1ចំពោះបងប្អូនវិញ បងប្អូនបានស្លាប់នៅក្នុងអំពើរំលង និងអំពើបាបរួចទៅហើយ។
2កាលនោះអំពើរំលង និងអំពើបាបនេះហើយ ដែលនាំឲ្យបងប្អូនរស់នៅតាមរបៀបលោកីយ៍។ បងប្អូនរស់នៅតាមមេគ្រប់គ្រងអំណាចលើអាកាស គឺជាវិញ្ញាណដែលមានឥទ្ធិពលនៅក្នុងអស់អ្នកដែលមិនស្តាប់បង្គាប់។
3កាលពីដើម យើងរស់នៅក្នុងចំណោមអ្នកទាំងនោះដែរ បណ្តោយខ្លួនតាមតណ្ហាលោភលន់នៃនិស្ស័យលោកីយ៍ និងប្រព្រឹត្តអំពើផ្សេងៗតាមចិត្តគំនិតលោកីយ៍។ ពីកំណើតមក យើងជាមនុស្សត្រូវបណ្តាសា ដូចមនុស្សឯទៀតៗដែរ។
4ប៉ុន្តែ ព្រះជាម្ចាស់ពេញដោយព្រះទ័យមេត្តាច្រើនពន់ប្រមាណ ព្រោះព្រះអង្គស្រឡាញ់យើងយ៉ាងខ្លាំងបំផុត។
5កាលយើងស្លាប់ក្នុងអំពើរំលងនៅឡើយ ព្រះអង្គប្រោសយើងឲ្យរស់រួមជាមួយព្រះគ្រិស្ត ព្រះជាម្ចាស់បានសង្រ្គោះបងប្អូនដោយសារព្រះគុុណ។
6ព្រះជាម្ចាស់ប្រោសឲ្យបងប្អូនរស់ឡើងវិញ រួមជាមួយព្រះគ្រិស្តយេស៊ូ ព្រមទាំងឲ្យយើងអង្គុយនៅស្ថានបរមសុខ រួមជាមួយព្រះអង្គដែរ។
7ហេតុដូច្នេះ នៅជាន់ក្រោយនេះ ព្រះជាម្ចាស់នឹងបង្ហាញឲ្យយើងស្គាល់ព្រះគុណ ដ៏ប្រសើរលើសលប់បំផុតរបស់ព្រះអង្គចំពោះយើង ក្នុងព្រះគ្រិស្តយេស៊ូ។
8ព្រះជាម្ចាស់បានសង្រ្គោះបងប្អូនដោយសារព្រះគុណ តាមរយៈជំនឿ ហើយការសង្រ្គោះពុំមែនមកពីបងប្អូនទេ ជាអំណោយទានរបស់ព្រះជាម្ចាស់។
9ព្រះគុណពុំមែនមកពីមនុស្សខំប្រព្រឹត្តទេ ដើម្បីកុំឲ្យនរណាម្នាក់អួតខ្លួនឡើយ។
10ដ្បិតយើងជាស្នាព្រះហស្តរបស់ព្រះជាម្ចាស់ ដែលបង្កើតមកក្នុងព្រះគ្រិស្តយេស៊ូ ដើម្បីឲ្យយើងប្រព្រឹត្តអំពើល្អ ដែលព្រះជាម្ចាស់បានបម្រុងទុកតាំងពីមុនសម្រាប់យើង ដូច្នេះ យើងនឹងប្រព្រឹត្តតាម។
11ដូច្នេះ ចូរចាំថា កាលពីដើមបងប្អូននៅជាសាសន៍ដទៃក្នុងលោកីយ៍នៅឡើយ គេហៅបងប្អូនថា «ពួកមិនកាត់ស្បែក» ហើយពួកសាសន៍យូដាហៅខ្លួនថា «ពួកកាត់ស្បែក» គ្រាន់តែជាសញ្ញាសម្គាល់មួយ ធ្វើដោយដៃមនុស្សប៉ុណ្ណោះ។
