1កូនរាល់គ្នាអើយ ចូរស្តាប់បង្គាប់មាតាបិតារបស់ខ្លួន ដោយយល់ដល់ព្រះអម្ចាស់ ធ្វើដូច្នេះទើបត្រឹមត្រូវ។
2«ចូរលើកកិត្តិយសមាតាបិតារបស់ខ្លួន» (នេះជាបទបញ្ញាទីមួយ មានជាប់ទាំងព្រះបន្ទូលសន្យាមកជាមួយផង)
3«ដូច្នេះ អ្នករាល់គ្នានឹងបានសេចក្តីសុខ និងរស់នៅលើផែនដីបានអាយុវែង»។
4រីឯបងប្អូនជាឪពុកវិញ កុំនាំឲ្យកូនខ្លួនមួម៉ៅឡើយ។ ផ្ទុយទៅវិញ ត្រូវចេះប្រៀនប្រដៅកូន និងផ្តល់ដំបូន្មានកូនស្របតាមព្រះអម្ចាស់។
5រីឯបងប្អូនជាអ្នកបម្រើអើយ ចូរស្តាប់បង្គាប់ម្ចាស់របស់ខ្លួននៅលើផែនដីនេះ ដោយគោរព និងញាប់ញ័រ ដោយស្មោះអស់ពីចិត្ត។
6ចូរស្តាប់បង្គាប់អ្នកទាំងនោះ ដូចស្តាប់បង្គាប់ព្រះគ្រិស្តដែរ។ កុំស្តាប់បង្គាប់គ្រាន់តែចង់ឲ្យម្ចាស់ឃើញ និងផ្គាប់ចិត្តពួកគេឡើយ។ ផ្ទុយទៅវិញ ចូរស្តាប់បង្គាប់ម្ចាស់ ដូចជាអ្នកបម្រើព្រះគ្រិស្ត ដែលធ្វើតាមព្រះហប្ញទ័យព្រះជាម្ចាស់។
7ចូរបម្រើម្ចាស់ឲ្យអស់ពីចិត្ត ទុកដូចជាបងប្អូនរាល់គ្នាបម្រើព្រះអម្ចាស់ ពុំមែនបម្រើមនុស្សទេ
8ព្រោះយើងដឹងថា ទង្វើល្អដែលមនុស្សម្នាក់ប្រព្រឹត្ត នឹងទទួលរង្វាន់ពីព្រះអម្ចាស់ មិនថាអ្នកនោះជាអ្នកងារ ឬអ្នកជាក្តី។
9រីឯបងប្អូនជាម្ចាស់វិញ ចូរប្រព្រឹត្តចំពោះអ្នកបម្រើខ្លួនបែបនោះដែរ។ កុំគំរាមកំហែងពួកគេ។ បងប្អូនដឹងស្រាប់ហើយថា ម្ចាស់ពួកគេ និងម្ចាស់បងប្អូនគង់នៅស្ថានបរមសុខ ហើយព្រះអង្គពុំរើសមុខនរណាម្នាក់ឡើយ។
10ចុងក្រោយបង្អស់ ចូររឹងមាំឡើងក្នុងព្រះអម្ចាស់ ដោយសារព្រះចេស្តាដ៏ខ្លាំងពូកែរបស់ព្រះអង្គ។
11ចូរបងប្អូនពាក់គ្រប់គ្រឿងសស្រ្តាវុធរបស់ព្រះជាម្ចាស់ ដើម្បីឲ្យបងប្អូនអាចឈរមាំមួនតទស់នឹងផែនការរបស់មារកំណាច។
12ដ្បិត យើងពុំមែនតយុទ្ធទល់នឹងមនុស្សទេ ផ្ទុយទៅវិញ យើងតយុទ្ធទល់នឹងមេត្រួតត្រាក្នុងលោកីយ៍ដ៏ងងឹតនេះ ហើយតយុទ្ធទល់នឹងវិញ្ញាណអាក្រក់ទាំងឡាយដែលនៅស្ថានលើដែរ។
13ហេតុនេះ ចូរបងប្អូនពាក់គ្រឿងសស្រ្ដាវុធទាំងប៉ុន្មានរបស់ព្រះជាម្ចាស់ ដើម្បីឲ្យបងប្អូនអាចតទល់នៅថ្ងៃអពមង្គល ហើយមានជំហររឹងប៉ឹងដដែល ដោយបានប្រើគ្រប់មធ្យោបាយទាំងអស់។
