ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

សាស្ដា 8

Read Scripture freely. Divine Threads study for this chapter is coming later.

1តើនរណាជាអ្នកមានប្រាជ្ញា? តើអ្នកណាដឹងថាអ្វីជាព្រឹតិ្តការណ៍នៅក្នុងជីវិតមានន័យដូចម្តេច? ប្រាជ្ញា​នៅក្នុងមនុស្សធ្វើឲ្យមុខមាត់គេចែងចាំងឡើង ហើយភាពរឹងនៃមុខមាត់គេក៏ផ្លាស់ប្ដូរដែរ។
2ខ្ញុំសូមណែនាំឲ្យអ្នកប្រព្រឹត្តតាមបញ្ជារបស់ស្ដេចចុះ ដោយយល់ពាក្យសច្ចារបស់ព្រះជាម្ចាស់ដើម្បីការពារស្ដេចនោះ។
3កុំប្រញាប់រត់ចេញពីវត្តមានរបស់ស្ដេចឡើយ និងកុំមានចិត្តប្រព្រឹត្តកំហុសដែរ ដ្បិតស្ដេចអាចធ្វើអ្វីៗទាំងអស់តាមតែព្រះរាជបំណង។
4ស្ដេចមានរាជឱង្ការយ៉ាងណា ក៏មានអំណាច ហេតុនេះហើយនរណានឹងហ៊ានសួរស្ដេចថា «តើព្រះករុណាកំពុងធ្វើអ្វី?»
5អ្នកណាដែលធ្វើតាមបញ្ជារបស់ស្ដេច នឹងអាចគេចផុតពីគ្រោះថ្នាក់។ ចិត្តរបស់មនុស្សមានប្រាជ្ញារមែងស្គាល់កាលៈទេសៈត្រឹមត្រូវ និងការវិនិច្ឆ័យ។
6ដ្បិតគ្រប់ការទាំងអស់គឺមានការឆ្លើយតបត្រឹមត្រូវ និងមានពេលដើម្បីតប ពីព្រោះបញ្ហារបស់មនុស្សគឺធំណាស់។
7គ្មាននរណាម្នាក់ដឹងថានឹងមានអ្វីកើតឡើងពេលបន្ទាប់ទេ។ តើអ្នកណាអាចប្រាប់គេថានឹងមានអ្វីកើតឡើង?
8គ្មាននរណាម្នាក់មានអំណាចឃាត់ដង្ហើមរបស់ខ្លួនបានឡើយ និងគ្មាននរណាម្នាក់មានអំណាចលើថ្ងៃនៃសេចក្ដីស្លាប់របស់ខ្លួនបានដែរ។ គ្មាននរណាម្នាក់អាចគេផុតពីសត្រូវនៅពេលប្រយុទ្ធបានទេ ហើយអំពើអាក្រក់នឹងមិនសង្គ្រោះអស់អ្នកណាដែលប្រព្រឹត្តអាក្រក់បានដែរ។
9ខ្ញុំបានយល់គ្រប់ការទាំងអស់ហើយ ខ្ញុំបានអនុវត្តនៅក្នុងចិត្តរបស់ខ្ញុំចំពោះគ្រប់ការងារទាំងអស់ដែលបានធ្វើនៅក្រោមថ្ងៃ។ មានគ្រាដែលមនុស្សម្នាក់ជិះជាន់ម្នាក់ទៀតដើម្បី ឲ្យម្នាក់នោះឈឺចាប់។
10ខ្ញុំបានឃើញគេបញ្ចុះសពមនុស្សអាក្រក់នៅទីសាធារណៈ។ ពួកគេត្រូវបានដកចេញពីកន្លែងបរិសុទ្ធ ហើយបញ្ចុះ ហើយមនុស្សដែលរស់នៅក្នុងក្រុងដែលគេបានប្រព្រឹត្តការអាក្រក់របស់ពួកគេនោះបានសរសើរគេ។ ការនេះក៏គ្មានប្រយោជន៍ដែរ។
11ការកាត់ទោសប្រឆាំងនឹងទោសអំពើអាក្រក់គឺមិនបានជំនុំជំរះភ្លាមៗនោះទេ ដូច្នេះហើយបានជាចិត្តរបស់មនុស្សនៅតែបន្តធើ្វអំពើអាក្រក់។
12ទោះបីជាមនុស្សមានបាបប្រព្រឹត្តអំពេើអាក្រក់មួយដង ហើយនៅតែរស់បានយូរយ៉ាងណាក្ដី តែខ្ញុំដឹងថាការនេះនឹងល្អដល់អ្នកណាដែលកោតខ្លាចព្រះជាម្ចាស់ ដល់អ្នកណាដែលគោរពព្រះវត្តមានរបស់ព្រះជាម្ចាស់។
13ប៉ុន្តែការនេះនឹងមិនល្អទេសម្រាប់មនុស្សអាក្រក់ ជីវិតរបស់គេនឹងមិនបានវែងឡើយ។ ជីវិតរបស់គេដូចជាស្រមោលមួយប្រព្រិចភ្នែក ដោយសារគេមិនគោរពព្រះជាម្ចាស់។
14មានការឥតបានការផ្សេងមួយទៀតដែលបានធ្វើនៅលើផែនដី។ រឿងទាំងឡាយដែលកើតឡើងចំពោះមនុស្សសុចរិតដូចជារឿងដែលកើតឡើងចំពោះមនុស្សទុច្ចរិតដែរ ហើយរឿងទាំងឡាយដែលកើតឡើងចំពោះមនុស្សទុច្ចរិតក៏ដូចជារឿងដែលកើតឡើងចំពោះមនុស្សសុចរិតដែរ។ ដូចដែលខ្ញុំបាននិយាយហើយថា ការនេះក៏ឥតបានការដែរ។
15ដូច្នេះហើយ ខ្ញុំឲ្យតម្លៃលើការសប្បាយ ព្រោះនៅក្រោមថ្ងៃគ្មានអ្វីដែលប្រសើរសម្រាប់មនុស្សជាជាងស៊ី និងផឹកដើម្បីភាពសប្បាយឡើយ។ ការសប្បាយនេះនឹងនៅជាមួយនឹងការងាររបស់គេ សម្រាប់ថ្ងៃនៃជីវិតរបស់គេដែលព្រះជាម្ចាស់បានប្រទានដល់គេនៅក្រោមថ្ងៃ។
16ពេលដែលខ្ញុំធ្វើតាមចិត្តរបស់ខ្ញុំដើម្បី ដឹងពីប្រាជ្ញា និងដើម្បីយល់ពីកិច្ចការដែលបានធ្វើនៅលើផែនដី គឺកិច្ចការទាំងឡាយដែលបានបញ្ចប់ជាទូទៅធ្វើដោយមិនបានដេកលក់មិនថាពេលថ្ងៃឬពេលយប់ឡើយ
17ពេលនោះ ខ្ញុំបានយល់ពីកិច្ចការរបស់ព្រះជាម្ចាស់ទាំងអស់ គឺមនុស្សមិនអាចស្គាល់ពីកិច្ចការដែលមាននៅក្រោមថ្ងៃបានទេ។ មិនថាមនុស្សខិតខំស្វែងរកចម្លើយយ៉ាងណាក៏ដោយ គេនឹងមិនអាចរកឃើញឡើយ។ ទោះបីជាមនុស្សមានប្រាជ្ញាដែលគេជឿថាគេស្គាល់ ក៏គេមិនអាចនឹងយល់បានដែរ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។