1ខ្ញុំ ប៉ូល ជាសាវករបស់ព្រះគ្រិស្តយេស៊ូ ដែលព្រះជាម្ចាស់សព្វព្រះហប្ញទ័យតែងតាំង សូមជម្រាបសួរប្រជារាស្រ្តដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ នៅក្រុងអេភេសូរ ដែលនៅតែស្មោះត្រង់ចំពោះព្រះគ្រិស្តយេស៊ូ។
2សូមព្រះជាម្ចាស់ជាព្រះបិតានៃយើង និងព្រះអម្ចាស់យេស៊ូគ្រិស្តបានប្រទានព្រះគុណ និងសេចក្តីសុខសាន្ត ដល់បងប្អូនទាំងអស់គ្នា។
3សូមលើកតម្កើងព្រះជាម្ចាស់ និងព្រះបិតានៃព្រះអម្ចាស់យេស៊ូគ្រិស្ត ដែលព្រះអង្គបានប្រទានព្រះពរគ្រប់យ៉ាងខាងវិញ្ញាណ ពីស្ថានបរមសុខមកយើងរាល់គ្នា ក្នុងអង្គព្រះគ្រិស្ត។
4ព្រះជាម្ចាស់បានជ្រើសរើសយើង តាំងពីមុនកំណើតលោកីយ៍មកមេ្ល៉ះ ដើម្បីឲ្យយើងបានវិសុទ្ធ និងឥតសៅហ្មងនៅចំពោះព្រះភក្រ្តព្រះអង្គ។
5ព្រះជាម្ចាស់បានជ្រើសរើសយើងជាមុន ឲ្យធ្វើជាបុត្រព្រះអង្គ តាមរយៈព្រះយេស៊ូគ្រិស្ត ស្របតាមព្រះហប្ញទ័យសប្បុរសរបស់ព្រះអង្គ។
6ទ្រង់បានជ្រើសរើសយើង ដើម្បីលើកតម្កើងព្រះគុណដ៏រុងរឿងរបស់ព្រះអង្គ ដែលបានប្រទានមកយើងរាល់គ្នាដោយឥតគិតថ្លៃ ក្នុងអង្គព្រះបុត្រាដ៏ជាទីស្រឡាញ់។
7យើងបានទទួលការប្រោសលោះក្នុងអង្គព្រះយេស៊ូគ្រិស្ត តាមរយៈព្រះលោហិត និងការអត់ទោសបាប ស្របតាមព្រះគុណដ៏លើសលប់របស់ព្រះអង្គ។
8ព្រះអង្គបានប្រទានព្រះគុណដ៏លើសលប់មកយើងរាល់គ្នា ដើម្បីឲ្យយើងទាំងអស់គ្នាមានតម្រិះ និងប្រាជ្ញាវាងវៃគ្រប់យ៉ាង។
9ព្រះជាម្ចាស់បានប្រទានឲ្យយើងស្គាល់គម្រោងការលាក់កំបាំង ស្របតាមព្រះហប្ញទ័យរបស់ព្រះអង្គ ដែលសម្តែងចេញមកក្នុងអង្គព្រះគ្រិស្ត
10ព្រះអង្គកំណត់ពេលវេលាសម្រេចផែនការនេះ ដើម្បីនាំយកអ្វីៗទាំងអស់ គឺអ្វីៗនៅស្ថានបរមសុខ និងនៅផែនដីរួមគ្នាតែមួយ ដែលមានព្រះគ្រិស្តជាម្ចាស់។
11ព្រះជាម្ចាស់បានតម្រូវយើងទុកជាមុន ដើម្បីទទួលមរតកក្នុងព្រះគ្រិស្ត។ ព្រះជាម្ចាស់បានជ្រើសរើសយើងទុកជាមុន ស្របតាមផែនការព្រះអង្គ ដែលសម្រេចគ្រប់កិច្ចការទាំងអស់ តាមបំណងព្រះហប្ញទ័យព្រះអង្គ។
12ព្រះជាម្ចាស់បានតម្រូវយើងទុកជាមុន ដើម្បីទទួលមរតកនោះយើងនឹងមានសង្ឃឹមលើព្រះគ្រិស្តមុនដំបូងបង្អស់ ហេតុដូចនេះ យើងនឹងលើកតម្កើងសិរីរុងរឿងព្រះអង្គ។
13នៅក្នុងព្រះគ្រិស្ត បងប្អូនបានឮព្រះបន្ទូលនៃសេចក្តីពិត គឺជាដំណឹងល្អនាំឲ្យបងប្អូនបានសង្គ្រោះ បងប្អូនជឿព្រះអង្គ នោះបងប្អូនបានទទួលសញ្ញាសម្គាល់ពីព្រះវិញ្ញាណដ៏វិសុទ្ធតាមព្រះបន្ទូលសន្យា
14ព្រះអង្គប្រទានព្រះវិញ្ញាណមកបញ្ចាំចិត្តយើង រហូតដល់ពេលយើងទទួលមរតកពេញលេញ ដើម្បីលើកតម្កើងសិរីរុងរឿងដល់ព្រះអង្គ។
15ដោយហេតុនេះហើយ ចាប់តាំងពីខ្ញុំបានឮគេតំណាលអំពីជំនឿបងប្អូន នៅក្នុងព្រះអម្ចាស់យេស៊ូ និងសេចក្តីស្រឡាញ់បងប្អូនចំពោះប្រជារាស្រ្តដ៏វិសុទ្ធទាំងអស់របស់ព្រះជាម្ចាស់
16នោះខ្ញុំអរព្រះគុណព្រះជាម្ចាស់ឥតឈប់ឈរសម្រាប់បងប្អូន ដូចខ្ញុំបាននឹកចាំបងប្អូនក្នុងសេចក្តីអធិស្ឋានខ្ញុំដែរ។
17ខ្ញុំអធិស្ឋាន សូមព្រះជាម្ចាស់នៃព្រះយេស៊ូគ្រិស្តជាអម្ចាស់របស់យើងរាល់គ្នា គឺព្រះបិតាប្រកបដោយសិរីរុងរឿង ប្រទានវិញ្ញាណនៃព្រះប្រាជ្ញា និងការបើកសម្តែងឲ្យយើងបានស្គាល់ព្រះជាម្ចាស់យ៉ាងច្បាស់។
18សូមព្រះបិតាបំភ្លឺចិត្តគំនិតបងប្អូន និងធ្វើឲ្យបងប្អូនមានសង្ឃឹមជឿជាក់ក្នុងចិត្តថា ព្រះជាម្ចាស់ដែលបានត្រាស់ហៅបងប្អូន និងប្រទានមរតកដ៏រុងរឿងលើសលប់ រួមជាមួយប្រជារាស្រ្តដ៏វិសុទ្ធរបស់ព្រះជាម្ចាស់។
19ខ្ញុំអធិស្ឋានសុំឲ្យបងប្អូនយល់ដឹង អំពីប្ញទ្ធានុភាពដ៏អស្ចារ្យ ដែលបានប្រទានមកយើងជាអ្នកជឿព្រះអង្គ ស្របតាមមហិទ្ធិឫទ្ធិនៃព្រះចេស្ដាដ៏ខ្លាំងក្លារបស់ព្រះអង្គ។
20នេះជាមហិទ្ធិឫទ្ធិដែលព្រះជាម្ចាស់ធ្វើការក្នុងព្រះគ្រិស្ត ពេលព្រះអង្គប្រោសព្រះយេស៊ូឲ្យមានព្រះជន្មរស់ឡើងវិញ ហើយគង់នៅខាងស្តាំព្រះបិតានៅស្ថានបរមសុខ។
21ព្រះជាម្ចាស់ឲ្យព្រះគ្រិស្តគង់នៅខ្ពស់ជាងអ្វីៗដែលមានអំណាច មានឫទ្ធិ មានបារមីគ្រប់គ្រង និងខ្ពស់លើសនាមទាំងអស់។ ព្រះគ្រិស្តមិនត្រឹមតែគ្រប់គ្រងនៅលោកនេះទេ គឺនៅលោកខាងមុខទៀតផង។
22ព្រះជាម្ចាស់បានបង្ក្រាបអ្វីៗទាំងអស់ ឲ្យនៅក្រោមព្រះបាទារបស់ព្រះគ្រិស្ដ ព្រមទាំងគង់នៅលើអ្វីៗទាំងអស់ និងធ្វើជាសិរសារបស់ក្រុមជំនុំ។
23ក្រុមជំនុំជាព្រះកាយព្រះគ្រិស្ត ហើយពេញដោយគ្រប់លក្ខណសម្បត្តិរបស់ព្រះគ្រិស្ដ ហើយព្រះគ្រិស្ដផ្ទាល់បានពេញដោយគ្រប់លក្ខណសម្បត្តិរបស់ព្រះជាម្ចាស់ដែរ។