14ដូច្នេះ ចូរមានជំហររឹងប៉ឹងឡើង ដោយបងប្អូនបានពាក់សេចក្ដីពិតក្រវាត់ចង្កេះ និងយកសេចក្ដីសុចរិតធ្វើជាអាវក្រោះ។
15បន្ទាប់មក យកចិត្តប្រុងប្រៀបផ្សាយដំណឹងល្អអំពីសេចក្ដីសុខសាន្ត មកពាក់ជាស្បែកជើង។
16នៅគ្រប់កាលៈទេសៈទាំងអស់ ចូរយកជំនឿធ្វើជាខែល ដើម្បីឲ្យបងប្អូនអាចពន្លត់ព្រួញភ្លើងទាំងប៉ុន្មានរបស់មារកំណាចបាន។
17ចូរទទួលការសង្គ្រោះធ្វើជាមួកដែក និងយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ធ្វើជាដាវរបស់ព្រះវិញ្ញាណ។
18ចូរអធិស្ឋានគ្រប់ពេលវេលា តាមការណែនាំរបស់ព្រះវិញ្ញាណ ដោយប្រើទាំងពាក្យអធិស្ឋាន ទាំងពាក្យអង្វរគ្រប់យ៉ាង ហើយប្រុងស្មារតីទូលអង្វរព្រះជាម្ចាស់ ដោយចិត្តព្យាយាមបំផុតសម្រាប់ប្រជាជនដ៏វិសុទ្ទទាំងអស់របស់ព្រះជាម្ចាស់។
19ចូរអធិស្ឋានសម្រាប់ខ្ញុំផង សូមព្រះអង្គប្រទានឲ្យខ្ញុំរកបានពាក្យត្រឹមត្រូវ ពេលណាខ្ញុំហាមាត់និយាយ។ សូមព្រះអង្គប្រទានឲ្យខ្ញុំមានចិត្តអង់អាច នាំគេឲ្យស្គាល់គម្រោងការលាក់កំបាំងនៃដំណឹងល្អ។
20គឺដំណឹងល្អនេះហើយ បានធ្វើឲ្យខ្ញុំក្លាយជាទូតរបស់ព្រះអង្គ ដែលជាប់ឃុំឃាំង ដូច្នេះ ខ្ញុំសូមប្រកាសទាំងមានចិត្តអង់អាច និយាយតាមពាក្យដែលខ្ញុំត្រូវនិយាយ។
21លោកទីឃីកុស ជាបងប្អូនដ៏ជាទីស្រឡាញ់ និងជាអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះអម្ចាស់ នឹងជម្រាបប្រាប់បងប្អូនអំពីអ្វីៗគ្រប់យ៉ាងដល់បងប្អូន ដើម្បីឲ្យបងប្អូនបានដឹងអំពីកិច្ចការដែលខ្ញុំធ្វើនោះដែរ។
22ខ្ញុំចាត់គាត់ឲ្យមករកបងប្អូន ក្នុងគោលបំណងឲ្យបងប្អូនបានឮដំណឹងពីយើង និងឲ្យគាត់លើកទឹកចិត្តបងប្អូនដោយផ្ទាល់។
23សូមព្រះជាម្ចាស់ជាព្រះបិតា និងព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់ ប្រទានសេចក្ដីសុខសាន្ត និងសេចក្ដីស្រឡាញ់ ព្រមទាំងជំនឿមកបងប្អូន។
24សូមព្រះគុណរបស់ព្រះជាម្ចាស់ស្ថិតនៅជាមួយ អស់អ្នកដែលស្រឡាញ់ព្រះអម្ចាស់យេស៊ូគ្រិស្ដនៃយើង ដោយចិត្តស្រឡាញ់ឥតប្រែប្រួលសោះឡើយ។