ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

សាស្ដា 5

Read Scripture freely. Divine Threads study for this chapter is coming later.

1ចូរប្រុងប្រយ័ត្នការប្រព្រឹត្តរបស់អ្នក នៅពេលដែលអ្នកទៅព្រះដំណាក់នៃព្រះជាម្ចាស់។ ទៅទីនោះដើម្បីស្ដាប់។ ការស្ដាប់បង្គាប់ល្អប្រសើរជាងពេលដែលមនុស្សល្ងីល្ងើថ្វាយយញ្ញបូជា ដ្បិតអ្នកទាំងនោះមិនដឹងថាខ្លួនគេប្រព្រឹត្តអាក្រក់ទេ។
2កុំឆាប់និយាយលឿនពេក ហើយកុំឆាប់ឲ្យចិត្តរបស់អ្នកនាំបញ្ហាផ្សេងៗមកចំពោះព្រះជាម្ចាស់លឿនពេក។ ព្រះជាម្ចាស់គង់នៅស្ថានសួគ៌ ប៉ុន្តែអ្នករស់នៅលើផែនដីដូច្នេះ ត្រូវចេះប្រមាណពាក្យសម្ដីរបស់អ្នក។
3ប្រសិនជា អ្នកមានការងារច្រើនពេកដើម្បីធ្វើ និងខ្វល់ខ្វាយ នោះអ្នកនឹងមុខជាយល់សបិ្តអាក្រក់ហើយ។ អ្នកនិយាយច្រើនកាលណា នោះអ្នកមុខជានិយាយដោយភាពល្ងីល្ងើច្រើនយ៉ាងនោះដែរ។
4ពេលណាដែលអ្នកសន្យាជាមួយព្រះជាម្ចាស់ នោះកុំពន្យារពេលធ្វើការនោះឡើយ ដ្បិតព្រះជាម្ចាស់មិនសព្វព្រះហឫទ័យនឹងមនុស្សល្ងីល្ងើទេ។ ត្រូវធ្វើតាមអ្វីដែលអ្នកសន្យានឹងធ្វើ។
5បើសិនអ្នកមិនសន្យា នោះល្អប្រសើរជាងសន្យាហើយ តែអ្នកមិនបានធ្វើ។
6កុំបណ្ដោយឲ្យមាត់របស់អ្នក នាំសាច់ឈាមរបស់អ្នកទៅធ្វើបាបឡើយ។ កុំនិយាយទៅកាន់បូជាចារ្យថា «អ្នកបានសន្យាដោយច្រឡំឡើយ»។ ហេតុអ្វីបានជាធ្វើឲ្យព្រះជាម្ចាស់ក្រោធដោយការសន្យាមិនពិត ដែលធ្វើឲ្យព្រះជាម្ចាស់បំផ្លាញកិច្ចការដែលដៃអ្នកបានធ្វើទៅវិញ?
7ដ្បិតការយល់សបិ្តច្រើន ដោយពាក្យសម្ដីក៏ច្រើន ការនេះគឺគ្មានន័យទេ។ ដូច្នេះ ចូរគោរពដល់ព្រះជាម្ចាស់។
8ពេលណាអ្នកឃើញមនុស្សក្រីក្រត្រូវ គេជិះជាន់ ត្រូវគេប្លន់យកសេចក្ដីយុតិ្តធម៌​​ និងបំពានច្បាប់នៅក្នុងទឹកដីរបស់អ្នក នោះមិនត្រូវឆ្ងល់អ្វីឡើយ ពីព្រោះមនុស្សដែលមានអំណាចត្រួតលើពួកគេ ហើយសូម្បីតែអ្នកដែលមានអំណាចក៏ត្រូវមានអ្នកត្រួតពីលើពួកគេដែរ។
9លើសពីនេះទៀត ផលដែលកើតចេញពីដីគឺសម្រាប់មនុស្សគ្រប់គ្នា ហើយស្ដេចក៏ទទួលផលពីស្រែចម្ការដែរ។