12កាលនោះ បងប្អូននៅដាច់ឆ្ងាយពីព្រះគ្រិស្ត។ ប្រជារាស្រ្តអ៊ីស្រាអែលចាត់ទុកបងប្អូនជាជនបរទេស។ បងប្អូនជាសាសន៍ដទៃគ្មានទំនាក់ទំនងអ្វីនឹងសម្ពន្ធមេត្រី តាមព្រះបន្ទូលសន្យាឡើយ។ បងប្អូនគ្មានសង្ឃឹមចំពោះអនាគតខ្លួនឯង។ បងប្អូនរស់នៅក្នុងពិភពលោកនេះ ដោយគ្មានព្រះជាម្ចាស់។
13ប៉ុន្តែ ឥឡូវនេះដោយសារព្រះគ្រិស្តយេស៊ូ បងប្អូនដែលធ្លាប់នៅឆ្ងាយពីព្រះជាម្ចាស់ បានចូលមកជិតព្រះជាម្ចាស់ហើយ តាមរយៈព្រះលោហិតរបស់ព្រះគ្រិស្ត។
14ដ្បិត ព្រះអង្គជាសេចក្តីសុខសាន្តរបស់យើង។ ព្រះអង្គបានបង្រួបបង្រួមសាសន៍ទាំងពីរ ឲ្យរួមគ្នាមកតែមួយ។ ដោយសារព្រះកាយព្រះគ្រិស្ត ព្រះអង្គបានរំលំជញ្ជាំងដែលបំបាក់បំបែកយើង ជាសត្រូវនឹងគ្នា។
15ដូច្នេះ ព្រះអង្គបានលុបបំបាត់ក្រឹត្យវិន័យដែលមានបទបញ្ជា និងក្បួនតម្រាផ្សេងៗចោល ដើម្បីបង្រួបបង្រួមសាសន៍ទាំងពីរជាមនុស្សថ្មីមួយក្នុងព្រះអង្គ ព្រមទាំងនាំសន្តិភាពមកផងដែរ។
16ព្រះគ្រិស្តបានផ្សះផ្សាសាសន៍ទាំងពីរ ទៅក្នុងរូបកាយតែមួយរបស់ព្រះជាម្ចាស់ តាមរយៈឈើឆ្កាង និងកំចាត់ការស្អប់គ្នាចោល។
17ព្រះយេស៊ូបានយាងមកប្រកាសសន្តិភាពជាមួយបងប្អូន ដែលធ្លាប់នៅឆ្ងាយ ព្រមទាំងប្រកាសសន្តិភាពជាមួយអ្នកដែលនៅជិត។
18តាមរយៈព្រះយេស៊ូនេះហើយ យើងជាសាសន៍ទាំងពីរអាចចូលទៅរកព្រះបិតា ដោយរួមក្នុងព្រះវិញ្ញាណតែមួយ។
19ដូច្នេះ ឥឡូវនេះ បងប្អូនដែលជាសាសន៍ដទៃ លែងជាជនបរទេសទៀតហើយ។ ផ្ទុយទៅវិញ បងប្អូនជាជនរួមជាតិជាមួយប្រជាជនដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ និងជាក្រុមគ្រួសាររបស់ព្រះជាម្ចាស់ផងដែរ។
20បងប្អូនបានសង់សំណង់លើគ្រឹះយ៉ាងរឹងមាំរបស់ពួកសាវក និងព្យាការី ព្រមទាំងព្រះគ្រិស្តយេស៊ូផ្ទាល់ ដែលជាថ្មដ៏រឹងមាំ។
21ដោយសារព្រះអង្គ សំណង់ទាំងមូលបានសង់យ៉ាងរឹងមាំភ្ជាប់គ្នា និងចម្រើនឡើងទៅជាព្រះវិហារថ្វាយព្រះអម្ចាស់។
22ដោយសារព្រះអង្គហើយ ដែលបងប្អូនបានផ្គុំគ្នាឡើងជាព្រះដំណាក់ថ្វាយព្រះជាម្ចាស់ ក្នុងវិញ្ញាណ។