1ដោយហេតុនេះ បានជាប៉ូលខ្ញុំជាប់ឃុំឃាំង ព្រោះតែព្រះគ្រិស្តយេស៊ូ សម្រាប់សាសន៍ដទៃ។
2បងប្អូនប្រហែលជាបានឮគេនិយាយពីការកាន់កាប់ធនធាននៃព្រះគុណរបស់ព្រះជាម្ចាស់ ដែលបានប្រទានមកឲ្យខ្ញុំដោយផ្ទាល់។
3ខ្ញុំកំពុងតែសរសេរអំពីការបើកសម្តែង ដែលព្រះអង្គប្រទានឲ្យខ្ញុំ។ នេះជាសេចក្តីពិតដ៏លាក់កំបាំងរបស់ព្រះគ្រិស្ត ដែលខ្ញុំចង់ជម្រាបប្រាប់បងប្អូនទាំងអស់គ្នា ឲ្យបានដឹង។
4កាលណាបងប្អូនបានអានសំបុត្រនេះ បងប្អូនមុខជាអាចស្វែងយល់អំពីគម្រោងការលាក់កំបាំងនៃេសេចក្តីពិតស្តីអំពីព្រះគ្រិស្ត។
5កាលពីដើម ព្រះជាម្ចាស់ពុំបានបើកសម្តែងសេចក្តីពិតនេះ ឲ្យកូនមនុស្សបានយល់ឡើយ។ ក៏ប៉ុន្តែនៅបច្ចុប្បន្ននេះ ព្រះជាម្ចាស់បានបើកសម្តែងឲ្យក្រុមសាវក និងព្យាការី ដែលព្រះអង្គត្រាស់ហៅឲ្យបំពេញមុខងារនេះ តាមរយៈព្រះវិញ្ញាណព្រះអង្គ។
6សេចក្តីពិតដែលលាក់កំបាំងនេះគឺថា សាសន៍ដទៃក៏ត្រូវទទួលមរតករួមជាមួយសាសន៍អ៊ីស្រាអែល និងជាសមាជិកក្នុងព្រះកាយតែមួយ ព្រមទាំងទទួលព្រះបន្ទូលសន្យាក្នុងព្រះគ្រិស្តយេស៊ូ តាមរយៈដំណឹងល្អ។
7ដ្បិត ខ្ញុំទទួលមុខងារបម្រើដំណឹងល្អនេះ តាមអំណោយទាននៃព្រះគុណរបស់ព្រះជាម្ចាស់ ដែលបានប្រទានមកខ្ញុំ តាមរយៈប្ញទ្ធានុភាពដ៏ខ្លាំងក្លារបស់ព្រះអង្គ។
8ព្រះជាម្ចាស់ប្រទានអំណោយទាននេះមកឲ្យខ្ញុំ ទោះបីខ្ញុំមានឋានៈតូចជាងគេក្នុងចំណោមប្រជាជនដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ក៏ដោយ។ អំណោយទាននេះ នាំខ្ញុំឲ្យប្រកាសដំណឹងល្អ នៃភាពសំបូរបែបរបស់ព្រះគ្រិស្ត ដែលមនុស្សទូទៅមិននឹកស្មានដល់ ទៅកាន់សាសន៍ដទៃ។
9ព្រះជាម្ចាស់ប្រទានអំណោយទានឲ្យខ្ញុំ បំភ្លឺដល់មនុស្សគ្រប់គ្នា ស្គាល់គម្រោងការរបស់ព្រះជាម្ចាស់។ គម្រោងការនេះបានលាក់ទុកតាំងពីដើមរៀងមក ពេលព្រះជាម្ចាស់បង្កើតរបស់សព្វសារពើ។
10ព្រះជាម្ចាស់បើកសម្តែងគម្រោងការនេះតាមរយៈក្រុមជំនុំព្រះអង្គ ដូច្នេះ ពួកមេគ្រប់គ្រង និងត្រួតត្រានៅស្ថានលើ នឹងស្គាល់ព្រះប្រាជ្ញាញាណគ្រប់វិស័យរបស់ព្រះជាម្ចាស់។
11ហេតុការណ៍នេះកើតមានឡើង ស្របតាមគម្រោងការដ៏នៅអស់កល្បជានិច្ច ដែលបានសម្រេចក្នុងព្រះគ្រិស្តយេស៊ូ ជាព្រះអម្ចាស់នៃយើងរាល់គ្នា។
12ដ្បិត នៅក្នុងព្រះគ្រិស្ត យើងមានចិត្តរឹងប៉ឹង និងមានផ្លូវចូលទៅកាន់ព្រះជាម្ចាស់ទាំងទុកចិត្ត តាមរយៈជំនឿលើព្រះអង្គ។
13ហេតុដូច្នេះហើយ សូមបងប្អូនកុំបាក់ទឹកចិត្ត ព្រោះខ្ញុំបានរងទុក្ខវេទនា ជាប្រយោជន៍ដល់បងប្អូន ហើយទុក្ខវេទនានោះជាសិរីរុងរឿងរបស់បងប្អូនវិញទេតើ។
14ហេតុដូច្នេះហើយបានខ្ញុំក្រាបថ្វាយបង្គំព្រះបិតា
15ដ្បិត ទ្រង់ជាប្រភពនៃក្រុមគ្រួសារទាំងអស់ ទាំងនៅស្ថានបរមសុខ និងផែនដី។
16ខ្ញុំអធិស្ឋាន សូមព្រះអង្គប្រទានឲ្យបងប្អូនមានកម្លាំងមាំមួន តាមរយៈព្រះវិញ្ញាណគង់នៅក្នុងបងប្អូន ស្របតាមសិរីរុងរឿងដ៏ប្រសើរបំផុតរបស់ព្រះអង្គ។
17ខ្ញុំអធិស្ឋាន សូមឲ្យព្រះគ្រិស្តគង់នៅក្នុងចិត្តបងប្អូនតាមរយៈជំនឿ និងឲ្យបងប្អូនបានចាក់ប្ញសយ៉ាងមាំមួនក្នុងក្តីស្រឡាញ់ព្រះអង្គ។
18សូមបងប្អូនមានសមត្ថភាពអាចស្វែងយល់ រួមជាមួយអ្នកជឿទាំងអស់ នូវទទឹង បណ្ដោយ ជម្រៅ និងកម្ពស់
19និងឲ្យបងប្អូនស្គាល់ក្តីស្រឡាញ់របស់ព្រះគ្រិស្ដ ដែលប្រសើរហួសពីការយល់ដឹងរបស់មនុស្ស ដើម្បីឲ្យបងប្អូនពេញដោយគ្រប់លក្ខណសម្បត្តិរបស់ព្រះជាម្ចាស់។
20ឥឡូវនេះ ព្រះជាម្ចាស់អាចធ្វើអ្វីៗទាំងអស់ ហួសពីការសុំ និងនឹកស្មានដល់ ដោយសារឫទ្ធានុភាពរបស់ព្រះអង្គ ដែលបំពេញសកម្មភាពនៅក្នុងយើង។
21សូមលើកតម្កើងសិរីរុងរឿងព្រះអង្គក្នុងក្រុមជំនុំ និងក្នុងព្រះគ្រិស្ដយេស៊ូ នៅគ្រប់ជំនាន់អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន។