ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

សាស្ដា 9

Read Scripture freely. Divine Threads study for this chapter is coming later.

1ខ្ញុំបានគិតអំពីការទាំងអស់នេះនៅក្នុងគំនិតរបស់ខ្ញុំដើម្បី ឲ្យខ្ញុំយល់អំពីមនុស្សសុចរិត និងមនុស្សមានប្រាជ្ញា ហើយនិងកិច្ចការទាំងអស់របស់គេ។ ពួកគេគឺសិ្ថតនៅក្នុងព្រះហស្តនៃព្រះជាម្ចាស់។ គ្មានអ្នកណាម្នាក់ដឹងថា តើសេចក្ដីស្រឡាញ់ ឬការស្អប់នឹងមកកាន់អ្នកណាឡើយ។
2មនុស្សគ្រប់ៗរូបមានវាសនាដូចគ្នា។ វាសនាដូចគ្នានេះ រង់ចាំទាំងមនុស្សសុចរិត ទាំងមនុស្សទុច្ចរិត ទាំងមនុស្សល្អ ទាំងមនុស្សបរិសុទ្ធ ទាំងមនុស្សមិនបរិសុទ្ធ ទាំងមនុស្សដែលថ្វាយយញ្ញបូជា និងទាំងមនុស្សដែលមិនបានថ្វាយយញ្ញបូជា។ ក្នុងនាមជាមនុស្សល្អនឹងស្លាប់ ដូច្នេះហើយមនុស្សមានបាបក៏នឹងស្លាប់ដែរ។ ក្នុងនាមជាមនុស្សដែលស្បថនឹងស្លាប់ ដូច្នេះហើយមនុស្សដែលភ័យខ្លាចក្នុងការបង្កើតពាក្យស្បថក៏នឹងស្លាប់ដូចគ្នា​ដែរ។
3អ្វីៗទាំងអស់ដែលកើតមាននៅក្រោមថ្ងៃគឺសុទ្ធតែជួបវាសនាអាក្រក់ គឺមនុស្សទាំងអស់មានជោគវាសនាដូចគ្នា។ ចិត្តរបស់មនុស្សមានពេញទៅដោយអំពើអាក្រក់ ហើយភាពឆ្កូតលីលាគឺនៅក្នុងចិត្តរបស់ពួកគេក្នុងកាលគេរស់នៅ។ ដូច្នេះ បន្ទាប់មកពួកគេនឹងធ្លាក់ទៅក្នុងសេចក្ដីស្លាប់។
4ដ្បិតអ្នកណាដែលនៅរួមគ្នាជាមួយអ្នកដែលមានជីវិតរស់នៅ នោះនឹងមានសេចក្ដីសង្ឃឹម ទោះបីដូចជាសត្វឆ្កែដែលរស់នៅនោះប្រសើរជាងសិង្ហងាប់ដែរ។
5ដ្បិតមនុស្សដែលមានជីវិតរស់នៅដឹងថា ពួកគេនឹងស្លាប់ ប៉ុន្តែសេចក្ដីស្លាប់មិនបានដឹងអ្វីទាំងអស់។ ពួកគេលែងបានទទួលរង្វាន់អ្វីទៀតឡើយ ព្រោះការចាំរបស់ពួកគេនឹងត្រូវបំភេ្លចចោល។
6សេចក្ដីស្រឡាញ់ សេចក្ដីស្អប់ខ្ពើម និងការច្រណែនរបស់ពួកគេបានវិនាសបាត់ទៅជាយូណាស់ហើយ។ ពួកគេនឹងលែងមានចំណែកណា ក្នុងការអ្វីដែលធ្វើនៅក្រោមថ្ងៃទៀតហើយ។
7ចូរទៅចុះ បរិភោគអាហាររបស់អ្នកដោយអំណរ និងផឹកស្រាទំពាំងបាយជូររបស់អ្នកដោយចិត្តសប្បាយ ដ្បិតព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងកិច្ចការដែលអ្នកធ្វើហើយ។
8ចូរឲ្យសំលៀកបំពាក់របស់អ្នកនៅសជានិច្ច​ ហើយលាបប្រេងលើក្បាលរបស់អ្នកផងដែរ។
