតក្នុងព្រះយេស៊ូ។
22បងប្អូនត្រូវលះបង់កិរិយាមាយាទចាស់​ គឺត្រូវដោះជីវិតចាស់ចោល។ ជីវិតចាស់តែងតែពុករលួយ តាម​ការ​លោភលន់​បញ្ឆោត​ចិត្ត​នេះ​ចោល​ទៅ។
23បងប្អូនទទួលការបង្រៀន ដើម្បីកែប្រែចិត្តគំនិតខាងវិញ្ញាណ ជាថ្មីឡើងវិញ
24និងត្រូវបំពាក់មនុស្សថ្មីដោយសេចក្តីសុចរិត ដែលព្រះអង្គបានបង្កើតបងប្អូនឲ្យមានលក្ខណៈដូចព្រះជាម្ចាស់​​ គឺមានសេចក្តីសុចរិត​ និងវិសុទ្ធភាពពិតប្រាកដ។
25ហេតុដូច្នេះហើយ ចូរបងប្អូនម្នាក់ៗឈប់និយាយកុហក និង​និយាយសេចក្តីពិតទៅកាន់អ្នកជិតខាងរបស់ខ្លួន ព្រោះយើងជាសមាជិកនៃសរីរាង្គរបស់គ្នាទៅវិញទៅមក។
26ចូរខឹងចុះ តែកុំប្រព្រឹត្តអំពើបាបសោះឡើយ។ កុំឲ្យខឹងរហូតទាល់តែថ្ងៃលិចនោះឡើយ។
27កុំឲ្យអារក្សមានឱកាសសោះ។
28បងប្អូនដែលធ្លាប់លួចយករបស់គេពីមុនមក ចូរឈប់លួចទៀត។ អ្នកនោះត្រូវចេះបំពេញការងារចិញ្ចឹមជីវិត ដោយដៃរបស់ខ្លួន ដូច្នេះហើយអ្នកនឹងមានរបស់ ចែកដល់អ្នកមានតម្រូវការចាំបាច់។
29កុំឲ្យមានពាក្យសម្តីអាក្រក់ណា ចេញពីមាត់អ្នករាល់គ្នាឡើយ។ ចូរប្រើពាក្យសម្តីណា ដែលមានប្រយោជន៍ជួយកសាង អ្នកដែលស្តាប់តាមបងប្អូន។
30ហើយសូមកុំធ្វើឲ្យព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ ព្រួយព្រះហប្ញទ័យ ព្រោះដោយសារព្រះអង្គហើយ ដែលបងប្អូនទទួលសញ្ញាសម្គាល់ ទុកសម្រាប់ថ្ងៃព្រះអង្គយាងមកលោះបងប្អូន។
31ចូរកំចាត់ចោលភាពល្វីងជូរចត់ ក្តៅក្រហាយ កំហឹង ស្រែកឡូឡា និងការប្រមាថ ព្រមទាំងសេចក្តីអាក្រក់គ្រប់យ៉ាងចេញពីបងប្អូន។
32ចូរប្រព្រឹត្តដោយចិត្តសប្បុរស មានចិត្តអាណិតអាសូរ និងអត់ទោសគ្នាទៅវិញទៅមក ដូចព្រះជាម្ចាស់តាមរយៈព្រះគ្រិស្តបានអត់ទោសបាបបងប្អូនរាល់គ្នាដែរ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។