10អ្នកណាដែលស្រឡាញ់ប្រាក់នឹងមិនចេះស្កប់ស្កល់ជាមួយប្រាក់ឡើយ ហើយអ្នកណាដែលស្រឡាញ់ទ្រព្យសម្បតិ្តតែងតែចង់បានថែមទៀត។ ការនេះក៏ឥតបានការដែរ។
11ភាពសំបូរសប្បាយកើនឡើង នោះមនុស្សដែលដេកស៊ីក៏កើនចំនួនច្រើនដែរ។ តើមានផលប្រយោជន៍ពីទ្រព្យសម្បតិ្តចំពោះម្ចាស់ទ្រព្យនោះ ក្រៅពីឃើញទ្រព្យនោះផ្ទាល់នឹងភ្នែកឡើយ?
12អ្នកដែលធ្វើការនឿយហត់ រមែងដេកលក់ស្រួល ទោះបីជាគេបរិភោគតិច ឬច្រើនក្ដី ប៉ុន្ដែអ្នកដែលមានទ្រព្យសម្បត្តិច្រើនវិញគេមិនអាចឲ្យខ្លួនគេដេកលក់ស្រួលទេ។
13នេះគឺជាការអាក្រក់ធ្ងន់ធ្ងរដែលខ្ញុំបានឃើញនៅក្រោមថ្ងៃ គឺមនុស្សសន្សំទ្រព្យទុកសម្រាប់ឲ្យខ្លួនឯងវេទនា។
14នៅពេលអ្នកមានបាត់បង់ទ្រព្យសម្បត្តិរបស់ខ្លួន តាមរយះការអាក្រក់ណាមួយ នោះកូនរបស់គេគ្មានអ្វីនៅនឹងដៃឡើយ។
15មនុស្សកើតពីផ្ទៃមកដោយខ្លួនទទេ ដូច្នេះហើយគេនឹងត្រលប់ទៅវិញខ្លួនទទេដែរ។ គេមិនអាចយកអ្វីដែលខ្លួនខំប្រឹងធ្វើនោះទៅតាមបានទេ។
16ការអាក្រក់ធ្ងន់ធ្ងរមួយទៀតគឺ គេកើតមកផែនដីយ៉ាងណា នោះគេត្រូវតែទៅវិញយ៉ាងនោះដែរ។ ដូច្នេះហើយ តើមានប្រយោជន៍អ្វីដែលគ្រប់គ្នាខំប្រឹងការងារ ដូចដេញចាប់ខ្យល់?
17មិនតែប៉ុណ្ណោះគេរស់នៅក្្នុងសេចក្ដីងងឹត ហើយកើតទុក្ខលំបាកយ៉ាងខ្លាំងដោយជំងឺ និងក្ដៅក្រហាយផង។
18មើល៌ អ្វីដែលខ្ញុំបានឃើញថាជាការល្អ និងប្រពៃ គឺឲ្យមនុស្សផឹកស៊ី និងសប្បាយរីករាយក្នុងកិច្ចការដែលខ្លួនបានធ្វើ នៅក្រោមកំដៅថ្ងៃ ក្នុងពេលដែលព្រះជាម្ចាស់បានប្រទានឲ្យមានជីវិត។ ដ្បិតនេះគឺជាភារកិច្ចរបស់មនុស្ស។
19អ្្នកណាដែលព្រះបានប្រទានឲ្យមានទ្រព្យសម្បតិ្ត ធនធាន និងឲ្យមានសមត្ថភាពដើម្បីទទួលយកនូវអ្វីដែលព្រះបានប្រទានឲ្យ និងអរសប្បាយនៅក្នុងកិច្ចការបស់ខ្លួនដែលបានធ្វើ នេះគឺជាអំណោយទានដែលព្រះជាម្ចាស់ប្រទានមក។
20ដ្បិតគេនឹងមិននឹកចាំពីអាយុជីវិតរបស់ខ្លួនទេ ព្រោះព្រះជាម្ចាស់ប្រទានឲ្យគេមានអំណរសប្បាយហើយ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។