9ចូររស់នៅដោយសប្បាយជាមួយប្រពន្ធដែលអ្នកស្រឡាញ់ ជារៀងរាល់ថ្ងៃអស់មួយជីវិតរបស់អ្នក ក្នុងជីវិតដែលឥតបានការ ជាថ្ងៃដែលព្រះជាមា្ចាស់បានប្រទានមកអ្នក​នៅក្រោមថ្ងៃ គឺជាជីវិតដែលឥតបានការរបស់អ្នក។ ដ្បិតនេះគឺជារង្វាន់ដែលអ្នកបានធ្វើនៅក្រោមថ្ងៃក្នុងជីវិតរបស់អ្នក។
10អ្វីៗដែលដៃរបស់អ្នកស្វែងរកដើម្បីធ្វើ ចូរធ្វើដោយអស់ពីកម្លាំងរបស់អ្នក​ ព្រោះគ្មានកិច្ចការ ឬការពន្យល់ ឬការចេះដឹង ឬប្រាជ្ញានៅក្នុងស្ថានឃុំព្រលឹង ជាកន្លែងដែលអ្នកនឹងទៅនោះទេ។
11ខ្ញុំបានឃើញរឿងដែលគួរឲ្យចាប់អារម្មណ៍មួយចំនួនដែលនៅក្រោមថ្ងៃ ការរត់ប្រណាំងមិនមែនកម្មសិទ្ធអ្នកដែលរត់លឿននោះទេ។ ចម្បាំងមិនមែនជាកម្មសិទ្ធអ្នកដែលខ្លាំងពូកែនោះទេ។ នំប័ុងមិនមែនជាកម្មសិទ្ធអ្នកដែលមានប្រាជ្ញានោះទេ។ ទ្រព្យសម្បត្តិមិនមែនជាកម្មសិទ្ធអ្នកដែលយល់ដឹងទេ។ ការពេញចិត្តមិនមែនជាកម្មសិទ្ធអ្នកដែលមានការចេះដឹងដែរ។ ផ្ទុយទៅវិញ ពេលវេលា និងឱកាសជះឥទិ្ធពលដល់ពួកគេទាំងអស់វិញ។
12ដ្បិតគ្មាននរណាម្នាក់ដឹងថាពេលណាគេស្លាប់នោះទេ ដូចជាត្រីដែលជាប់ក្នុងសំណាញ់នៃសេចក្ដីស្លាប់ ឬដូចជាសត្វចាបដែលជាប់អន្ទាក់។ ដូចជាសត្វយ៉ាងណា មនុស្សត្រូវជាប់ក្នុងពេលវេលាអាក្រក់នឹងធ្លាក់ទៅលើគេភ្លាមយ៉ាងនោះដែរ។
13នៅក្រោមថ្ងៃ ខ្ញុំក៏បានឃើញប្រាជ្ញា ដែលខ្ញុំយល់ថាអស្ចារ្យណាស់សម្រាប់ខ្ញុំ។
14នៅក្នុងក្រុងតូចមួយ មានមនុស្សតែបន្តិចបន្តួចទេដែលរស់នៅ ហើយមានសេ្ដចដ៏ពូកែមួយអង្គបានប្រឆាំងនឹងក្រុងនោះ និងឡោមព័ទ្ធក្រុងនោះ ទាំងបង្កើតបន្ទាយយ៉ាងធំច្បាំងនឹងក្រុងនោះ។
15នៅក្នុងក្រុងនោះ​ មានមនុស្សក្រីក្រមា្នក់តែមានប្រាជ្ញា គាត់បានសង្គ្រោះទីក្រុងនោះដោយសារប្រាជ្ញារបស់លោក។ ក្រោយមក គ្មាននរណាម្នាក់នឹកនាដល់បុរសក្រីក្រនោះទៀតទេ។
16ដូច្នេះ ខ្ញុំយល់ថា «ប្រាជ្ញាគឺប្រសើរជាងភាពក្លាហាន ប៉ុន្តែប្រាជ្ញារបស់បុរសក្រីក្រនោះគឺ គេមើលងាយ ហើយពាក្យសម្តីរបស់គេក៏គ្មានអ្នកណាស្ដាប់ដែរ»។
17ស្ដាប់ពាក្យសម្ដីរបស់មនុស្សមានប្រាជ្ញានិយាយដោយភាពស្ងាត់ៗនោះប្រសើរជាងស្ដាប់សម្រែករបស់មនុស្សដែលគ្រប់គ្រងមនុស្សល្ងីល្ងើ។
18ប្រាជ្ញាគឺប្រសើរជាងគ្រឿងសស្រ្តាវុធ​ ប៉ុន្តែមនុស្សបាបតែម្នាក់អាចបំផ្លាញការល្អជាច្រើន។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។